ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូស្ត្រាលីកំណត់ចក្ខុវិស័យសម្រាប់ឥទ្ធិពលបែបមហាអំណាចមធ្យមរបស់ខ្លួន


នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Anthony Albanese ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៣។
នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Anthony Albanese ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៣។

នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Anthony Albanese ជឿ​ថា​ អូស្ត្រាលី​បាន​ក្លាយជា​មហា​អំណាច​ដែល​មាន​ឥទ្ធិពល​មធ្យម​ដែល​កំពុង​ផ្តល់​អាទិភាព​លើ​បញ្ហា​សន្តិសុខ​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។

លោក Albanese បាន​ថ្លែង​សុន្ទរកថា​ប្រចាំ​ឆ្នាំ​កាលពី​ថ្ងៃ​ទី ១៩ ខែ​ធ្នូ​នៅ​វិទ្យាស្ថាន Lowy ដែល​ជា​អង្គការ​ស្រាវជ្រាវ​ដ៏​មាន​កិត្តិនាម​មួយ​នៅ​ក្នុង​ទីក្រុង Sydney ប្រទេស​អូស្ត្រាលី។

នៅ​ក្នុង​សុន្ទរកថា​របស់​លោក លោក Albanese បាន​អំពាវនាវ​ជា​ថ្មី​ឱ្យ​មាន​កិច្ច​ឈប់បាញ់​គ្នា​នៅ​ក្នុង​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់ (Hamas) និង​បាន​បញ្ជាក់​អំពី​សិទ្ធិ​របស់​អ៊ីស្រាអែល​នៅ​ក្នុង​ការ​ការពារ​ខ្លួន។ លោក​បាន​ប្រាប់​អ្នក​ចូលរួម​ស្ដាប់​សុន្ទរកថា​របស់​លោក​ថា​ការ​បង្កើន​ចំណង​ទាក់ទង​ជាមួយ​ប្រទេស​ឥណ្ឌា​និង​ឥណ្ឌូណេស៊ី​គឺជា​អាទិភាព​សម្រាប់​រដ្ឋាភិបាល​ដែល​មាន​ទំនោរ​ឆ្វេង​និយម​របស់​លោក។

ចាប់តាំង​ពី​រដ្ឋាភិបាល​របស់​លោក Albanese បាន​ឡើង​កាន់​អំណាច​នៅ​ខែ​ឧសភា ឆ្នាំ ២០២២ មក រដ្ឋាភិបាល​នេះ​បាន​ស្វះស្វែង​បន្ធូរបន្ថយ​ភាព​តានតឹង​ជាមួយ​នឹង​ប្រទេស​ចិន​ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បង្អស់​របស់​អូស្ត្រាលី។

ប្រទេស​អូស្ត្រាលី​និង​ចិន​ក៏​មាន​ជម្លោះ​ផ្សេង​ទៀត​ផង​ដែរ​ទាក់ទិន​នឹង​រឿង​សិទ្ធិ​មនុស្ស សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​នៅ​សមុទ្រ​ចិន​ខាង​ត្បូង អនាគត​នៃ​ឋានៈភាព​របស់​កោះ​តៃវ៉ាន់ និង​ពលរដ្ឋ​អូស្ត្រាលី​ដែល​ជាប់​ឃុំ​នៅ​ក្នុង​ប្រទេស​ចិន។

លោក Albanese បាន​ប្រាប់​អ្នក​ចូលរួម​ស្តាប់​ថា​ទំនាក់ទំនង​របស់​អូស្ត្រាលី​ជាមួយ​នឹង​ចិន​កំពុង​មាន​ភាព​ប្រសើរ​ឡើង។

