សេតវិមាន រដ្ឋធានីវ៉ាស៊ីនតោន — នៅពេលចូលកាន់តំណែង លោកប្រធានាធិបតី Joe Biden បានសន្យារៀបចំគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក តាមគោលការណ៍នៃការចូលរួមជាមួយអង្គការពហុភាគី ដែលជាការងាកចេញពីទ្រឹស្តីគិតគូរពីផលប្រយោជន៍របស់ប្រទេសអាមេរិកមុនគេ នៅក្រោមរដ្ឋបាលប្រធានាធិបតី Donald Trump។
តទៅនេះជាវិស័យខ្លះដែលលោក Biden បានធ្វើតាមការសន្យារបស់លោក ក្នុងការទាក់ទងជាថ្មីជាមួយពិភពលោក និងវិស័យខ្លះទៀត ដែលលោកប្រហែលជាមិនកែប្រែ។
ការប្រែប្រួលអាកាសធាតុ
កាលពីពាក់កណ្តាលខែមេសា ពិភពលោកបានឃើញការប្រែប្រួលគោលនយោបាយយ៉ាងធំមួយពីប្រធានាធិបតីម្នាក់ ដែលដកសហរដ្ឋអាមេរិកចេញពីការសន្យាក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ទៅប្រធានាធិបតីម្នាក់ទៀត ដែលបានកោះប្រជុំសន្និសិទកំពូលស្តីពីការប្រែប្រួលអាកាសធាតុដែលធ្វើឡើងតាមអនឡាញ ដោយមានការចូលរួមរបស់មេដឹកនាំពិភពលោក ៤០ នាក់ ដើម្បីបង្ហាញថា សហរដ្ឋអាមេរិកចង់អះអាងភាពជាមេដឹកនាំក្នុងពិភពលោករបស់ខ្លួន ដើម្បីបន្ថយល្បឿននៃការប្រែប្រួលអាកាសធាតុ។
នៅក្នុងសន្និសីទកំពូលនោះ លោក Biden បានប្រកាសថា លោកនឹងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ចំនួនពាក់កណ្តាល មិនហួសពីឆ្នាំ ២០៣០ ទេ ដោយប្រៀបធៀបនឹងកម្រិតកាលពីឆ្នាំ ២០០៥។ ហើយលោកបានឱ្យមេដឹកនាំឯទៀតៗ ប្រកាសគោលដៅធំៗរបស់ពួកគេ នៅមុនសន្និសីទអង្គការសហប្រជាជាតិ ស្តីពីអាកាសធាតុនៅទីក្រុង Glasgow ប្រទេសស្តុតឡែន ដែលនឹងធ្វើនៅចុងឆ្នាំនេះ។
សហរដ្ឋអាមេរិកក៏នឹងបង្កើនចំណាយថវិកាសាធារណៈប្រចាំឆ្នាំទ្វេដងផងដែរ ដើម្បីជួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ មិនហួសពីឆ្នាំ ២០២៤។ នេះគឺជាការតាំងចិត្តជាថ្មីនូវការសន្យារបស់បណ្តាប្រទេសអភិវឌ្ឍន៍ ដែលពួកគេនឹងបង្កើនការចំណាយថវិកាលើវិស័យអាកាសធាតុ យ៉ាងតិចណាស់ក្នុងទឹកប្រាក់ ១០០ ពាន់លានដុល្លារ ក្នុងមួយឆ្នាំ មិនហួសពីឆ្នាំ ២០២០។
ក៏ប៉ុន្តែ កិច្ចប្រឹងប្រែងរបស់ពិភពលោកស្តីពីការប្រែប្រួលអាកាសធាតុ នឹងអាស្រ័យលីបណ្តាប្រទេសដែលបញ្ចេញឧស្ម័នកាបូនិកច្រើនជាងគេ។
ដោយលើកឡើងអំពីបញ្ហាប្រឈមមុខក្នុងការទប់ស្កាត់កំណើននៃការបញ្ចេញឧស្ម័នកាបូនិកក្នុងរយៈពេលខ្លី ខណៈព្យាយាមរក្សាការអភិវឌ្ឍន៍សេដ្ឋកិច្ចលឿន ប្រធានាធិបតីចិនលោក Xi Jinping បានប្រកាន់ខ្ជាប់គោលដៅដំបូងរបស់រដ្ឋាភិបាលក្រុងប៉េកាំង សម្រាប់ឆ្នាំ ២០៦០។
