លោកស្រីចៅក្រម Ketanji Brown Jackson កាន់តែខិតជិតដល់ការក្លាយខ្លួនជាចៅក្រមតុលាការកំពូលរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ នៅពេលដែលគណៈកម្មាធិការសភាសំខាន់មួយ បានបញ្ជូនការតែងតាំងលោកស្រីទៅឲ្យព្រឹទ្ធសភាអាមេរិកទាំងមូល បោះឆ្នោតនៅសប្តាហ៍នេះ។
បេក្ខជនដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានតែងតាំងឲ្យកាន់តំណែងជាចៅក្រមតុលាការកំពូលរបស់ប្រទេសជាតិរូបនេះ ថែមទាំងបានទទួលការគាំទ្រពីសំណាក់សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋ២នាក់ថែមទៀត កាលពីថ្ងៃចន្ទ នៅពេលដែលលោកស្រី Lisa Murkowski និងលោក Mitt Romney បានប្រកាសថាខ្លួនគ្រោងបោះឆ្នោតគាំទ្រការតែងតាំងលោកស្រី Jackson។ សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋ លោកស្រី Susan Collins កាលពីសប្តាហ៍មុន បានថ្លែងថា លោកស្រី ក៏នឹងបោះឆ្នោតគាំទ្រលោកស្រី Jackson ដែរ។
សំឡេងឆ្នោតគាំទ្ររបស់អ្នកទាំង៣ បូកជាមួយសំឡេងគាំទ្ររបស់សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យ៤៨នាក់ និងសមាជិកព្រឹទ្ធសភាឯករាជ្យ២នាក់ទៀត នឹងនាំឲ្យលោកស្រី Jackson ទទួលបានសំឡេងច្រើនលើសសេចក្តីត្រូវការ ដើម្បីក្លាយជាចៅក្រមតុលាការកំពូល ដែលជាស្ត្រីអាមេរិកាំងដើមកំណើតអាហ្រ្វិកទីមួយ នៅក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក។
លោកស្រី Jackson ដែលមានអាយុ៥១ឆ្នាំ បានកាន់តំណែងជាចៅក្រមអស់ពេលជិតដប់ឆ្នាំ ហើយមានបទពិសោធន៍ក្នុងប្រព័ន្ធតុលាការសហព័ន្ធអាមេរិកគ្រប់ជាន់ថ្នាក់ ដែលមានរួមទាំងក្នុងតុលាការកំពូល ក្នុងតំណែងជាជំនួយការរបស់ចៅក្រមតុលាការកំពូលលោក Stephen Breyer ដែលលោកស្រីបានទទួលការតែងតាំងឲ្យឡើងកាន់តំណែងជំនួសផង។ ប្រសិនបើជាប់ការតែងតាំង លោកស្រី Jackson ក៏នឹងក្លាយជាចៅក្រមតុលាការកំពូលទីមួយដែលមានបទពិសោធន៍ជាមេធាវីការពារក្តីផងដែរ។
ព្រឹទ្ធសភាអាមេរិកត្រូវគេរំពឹងថានឹងចាប់ផ្តើមជជែកដេញដោល ហើយធ្វើការបោះឆ្នោតសម្រេចលើការតែងតាំងលោកស្រី មុនវិស្សមកាលបុណ្យ Easter នៅចុងសប្តាហ៍នេះ៕