លោក​ថ្លែង​ដូច្នេះ​ថា៖ «យើង​រក្សា​ភាព​ស្ងប់ស្ងៀម​និង​ភាព​មិន​ប្រែប្រួល​ចំពោះ​កិច្ចការ​នៃ​ការ​ធ្វើ​ឱ្យ​មាន​ស្ថិរភាព​នូវ​ទំនាក់ទំនង​របស់​យើង​ជាមួយ​នឹង​ចិន។ យើង​យល់​យ៉ាង​ច្បាស់​អំពី​ស្ថានភាព​នេះ​ដោយ​យល់​ថា​សម្រាប់​ការ​ផ្លាស់ប្តូរ​ទាំងអស់​នៃ​ទំនាក់ទំនង​រវាង​អូស្ត្រាលី​និង​ចិន​ក្នុង​រយៈពេល ៥០ ឆ្នាំ​កន្លង​មក​នេះ យើង​នៅតែ​ជា​ប្រទេស​ពីរ​ដែល​មាន​គុណតម្លៃ​និង​ប្រព័ន្ធ​នយោបាយ​ខុសគ្នា​យ៉ាង​ខ្លាំង។ ខ្ញុំ​ធ្លាប់​បាន​និយាយ​រួច​មក​ហើយ​ថា​ចិន​មិន​បាន​មើល​ឃើញ​ខ្លួន​ឯង​ថា​ជា​មហា​អំណាច​ជាក់ស្ដែង​នោះ​ទេ។ ចិន​ស្វះស្វែង​រក​ពិភពលោក​មួយ​ដែល​អាច​សម្រប​តាម​មហិច្ឆតា​និង​ផល​ប្រយោជន៍​របស់​ខ្លួន»។

លោក Albanese បាន​និយាយ​ទៀត​ថា កិច្ចព្រមព្រៀង AUKUS រវាង​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​អូស្ត្រាលី​នឹង​ផ្លាស់ប្ដូរ​សន្តិសុខ​នៅ​ក្នុង​តំបន់។ កិច្ច​ព្រមព្រៀង​នេះ​នឹង​ផ្តល់​ឱ្យ​អូស្ត្រាលី​ជា​លើក​ដំបូង​នូវ​នាវា​មុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លែអ៊េរ។

រូបឯកសារ៖ នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Anthony Albanese និងប្រធានាធិបតីចិនលោក Xi Jinping ក្នុងជំនួបមួយ​នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
រូបឯកសារ៖ នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Anthony Albanese និងប្រធានាធិបតីចិនលោក Xi Jinping ក្នុងជំនួបមួយ​នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

អ្នក​វិភាគ​នានា​បាន​បញ្ជាក់​ថា ភាព​ដាច់ណាត់​កើនឡើង​របស់​ចិន​គឺជា​កត្តា​ជំរុញ​ដ៏​សំខាន់​នាំ​ឱ្យ​មាន​ការ​បង្កើត​កិច្ច​ព្រមព្រៀង AUKUS នេះ​ឡើង។

ក៏ប៉ុន្តែ ចិន​បាន​ចោទ​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​អូស្ត្រាលី​ថា​បាន​ប្រកាន់​យក «ផ្នត់​គំនិត​សម័យ​សង្គ្រាម​ត្រជាក់»។ ចិន​បាន​ទទូច​ថា​សម្ព័ន្ធភាព​នេះ​ដើរ​លើ «ផ្លូវ​ខុស​និង​គ្រោះថ្នាក់»។

លោក Albanese បាន​ប្រាប់​វិទ្យាស្ថាន Lowy ថា​ សម្ព័ន្ធភាព​នេះ​នឹង​លើកស្ទួយ​សន្តិភាព។

លោក​ថ្លែង​ដូច្នេះ​ថា៖ «បច្ចេកវិទ្យា​នាវា​មុជទឹក​ដែល​យើង​កំពុង​ធ្វើ​យ៉ាង​ណា​ឱ្យ​ទទួល​បាន​តាមរយៈ​កិច្ច​ព្រមព្រៀង AUKUS នេះ​នឹង​បង្កើន​យ៉ាង​ខ្លាំងក្លា​បំផុត​ដល់​សមត្ថភាព​ផ្នែក​ការពារ​និង​កម្លា​រារាំង​របស់​អូស្ត្រាលី​ជា​ប្រវត្តិសាស្ត្រ។ វា​នឹង​ប្រែផ្លាស់​សមត្ថភាព​របស់​យើង​នៅ​ក្នុង​ការ​រួមចំណែក​ដល់​ស្ថិរភាព​និង​សន្តិសុខ​នៅ​ក្នុង​តំបន់»។

លោក Tim Harcourt ដែល​ជា​សេដ្ឋវិទូ​ចម្បង​នៃ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Sydney (Univesity of Technology Sydney) បាន​ប្រាប់ VOA កាលពី​ពេល​ថ្មីៗ​នេះ​ថា រដ្ឋាភិបាល​អូស្ត្រាលី​បាន​ចាត់ចែង​ធ្វើ​យ៉ាង​ណា​ឱ្យ​ទំនាក់ទំនង​ជាមួយ​ចិន​មាន​ស្ថិរភាព។

