ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាព​ចម្រូង​ចម្រាស​នៃ​វិធានការ​ស្តីពី​សេវា​ដឹក​ជញ្ជូន​សិស្ស​ទៅ​សាលារៀន​​អាមេរិក​ទទួលបានការចាប់អារម្មណ៍សារ​ជា​ថ្មី


រូបឯកសារ៖ រថយន្តដឹកជញ្ជូន​សិស្ស​ទៅសាលារៀន​នៅ​អនុវិទ្យាល័យ York ប្រចាំទីក្រុង York រដ្ឋ Maine កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧។
រូបឯកសារ៖ រថយន្តដឹកជញ្ជូន​សិស្ស​ទៅសាលារៀន​នៅ​អនុវិទ្យាល័យ York ប្រចាំទីក្រុង York រដ្ឋ Maine កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧។

ការ​ខ្វែង​គំនិត​គ្នា​រវាង​លោក​ Joe Biden និង​លោកស្រី Kamala Harris បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​ប្រជាធិបតេយ្យ បាន​ធ្វើ​ឲ្យ​ភាព​ចម្រូង​ចម្រាស​នៃ​វិធានការ​ស្តីពី​សេវា​​ដឹក​ជញ្ជូន​សិស្ស​ទៅ​សាលារៀន​ នៅ​សហរដ្ឋ​អាមេរិក​ ទទួលបានការចាប់អារម្មណ៍សារ​ជា​ថ្មីម្តង​ទៀត។

ការ​ជជែក​ដេញដោល​លើក​ដំបូង​រវាង​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ ២០២០ បាន​លើក​យក​បញ្ហា​សិទ្ធិពលរដ្ឋ​ដ៏​យូរ​អង្វែង​មួយ មក​ពិភាក្សា​ឡើងវិញ។ បញ្ហា​នោះ គឺ​ថា​តើ​គួរ​តែ​ផ្តល់​សេវា​ដឹក​ជញ្ជូន​សិស្ស​ទៅ​សាលារៀន​ដែល​មាន​ពូជសាសន៍​ចម្រុះ​ដែរ​ឬ​ក៏​យ៉ាង​ណា?

នៅ​ក្នុង​ការ​ជជែក​ដេញ​ដោលនោះ ការ​ចាប់​អារម្មណ៍​ដ៏​ខ្លាំង​មួយ​បាន​កើត​ឡើង​ នៅ​ពេល​ដែល​លោកស្រី Kamala Harris សមាជិក​ព្រឹទ្ធសភា​ម្នាក់​នៃ​គណបក្ស​ប្រជាធិបតេយ្យ បាន​ចោទសួរ​លោក Joe Biden អតីត​អនុ​ប្រធានាធិបតី​អាមេរិក អំពី​គោលជំហរ​របស់​លោក​ដែល​មិន​គាំទ្រ​សេវា​ដឹកជញ្ជូន​សិស្ស​ទៅ​សាលារៀន​ ដែល​លោកស្រី Harris បាន​ឆ្លងកាត់​បទពិសោធន៍​ដ៏​លំបាក​នោះ កាលពី​ពេល​លោកស្រី​នៅ​ជា​កូនសិស្ស​ស្រី​ស្បែកខ្មៅ រស់នៅ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា។

ការ​តស៊ូមតិ​រវាង​អ្នក​ទាំងពីរ​បាន​ទាក់ទាញ​សារព័ត៌មាន​ជាច្រើន ហើយ​ក៏បាន​ធ្វើ​ឲ្យ​បញ្ហា​ចម្រូងចម្រាស​អំពី​សេវាដឹកជញ្ជូន​សិស្ស​ទៅ​សាលារៀន​នៅ​សហរដ្ឋ​អាមេរិក ដែល​ជា​បញ្ហា​ថ្នាក់​ជាតិ​ក្នុង​អំឡុង​ទសវត្សរ៍ ១៩៧០ ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ថ្មីម្តង​ទៀត។

លោកស្រី Kamala Harris សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ា និងជាបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យសម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ ថ្លែងនៅក្នុងការជជែកដេញដោលរវាងបេក្ខជននៃគណបក្សប្រជាធិបតេយ្យ នៅរដ្ឋ Florida កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩។
លោកស្រី Kamala Harris សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ា និងជាបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យសម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ ថ្លែងនៅក្នុងការជជែកដេញដោលរវាងបេក្ខជននៃគណបក្សប្រជាធិបតេយ្យ នៅរដ្ឋ Florida កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩។

តើ​អ្វី​ទៅ​ជា​សេវា​ដឹកជញ្ជូន​សិស្ស​តាម​រថយន្ត​ទៅ​សាលារៀន?

