នៅក្នុងថ្ងៃតែមួយដែលអ្នកបើកបររថយន្តក្នុងរដ្ឋមួយចំនួននៃភាគអាគ្នេយ៍សហរដ្ឋអាមេរិក មិនអាចរកសាំងចាក់រថយន្តរបស់គេបាននោះ ប្រធានាធិបតីអាមេរិកលោក Joe Biden បានជំរុញឱ្យមានការផ្លាស់ប្តូរទៅរកការផលិតរថយន្តដែលដើរដោយថាមពលអគ្គិសនីវិញ ដោយលោកព្រមានថា ប្រទេសចិនកំពុងដើរទៅមុខហួសអាមេរិក ក្នុងការផលិតរថយន្តជំនាន់ថ្មីនេះ។
ក្នុងដំណើរទស្សនកិច្ចមួយទៅកាន់រោងចក្រផលិតរថយន្តដើរដោយថាមពលអគ្គិសនី ក្នុងរដ្ឋ Michigan នោះ លោក Biden និយាយថា៖ «ប្រទេសចិនគិតថា ពួកគេនឹងឈ្នះយើងលើវិស័យនេះ ប៉ុន្តែខ្ញុំមានព័ត៌មានប្រាប់ចិនថា ពួកគេនឹងមិនអាចឈ្នះយើងលើការប្រកួតប្រជែងក្នុងវិស័យរថយន្តដើរដោយអគ្គិសនីនោះទេ។ យើងមិនអាចឲ្យចិនឈ្នះយើងទេ។ យើងត្រូវធ្វើការនេះឲ្យបានលឿនរហ័ស»។
ក្រុមហ៊ុនផលិតរថយន្ត Ford របស់អាមេរិក បានប្រកាសដាក់ឱ្យប្រើប្រាស់នៅថ្ងៃពុធនូវប្រភេទរថយន្ត F-150 Lightning ដែលជាប្រភេទរថយន្តដឹកទំនិញ pickupដើរដោយថាមពលអគ្គិសនី និងជាប្រភេទរថយន្តដែលលក់ដាច់បំផុត។ លោកប្រធានាធិបតីក៏បានជិះសាកល្បងរថយន្តនោះ ក្រោយការថ្លែងសុន្ទរកថារួចផងដែរ។
លោកប្រធានាធិបតី បានថ្លែងសុន្ទរកថា ក្រោយដំណើរទស្សនកិច្ចរបស់លោកទៅកាន់រោងចក្រផលិតរថយន្តអគ្គិសនី Ford Rouge នៅក្រុង Dearborn ដែលជាដំណើរទស្សនកិច្ចថ្មីចុងក្រោយរបស់លោកតាមផ្លូវគោកដើម្បីផ្សព្វផ្សាយនូវកញ្ចប់ថវិកាសម្រាប់ការស្តារសេដ្ឋកិច្ចអាមេរិកឡើងវិញនោះ។
កញ្ចប់ថវិកាចំនួន ២លានលាន (ទ្រីលាន)ដុល្លាររបស់លោក Biden សម្រាប់គម្រោងបង្កើតការងារដល់ពលរដ្ឋអាមេរិក ហើយដែលតម្រូវឲ្យមានការយល់ព្រមដោយសភាអាមេរិកនោះ មានទឹកប្រាក់ប្រមាណ ១៧៤ពាន់លានដុល្លារ សម្រាប់ជួយផលិតរថយន្តដើរដោយចរន្តអគ្គិសនី។ លោក Biden ក៏បានដាក់ចេញផងដែរនូវគោលដៅមួយឱ្យសេដ្ឋកិច្ចអាមេរិកលែងពាក់ព័ន្ធការបញ្ចេញផ្សែងពុលត្រឹមឆ្នាំ២០៥០៕