ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ម្នាក់​ប្តឹង​អភិបាល​ស្រុក​បន្ទាយ​ស្រី​ទៅ​តុលាការ​រឿង​ទំនាស់​កាន់កាប់​ដី​គម្រប​ព្រៃ​ឈើនៅ​ខេត្ត​សៀមរាប​


អភិបាល​ស្រុក​បន្ទាយ​ស្រី លោក ​ឃឹម ហ្វីណង់ ក្នុង​រូបថត​មួយ​ចែក​ផ្សាយ​ដោយ​ទំព័រ​ហ្វេសប៊ុក​រដ្ឋបាល​ស្រុក​បន្ទាយស្រី កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ​ ឆ្នាំ​២០២១។ (ហ្វេសប៊ុក/រដ្ឋបាល​ស្រុក​បន្ទាយស្រី)

កាលពី​ថ្ងៃទី​១៤ ខែ​កុម្ភៈ​ឆ្នាំ​២០២២​អ្នកស្រី លី អ៊ុំអេង​ បាន​ប្តឹង​លោក ​ឃឹម ហ្វីណង់​ អាយុ​៣៥​ឆ្នាំ​អភិបាល​ស្រុក​បន្ទាយ​ស្រី​ពី​បទ​«ញុះញង់​រំលោភ​លើ​កម្មសិទ្ធិ​ឯកជន​និង​មិន​គោរព​តាម​ការ​សម្រេច​របស់​តុលាការ»ដោយ​ចោទ​លោក​ថា​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​ចុះ​ថ្ងៃ​ទី១១​ខែ​មករា​ឆ្នាំ​២០២២​ដែល​អ្នកស្រី​ចោទ​ថា​មាន​ចរិត​ញុះ​ញង់​ប្រជា​ពលរដ្ឋ​ជា​ច្រើន​នាក់​មក​វាស់​វែង​និង​បោះ​បង្គោល​ហ៊ុំព័ទ្ធ​ដី​របស់​អ្នកស្រី​កាល​ពីថ្ងៃ​ទី​២១​ខែ​មករា​ឆ្នាំ​២០២២​ដែល​ស្ថិត​ក្នុង​ភូមិ​រវៀង​តាទុំ​អស់​ចំនួន​៩៨​ហិកតា​និង​ភូមិ​រំចេក​អស់​ចំនួន​៥០​ហិកតា។​ លោក​អភិបាល​ស្រុក​បន្ទាយ​ស្រី​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​ដោយ​ចាត់​ទុក​ថា​ជា​ការ​ប្រឌិត​និង​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់​ខណៈ​លោក​អះអាង​ថាលោក​ធ្វើ​ទៅ​តាម​តួនាទី​និង​ច្បាប់​តែ​ប៉ុណ្ណោះ។​

បើ​តាម​ដើម​បណ្តឹង​អ្នកស្រី​បាន​ទិញ​ដី​ពី​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​សរុប​ប្រមាណ​២០០​ហិកតា​ក្នុងស្រុក​បន្ទាយស្រី​នេះ​ហើយ​បាន​ផ្ទេរ​កម្ម​សិទ្ធិ​ត្រឹម​ត្រូវ​ដោយ​ដាក់​ឈ្មោះ​កូន​របស់​ខ្លួន​គឺ​អ្នកស្រី​លី សេងឆៃ​និង​រូប​ខ្លួន។​ អ្នកស្រី​បន្ត​ថាអ្នកស្រី​បាន​កាន់​កាប់​ដី​នេះ​អស់​រយៈ​ពេល​១៩​ឆ្នាំ​មក​ហើយ​តាំង​ពី​ឆ្នាំ​២០០៣​មក​ម៉្លេះ​ដោយ​មានការ​ដាំ​ដំឡូង​ ​ស្វាយ​ចន្ទី​និង​មាន​ឃ្លាំង​ដំឡូង​ជាដើម។​

សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាល​ស្រុក​បន្ទាយស្រី​ចុះ​ថ្ងៃ​ទី១១​ខែ​មករា​ឆ្នាំ​២០២២​ឲ្យ​ដឹង​ថា​ដី​ដែល​មាន​ទំនាស់​នោះ​ជា​ដី​គប្រម​ព្រៃ​ឈើ​ឆ្នាំ​២០០២​ក្រោម​ដែន​សមត្ថកិច្ច​របស់​ក្រសួង​កសិកម្ម។​ នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​នោះ​អាជ្ញាធរ​បាន​ប្រាប់​ឲ្យ​ប្រជា​ពលរដ្ឋ​ដែល​កំពុង​មាន​ទំនាស់​ដីធ្លី​ជាមួយ​បុគ្គល​ក្រុមហ៊ុន​សាច់ញាតិ​ឬ​អ្នក​ជាប់​ព្រំ​និង​បញ្ហា​ផ្សេង​ទៀត​ត្រូវ​មក​ដាក់​ពាក្យ​បណ្តឹង​នៅ​សាលា​ស្រុក​បន្ទាយស្រី​ក្នុង​រយៈ​ពេល​៣០​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង។​

អ្នកស្រី ​លី អ៊ុំ​អេង ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ដី​ទាំង​នោះ​មាន​បញ្ជាក់​ប្លង់​ទន់​ហើយ​ត្រូវបាន​ទទួល​ស្គាល់​និង​ដឹង​ឮ​ពី​អតីត​អភិបាល​ខេត្ត​សៀមរាប​លោក ​ស៊ូ ភិរិន្ទ​ និង​អតីត​អភិបាល​ស្រុក​បន្ទាយស្រី​លោក ​ម៉ឹង វុទ្ធី​ និង​ក្រសួង​ដែន​ដី​ថែម​ទៀត​ផង។​ អ្នកស្រី​បន្ថែម​ថា​អ្នកស្រី​ធ្លាប់​តវ៉ា​ក្តី​ជាមួយ​មេព្រៃ​ហើយ​តុលាការ​កំពូល​បាន​សម្រេច​ថា​អ្នកស្រី​មិន​បាន​យក​ដី​ព្រៃ​ឡើយ។ អ្នក​ស្រី​ថា​ក្នុង​អំឡុង​ឆ្នាំ​២០១៩ក្រសួង​ដែន​ដី​បាន​ប្រាប់​អ្នកស្រី​ឲ្យ​ធ្វើ​ប្លង់​រឹង​ដែរ​ ប៉ុន្តែ​អ្នកស្រី​គិត​ថា​ជា​ប្រភេទ​ដី​កសិកម្ម​ដូច្នេះ​មិន​ទាន់​ចង់​ចំណាយ​លុយ​ច្រើន​ក្នុង​ការ​រត់​ការ​ប្លង់​រឹង​ដោយ​ក្នុង​មួយ​ហិកតា​ត្រូវ​ចំណាយ​៣០០​ដុល្លារ​អាមេរិក។​

អ្នកស្រី​ថ្លែង​ថា៖​ «ប្រជា​ពល​រដ្ឋ​បាន​លក់​ឲ្យ​[មីង]។ មេព្រៃ​បាន​ប្តឹង​មីង​ទៅ​តុលាការ។​ហើយ​មីង​ក៏​បាន​ដោះ​ស្រាយ​នៅ​តុលាការ​ចប់​សព្វ​គ្រប់​អស់​ហើយ​....​តាំង​ឆ្នាំ​២០០៥​ដល់​ឆ្នាំ​២០១៣​បាន​[ចប់]​ស្ថាពរ​ដល់​តុលាការ​កំពូល។ ​ហើយ​ប្រជាជន​ទៅ​អំណះ​អំណាង​...​ម្ចាស់​[លក់​ដី]​មួយៗ​ទៅ​[អំណះអំណាង]​ថា​បាន​លក់​ឲ្យ​អ៊ំ អេង​ពិត​ប្រាកដ​[និង​ថា]ខ្ញុំ​[អ៊ំ អេង]​អត់​បាន​យក​ដី ព្រៃ​អ៊ីចឹង​[ទៅ]។​ ហើយ​គេ​ហៅ​មេភូមិ​ហៅ​មេឃុំ​ហៅ​ចៅហ្វាយ​ស្រុក​ទៅ​បំភ្លឺ​ទាំង​អស់​ហើយ​បាន​យើង​ឈ្នះ​[នៅ​មុខ]​ចៅក្រម​តុលាការ​ជាមួយ​អាជ្ញាធរ​ព្រៃឈើ​ហើយ​....ដីហ្នឹង»។​