វិធានការ​ស្តីពី​សេវា​ដឹក​ជញ្ជូន​សិស្ស​តាម​រថយន្ត​ គឺជា​មធ្យោបាយ​មួយ ដែល​សហគមន៍​ជាច្រើន​នៅ​សហរដ្ឋ​អាមេរិក​បាន​ប្រើប្រាស់​ ដើម្បី​លុប​បំបាត់​បញ្ហា​បែងចែក​ពូជសាសន៍​នៅ​តាម​សាលារៀន​រដ្ឋ។

បន្ទាប់​ពី​តុលាការ​កំពូល​អាមេរិក​បាន​ចេញ​ដីកា​សម្រេច​នៅ​ឆ្នាំ ១៩៥៤ លើ​សំណុំ​រឿង​ «លោក Brown ប្តឹង​ក្រសួង​អប់រំ ឬ «Brown v. Board of Education» ដោយ​ចាត់​ទុក​ការ​បែងចែក​ពូជសាសន៍​នៅ​តាម​សាលារៀន​ថា ខុស​រដ្ឋធម្មនុញ្ញ​មក បញ្ហា​បែងចែក​ពូជសាសន៍​នៅ​តាម​សាលារៀន​ត្រូវបាន​ចាត់ទុក​ថា​ខុសច្បាប់​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក។ យ៉ាងណាមិញ ដោយសារ​តែ​ការ​ប្រែប្រួល​នៃ​ប្រជាសាស្ត្រ​ និង​គោលនយោបាយ​ស្តីពី​លំនៅដ្ឋាន សហគមន៍​ជាច្រើន​នៅ​សហរដ្ឋ​អាមេរិក​នៅតែ​មាន​ការ​បែងចែក​ពូជសាសន៍។​ ជាលទ្ធផល ក៏​មាន​ការ​បែងចែក​ពូជសាសន៍​នៅ​តាម​សាលារៀន​ដដែល ដោយសារ​តែ​សិស្ស​ទៅ​សាលារៀន​នៅ​ក្នុង​សហគមន៍​ដែល​ពួកគេ​រស់នៅ។

តាំងពី​ចុង​ទសវត្សរ៍១៩៦០ រហូតដល់​ទសវត្សរ៍ ១៩៧០ តុលាការ​បាន​សម្រេច​ថា រដ្ឋាភិបាល​ថ្នាក់​តំបន់​មិន​បាន​បំពេញ​កិច្ចការ​គ្រប់គ្រាន់ ក្នុងការ​លើក​កម្ពស់​ការ​លុបបំបាត់​ការ​បែងចែក​ពូជសាសន៍​នៅ​តាម​សាលារៀន​ទេ ហើយ​ក៏​បាន​សម្រេច​តម្រូវ​ឲ្យ​រដ្ឋាភិបាល​ថ្នាក់​តំបន់​ប្រើប្រាស់​សេវា​ដឹកជញ្ជូន​សិស្ស​ ដើម្បី​ដោះស្រាយ​បញ្ហា​បែង​ចែក​ពូជសាសន៍​នៅ​តាម​សាលារៀន​នេះ។

ទីភ្នាក់ងារ​សហព័ន្ធ​ផ្សេងៗ​ទៀត​បាន​ត្រួតពិនិត្យ​ និង​រឹតបន្តឹង​ការ​អនុវត្ត​កិច្ច​ប្រឹងប្រែង​ដឹក​ជញ្ជូន​សិស្ស ដែល​មាន​រួមទាំង​ការ​ប្រមូល​ទិន្នន័យ​អំពី​ពូជសាសន៍​របស់​សិស្ស​ និង​ការ​ផ្អឹបប្រាក់​មិន​ឲ្យ​សាលា​ណា​ដែល​មិន​អនុវត្ត​តាម​បទ​បញ្ជា​ស្តីពី​ការ​ដឹក​ជញ្ជូន​សិស្ស​នោះ។

តើ​នរណា​ជា​អ្នក​ប្រើប្រាស់​សេវា​ដឹក​ជញ្ជូន​នេះ?