សម្រាប់ប្រទេសឥណ្ឌាដែលជាប្រទេសបញ្ចេញឧស្ម័នកាបូនិកច្រើនទី ៣ ក្នុងពិភពលោក និងប្រទេសរុស្សីដែលជាប្រទេសបញ្ចេញឧស្ម័នកាបូនិកច្រើនទី ៤ ក្នុងពិភពលោក ពួកគេមិនបានធ្វើការសន្យាថ្មីអំពីការកាត់បន្ថយការសាយភាយឧស្ម័នកាបូនិកនោះទេ។
ការត្រួតត្រាអាវុធនុយក្លេអ៊ែរ
នៅក្រោមរដ្ឋបាលលោក Biden សហរដ្ឋអាមេរិកបានស្រោចស្រង់កិច្ចប្រឹងប្រែងត្រួតត្រាអាវុធ ដែលជាផ្នែកមួយនៃផែនការរបស់លោក ដើម្បីកាត់បន្ថយឥទ្ធិពលនៃអាវុធនុយក្លេអ៊ែរ ក្នុងគោលនយោបាយការពារប្រទេសរបស់សហរដ្ឋអាមេរិក និងដើម្បីបន្តសិន្ធិសញ្ញា START ថ្មីជាមួយប្រធានាធិបតីរុស្សីលោក Vladimir Putin។
រដ្ឋបាលលោក Biden បានវិលត្រឡប់ទៅរកកិច្ចចរចានុយក្លេអ៊ែរដោយប្រយោលជាមួយប្រទេសអ៊ីរ៉ង់ ដែលជាការផ្ទុយពីការដកថយរបស់លោក Trump កាលពីឆ្នាំ ២០១៨ ចេញពីសន្ធិសញ្ញាផែនការសកម្មភាពរួមគ្នាដោយទូលំទូលាយ ឬហៅកាត់ថា JCPOA។ សន្ធិសញ្ញា JCPOA ដែលអ៊ីរ៉ង់និងបណ្តាប្រទេសមហាអំណាចពិភពលោកបានចុះហត្ថលេខានោះ បានដាក់ការរឹតត្បិតលើគម្រោងផលិតនុយក្លេអ៊ែរនៃរដ្ឋាភិបាលក្រុងតេអេរ៉ង់ ដែលជាថ្នូរនឹងការបន្ធូរទណ្ឌកម្មសេដ្ឋកិច្ច។
កិច្ចចរចានេះមានការពិបាក មួយផ្នែកដោយសារអ៊ីរ៉ង់ទាមទារឱ្យមានការលុបចោលទណ្ឌកម្មទាំងអស់។ រដ្ឋាភិបាលអាមេរិកមិនយល់ព្រមចំពោះការទាមទារនេះទេ។ ដោយសារមានក្រុមច្រើនក្នុងឆាកនយោបាយអ៊ីរ៉ង់ ដោយសារមានបណ្តាប្រទេសមានអំណាចខ្លាំងក្នុងតំបន់ ដែលមានរួមបញ្ចូលប្រទេសអារ៉ាប៊ីសេអ៊ូឌីត និងអ៊ីស្រាអែលផង និងដោយសារគណបក្សសាធារណរដ្ឋក្នុងសភាសហរដ្ឋអាមេរិកដែលបានច្រានចោលការចូលរួមក្នុងកិច្ចព្រមព្រៀងនេះជាថ្មីនេះ ដំណើរការយឺតៗរបស់លោក Biden ក្នុងកិច្ចចរចានេះ អាចនាំឱ្យខូចប្រយោជន៍។ នេះបើតាមសម្តីរបស់លោក Mohsen Milani នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសិក្សាខាងយុទ្ធសាស្ត្រនិងខាងការទូត និងជាសាស្ត្រាចារ្យខាងនយោបាយនៃសាកលវិទ្យាល័យ South Florida។
លោកបានថ្លែងថា៖ «បើកិច្ចចរចាទាំងនេះចំណាយពេលកាន់តែយូរ បញ្ហាប្រឈមទាំងនេះនឹងមានឱកាសកាន់តែច្រើនឡើង ក្នុងការបំផ្លាញដំណើរការចរចានេះ»។
ចំពោះគោលនយោបាយជាមួយប្រទេសកូរ៉េខាងជើង លោក Biden ពង្រឹងសម្ព័ន្ធភាពជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដើម្បីជួយទប់រដ្ឋាភិបាលក្រុង Pyongyang ជាជាងយកចិត្តលោកKim Jong Un ដោយផ្ទាល់ ដូចដែលលោក Trump បានធ្វើ។