អ្នកស្រី ​លី អ៊ុំ​អេង​ បាន​ចោទ​អភិបាល​ស្រុក​បន្ទាយ​ស្រី​ដែល​ជា​កូន​ប្រុស​អតីត​អភិបាល​ខេត្ត​សៀមរាប​មុន​គឺ​លោក ​ឃឹម ប៊ុនសុង​ ថា​មិន​គោរព​តាម​សេចក្តី​សម្រេច​របស់​តុលាការ​និង​រំលោភ​សាល​ដីកា​រក្សា​សម្រេច​ការពារ​របស់​តុលាការ។​

អ្នកស្រី​ឲ្យ​ដឹង​ទៀត​ថា​បញ្ហា​នេះ​ស្មុគស្មាញដោយ​សារ​តែ​ការ​យល់​ខុស​ពី​ការ​កំណត់​ភូមិ​សាស្រ្ត​និង​ការ​ទទួល​ពាក្យ​បណ្តឹង​របស់​រដ្ឋបាល​ស្រុក​បន្ទាយស្រី​ដែល​ធ្វើ​ឲ្យ​មាន​ការ​ត្រួត​ជាន់​លើ​ដី​របស់​អ្នកស្រី​ខណៈ​មាន​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាល​ស្រុក​បន្ទាយស្រី​ដែល​ប្រកាស​«ទទួល​ពាក្យ​បណ្តឹង​របស់​ប្រជា​ពលរដ្ឋ​ណា​ដែល​កំពុង​មាន​ទំនាស់​ដីធ្លី​ក្នុង​ស្រុក​បន្ទាយស្រី»។​

អ្នក​ស្រី​បន្ថែម​ថា៖​ «គាត់​[រដ្ឋ​បាល​ស្រុក​បន្ទាយ​ស្រី]​ទទួល​ពាក្យ​បណ្តឹង​យក​ពី​ក្រៅ​[ភូមិ​ស្រះខ្វាវ]​មក​ដាក់​ភូមិ​រវៀង​តាទុំ​ឃុំ​រំចេក ជាន់​លើ​ដី​មីង។​ ករណី​ហ្នឹង​ហើយ​គឺ​ខុស​មេឃ​និង​ដី។​ គាត់​យក​ភូមិ​ស្រះ​ខ្វាវ​[ដាក់]​លើ​ដី​ខ្ញុំ​ភូមិ​រវៀង​តា​ទុំ​ឃុំតាចេក​[ដែល​តុលាការ​បាន​ចេញ​សេចក្តីសម្រេច]​រក្សា​ការ ពារ​ស្រេច។​ ហើយ​ឲ្យ​គេ​បោះ​បង្គោល​ពេញ​តែ​ហ្នឹង។​រាល់​ថ្ងៃខ្ញុំ​ដេញ​អត់​ចេះ​ឈប់​ដោយ​សារ​ប្រកាស​គាត់​[លោក ឃឹម ហ្វីណង់]ហ្នឹង​ឯង»។​