ទាំង​សិស្ស​ស្បែកខ្មៅ​និង​ស្បែក​ស ប្រើប្រាស់​សេវា​ដឹកជញ្ជូន​សិស្ស​តាម​រថយន្ត​ដើម្បី​ធ្វើ​ដំណើរ​ទៅកាន់​សាលារៀន​ដែល​មាន​សិស្ស​ស្បែកស​ច្រើន​លើសលុប និង​សាលារៀន​ដែល​មាន​សិស្ស​ស្បែកខ្មៅ​ច្រើន​លើសលុប។

ក៏ប៉ុន្តែ លោក Brett Gadsden អ្នក​និពន្ធ​សៀវភៅ​ស្តី​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​លុប​បំបាត់​ការ​បែងចែក​ពូជសាសន៍​នៅ​រដ្ឋ​ Delaware ដែល​មាន​ចំណង​ជើង​ជា​ភាសា​អង់គ្លេស​ថា «Between North and South: Delaware, Desegregation, and the Myth of American Sectionalism» បាន​ឲ្យ​ដឹង​ថា៖ «សិស្សស្បែក​ខ្មៅ​ជា​អ្នក​ដែល​រង​បន្ទុក​ខ្លាំង» នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​លុបបំបាត់​ការ​បែងចែក​ពូជសាសន៍​នៅតាម​សាលារៀន​នេះ។

លោក Gadsden ដែល​សព្វថ្ងៃ​នេះ​ជា​សាស្ត្រាចារ្យ​ខាង​ប្រវត្តិសាស្ត្រ​ប្រចាំ​សាកល​វិទ្យាល័យ Northwestern បាន​មាន​ប្រសាសន៍​ថា សិស្ស​ស្បែក​ខ្មៅ​ត្រូវបាន​បង្ខំ​ឲ្យ​ធ្វើ​ដំណើរ​តាម​ផ្លូវឆ្ងាយ​ និង​ក្នុងរយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ បើ​ធៀប​នឹង​សិស្ស​ស្បែក​ស។

ហេតុ​អ្វី​បាន​ជា​វិធានការ​នេះ​មាន​ភាព​ចម្រូង​ចម្រាស?

សេវា​ដឹក​ជញ្ជូន​សិស្ស​តាម​រថយន្ត​បាន​ក្លាយ​ជា​បញ្ហា​ដ៏​ចម្រូងចម្រាស​បំផុត​មួយ​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក។

អ្នក​គាំទ្រ​សេវា​នេះ បាន​អះអាង​ថា សេវា​ដឹក​ជញ្ជូន​សិស្ស​តាម​រថយន្ត​ត្រូវការ​ជា​ចាំបាច់ ដើម្បី​ធ្វើឲ្យ​សាលារៀន​មាន​ភាព​ចម្រុះ​ពូជសាសន៍ និង​ដើម្បី​ផ្តល់​ការ​ទទួល​បាន​ឱកាស​និង​ធនធាន​ស្មើគ្នា​ដល់​សិស្ស​ស្បែក​ខ្មៅ និង​សិស្ស​ស្បែក​ស។

អ្នក​រិះគន់​សេវា​នេះ បាន​អះអាង​ថា សេវា​ដឹក​ជញ្ជូន​សិស្ស​តាម​រថយន្ត​មាន​គ្រោះថ្នាក់ ហើយ​ចំណាយ​ច្រើន ហើយ​ថា ឪពុក​ម្តាយ​ជាច្រើន​នាក់​មិន​ចង់​ឲ្យ​កូនៗ​របស់​ពួកគេ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ឆ្ងាយ ដើម្បី​ទៅ​សាលារៀន​ទេ។ ក្រុម​មតិ​រិះគន់​នេះ​ភាគច្រើន​កើត​ចេញ​ពី​សហគមន៍​ពលរដ្ឋ​ស្បែក​ស ក៏ប៉ុន្តែពលរដ្ឋ​ស្បែក​ខ្មៅ​ខ្លះ​ក៏បាន​រិះគន់​សេវា​ដឹកជញ្ជូន​សិស្ស​តាម​រថយន្ត​នេះ​ដែរ។

