ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានជួបប្រជុំផ្ទាល់ខ្លួនដ៏សំខាន់មួយកាលពីថ្ងៃអាទិត្យ ជាមួយសមាជិកព្រឹទ្ធសភាដ៏សំខាន់២រូប ខណៈលោកកំពុងត្រៀមខ្លួនបញ្ចប់នូវសេចក្តីលម្អិតនៃផែនការគ្រប់គ្រងការចំណាយនៅក្នុងកម្មវិធីអាកាសធាតុ និងសុវត្ថិភាពសង្គមដែលកាត់បន្ថយ ហើយដែលនឹងត្រូវដាក់ជូនសភាអាមេរិកនៅថ្ងៃចន្ទ។
នៅគេហដ្ឋានរបស់លោកនៅក្នុងទីក្រុង Wilmington រដ្ឋ Delaware លោកប្រធានាធិបតី បានជួបមេដឹកនាំសំឡេងភាគច្រើនក្នុងព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យ គឺលោក Chuck Schumer និងលោក Joe Manchin សមាជិកព្រឹទ្ធសភានៃរដ្ឋ West Virginia។ លោកជាសមាជិកព្រឹទ្ធសភាដ៏សំខាន់មួយរូបក្នុងចំណោម២រូបនៃគណបក្សប្រជាធិបតេយ្យរបស់លោក Biden ដែលបានស្នើឲ្យកាត់បន្ថយយ៉ាងច្រើនក្នុងផែនការចំណាយដំបូងរបស់លោកប្រធានាធិបតី មានទឹកប្រាក់ប្រមាណ ៣,៥ លាន លានដុល្លារ។ ផែនការនេះ ស្នើពង្រីកដ៏ធំបំផុតនូវគម្រោងរបស់រដ្ឋាភិបាលផ្តល់ផលប្រយោជន៍ដល់គ្រួសារអាមេរិកាំង នៅក្នុងរយៈពេល៥ទសវត្សរ៍។
សេចក្តីថ្លែងការណ៍របស់ការិយាល័យព័ត៌មាននៃសេតវិមានបានលើកឡើងថា លោកទាំងបី បានពិភាក្សាគ្នាប្រកបដោយផ្លែផ្កាសម្រាប់របៀបវារៈដ៏ប្រសើរមួយដែលលោក Biden ហៅថា ផែនការហេដ្ឋារចនាសម្ព័ន្ធមនុស្ស ដែលរួមមានការជួយឱ្យពលរដ្ឋអាមេរិកាំងបានត្រឡប់ទៅធ្វើការវិញ និងការបង្កើតសេដ្ឋកិច្ចសម្រាប់វណ្ណៈកណ្តាលជាដើម។
សេចក្តីថ្លែងការណ៍នេះក៏បានបន្តដែរថា លោកប្រធានាធិបតី និងសមាជិកព្រឹទ្ធសភាទាំងពីររូបបន្តឲ្យមានភាពជឿនលឿន ហើយបានព្រមព្រៀងរក្សាភាពជិតស្និទ្ធរវាងលោកទាំងបី ក៏ដូចជាសមាជិកផ្សេងៗទៀត ដែលបានធ្វើការយ៉ាងខ្លាំងក្នុងការចរចាផែនការនេះ។
ដោយសារព្រឹទ្ធសភាអាមេរិកដែលមានសមាជិក១០០នាក់ មានសំឡេងស្មើគ្នារវាងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋនោះ កិច្ចព្រមព្រៀងនយោបាយ និងសំឡេងរបស់លោក Manchin និងអ្នកស្រី Kyrsten Sinema នៃរដ្ឋ Arizona មានសារៈសំខាន់ក្នុងការអនុម័តសេចក្តីពង្រាងច្បាប់នេះ ព្រោះអ្នកទាំងពីរ ជាសមាជិកគណបក្សប្រជាធិបតេយ្យនិយមកណ្តាលបំផុត។ សំឡេងសំខាន់មួយទៀត គឺសំឡេងលោកស្រី Kamala Harris អនុប្រធានាធិបតីអាមេរិក ដែលជាប្រធានព្រឹទ្ធសភា និងជាសំឡេងសម្រេចនៅពេលសេចក្តីពង្រាងច្បាប់នេះ ប្រឈមសំឡេងស្មើគ្នារវាងគណបក្សទាំងពីរ។
លោកប្រធានាធិបតី Biden សង្ឃឹមថា នឹងអាចសម្រេចបាននូវកិច្ចព្រមព្រៀងមួយនៅសប្តាហ៍នេះ ទៅលើអ្វីដែលលោកទទួលស្គាល់ថា នឹងជាការកំហិតផែនការចំណាយ ដែលមានទឹកប្រាក់ប្រមាណ ២ លាន លានដុល្លារ ឬតិចជាងនេះ៕