លោក​លើកឡើង​ដូច្នេះ​ថា៖ «ខ្ញុំ​គិត​ថា ទាក់ទិន​នឹង​គោល​នយោបាយ​ការបរទេស រដ្ឋាភិបាល​របស់​លោក Albanese បាន​ទទួល​ជោគជ័យ​យ៉ាង​ខ្លាំង។ រដ្ឋាភិបាល​នេះ​បាន​ធ្វើ​ឱ្យ​កម្ដៅ​តានតឹង​ជាមួយ​នឹង​ចិន​ថយចុះ​ដោយ​មិន​ធ្វើ​ឱ្យ​បាត់បង់​ផល​ប្រយោជន៍​របស់​អូស្ត្រាលី ហើយ​រដ្ឋាភិបាល​នេះ​បាន​ធ្វើការ​យ៉ាង​ខ្លាំង​ជាមួយ​សម្ព័ន្ធមិត្ត​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ជាពិសេស​ជាមួយ​ដៃគូ​នានា​នៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក។ ជាង​នេះ​ទៀត លោក [Albanese] បាន​បង្កើន​ទំនាក់ទំនង​ជាមួយ​ឥណ្ឌា​និង​ប្រទេស​ផ្សេង​ទៀត​ដូចជា​កូរ៉េ​ខាងត្បូង​និង​ជប៉ុន​ជាដើម។ ដូច្នេះ លោក​បាន​ទទួល​ជោគជ័យ​នៅ​ក្នុង​តំបន់​នេះ​នៃ​ពិភពលោក»។

លោក Albanese ក៏​បាន​និយាយ​អំពី​ការ​ចូលរួម​របស់​អូស្ត្រាលី​នៅ​ក្នុង «ផ្នែក​មួយ​នៃ​ដំណោះស្រាយ​ចំពោះ​ការ​ប្រែប្រួល​អាកាសធាតុ» ផង​ដែរ។ រដ្ឋាភិបាល​របស់​លោក​បាន​បង្កើត​ច្បាប់​ដៅ​គោលដៅ​លើ​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូន​ឱ្យ​បាន​ចំនួន ៤៣% នៅ​ត្រឹម​ឆ្នាំ ២០៣០ ខាង​មុខ​ពី​កម្រិត​នៅ​ឆ្នាំ ២០០៥ ហើយ​នឹង​ធ្វើ​យ៉ាង​ណា​សម្រេច​ឱ្យ​បាន​នូវ​ការ​បញ្ចេញ​ឧស្ម័ន​ស្រូប​កម្ដៅ​ទៅ​ក្នុង​បរិយាកាស​មាន​តុល្យភាព​នៅ​ត្រឹម​ឆ្នាំ ២០៥០។

ក៏ប៉ុន្តែ ក្រុម​អ្នក​ធ្វើ​យុទ្ធនាការ​ដើម្បី​បរិស្ថាន​បាន​ទទូច​ថា​រដ្ឋាភិបាល​អូស្ត្រាលី​ចាំបាច់​ត្រូវ​ធ្វើ​កិច្ចការ​បន្ថែម​ទៀត​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​ខ្លួន​អាច​សម្រេច​បាន​នូវ​គោលដៅ​ទាំងនេះ។

ឧប្បត្តិហេតុ​កើនឡើង​នៃ​គ្រោះ​មហន្តរាយ​ធម្មជាតិ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ដែល​រួម​មាន​ទាំង​គ្រោះ​ទឹកជំនន់​ដ៏​មហន្តរាយ​នៅ​ក្នុង​ខែ​នេះ​នៅ​រដ្ឋ Queensland ផង​ដែរ បាន​បង្កើន​នូវ​ក្ដី​កង្វល់​ក្នុង​ចំណោម​អ្នក​នយោបាយ សកម្មជន និង​អ្នក​វិទ្យាសាស្ត្រ​អំពី​ផល​ប៉ះពាល់​នៃ​ការ​ឡើង​កម្តៅ​ផែនដី៕

ប្រែ​សម្រួល​ដោយ​លោក ជឹង ប៉ូជីន

XS
SM
MD
LG