ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​អឺរ៉ុប​ដោយ«ធានាទាំងស្រុង»​ដល់​ចំណង​ទាក់ទង​ឆ្លង​មហា​សមុទ្រ​អាត្លង់ទិក


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Joe Biden បាន​ត្រឡប់មករដ្ឋធានីវ៉ាស៊ីនតោន
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Joe Biden បាន​ត្រឡប់មករដ្ឋធានីវ៉ាស៊ីនតោន

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Joe Biden បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ការងារ​របស់​លោក​ទៅកាន់​ប្រទេស​៣​ក្នុង​ទ្វីបអឺរ៉ុប​ដោយ​ថ្លែងការណ៍​សង្កត់​បញ្ជាក់​ការគាំទ្រ​សម្ព័ន្ធមិត្តអូតង់ ដើម្បី​បន្ថយ​ក្តីព្រួយបារម្ភ​របស់​អឺរ៉ុប​ដែល​ថា​ការ​ផ្លាស់ប្តូរ​រដ្ឋបាលអាមេរិក អាច​បង្ក​ភាព​មិន​ប្រាកដ​ប្រជា​ក្នុង​ទំនាក់​ទំនង​របស់​អាមេរិក​ជាមួយ​សម្ព័ន្ធ​មិត្ត​ឆ្លង​មហា​សមុទ្រ​អាត្លង់ទិក​របស់​ខ្លួន។

លោក Biden បាន​ថ្លែង​ក្នុង​ពេល​ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា​ជាមួយ​ប្រធានាធិបតី​ហ្វាំងឡង់ លោក Sauli Niinisto កាល​ពី​ថ្ងៃ​ព្រហស្ប​តិ៍​ក្នុង​ទីក្រុង​ហែលស៊ិនគី​ថា៖ «ខ្ញុំ​សូម​ធានា​ទាំងស្រុង។​គ្មានមន្ទិល​សោះ​ឡើយ។

យើង​នឹង​នៅជាប់​ជាមួយ​អូតង់ ជាប់​ជាមួយ​អូតង់​តាំងពី​ដើម កណ្តាល​និង​ចុងបញ្ចប់។ យើង​ជា​ដៃគូ​ឆ្លងមហា​សមុទ្រ​អាត្លង់ទិក»។

លោក Biden បាន​គូស​បញ្ជាក់​«ការគាំទ្រ​លើសលុប»ពី​គណបក្ស​ទាំង​ពីរ​ក្នុង​សភា​អាមេរិក ​«ទោះបី​ជា​មាន​សមាជិក​ជ្រុលនិយមខ្លះ​ក្នុង​គណបក្ស​មួយ​ក៏​ដោយ»។​ លោក Biden ហាក់​ដូចជា​និយាយ​សំដៅ​ដល់​កាយវិការ​ឯកោនិយម​របស់​សមាជិក​គណបក្ស​សាធារណរដ្ឋ​ខ្លះ​ដែល​ជំរុញ​គោល​នយោបាយ​«អាមេរិកាំង​មុនគេ»​របស់​លោកអតីត​ប្រធានាធិបតី​Donald Trump​ហើយ​បានចោទសួរ​ម្តងហើយ​ម្តងទៀត​អំពី​គោលបំណង​របស់​អូតង់​ និងកាល​ពី​ឆ្នាំ​២០១៧ ក៏​បាន​ចាត់​ទុក​សម្ព័ន្ធភាព​នេះ​ថា​លែង​ដំណើរការ​ហើយ។

លោក Biden និយាយ​ថា៖ «ពលរដ្ឋ​អាមេរិកាំង ដឹង​តាំង​ពី​ចប់​សង្គ្រាម​លោក​លើក​ទី​២​និង​ការបង្កើត​អូតង់​មក​ម្ល៉េះ​ថា​សន្តិសុខ​របស់​យើង​ស្ថិត​នៅ​លើ​ការ​មូលមតិគ្នា​ក្នុង​ចំណោម​ដៃ​គូ​អឺរ៉ុប​និង​ឆ្លង​មហា​សមុទ្រ​អាត្លង់ទិក​គឺ​ពួកយើង​ទាំងអស់​គ្នា»។

ការធានា​របស់​លោក Biden ចំពោះ​សាមគ្គីភាព​ឆ្លង​មហា​សមុទ្រ​អាត្លង់ទិក ប្រឆាំង​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin បង្ហាញភាព​ខុសគ្នាគួរ​ឲ្យ​កត់សម្គាល់​ពី​ពេល​ចុងក្រោយ​ដែល​មេដឹកនាំ​អាមេរិកាំង​ម្នាក់ បាន​ថ្លែង​នៅ​ក្នុង​វិមាន​ប្រធានាធិបតី​ហ្វាំងឡង់។

កាល​ពី​៥​ឆ្នាំ​មុន លោក Trump បាន​ជួប​ជាមួយលោក​ Putin ហើយ​ដោយ​មិន​ស្តាប់​តាម​ការ​វាយតម្លៃ​របស់​ទីភ្នាក់ងារស៊ើបការណ៍​សម្ងាត់​របស់​លោក​ផ្ទាល់ ក៏បានស្រប​ជាមួយ​លោក​ Putin​ចំពោះ​បញ្ហា​ថា​តើ​រដ្ឋាភិបាល​រុស្ស៊ី ពិត​ជា​បាន​ជ្រៀតជ្រែក​ចូល​ការ​បោះឆ្នោត​សហរដ្ឋ​អាមេរិក​ឆ្នាំ​២០១៦ ឬអត់។

XS
SM
MD
LG