លោក Michael O’Hanlon ដែលជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថាន Brookings បាននិយាយថា ឧបសគ្គធំ គឺគោលនយោបាយរបស់សហរដ្ឋអាមេរិកច្រើនទសវត្សរ៍មកហើយ ដែលទាមទារឱ្យមេដឹកនាំកូរ៉េខាងជើងរូបនេះ បោះបង់អាវុធនុយក្លេអ៊ែរទាំងអស់របស់ខ្លួនតែម្តងឱ្យបានឆាប់រហ័ស ទោះជាគ្មានការបញ្ជាក់ថា លោក Kim Jong Un នឹងធ្វើតាមសំណើនេះក៏ដោយ។
លោក O’Hanlon បានថ្លែងថា៖ «ការធ្វើការល្អជាមួយពួកសម្ព័ន្ធមិត្តមិនបានកែប្រែការពិតជាក់ស្តែងដែលថា គោលនយោបាយយើងត្រូវផ្អែកលើភាពជាក់ស្តែង និងការពិនិត្យមើលស្ថានការណ៍ឱ្យបានម៉ត់ចត់។ នៅមិនទាន់ច្បាស់លាស់នៅឡើយថា យើងបានធ្វើដូច្នេះឬយ៉ាងណា»។
ការរើបពីការរាតត្បាតនៃជំងឺកូវីដ១៩
កាលពីខែកក្កដា ឆ្នាំ ២០២០ លោកប្រធានាធិបតី Trump បានដកសហរដ្ឋអាមេរិកជាផ្លូវការចេញពីអង្គការសុខភាពពិភពលោក (WHO) ដោយចោទប្រកាន់អង្គការរបស់អង្គការសហប្រជាជាតិមួយនេះ ថាស្ថិតនៅក្រោមការត្រួតត្រារបស់ចិន នៅក្រោយការរាត្បាតជាសកលនៃជំងឺកូវីដ១៩។
ទោះជាលោក Biden បានចូលរួមជាថ្មីក្នុងអង្គការ WHO ក្នុងពេលតែប៉ុន្មានម៉ោង ក្រោយពេលលោកចូលកាន់តំណែងក៏ដោយ ក៏លោកមិនទាន់មានយុទ្ធសាស្ត្រទូលំទូលាយ សម្រាប់បង្កើនការប្រឹងប្រែងជាសកលដើម្បីបង្កើនល្បឿននៃការរើបចេញពីការរាតត្បាតនៃជំងឺកូវីដ១៩ នេះនៅឡើយទេ។
ចំពោះការចែកចាយវ៉ាក់សាំង រដ្ឋបាលលោក Biden ធ្វើប្រតិបត្តិការតាមយុទ្ធសាស្ត្រនៃ «ការមានវ៉ាក់សាំងច្រើនហួស និងការប្រុងប្រៀបខ្លាំង» ដើម្បីប្រុងប្រៀបចាក់វ៉ាក់សាំងឱ្យក្រុមកុមារ និងដើម្បីទប់ទល់នឹងប្រភេទវីរុសថ្មីៗ ដែលកំពុងលេចចេញឡើង។ នៅចុងខែមេសា សេតវិមានបានប្រកាសថា ខ្លួននឹងចាប់ផ្តើមចែកចាយវ៉ាក់សាំង AstraZeneca ៦០ លានដូស ដែលមិនត្រូវប្រើក្នុងសហរដ្ឋអាមេរិក ពីព្រោះវ៉ាក់សាំងនេះមិនទាន់បានទទួលការអនុញ្ញាតសម្រាប់ការប្រើប្រាស់ក្នុងគ្រាមានអាសន្ន ដោយរដ្ឋបាលម្ហូបអាហារនិងឱសថសហរដ្ឋអាមេរិកនៅឡើយ។
ប៉ុន្តែក្រោយពីមានការចាក់វ៉ាក់សាំងប្រមាណ ២៣០ លានដូស ហើយពលរដ្ឋអាមេរិកាំង ២៩ ភាគរយបានចាក់វ៉ាក់សាំងនេះគ្រប់ដូសហើយនោះ រដ្ឋបាលលោក Biden បានរងសម្ពាធឱ្យចាត់វិធានការថែមទៀត ដោយមានរួមបញ្ចូលការគាំទ្រដល់ការលុបចោលជាបណ្តោះអាសន្ននូវកម្មសិទ្ធិសម្បត្តិបញ្ញា ទាក់ទិននឹងពាណិជ្ជកម្មហៅកាត់ថា TRIPS ដែលត្រូវបានពិភាក្សាក្នុងការប្រជុំផ្លូវការមួយនៃអង្គការពាណិជ្ជកម្មពិភពលោក កាលពីថ្ងៃទី ៣០ ខែមេសា។