លោក​សាស្ត្រាចារ្យ​ Gadsden បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នក​រិះគន់​ក្នុង​សហគមន៍​ពលរដ្ឋ​ស្បែក​ខ្មៅ​បាន​អះអាង​ថា កូនៗ​របស់​ពួកគេ​រងបន្ទុក​ខ្លាំង ដោយ​ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវឆ្ងាយ ហើយ​ចំណាយ​ពេល​ច្រើន​នៅ​លើ​រថយន្ត។ ពួកគេ​ក៏​បាន​លើកឡើង​ថា កាលពីមុន សាលារៀន​នៅ​តាម​តំបន់​សម្បូរ​ពលរដ្ឋ​ស្បែក​ខ្មៅ​រស់នៅ​ត្រូវបាន​បិទ ហើយ​បុគ្គលិក​រដ្ឋបាល និង​អ្នក​គ្រូបង្រៀន​បាន​បាត់បង់​ការងារ ដោយសារ​តែ​គោល​នយោបាយ​ស្តីពី​លំនៅដ្ឋាន ក៏ប៉ុន្តែ​បញ្ហា​នេះ​មិនបាន​កើត​មាន​ឡើង​នៅ​តាម​សាលារៀន​ដែល​សម្បូរ​ពលរដ្ឋ​ស្បែក​ស​រស់នៅ​ទេ។

នៅទីក្រុង​ Boston បាតុកម្ម​ប្រឆាំង​នឹង​គោលនយោបាយ​ស្តីពី​ការ​ដឹកជញ្ជូន​សិស្ស​តាម​រថយន្ត​កាលពី​ឆ្នាំ ១៩៧៤ បាន​កើត​ឡើង​ដោយ​មាន​អំពើ​ហិង្សា​ នៅពេល​ដែល​ក្រុម​បាតុករ​បាន​គប់​ដុំ​ឥដ្ឋ និង​ដប​ដាក់​រថយន្ត​ដឹក​ជញ្ជូន​សិស្ស​ទៅ​សាលារៀន។​

លោក Larry Sabato អ្នក​វិភាគ​នយោបាយ​ប្រចាំ​សាកល​វិទ្យាល័យ Virginia បាន​សរសេរ​លើ​បណ្តាញ​សង្គម Twitter ក្រោយ​ពី​ការ​ជជែក​ដេញដោល​រវាង​បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​ប្រជាធិបតេយ្យ​ថា សេវា​ដឹក​ជញ្ជូន​សិស្ស​តាម​រថយន្ត​មិន​ទទួល​ការ​គាំទ្រ​ទាល់តែ​សោះ ក្នុង​អំឡុង​ទសវត្សរ៍ ១៩៧០ ដែល​បាន​ធ្វើ​ឲ្យ​បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​ប្រជាធិបតេយ្យ​នាពេល​នោះ ត្រូវ​ជ្រើស​យក​ជម្រើស​មួយ៖ «​បើ​ពួកគេ​ហ៊ានគាំទ្រ​សេវា​នេះ នោះ​ពួកគេ​នឹង​ចាញ់ ឬ​ បើ​ពួកគេ​ប្រឆាំង​ទាំង​ស្រុង​ ឬ​ដោយ​ផ្នែក​លើ​សេវា​នេះ​ នោះ​ពួកគេ​នឹង​ឈ្នះ​បាន​ការ​គាំទ្រ​កាន់តែ​ខ្លាំង»។

