ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វីរុសកូរ៉ូណាបិទការសម្តែងល្ខោនស្បែកមានចំណាស់តាំងពីសតវត្សរ៍ទី៧


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោកម៉ាន់ កុសលគ្រូល្ខោនស្បែកនៅ​ក្រុម​សិល្បៈសុវណ្ណភូមិ​ (Reuters)

ល្ខោន​ស្បែក​តូច​ស្បែក​ធំ​ដែល​អាច​រក្សា​ជីវិត​តាំង​ពី​សតវត្សរ៍​ទី​៧​ឆ្លង​កាត់​ការ​ធ្លាក់​ចុះ​នៃ​សម័យ​អង្គរ​ឆ្លង​កាត់​សង្គ្រាម​និង​ឆ្លង​កាត់​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម​នោះ ​បច្ចុប្បន្ន​កំពុង​ប្រឈម​នឹង​ការ​យាយី​ពី​ការ​រាតត្បាត​នៃ​វីរុស​កូរ៉ូណា ​ដែល​ធ្វើ​ឲ្យ​សកម្ម​ភាព​សិល្បៈ​នេះ​ត្រូវ​ផ្អាក​មិន​ដឹង​ដល់​ពេលណា។​

ល្ខោន​ស្បែក​នេះ​ត្រូវ​បាន​បញ្ចូល​ជា​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូណេស្កូ​កាលពី​ឆ្នាំ​២០០៥ ។ ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ល្ខោន​ស្បែក​ទទួល​បាន​ចំណាប់​អារម្មណ៍​ក្នុង​ស្រុក​ហើយ​បាន​ទាក់​ទាញ​ប្រាក់​ចំណូល​ពី​អ្នក​ទេសចរ​ពី​ក្រៅ​ប្រទេស​និង​ក្នុង​ស្រុក​ ដែល​ជា​អ្នក​គាំទ្រ​ដ៏​សំខាន់​សម្រាប់​ល្ខោន​ដ៏​ចំណាស់​នេះ។

ជា​អកុសល​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​បាន​ធ្វើ​ឱ្យ​សិល្បៈករ​ល្ខោន​ស្បែក​រង​ការ​លំបាក​ដូច​ពលរដ្ឋ​ទូទៅ​ដែរ​ជា​ពិសេស​ក្រុម​សិល្បៈ​ល្ខោន​ស្បែក​សុវណ្ណភូមិ​ដែល​បាន​សម្តែង​នៅ​ក្នុង​រដ្ឋធានី​ភ្នំពេញ​ជាង​២៦​ឆ្នាំ​មក​ហើយ​នោះ។​

លោក​ម៉ាន់ កុសល​គ្រូ​ល្ខោន​ស្បែក​និង​ជា​ទីប្រឹក្សា​បច្ចេកទេស​របស់​រោង​ល្ខោន​សុវណ្ណភូមិ​កំពុង​ពិនិត្យ​ចម្លាក់​ស្បែក​រាប់រយ​ដែល​គាត់​និង​សហការី​បាន​ធ្វើ​ជា​ច្រើន​ឆ្នាំ​នៅ​ពេល​កម្មករ​កំពុង​រុះរើ​រោងល្ខោន​ដែល​ត្រូវ​បិទ​ទ្វារ។​

ល្ខោន​ស្បែក​ជា​ទម្រង់​សិល្បៈ​សម្តែង​រឿង​រាមកេរ្តិ៍​លំនាំ​សិល្បៈខ្មែរ។​

លោក​កុសល​ឲ្យ​ដឹង​ថា ​ក្រុម​សិល្បករ​របស់​លោក​ចេះ​ច្រើន​មុខ​ដែល​អាច​ប្តូរ​តូួនាទី​គ្នា​បាន​ក្នុង​ពេល​សម្តែង។​

យោង​តាម​អង្គការ​យូណេស្កូ ​ការ​សម្តែង​សិល្បៈ​ល្ខោន​ស្បែក​គឺ​ជា​ពិធី​សាសនា​ដើម្បី​ឧទ្ទិស​ដល់​អាទិទេព​ហើយ​សម្តែង​ក្នុង​ឱកាស​ពិសេស​ពីរ​បីដង​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ។​ បន្ទាប់ពី​ការ​ធ្លាក់​ចុះ​នៃ​សម័យ​អង្គរ​នៅ​សត​វត្សរ៍​ទី១៥ ​ ល្ខោន​ស្បែក​បាន​វិវត្ត​ពី​ការ​ធ្វើ​ពិធី​បែប​សាសនា​មក​ជា​ទម្រង់​សិល្បៈ​ ប៉ុន្តែ​នៅ​តែ​រក្សា​ធាតុ​សំខាន់ៗ​នៃ​ពិធី​នេះ ​ដូច​ជា​ពិធី​ឃុំរោង​និង​ដំឡើងគ្រូ​ដែល​ជា​ការ​បួងសួង​មុន​ពេល​ចាប់​ផ្តើម​ការ​សម្តែង​នីមួយៗ។​

ដោយ​ចង់​ចែក​រំលែក​ចំណេះ​ដឹង​និង​បទ​ពិសោធន៍​ លោក​កុសល​និយាយ​ថា៖

ក្រុម​សិល្បៈ​សុវណ្ណភូមិ​ជា​ក្រុម​ល្ខោន​ស្បែក​មួយ​នៃ​ក្រុម​សិល្បៈ​ប្រភេទ​នេះ​ចំនួន​៥​នៅ​ប្រទេស​កម្ពុជា។​ ឥឡូវ​នេះ​ពួក​គេ​ទាំងអស់​កំពុង​ប្រឈម​នឹង​ការ​លំបាក​ស្រដៀង​គ្នា​គឺ​ការ​រាតត្បាត​នៃ​វីរុស​កូរ៉ូណា៕​

ទីភ្នាក់​ងារ​ព័ត៌មាន​Reuters ​រាយ​ការណ៍ ​លោក​ពិន ស៊ីសុវណ្ណ​ប្រែ​សម្រួល

XS
SM
MD
LG