កាលពីថ្ងៃអង្គារ ទី ២៧ ខែមេសា អ្នកស្រី Jen Psaki អ្នកនាំពាក្យសេតវិមាន បាននិយាយថា រហូតដល់ពេលនេះ មិនទាន់មានសេចក្តីសម្រេចអំពីការលុបចោលបណ្តោះអាសន្ននេះទេ ដែលអនុញ្ញាតឱ្យប្រទេសនានាយកប៉ាតង់របស់វ៉ាក់សាំងនៃក្រុមហ៊ុនវ៉ាក់សាំងនៅសហរដ្ឋអាមេរិក ទៅផលិតវ៉ាក់សាំងបាន។
លោក Mathew Kavanagh ជានាយកគោលនយោបាយសុខភាពសកល និងនយោបាយនៅសាកលវិទ្យាល័យ Georgetown។ លោកបាននិយាយថា ការធ្វើដូច្នេះ« ដូចជាកំណាញ់ពេក» និង «ល្ងង់ខ្លៅខាងភូមិសាស្ត្រនយោបាយ» ដែលរដ្ឋាបាលអាមេរិកាំងមិនគាំទ្រដល់ការលុបចោលប៉ាតង់វ៉ាក់សាំងជាបណ្តោះអាសន្ន ជាពិសេសនៅពេលដែលចិននិងរុស្សីកំពុងតែប្រើប្រាស់វ៉ាក់សាំង ដើម្បីស្វែងរកផលចំណេញខាងវិស័យការទូត។
លោក Kavanagh បានថ្លែងថា៖ «រដ្ឋបាលលោក Biden និយាយថា ខ្លួនពិតជាចង់ចូលរួមជាមួយប្រទេសដទៃ តែរហូតដល់ពេលនេះ មិនបានអើពើដល់ការអំពាវនាវរបស់អង្គការ WHO អង្គការសហប្រជាជាតិ និងរដ្ឋាភិបាលអាហ្វ្រិក អាស៊ី និងអាមេរិកឡាទីន ក្នុងការចែកចាយវិទ្យាសាស្ត្រវ៉ាក់សាំងទេ»។
កាលពីខែមីនា លោក Biden និងមេដឹកនាំឯទៀតនៃបណ្តាប្រទេស Quads គឺប្រទេសអូស្ត្រាលីឥណ្ឌា និងប្រទេសជប៉ុន បានចាប់ផ្តើមផែនការហិរញ្ញវត្ថុមួយ ដើម្បីបង្កើនការផលិតនិងការចែកចាយវ៉ាក់សាំងកូវីដ១៩ សម្រាប់ប្រទេសនានាក្នុងតំបន់ ដោយផ្តោតការយកចិត្តទុកដាក់លើតំបន់អាស៊ីអាគ្នេយ៍ ដែលនៅទីនោះប្រទេសចិនបានជំរុញកិច្ចប្រឹងប្រែងចែកវ៉ាក់សាំងដើម្បីស្វែងយកផលចំណេញខាងវិស័យការទូត។
ផែនការនេះនឹងបន្ថែមលើប្រាក់ចំនួន ៤ ពាន់លានដុល្លារដែលរដ្ឋបាល Trump បានយល់ព្រមពីមុនរួចហើយ ដើម្បីគាំទ្រកម្មវិធី COVAX ដែលជាយន្តការរបស់អង្គការសហប្រជាជាតិ សម្រាប់ធ្វើឱ្យប្រាកដប្រជាថា បណ្តាប្រទេសមានប្រាក់ចំណូលកណ្តាលនិងទាប អាចមានវ៉ាក់សាំង។
នៅពេលជាមួយគ្នានេះ ក្រុមអ្នកនយោបាយបែបអភិរក្សនិយមបានរិះគន់លោក Biden ថា មិនបានបន្តការជំរុញរបស់ Trump ដើម្បីកែទម្រង់អង្គការសុខភាពពិភពលោក WHO។ លោក Brett D. Schaefer ជាអ្នកស្រាវជ្រាវខាងកិច្ចការបទបញ្ញត្តិអន្តរជាតិនៃមជ្ឈមណ្ឌល Margaret Thatcher សម្រាប់សេរីភាពរបស់មូលនិធិ Heritage។
លោកបានថ្លែងថា ពិភពលោកស័ក្តិសមមានអង្គការសុខភាពពិភពលោកមួយ ដែលមានការទទួលខុសត្រូវ និងមានប្រសិទ្ធភាព។
លោកបានថ្លែងថា៖ «ដោយមិនបានភ្ជាប់លក្ខខណ្ឌនៃសមាជិកភាព និងការផ្តល់ប្រាក់កាសរបស់សហរដ្ឋអាមេរិក ទៅនឹងកំណែទម្រង់របស់អង្គការ WTO លោក Biden បានបោះបង់ចោលនូវយន្តការសំខាន់ៗ ហើយធ្វើឱ្យបាត់បង់លទ្ធភាពនៃការកែទម្រង់ក្នុងអង្គការ WHO»។