រូបឯកសារ៖ លោក Joe Biden អតីតអនុប្រធានាធិបតីអាមេរិក និង​បេក្ខជន​សម្រាប់ការ​បោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ ថ្លែងនៅក្នុងកម្មវិធីយុទ្ធនាការរកសំឡេងគាំទ្រមួយ នៅរដ្ឋ South Carolina កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩។
រូបឯកសារ៖ លោក Joe Biden អតីតអនុប្រធានាធិបតីអាមេរិក និង​បេក្ខជន​សម្រាប់ការ​បោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ ថ្លែងនៅក្នុងកម្មវិធីយុទ្ធនាការរកសំឡេងគាំទ្រមួយ នៅរដ្ឋ South Carolina កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩។

គោល​ជំហរ​របស់​លោក​ Biden

ក្នុង​អំឡុង​ទសវត្សរ៍ ១៩៧០ នៅ​ពេល​លោក Biden កំពុង​បំពេញ​តំណែង​ជា​សមាជិក​ព្រឹទ្ធសភា​ថ្មី​ម្នាក់​ប្រចាំ​រដ្ឋ Delaware លោក​បាន​ធ្វើការ​ជាមួយ​ក្រុម​សមាជិក​ព្រឹទ្ធសភា​ដែល​មាន​ទស្សនៈ​អភិរក្ស​និយម​ ​ប្រឆាំង​នឹង​សេវា​ដឹក​ជញ្ជូន​សិស្ស​តាម​រថយន្ត​ ដែលរដ្ឋាភិបាល​សហព័ន្ធ​បាន​តម្រូវ​ឲ្យ​រដ្ឋាភិបាល​ថ្នាក់​រដ្ឋ​អនុវត្ត។

នៅក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​ Delaware កាលពី​ឆ្នាំ ១៩៧៥ ដែល​ថ្មីៗនេះ​កាសែត​ The Washington Post បាន​ដក​ស្រង់​ខ្លឹមសារ​ឡើងវិញ លោក​ Biden បាន​និយាយ​ថា៖ «ខ្ញុំ​មិន​គាំទ្រ​គំនិត​ដែល​ពេញ​និយម​កាលពី​ទសវត្សរ៍ ១៩៦០ ដែល​លើក​ឡើង​ថា «យើង​បាន​គាប​សង្កត់​ពលរដ្ឋ​ស្បែក​ខ្មៅ​អស់​រយៈពេល​ជាង ៣០០ឆ្នាំ ហើយ​ក្នុងពេល​នេះ ពលរដ្ឋ​ស្បែក​ស​បានវិវឌ្ឍ​ជឿនលឿន​ទៅ​មុខ​ដោយ​ទទួល​បាន​អ្វីៗ​គ្រប់​យ៉ាង​ដែល​សង្គម​ជាតិ​ផ្តល់​ឲ្យ ហើយ​ថា ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​ស្មើ​គ្នា យើង​ត្រូវ​ផ្តល់​ឱកាស​ចម្បង​ដល់​ពលរដ្ឋ​ស្បែក​ខ្មៅ ដើម្បីឲ្យ​ពួកគេ​បាន​ដើរ​បោះ​ជំហាន​ទៅមុខ ឬ​ក៏​យើង​ត្រូវ​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ពលរដ្ឋ​ស្បែក​ស​វិវឌ្ឍ​ទៅមុខ»។

នៅ​ក្នុង​វេទិកា​ជជែក​ដេញដោល​រវាង​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​នា​ពេល​ថ្មីៗ​នេះ លោក​ Biden បាន​ការពារ​គោល​ជំហរ​របស់​លោក​នេះ ដោយ​អះអាង​ថា លោក​មិន​បាន​ជំទាស់​នឹង​គោលការណ៍ប្រើប្រាស់​សេវា​ដឹកជញ្ជូន​សិស្ស​តាម​រថយន្ត​ដោយ​ស្ម័គ្រ​ចិត្ត​នោះ​ទេ។ លោក​បាន​លើក​ឡើង​ថា៖ «ខ្ញុំ​មិន​ជំទាស់​នឹង​សេវា​ដឹក​ជញ្ជូន​សិស្ស​តាម​រថយន្ត​ទេ តែ​ខ្ញុំ​ជំទាស់​នឹង​សេចក្តី​សម្រេច​របស់​ក្រសួង​អប់រំ​កាល​ពីពេល​នោះ»។