ដើម​បណ្តឹង​រូប​នោះ​បាន​ស្នើ​ឲ្យ​លោក ​ឃឹម ហ្វីណង់​ អភិបាល​ស្រុក​បន្ទាយស្រី​ទៅ​សួរ​នាំ​អំពី​ទីតាំង​ភូមិ​សាស្ត្រ​និង​ការ​កំណត់​ភូមិសាស្រ្ត​ឲ្យ​បាន​ច្បាស់​ពី​អតីត​អភិបាល​ស្រុក​បន្ទាយស្រីហើយ​បើ​មាន​ការ​កាត់​ដី​មែន​ អ្នកស្រី​ថា​អាជ្ញាធរ​គួរ​តែ​ពិនិត្យ​មើល​លើ​ឯកសារ​កុំឲ្យ​យក​តំបន់​ផ្សេង​ឬ​ទីតាំង​ភូមិ​ផ្សេង​មក​ដាក់​ត្រួត​លើ​តំបន់​តែមួយ​និង​ត្រូវ​មើល​ខែ​ឆ្នាំ​កាន់​កាប់​ដីដូច​ជា​ពលរដ្ឋ​ដែល​កាន់​កាប់​មុន​ឆ្នាំ​២០០៣។​

ជាការ​ឆ្លើយ​តប​លោក​ ឃឹម ហ្វីណង់​ អភិបាល​ស្រុក​បន្ទាយស្រី​ចាត់​ទុក​ការ​ចោទ​ប្រកាន់​នេះ​ថា​ជា​ការ​ប្រឌិត​និង​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់​ដោយ​អះអាង​ថាលោក​ធ្វើ​តាម​តួនាទី​និង​ច្បាប់​តែ​ប៉ុណ្ណោះ។​ លោក​ឲ្យ​ដឹង​ថា​រដ្ឋបាល​ស្រុក​បាន​ហ៊ុំ​ព័ទ្ធ​ដី​ក្នុង​ស្រុក​បន្ទាយស្រី​ជាង​១​ពាន់​ហិកតា​និង​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​ដាក់​ឯកសារ​កាន់​កាប់​ដី​មក​រដ្ឋបាល​ស្រុក​ដើម្បី​ធ្វើ​បច្ចុប្បន្ន​ភាព​និង​ប្រមូល​ទិន្នន័យ​តំបន់​នេះ​និង​ដោះ​ស្រាយ​ដី​ធ្លី​ជូន​ប្រជា​ពលរដ្ឋ​ដែល​ជា​តំបន់​គម្រប់​ព្រៃឈើ​ដោយ​តំបន់​ខ្លះ​មាន​ការ​កាន់​កាប់​គងគ្នា។​

លោក​បន្ត​ថា​ពាក់​ព័ន្ធ​ដី​របស់​អ្នកស្រី​ លី អ៊ុំអេង ​មិនទាន់​មាន​ការ​សន្និដ្ឋាន​ថាគាត់​ទាមទារ​និង​បោះ​បង្គោល​លើ​ដី​របស់​គេ​ឬ​គេ​មក​បោះ​បង្គោល​លើ​ដី​គាត់​ទេ​ដោយ​ត្រូវ​ផ្ទៀង​ផ្ទាត់​ឯកសារ​និង​វិនិច្ឆ័យ​ជាមុន​សិន​ជាពិសេស​ឯកសារ​ក្រោយ​ឆ្នាំ​២០០២​ទាំង​អស់​បន្ទាប់​ពី​រដ្ឋ​កំណត់​ថា​ជា​គម្រប់​ព្រៃឈើ។​ លោក​ថា​ដី​ក្នុង​តំបន់​នោះ​រដ្ឋបាល​ស្រុក​មិន​អនុញ្ញាត​ឲ្យ​មាន​សកម្មភាព​នៃ​ការ​លក់​ដូរ​ឬ​ធ្វើ​សកម្មភាព​ណា​មួយ​ដែល​អាច​បង្ក​ជា​បច្ច័យ​អាក្រក់​ទៅ​ថ្ងៃ​ក្រោយ​នោះ​ទេ។​

