ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បុគ្គលិក​វិទ្យុ​សំបុក​ឃ្មុំ​របស់​លោក​ម៉ម សុណង់ដូ​ធ្វើ​បាតុកម្ម


រូប​ឯកសារ៖ លោក​ម៉ម សុណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ ស្ថិត​នៅ​ក្នុង​បន្ទប់​ផ្សាយ​របស់ VOA ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ពេល​ដែល​លោក​បាន​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី «Hello VOA» នៅ​ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៣។
រូប​ឯកសារ៖ លោក​ម៉ម សុណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ ស្ថិត​នៅ​ក្នុង​បន្ទប់​ផ្សាយ​របស់ VOA ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ពេល​ដែល​លោក​បាន​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី «Hello VOA» នៅ​ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៣។

យ៉ា​ង​ហោច​ណាស់​មាន​បុគ្គលិក​វិទ្យុ​សំបុក​ឃ្មុំចំនួន​ដប់​នាក់​ក្នុង​ចំណោម​បុគ្គលិក​សរុប​ចំនួន​២៤​នាក់​បាន​បន្ត​ធ្វើបាតុកម្មនៅ​ពី​មុខ​ស្ថានីយ​ផ្សាយ​របស់​ខ្លួន​នៅ​ថ្ងៃ​សុក្រ​នេះ ដើម្បី​ទាម​ទារប្រាក់​ខែ ​និង​ការ​គោរព​លក្ខខណ្ឌ​ការងារ។​ ប៉ុន្តែ​ដំណាល​គ្នា​នោះ​ដែរ ​លោក​ម៉ម សុណង់ដូ ​នាយក​វិទ្យុ​នេះ​បាន​ទម្លាក់​កំហុស​លើ​ក្រុម​បុគ្គលិក​របស់​លោក​ទៅ​វិញ។

វិទ្យុ​សំបុក​ឃ្មុំ​គឺ​ជា​វិទ្យុ​មាន​ប្រជាប្រិយភាព​មួយ​ដែល​ធ្លាប់​ទទួល​រង​ការ​គាប​សង្កត់​និង​ជា​វិទ្យុ​ដែល​បើក​ឱកាស​ឲ្យ​មាន​មតិ​ចម្រុះ ​និង​មតិ​រិះ​គន់​រដ្ឋា​ភិបាល​ផង​ដែរ។

ជម្លោះ​រវាង​បុគ្គលិក​ និង​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ​ FM 105​ មេហ្គាហឺត​នេះ​បាន​អូស​បន្លាយ​ចាប់​តាំង​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១៤​មក​ម្ល៉េះ​ បន្ទាប់​ពីក្រុមបុគ្គលិក​មួយចំនួន​បាន​ទាម​ទារឲ្យ​លោក​ម៉ម សុណង់ដូ ​ដែល​ជា​ប្រធាន​សមាគម​អ្នក​ប្រជា​ធិបតេយ្យ​ផង​ដែរ​នោះ​ ​គោរព​ច្បាប់​ការងារ​ឲ្យ​បាន​ត្រឹម​ត្រូវ ប៉ុន្តែការ​ទាមទារ​នេះ​មិន​បាន​ដោះស្រាយឡើយរហូត​ដល់​មាន​ការ​បន្ថែម​ម៉ោង​ការងារ​ដល់​ពួក​គេ​និង​មាន​ការ​បណ្តេញ​ចេញ​នូវ​បុគ្គលិកចំនួន​ពីរ​រូប​បន្ត​បន្ទាប់​គ្នា​កាល​ពី​ដើម​សប្តាហ៍​មុន​ និង​នៅ​ដើម​សប្តាហ៍​នេះ ​ដោយ​មិន​បើក​ប្រាក់​បៀរវត្ស​ដល់​ពួក​គេ​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​បុគ្គលិក​ដទៃ​ទៀត​ចាប់​ផ្តើម​ធ្វើបាតុកម្មរហូត​មក​ដល់​ថ្ងៃ​នេះ។​

អ្នកស្រី​យាន សុវារី​ជាអ្នក​សារ​ព័តិមាន​ និង​ជាបុគ្គលិកដែល​បម្រើ​ការ​ឲ្យវិទ្យុ​សំបុក​ឃ្មុំ​ដប់​ឆ្នាំ​មក​ហើយ។​ អ្នក​ស្រី​បាន​ចូល​រួម​ធ្វើ​បាតុកម្ម​ បន្ទាប់​ពីអ្នកស្រី​ត្រូវ​បញ្ឈប់ពី​ការងារ​ដោយ​គ្មាន​ប្រាក់​បៀរ​វត្ស។​