លោកស្រី Harris បាន​ឆ្លើយ​តប​ដោយ​អះអាង​ថា រដ្ឋាភិបាល​សហព័ន្ធ​ចាំបាច់​ត្រូវ​ធ្វើ​អន្តរាគមន៍​ និង​តម្រូវ​ឲ្យ​មាន​ការ​អនុវត្ត​តាម​សេចក្តី​សម្រេច​របស់​ខ្លួន នៅតាម​សហគមន៍​ខ្លះ ដោយសារ​តែ​ «រដ្ឋាភិបាល​ថ្នាក់​រដ្ឋ​មួយ​ចំនួន​បាន​បរាជ័យ​ក្នុង​ការ​លុប​បំបាត់​ការ​បែងចែក​ពូជសាសន៍​នៅ​តាម​សាលារៀន​ទូទាំង​សហរដ្ឋ​អាមេរិក»។

សាលារៀន​នា​ពេល​បច្ចុប្បន្ន

ស្របពេល​ដែល​សហគមន៍​មួយ​ចំនួន​នៅតែ​ជំរុញ​ឲ្យ​មាន​វិធានការ​ប្រើប្រាស់​សេវា​ដឹក​ជញ្ជូន​សិស្ស​ដោយ​ស្ម័គ្រ​ចិត្ត កិច្ច​ខិតខំ​ប្រឹងប្រែងដឹក​ជញ្ជូន​សិស្ស​ភាគច្រើន​បាន​បញ្ចប់​ទៅ​ នៅចុង​សតវត្សរ៍​ទី២០។ ​ដីកា​របស់​តុលាការ​សហព័ន្ធ​និង​តុលាការ​ថ្នាក់​រដ្ឋ​នៅ​ទសវត្សរ៍ ១៩៩០ បាន​សម្រេច​ថា សហគមន៍​ជា​ច្រើន​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​លុប​បំបាត់​ការ​បែងចែក​ពូជសាសន៍​នៅ​តាម​សាលារៀន ហើយ​ក៏​បាន​សម្រេច​បញ្ចប់​គម្រោង​ដឹក​ជញ្ជូន​សិស្ស​តាម​រថយន្ត។

គម្រោង​ស្តីពី​សិទ្ធិ​ពលរដ្ឋ​របស់​សាកលវិទ្យាល័យ​ California, Los Angeles​ បាន​ចេញ​សេចក្តី​រាយការណ៍​មួយ​ ក្នុង​ខួប​៦៥ឆ្នាំ​នៃ​ដីកា​តុលាការ​កំពូល​លើ​សំណុំ​រឿង «Brown v. Board of Education» កាលពី​ខែ​ឧសភា ដោយ​លើក​ឡើង​ថា ការ​បែងចែក​ពូជ​សាសន៍​នៅតាម​សាលារៀន​ កំពុង​តែ​កើត​មាន​ឡើង​សារ​ជាថ្មី​ម្តង​ទៀត ហើយ​បញ្ហា​នេះ​មិន​ត្រូវបាន​យក​ចិត្ត​ទុក​ដាក់​អស់​រយៈពេល​ជាង​បី​ទសវត្សរ៍​មក​ហើយ​ ដែល​ការណ៍​នេះ​«បាន​ធ្វើ​ឲ្យ​ដីកា​របស់​តុលាការ​កំពូល​រង​គ្រោះថ្នាក់»។

របាយការណ៍​ដដែល​នោះ​បាន​លើកឡើង​ថា ជាមធ្យម សិស្ស​ស្បែក​ស​ទៅ​សាលារៀន​ដែល​មាន​ចំនួន​សិស្ស​ស្បែក​ស​សរុប​ប្រមាណ ៦៩ភាគរយ។ សិស្ស​អាមេរិកាំង​ម៉ិកស៊ិក ទៅ​សាលារៀន​ដែល​មាន​ចំនួន​សិស្ស​អាមេរិកាំង​ម៉ិកស៊ិក​សរុប​ប្រមាណ ៥៥ភាគរយ។ រីឯ​សិស្ស​ស្បែក​ខ្មៅ​ទៅ​សាលារៀន​ដែល​មាន​ចំនួន​សិស្ស​ស្បែក​ខ្មៅ​និង​សិស្ស​អាមេរិកាំង​ម៉ិកស៊ិក ចុះ​ឈ្មោះ​ចូលរៀន​សរុប​ប្រមាណ ៦៧ភាគរយ ជា​មធ្យម។

