លោក James Ricketson អ្នកផលិតខ្សែភាពយន្តជនជាតិអូស្ត្រាលី បានទទូចថា លោកគ្មានទោសទេ។ លោកថ្លែងដូច្នេះ បន្ទាប់ពីលោកបាន ចូលរួមសវនាការរបស់លោកនៅតុលាការនៅរាជធានីភ្នំពេញកាលពីថ្ងៃចន្ទដែលលោកត្រូវបានគេចោទប្រកាន់ពីបទចារកម្ម និងប្រឈមមុខនឹងការជាប់ពន្ធនាគារ១០ឆ្នាំ ប្រសិនបើត្រូវបានផ្តន្ទាទោស។
លោក Ricketson អាយុ៦៩ឆ្នាំត្រូវបានចាប់ខ្លួនកាលពីខែមិថុនាឆ្នាំមុន បន្ទាប់ពីលោកបានបង្ហោះដ្រូនថតក្បូនឃោសនាការបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ ដែលបច្ចុប្បន្នត្រូវបានរំលាយដោយតុលាការកំពូលតាមបណ្តឹងរបស់រដ្ឋាភិបាល។ លោកបានសុំអភ័យទោសលោកហ៊ុន សែន និងរដ្ឋាភិបាលចំពោះការនិយាយដោយមិនគោរពចំពោះនាយករដ្ឋមន្ត្រីកម្ពុជាដែលបានកាន់អំណាចជាង៣០ឆ្នាំមកហើយនោះ។
ការចាប់ខ្លួនលោក Ricketson ធ្វើឡើងនៅពេលរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីបានធ្វើការបង្ក្រាប យ៉ាងចាស់ដៃទៅលើសេរីភាពបញ្ចេញមតិ។
ក្រសួងកិច្ចការបរទេស និងពាណិជ្ជកម្មអូស្ត្រាលីបាននិយាយថា ខ្លួនកំពុងផ្តល់ជំនួយកុងស៊ុលដល់លោក Ricketson។ តុលាការបាននិយាយថា ដំណើរការនីតិវិធីសម្រាប់សវនាការសំណុំរឿងរបស់លោកត្រូវលើកពេលរហូតដល់ក្រោយការបោះឆ្នោតសភានៅថ្ងៃទី២៩ខែកក្កដានេះ៕