«រឿង​រហូត​មក​ដល់​ផ្ទុះ​ ​កូដកម្ម​ហ្នឹង​គឺ​គាត់​អត់​បើក​ប្រាក់​ខែ ​ខែ​ពីរ​ដែល​ពួក​ខ្ញុំ​ត្រូវ​បើក​នា​ថ្ងៃ​ប្រាំខែ​បី​ហ្នឹង​គាត់​អត់​បើក​ប្រាក់​ខែ​ឲ្យ​ខ្ញុំ​៤​នាក់​ ហើយ​អត់​បាន​ជូន​ដំណឹង​ទៀត»។​

អ្នកស្រី​យាន សុវារី​បាន​បន្ត​ទៀត​ថា​ ក្រុមបុគ្គលិក​បាន​សុំ​ទាមទារ​ឲ្យ​មាន​ការ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ឲ្យ​បាន​យ៉ាង​ហោច​ណាស់១​សប្តាហ៍​ ការ​ដំឡើង​ប្រាក់​ឈ្នួល​ និង​ប្រាក់​អតីត​ភាព​ការងារ​ជាដើម។​ ក៏​ប៉ុន្តែ​ការ​ទាមទារ​បាន​ក្លាយ​ជា​ជម្លោះ​ទៅវិញ​ ​ហើយ​លោក​ម៉ម សុណង់ដូ​បានបញ្ឈប់​បុគ្គលិក ​និង​បិទ​ទ្វារ​មិន​ព្រម​ជួប​ចរចាជាមួយ​ក្រុម​អ្នក​តវ៉ា​ទេ។​

ផ្ទុយ​ទៅវិញ​ លោក​ម៉ម សុណង់ដូបានបក​ស្រាយ​មក​វិញថា​ លោក​បាន​ព្យាយាម​អត់ធ្មត់​ចរចា​ជាមួយ​បុគ្គលិក​ជា​ច្រើន​ខែ ​និង​ស្នើ​សុំ​ឲ្យ​បុគ្គលិក​ធ្វើការ​ឲ្យ​បាន​ពេញលេញ។​ ដោយ​ឡែក​ បុគ្គលិក​ដែល​ត្រូវ​បញ្ឈប់​ទាំង​ពីរ​រូប​គឺ​ជា​អ្នកដែល​មិន​មក​ធ្វើ​ការ​ទៀងទាត់។​ លោក​បាន​បន្ថែម​ថា ​លោក​ត្រូវ​ការ​ឲ្យ​បុគ្គ​លិក​ធ្វើ​ការ​ទៀង​ទាត់​ដើម្បី​បម្រើ​អ្នក​ស្តាប់​របស់​ខ្លួន។​

«នេះ​មិនមែន​ពីរ​បី​ថ្ងៃ​ទេ​គឺ​រាប់​ខែ​ហើយ។​ ហើយ​អូន​ដឹង​ហើយ​ កិច្ច​ការងារ​ ទោះ​បី​នៅ​ស្រុក​បារាំង​ក៏​ដោយ​ ស្រុក​អាមេរិក​ក៏​ដោយ​ ឲ្យ​តែ​ខុស​ក្នុង​ការងារ​ម្តង​ពីរ​ដង​គេ​ព្រមាន ​ហើយ​គេ​ដេញ​ចេញ​ហើយ។​ នេះ​មិនមែន​ឈប់​១​ថ្ងៃ​ពីរ​ទេ​គឺ​រាប់​ខែ​ដោយ​អត់​មាន​គោរព​ពូ ​អត់​មាន​គោរព​ការងារ»។​

លោកចោទ​ប្រកាន់​ថា​ ការធ្វើ​បាតុកម្មរបស់​ក្រុម​អ្នក​តវ៉ាស្ថិត​ក្រោម​ការ​ញុះញង់​ក្នុង​ចេតនា​បង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​លោក។

នៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយ លោកម៉ម សុណង់ដូ​គ្រោង​នឹង​ចូល​ទៅ​បំភ្លឺ​នៅ​មន្ទីរ​ការងារ​ក្រុង​ភ្នំពេញ​អំពី​អរិភាព​ផ្ទៃ​ក្នុង​នេះ។

គួរ​បញ្ជាក់​ផង​ដែរថា​ នាពេល​ថ្មីៗ​នេះ​ លោក​ម៉ម សុណង់ដូ​បាន​ដាក់​សំណើ​សុំ​បង្កើត​ស្ថានីយ​ទូរទស្សន៍​ថ្មី​មួយ។​ តែ​សំណើ​របស់​លោក​ត្រូវ​បាន​ច្រានចោល​ដោយ​ក្រសួង​ព័ត៌មាន​ ដោយ​មាន​ការ​លើក​ហេតុ​ផល​ថា​ មិន​មាន​ហ្វ្រេកង់​ទំនេរ៕

XS
SM
MD
LG