លោក​ថ្លែង​ថា៖​ «ហើយ​ចំពោះ​ថា​អ្នកណា​ជា​ម្ចាស់​ពិតប្រាកដ​នោះ​គឺ​ត្រូវ​រង់ចាំ​ការ​ពិនិត្យ​លទ្ធផល​ចុង​ក្រោយ​ហើយ។​ ហើយ​ដាច់​ខាត​មុន​នឹង​ការ​ទាមទារ​មាន​ប្រសិទ្ធ​ភាព​បាន​ទាល់​តែ​មាន​ការ​ផ្តល់​នូវ​ឯកសារ​បញ្ជាក់​ពី​ការ​កាន់កាប់​ត្រឹម​ត្រូវ​ហើយ​ឯកសារ​ហ្នឹង​ត្រឹមត្រូវ​ទៅ​ទៀត​បើ​សិន​ជា​ឯក​សារ​នោះ​មិន​មែន​ជា​ឯកសារ​ត្រឹមត្រូវនោះ​អាច​ចោទ​ជា​បញ្ហា»។​

លោក​បន្ត​ថា៖​ «សូម​បញ្ជាក់​ថា​ដី​នេះ​ជា​ដី​គម្រប់​ព្រៃ​ឈើ​ហើយ​ឯកសារ​ដែល​កាន់កាប់​អាស្រ័យ​ផល​ទាំង​ប៉ុន្មាន​មែនទែន​ទៅ​ជា​ឯកសារ​ខុស​ច្បាប់​ទេ​ ទោះ​បី​ជា​ចេញ​ដោយ​មេភូមិ​មេឃុំ​ក៏​ដោយ​គឺ​មិនមែន​ជា​ឯកសារ​ត្រូវ​តាម​ច្បាប់​ទេ​ ពី​ព្រោះ​តាម​ច្បាប់ យើង​មិន​អនុញ្ញាត​ឲ្យ​ចេញ​ឯកសារ​កាន់កាប់​ណា​មួយ​នៅ​លើ​ដី​រដ្ឋ​នោះ​ទេ។​ ប៉ុន្តែ​ដោយ​សារ​កន្លង​មក​ដោយ​សារ​ប្រព័ន្ធ​ទិន្នន័យ​យើង​មិន​បាន​ទូលំទូលាយ​លោក​មេ​ភូមិ​មេឃុំ​ឬ​អាជ្ញាធរ​មូលដ្ឋាន​អាច​ឆ្លើយ​ថា​អត់​បាន​ដឹង​ថា​ជា​ដី​គម្រប់​ព្រៃឈើ​ក៏​ចេញ​ឯកសារ​មួយ​ចំនួន​ទៅ»។​

លោក​នៅ​តែ​អះអាង​ថា​លោក​មិន​បាន​ធ្វើ​ខុស​ដូច​ការ​ចោទ​ប្រកាន់​ទេ​ ដោយ​ថា​ការ​ប្រមូល​ទិន្នន័យ​លើ​ដី​រដ្ឋ​មិនមែន​ជា​ការ​ញុះញង់​ឬ​សម្រេច​ផ្ទុយ​ពី​ការ​សម្រេច​របស់​តុលាការ​ឡើយ។ លោក​បញ្ជាក់​ថា​ការ​សំអាង​របស់​ដើម​បណ្តឹង​ថា​តុលាការ​កាត់ក្តី​ឲ្យ​កាត់​ឈ្នះ​កាល​ពី​កន្លង​ទៅ​គឺ​មិនមែន​មាន​ន័យ​ថា​សេចក្តី​សម្រេច​របស់​តុលាការ​ពេល​នោះ​គឺ​ជា​ការ​ប្រគល់​ដី​សាធារណៈ​របស់​រដ្ឋ​ឲ្យ​ទៅ​អ្នកស្រី​នោះ​ទេ​ពីព្រោះ​តុលាការ​មិន​មាន​សិទ្ធិ​កាត់​សេចក្តី​លើ​ដី​រដ្ឋ​បាន​ឡើយ។​