កិច្ចព្រមព្រៀងពាណិជ្ជកម្ម
ជនជាតិអាមេរិកាំងដែលមាននិន្នាការនយោបាយផ្សេងៗ ក្រៅពីគណបក្សសាធារណរដ្ឋ បានឱបក្រសោបទស្សនៈប្រជានិយមប្រឆាំងនឹងសាកលភាវូបនីយកម្មរបស់លោក Trump។ ការណ៍នេះមានន័យថា នៅពេលនេះហាក់ដូចជាមានឆន្ទៈនយោបាយតិចតួច ដើម្បីធ្វើឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិថ្មីៗ។
ឧទាហរណ៍ នៅក្នុងសភាសហរដ្ឋអាមេរិក មានការគាំទ្រតិចតួចក្នុងការចូលរួមក្នុងកិច្ចព្រមព្រៀងទូលំទូលាយនិងជឿនលឿន សម្រាប់ភាពដៃគូឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកហៅកាត់ថា CPTPP ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៃប្រទេស ១១ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
នៅពេលជាមួយគ្នានេះ កាលពីឆ្នាំ ២០២០ រដ្ឋាភិបាលក្រុងប៉េកាំងបានបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសជាតិ ១៥ ដែលមានឈ្មោះថា ភាពដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ ហៅកាត់ថា RCEP (R-CEP)។ បណ្តាប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP មានប្រជាពលរដ្ឋចំនួនជិតមួយភាគបី នៃប្រជាពលរដ្ឋទាំងអស់ក្នុងពិភពលោក និងមានផលិតផលសរុបក្នុងស្រុកចំនួន ២៩% នៃផលិតផលសរុបរបស់ពិភពលោកទាំងមូលផងដែរ។
អ្នកវិភាគទាំងឡាយនិយាយថា ការលេចឡើងនៃប្រទេសចិនជាគូប្រជែងធំមួយរបស់សហរដ្ឋអាមេរិក មានន័យថា រដ្ឋបាលរបស់លោក Biden ប្រហែលជាត្រូវបញ្ចូលកិច្ចព្រមព្រៀងពាណិជ្ជកម្មជាផ្នែកធំមួយនៃរបៀបដោះស្រាយគោលនយោបាយការបរទេសរបស់លោក។
លោក Robert Daly ជានាយកវិទ្យាស្ថាន Kissinger ដែលស្រាវជ្រាវអំពីចិននិងសហរដ្ឋអាមេរិកនៃមជ្ឈមណ្ឌល Wilson។ លោកបានថ្លែងថា សហរដ្ឋអាមេរិកត្រូវធានារ៉ាប់រងជាថ្មីដល់បណ្តាដៃគូពាណិជ្ជកម្មរបស់ខ្លួនថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ជាដៃគូដែលពឹងពាក់បាន ប្រសិនបើពួកគេប្រឈមនឹងការសងសឹកខាងសេដ្ឋកិច្ចពីប្រទេសចិន។
លោកបានថ្លែងថា បើមិនដូច្នេះទេ «ប្រទេសទាំងនោះនឹងស្វះស្វែងប្រឆាំងនឹងអាមេរិកថា ជាដៃគូមួយដែលមិនអាចពឹងផ្អែកបានទាំងស្រុង» ហើយការណ៍នេះមានន័យថា នឹងមានកិច្ចសហប្រតិបត្តិការតិចជាងមុនលើអាទិភាពនៃគោលនយោបាយសហរដ្ឋអាមេរិក៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