អង្គការហ្វារពន្លឺសិល្បៈដែលមានមូលដ្ឋាននៅខេត្តបាត់ដំបង នឹងសម្តែងសៀកនិងរៀបចំពិព័រណ៍សិល្បៈម្ហូបអាហារមួយ ដើម្បីជួយដោះស្រាយភាពតានតឹង និងទុក្ខព្រួយរបស់ពលរដ្ឋខ្មែរ ក្នុងគ្រាដែលមានការប្រឈមនឹងផលប៉ះពាល់ដោយសារការឆ្លងរាលដាលជាសាកលនៃជំងឺកូវីដ១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការក្រៅរដ្ឋាភិបាលមិនរកកម្រៃមួយនេះ ដែលវីអូអេទទួលបានកាលពីថ្ងៃពុធ។
ពិព័រណ៍សិល្បៈដែលមានឈ្មោះថា «រសបាត់ដំបង» នឹងធ្វើឡើង នៅក្នុងបរិវេណសមាគមហ្វារពន្លឺសិល្បៈក្នុងក្រុងបាត់ដំបង ចាប់ពីថ្ងៃសុក្រ ថ្ងៃទី៣០ ដល់ថ្ងៃសៅរ៍ ទី៣១ ខែតុលានេះ វេលាម៉ោង ២កន្លះរសៀល ដល់ម៉ោង ៨យប់ ដោយមានការលក់សំបុត្រចូលទស្សនាតម្លៃ ២.០០០ រៀលក្នុងម្នាក់។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការនេះ រៀបរាប់ថាពិព័រណ៍«រសបាត់ដំបង» ដែលនឹងមានសកម្មភាពសម្តែងសៀកនិងសិល្បៈផ្សេងៗទៀត មានគោលដៅនាំយកភាពរីករាយខ្លះជូនដល់ពលរដ្ឋខ្មែរ រួមទាំងអ្នកស្រុកបាត់ដំបងផង នៅពេលដែលប្រទេសកម្ពុជានិងពិភពលោកកំពុងប្រឈមនឹងបញ្ហាកូវីដ១៩។
គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា ប្រទេសកម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុប ២៩០ ដោយក្នុងនោះមាន ២៨៣ នាក់បានជាសះស្បើយឡើងវិញហើយ នេះបើតាមក្រសួងសុខាភិបាល៕