លោក​បញ្ជាក់​ថា៖​ «បើ​យើង​និយាយ​ពីដែន​សមត្ថកិច្ច​របស់​តុលាការ​គឺ​តុលាការ​មិន​អាច​កាត់​សេចក្តី​លើ​ដីរដ្ឋ​បាន​ទេ។​តុលាការ​គ្រាន់​តែ​ប្រាប់​ថាគាត់​អត់​បាន​ខុស។​ អ៊ីចឹង​គាត់​អាច​ឈ្នះ​ក្តី​ក្នុង​ករណី​នេះ​មិនមែន​បាន​ន័យ​ថា​សេចក្តី​សម្រេច​របស់​តុលាការ​នៅ​ពេល​នោះ​គឺ​ជា​ការ​ប្រគល់​ដី​សាធារណៈ​របស់​រដ្ឋ​ទៅ​ឱ្យ​គាត់​បាន​ទេ​ ហើយ​សូម​បញ្ជាក់​ម្តង​ទៀត​ថា​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា​មិន​អនុញ្ញាត​ការ​កាត់​ដី​សាធារណៈ​របស់​រដ្ឋ​តាម​រយៈ​សាល​ដីកា​របស់​តុលាការ​បាន​ទេ។​ សូម​បញ្ជាក់​នេះ​ជា​ការ​បកស្រាយ​ខុស​របស់​បងប្អូន​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ ហើយ​ខ្ញុំ​សង្ឃឹម​ថា​លោក​ស្រី​លី អ៊ុំអេង​គ្រាន់​តែ​យល់​ច្រឡំ​ទៅ​ចុះ​ មិនមែន​ដឹង​ហើយ​បែរ​ជា​ព្យាយាម​បក​ស្រាយ​ផ្ទុយ​ទៅ​វិញ​ទេ»។​

អភិបាល​ស្រុក​បន្ទាយស្រី​រូប​នេះ​ទទួល​ស្វាគមន៍​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​និង​ការ​ធ្វើ​អធិការ​កិច្ច​លើ​ករណី​នេះ​ដើម្បី​បញ្ជាក់​ពីភាព​ស្អាត​ស្អំ​និង​ផ្តល់​យុត្តិធម៌​ដល់​ការ​បំពេញ​តួនាទី​រដ្ឋបាល​របស់​មន្ត្រី​រាជការ​ហើយ​លោក​ក៏​តៀម​ខ្លួន​នឹង​ចាក​ចេញ​ពី​តួនាទី​និង​ទទួល​ខុសត្រូវ​គ្រប់​បែប​យ៉ាង​ចំពោះ​មុខ​ច្បាប់​ ប្រសិន​បើ​រក​ឃើញ​ថា​មាន​កំហុស​និង​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់។​

អ្នកស្រី​ សាត ធីតា ​ព្រះរាជ​អាជ្ញា​រង​និង​ជា​អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​សៀមរាប​ប្រាប់​វីអូអេ​ថា​អ្នក​ស្រី​មិន​ទាន់​អាច​បញ្ជាក់​អ្វី​នោះ​ទេ​ដោយ​អ្នកស្រី​ថា​មិន​ទាន់​បាន​ដឹង​ថា​តើ​ព្រះរាជ​អាជ្ញា​រង​រូប​ណា​ជា​អ្នក​ទទួល​ខុស​ត្រូវ សំណុំ​រឿង​ប្តឹង​លោក​ឃឹម ហ្វីណង់​អភិបាល​ស្រុក​បន្ទាយស្រី​នោះ​ទេ។​

លោក ​សួស ណារិន​ មន្រ្តី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​សៀមរាប​ប្រាប់​វីអូអេ​ថា​ករណី​មួយ​នេះ​មាន​តែ​តុលាការ​ចុះ​មក​ស៊ើប​អង្កេត​និង​ស្រាវជ្រាវ​ដោយ​ផ្ទាល់​តែ​ប៉ុណ្ណោះ​ទើប​អាច​រក​យុត្តិធម៌​ដល់​ភាគី​ទាំង​សង​ខាង​បាន៕

XS
SM
MD
LG