លោក Gadsden បាន​យល់​ស្រប​ថា មាន​ករណី​បែងចែក​ពូជសាសន៍​កាន់​តែ​ច្រើន​ឡើង​នៅ​តាម​សាលារៀន​នាពេល​បច្ចុប្បន្ន​នេះ ប៉ុន្តែ​លោក​បាន​លើក​ឡើង​ថា មាន​ការ​ខ្វះ​ឆន្ទៈ​នយោបាយ​ក្នុង​ការ​វិល​ទៅ​រក​ការ​អនុវត្ត​វិធានការ​ប្រើប្រាស់​សេវា​ដឹក​ជញ្ជូន​សិស្ស​តាម​រថយន្ត​ដ៏​យូរ​អង្វែង​មួយ​នោះ។​

លោក​បាន​និយាយ​ថា៖ «ក្នុង​ពេល​បច្ចុប្បន្ន​នេះ តុលាការ​សហព័ន្ធ​មិន​សូវ​យោគយល់​នឹង​ការ​តស៊ូ​មតិ​ប្រឆាំង​នឹង​ការ​បែងចែក​ពូជសាសន៍​នៅ​តាម​សាលារៀន​នោះ​ទេ» ដោយ​លោក​ក៏​បាន​កត់​សម្គាល់​ផង​ដែរ​ថា សូម្បីតែ​រដ្ឋ​សភា​អាមេរិក​ក៏​មិន​សូវ​ចាប់​អារម្មណ៍​លើ​ការ​ចាត់​វិធានការ​នានា ​ដើម្បី​ធ្វើ​ឲ្យ​ការ​លុប​បំបាត់​ការ​បែងចែក​ពូជសាសន៍​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង។

បន្ទាប់​ពី​ជជែក​ដេញដោល​ចប់ លោកស្រី Harris បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា «សេវា​ដឹក​ជញ្ជូន​សិស្ស​តាម​រថយន្ត​ គឺជា​មធ្យោបាយ​មួយ​ក្នុង​ចំណោម​មធ្យោបាយ​ជាច្រើន​ដែល​អ្នក​តាក់តែង​ច្បាប់​គួរតែ​ពិចារណា»។ ក៏ប៉ុន្តែ នៅពេល​ដែល​អ្នក​សារព័ត៌មាន​ចោទ​សួរ​លោកស្រី​ថា តើ​លោក​ស្រី​គាំទ្រ​វិធានការ​របស់​រដ្ឋាភិបាល​សហព័ន្ធ​នា​ពេល​បច្ចុប្បន្ន​នេះ​ឬក៏​យ៉ាងណា លោកស្រី​បាន​ឆ្លើយ​ថា លោកស្រី​មិន​គាំទ្រ​ទេ លើកលែង​តែ​សង្គម​ជាតិ​អាមេរិក​ទាំង​មូល​ប្រឆាំង​នឹង​គោលនយោបាយ​ចម្រុះ​ពូជសាសន៍​នៅ​សហរដ្ឋ​អាមេរិក ដូច​កាលពី​ទសវត្សរ៍ ១៩៧០។

អ្នក​រិះគន់​មួយ​ចំនួន​បាន​លើកឡើង​ថា គោល​ជំហរ​របស់​លោកស្រី Harris លើ​វិធានការ​ស្តីពី​សេវា​ដឹក​ជញ្ជូន​សិស្ស​តាម​រថយន្ត​នេះ​ គឺ​គ្មាន​អ្វី​ខុស​គ្នា​ខ្លាំង​ពី​គោលជំហរ​របស់​លោក​ Biden ទេ៕

ប្រែ​សម្រួល​ដោយ​ ទែន​ សុខស្រីនិត

XS
SM
MD
LG