អស់រយៈពេល ១០ សប្ដាហ៍ អណ្ដូងប្រេង Montara (មុនតារា ) បានលេចប្រេងនិងឧស្ម័នចូលទៅក្នុងសមុទ្រ Timor Sea ដែល ស្ថិតនៅទិសពាយព្យប្រទេសអូស្រ្ដាលី។ ការលេចចេញនូវវត្ថុពុលបានត្រូវបិតជិតទៅវិញកាលពីដើមខែវិច្ឆកា ក្រោយពីការប្រឹងប្រែងបានទទួលបរាជ័យជាច្រើនដង។ ក្រុមអ្នកគាំទ្របរិដ្ឋានចង់ដឹងថា ហេតុអ្វីបានជាគេត្រូវការពេលយូរដូច្នេះក្នុងការទប់ស្កាត់មិនឲ្យប្រេងលេចដ៏អាក្រក់បំផុតរបស់ប្រទេសអូស្ដ្រាលី។
គណកម្មការទទួលបន្ទុកខាងការស៊ើបអង្កេតការលេចប្រេង បានសរសេរសេចក្ដីរាយការណ៍បង្ហាញការរកឃើញរបស់ខ្លួនដាក់ជូនរដ្ឋាភិបាល។ តែរដ្ឋមន្ដ្រីក្រសួងធនធាន លោក Martin Ferguson ថ្លែងថា លោកមិនអាចផ្យព្វផ្សាយពត៌មានភ្លាមៗបាននៅឡើយទេ ដោយសារតែមានរឿងច្បាប់ រាប់ទាំងលទ្ឋភាពនៃការដាក់ពាក្យប្ដឹងពីបទឧក្រិដ្ឋកម្មផងដែរ។
អ្នកអភិរក្សនិយមមានជំនឿថា សេចក្ដីរាយការណ៍នោះត្រូវផ្សព្វផ្សាយជាសាធារណៈឲ្យបានឆាប់រហ័ស ដើម្បីរៀបចំសរសេរច្បាប់ថ្មីទូលំទូលាយ អំពីការការពារមិនឲ្យគ្រោះថ្នាក់ដូច្នោះកើតឡើងម្ដងទៀតទៅអនាគត។
ព្រឹទ្ឋសមាជិការបស់គណបក្ស Green Party មកពីរដ្ឋខាងលិចប្រទេសអូស្រ្ដាលី លោកស្រី Rachel Siewert ថ្លែងថា រឿងច្បាប់មិនត្រូវចូលមករាំងខ្ទប់មិនឲ្យផ្សព្វផ្សាយសេចក្ដីរាយការណ៍របស់គណកម្មការនោះបានទេ។
“គណកម្មការស៊ើបអង្កេតជាពិធីការសាធារណៈ។ ហេតុដូច្នេះហើយ សេចក្ដីរាយការណ៍នោះត្រូវផ្សព្វផ្សាយឲ្យសាធារណជនដឹង។ ការលេចប្រេងនោះកើតមានឡើងកាលពីខែសីហាឆ្នាំមុន រួចយើងមិនទាន់ឃើញមានការផ្លាស់ប្ដូរធំដុំទេនៅក្នុងវិធានការឲ្យគោរពតាមបទបញ្ជារបស់យើង ហើយយើងមិនទាន់ឃើញតំបន់ថ្មីតាមឆ្នេរសមុទ្របានត្រូវការពារនៅឡើយទៀត”។
ក្រុមអភិរក្សនិយមបាននិយាយតវ៉ាថា ប្រទេសអូស្រ្ដាលីត្រូវចេញច្បាប់បញ្ឈប់បណ្ដោះអាសន្នមកលើការរុករកប្រេងនិងឧស្ម័នក្នុងសមុទ្រជ្រៅ លុះត្រាតែសេចក្ដីរាយការណ៍ពីតំបន់សមុទ្រមុនតារាបានត្រូវផ្សព្វផ្សាយឲ្យដឹងរួចជាមុនសិន។ ក្រុមនោះចង្អុលបង្ហាញវិធានការរបស់ប្រធានាធីបតីសរអា លោក បារ៉ាក់ អូបាមា ដែលចេញបញ្ជាឲ្យបញ្ឈប់សកម្មភាពរុករកប្រេងនៅបាតសមុទ្រ ក្រោយពីមានការលេចប្រេងនៅឈូងសមុទ្រមិចសិកូ នោះមក។
ខណៈ ដែលរដ្ឋាភិបាល ក្រុង កិនបារ៉ា និយាយថា ខ្លួនបានតាំងចិត្ដថានឹងធ្វើឲ្យមានសុវត្ថភាពដល់ឧស្សហកម្មប្រេងនិងឧស្ម័នរបស់ប្រទេសជាតិ មន្ដ្រីរដ្ឋាភិបាលនិយាយថា ការប្រែប្រួលណាមួយនៅក្នុងបទបញ្ជាមិនត្រូវធ្វើឲ្យប៉ះពាល់ដល់សន្ដិសុខថាមពលប្រទេស ឬការងាររបស់ប្រទេសអូស្រ្ដាលីឡើយ ។
ការលេចប្រេងនៅក្នុងសមុទ្រ Timor Sea មានចំនួន ៤០០ ធុងក្នុងមួយថ្ងៃបានធ្វើឲ្យប្រឡាក់ដល់ឆ្នេរសមុទ្រ ឥណ្ឌូនេស៊ី និងកោះទីម៉រ ភាគខាងកើត៕
ប្រែសម្រួលដោយលោក អ៊ូ ធួក។