ប្រជាពលរដ្ឋមួយក្រុមថ្មីដែលបានរស់នៅក្នុងតំបន់បឹងកក់ជាង ២០ ឆ្នាំមកហើយ បានចោទប្រកាន់ក្រុមហ៊ុនវិនិយោគ Shukaku Inc និងព្យាយាមទាមទារសំណងពីក្រុមហ៊ុននេះ បន្ទាប់ពីក្រុមអាជ្ញាធរមកធ្វើការឈូសឆាយផ្ទះរបស់ពួកគេកាលពីព្រឹកថ្ងៃចន្ទនេះ។
គេហដ្ឋានរបស់ប្រជាពលរដ្ឋ ១១ គ្រួសារថ្មីទៀតនៅ ក្នុងតំបន់បឹងកក់ដែលមានជម្លោះជាមួយក្រុមហ៊ុន Shukaku Inc ដែលជាក្រុមហ៊ុនរបស់លោក ឡាវ ម៉េងឃីន សមាជិកព្រឹទ្ធសភានៃគណបក្សប្រជាជនកម្ពុជា ត្រូវបានអាជ្ញាធរឈូសឆាយកាលពីព្រឹកថ្ងៃចន្ទ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ ស្រះចក ក្នុងខណ្ឌដូនពេញ លើផ្លូវឧកញ៉ាឃ្លាំងមឿង ទាំងនេះនិយាយថា ពួកគេរស់នៅក្នុងទីតាំងនេះចាប់តាំងពីមុនឆ្នាំ ២០០០ មកម្ល៉េះ ហើយពួកគេទាមទារឲ្យមានសំណងសមរម្យ។
អ្នកស្រី ឈិត សុគន្ធ អាយុ ៤៧ ឆ្នាំ ជាម្ចាស់ផ្ទះពីរល្វែងដែលត្រូវបានអាជ្ញាធរកម្ទេចផ្នែកខាងក្រោយជាង ១៧ ម៉ែត្របានអះអាងថា អ្នកស្រីបានទិញទីតាំងមួយនេះ និងរស់នៅទីនេះយូរមកហើយ ហើយអ្នកស្រីមានប្លង់សាងសង់ស្របច្បាប់ផងដែរ។
អ្នកស្រីបាននិយាយប្រាប់វីអូអេ ថា៖
«ខ្ញុំ ខ្ញុំទិញមកពីទាហានហ្នឹងតាំងពីឆ្នាំ ១៩៩២ ហើយរហូតដល់ឆ្នាំ ២០១០ ហ្នឹងខាងសាលាក្រុងហ្នឹង គាត់ថាគាត់លក់ដីហ្នឹងឲ្យក្រុមហ៊ុនធ្វើវិនិយោគទុនឲ្យក្រុមហ៊ុន»។
អាជ្ញាធរខណ្ឌ មន្រ្តីប៉ូលិសរាប់សិបនាក់ បានបិទផ្លូវនៅប៉ែកខាងជើងនៃតំបន់បឹងកក់ និងហាមមិនឲ្យមានការយកព័ត៌មាន។ ក្រុមអាជ្ញាធរបានប្រើគ្រឿងចក្រ ដើម្បីកម្ទេចបរិវេណខាងក្រោយផ្ទះរបស់ប្រជាពលរដ្ឋទាំងនេះ ដោយពួកគេបានប្រាប់ប្រជាពលរដ្ឋថាពួកគេបានរំលោភបំពានដីរបស់ក្រុមហ៊ុន។
អ្នកស្រី សុគន្ធ បានបន្តថា៖
«ឈឺចាប់ណាស់ណាអូន ដីនេះអ៊ីទិញមិនមែនអ៊ីសុំគេបាន មិនមែនអ៊ីទៅចាប់បឹងៗដូចគេទេណា។ បើសិនជាអ៊ីចាប់ក្នុងបឹង អ៊ីអត់តូចចិត្ត គេយកវិញយកចុះ អ៊ីអត់តូចចិត្តទេតែអានេះអ៊ីទិញ ទិញពីទាហានទៀត គាត់អ្នកតស៊ូរំដោះជាតិទាហាន»។
ការអភិវឌ្ឍទីក្រុងរណបទំនើបនៅបឹងកក់ដោយក្រុមហ៊ុន Shukaku Inc របស់លោក ឡាវ ម៉េងឃីន សមាជិកព្រឹទ្ធសភានៃគណបក្សប្រជាជនកម្ពុជា បានឈាន ទៅដល់ការលុបបឹងប្រវត្តិសាស្ត្រមួយដែលមានការជាប់ទាក់ទងនឹងដើមកំណើត និងអត្តសញ្ញាណរបស់រាជធានី ហើយប្រជាជនក្នុងសហគមន៍ក្រីក្រប្រមាណ ៤.០០០ គ្រួសារ ត្រូវបង្ខំចិត្តផ្លាស់ប្ដូរទីលំនៅជាមួយនឹងការផ្ដល់សំណងដែលរងការរិះគន់ថាមិនសមរម្យ។
ប្រជាពលរដ្ឋក្នុងសហគមន៍នេះស្នើសុំឲ្យមានការចរចាជាមួយក្រុមហ៊ុន Shukaku Inc ដើម្បីទទួលសំណង។
អ្នកស្រី សូ ឡេង អាយុ ៦៥ ឆ្នាំ ដែលជាអាជីវករលក់គ្រឿងសំណង់និងជាពលរដ្ឋមួយរូបដែលរងការប៉ះពាល់ សង្ឃឹមថា ក្រុមប្រជាពលរដ្ឋទាំង ១១ គ្រួសារនេះនឹងទទួលបានសំណងសមស្រប។
«ចា៎ ហើយទៅជាយើងនេះប្រជាពលរដ្ឋដែលរស់នៅរាប់សិបឆ្នាំមកហើយ ទៅជាអត់នៅស្របច្បាប់។ ក្រុមហ៊ុនដែលមកក្រោយហ្នឹងគេមានកម្មសិទ្ធិ។ វិភាគឲ្យផងមើល តើយ៉ាងម៉េចទៅវិញទៅ ចា៎។ ខ្ញុំម្ចាស់ដីហ្នឹង ចា៎អ្នកដែលនៅក្នុងទឹក គេមានសំណងហើយខ្ញុំវាអត់»។
ពលរដ្ឋរងគ្រោះម្នាក់ទៀត គឺអ្នកស្រី តុប អាយុ ៣៥ ឆ្នាំ ដែលជាអាជីវករលក់គ្រឿងសំណង់ម្នាក់បានទទូចដដែលៗ ដើម្បីឲ្យមានការសងសំណងសមរម្យពីក្រុមហ៊ុន។
«ប្រជាជនមិនរឹងទទឹងទេជាមួយក្រុមហ៊ុន គ្រាន់ថាឲ្យដោះស្រាយសំណងជាមួយប្រជាជនឲ្យសមស្របទៅ។ ពួកយើងហ្នឹងព្រមទាំងអស់គ្នា ព្រោះដីអស់នេះមិនមែនទៅចាប់គេយកមកទេ សុទ្ធតែទៅទិញគេ។ ហើយពួកខ្ញុំនៅហ្នឹងតាំងពីក្រុមហ៊ុនអត់ដឹងនៅណាម៉េះ ហើយដល់ពេលឥឡូវហ្នឹងមកថាខ្ញុំនៅលើដីក្រុមហ៊ុន ដល់អ៊ីចឹងពួកខ្ញុំអត់យល់ មិនអាចធ្វើអ៊ីចឹងបានទេ»។
នាយប៉ុស្តិ៍នគរបាលសង្កាត់ស្រះចក លោក កាន់ វណ្ណៈ ប្រាប់វីអូអេថា លោកមិនបានដឹងពីបញ្ហានេះទេ។
«ហើយចុះបើឃើញគេបិទផ្លូវ ម៉េចក៏មិនទៅសួរគេខ្លួនឯង មកសួរខ្ញុំ ខ្ញុំមានដឹងអី»។
លោក សឹង សែនករុណា អ្នកនាំពាក្យរបស់អង្គការសិទ្ធិមនុស្សអាដហុក បាននិយាយថា អាជ្ញាធរគួរតែធ្វើការចរចាជាមួយប្រជាពលរដ្ឋដោយសន្តិវិធី ជាជាងឈូសឆាយលំនៅឋានរបស់ប្រជាពលរដ្ឋ។
«ព្រោះយើងដឹងហើយការប្រើវិធានការបែបហ្នឹងវាអត់មានអីចំណេញដល់ភាគីទេ វាផ្ទុយទៅវិញវាកាន់តែធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តច្បាប់ ធ្វើឲ្យគេកាន់តែមើលឃើញថា នៅកម្ពុជាមានគេប្រើវិធានការហិង្សាទៅដោះស្រាយ ហើយដំណើរការនៃការដោះស្រាយបែបហិង្សានេះ វាតែងតែប៉ះពាល់ដល់សិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋហ្នឹងឯង»។
វីអូអេក៏មិនអាចសុំការទាក់ទងពីអ្នកនាំពាក្យសាលាក្រុងរាជធានីភ្នំពេញ អាជ្ញាធរឃុំសង្កាត់ និងអ្នកតំណាងក្រុមហ៊ុន Shukaku Inc បានទេ៕