នៅសមាជគណបក្សដែលធ្វើឡើងជារៀងរាល់ប្រាំឆ្នាំម្តង គណបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចក្នុងប្រទេសឡាវ បានបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីហើយនឹងបង្ហាញពីទិសដៅអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ច។ ពួកអ្នកវិភាគនិយាយថា សមាជនេះនឹងមិននាំឲ្យមានការផ្លាស់ប្តូរនយោបាយនិងសេដ្ឋកិច្ចទាំងស្រុងនៅក្នុងប្រទេសជាតិដ៏តូចមួយក្នុងតំបន់អាស៊ីអាគ្នេយ៍នោះទេ។
ពួកមេដឹកនាំកុម្មុយនិស្តឡាវ បានជួបប្រជុំគ្នានៅខែនេះដែលជាសមាជគណបក្សធ្វើឡើងជារៀងរាល់៥ឆ្នាំម្តង។ ពួកអ្នកវិភាគ និយាយថាសមាជនេះ បានពង្រឹងលក្ខណៈអំណាចដែលបានចាក់ឬស ហើយនឹងមិនធ្វើឲ្យមានការផ្លាស់ប្តូរជាដុំកំភួនដល់យុទ្ធសាស្រ្តការអភិវឌ្ឍ ឬ នយោបាយការបរទេសរបស់រដ្ឋដ៏ក្រីក្រដែលមានគណបក្សតែមួយនេះ។
ប្រទេសឡាវ ដែលមានប្រជាពលរដ្ឋប្រហែល៦លាននាក់ហើយមានព្រំដែនជាមួយប្រទេសចិន វៀតណាម កម្ពុជា ថៃ និងប្រទេសភូមា ស្ថិតក្នុងចំណោមប្រទេសដ៏ក្រីក្របំផុតមួយនៅក្នុងពិភពលោកហើយពឹងពាក់យ៉ាងខ្លាំងលើជំនួយនិងការវិនិយោគទុនបរទេស។
នៅឯសមាជដែលធ្វើឡើងពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែមិនានៅក្នុងរដ្ឋធានីវៀងច័ន្ទនៃប្រទេសឡាវ គណៈប្រតិភូបានបោះឆ្នោតជ្រើសរើសលោកជូម៉ាលី សាយាសូសាន (Choumaly Sayasosane) អាយុ៧៥ឆ្នាំឲ្យធ្វើជាអគ្គលេខាធិការគណបក្សប្រជាជនបដិវត្តន៍ឡាវម្តងទៀតហើយបានបោះឆ្នោតជ្រើសរើសសមាជិកថ្មីចូលក្នុងគណៈកម្មាធិការនិងការិយាល័យនយោបាយមជ្ឈិមបក្ស។
ពួកគេក៏បានអនុម័តគោលដៅធ្វើឲ្យសម្រេចការរីកលូតលាស់ម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំប្រហែល៨ភាគរយសម្រាប់ឆ្នាំ២០១១ដល់ឆ្នាំ២០១៥ហើយបានបញ្ជាក់សាជាថ្មីក្នុងគោលដៅឲ្យបានសម្រេចឋានៈជាប្រទេសរកបានប្រាក់ចំណូលមធ្យមមិនឲ្យហួសពីឆ្នាំ២០២០។
លោក ម៉ាទីន ស្ទួត ហ្វក(Martin Stuart-Fox) ជាអ្នកជំនាញស្តីពីប្រទេសឡាវហើយនឹងជាសាស្ត្រាចារ្យចូលនិវត្តន៍នៅសកលវិទ្យាល័យ Queensland នៃប្រទេសអូស្រ្តាលីមានប្រសាសន៍ថាសមាជបានពង្រឹងអំណាចរបស់គណបក្សប្រជាជនបដិវត្តន៍ឡាវហើយនឹងកងទ័ពឡាវដែលតំណាងឲ្យគណបក្ស។
លោកមានប្រសាសន៍បន្តទៀតថាសមាជ មិនបានផ្តល់សញ្ញាពីការផ្លាស់ប្តូរឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យទេ។
លោក ស្ទួត ហ្វក មានប្រសាសន៍បន្តទៀតថា ឡាវបានស្វាគមន៍ជំនួយនិងការវិនិយោគទុនមកពីប្រទេសមហាអំណាចជិតខាងរួមមានប្រទេសចិន វៀតណាម និងថៃ ដែលជាប្រទេសវិនិយោគទុនសំខាន់ៗបីរបស់ខ្លួន ក៏ដូចជាប្រទេសមូលធនលោកខាងលិចដែរ។
«គោលនយោបាយការបរទេសឡាវ ត្រូវគេសំអាងថាធ្វើមិត្តភ័ក្រជាមួយប្រទេសទាំងអស់ ហើយខ្ញុំគិតថាពួកមេដឹកនាំនឹងបន្តព្យាយាមធ្វើដូច្នេះ ហើយខ្ញុំគិតថា ពួកគេប្រហែលនឹងធ្វើបានយ៉ាងល្អបំផុត»។
អ្នកវិភាគខ្លះនិយាយថាការតែងតាំងនាយករដ្ឋមន្ត្រីថុងស៊ីង ថាំម៉ាវង្ស(Thongsing Thammavong) កាលពីខែធ្នូ បានបញ្ជូនសញ្ញានៃការផ្លាស់ប្តូរទៅរកក្រុមដែលមានការលំអៀងទៅកាន់ប្រទេសវៀតណាម ជាជាងក្រុមលំអៀងទៅកាន់ប្រទេសចិន នៅក្នុងក្រុមមេដឹកនាំបក្សកុម្មុយនិស្តឡាវ ក៏ប៉ុន្តែ ពួកអ្នកវិភាគផ្សេងទៀត និយាយថា ការវាយតម្លៃនេះមិនអើពើដល់ភាពចម្រុះនៃនយោបាយរបស់ឡាវ។
លោក ម៉ាទីន ស្ទួត ហ្វក បានប្រាប់ VOA សំឡេងសហរដ្ឋអាមេរិកថាដោយមិនគិតពីការផ្លាស់ប្តូរគណបក្ស ឡាវនឹងបន្តទាក់ទាញការវិនិយោគទុនបរទេសដោយការលក់ធនធានធម្មជាតិក្នុងប្រទេស ជាពិសេសឈើ រ៉ែនិងផ្នែកវារីអគ្គិសនី។
លោកនិយាយទៀតថា វាអាចមានលទ្ធភាពថាឡាវដែលមានអត្រារីកលូតលាស់ផលិតផលសរុបក្នុងស្រុក GDP ៧ភាគរយក្នុងឆ្នាំ២០០៩ នឹងសម្រេចអត្រារីកលូតលាស់៨ភាគរយនៅឆ្នាំនេះ។ ទោះជាយ៉ាងណាក៏ដោយ លោកបានកត់សម្គាល់ថាមិនមែនប្រជាពលរដ្ឋឡាវទាំងអស់ បានទទួលផលប្រយោជន៍ពីការរីកលូតលាស់សេដ្ឋកិច្ចរបស់ប្រទេសជាតិទេ។
«បញ្ហាក្នុងប្រទេសឡាវគឺថាធនធាននោះមិនបានបែងចែកឲ្យស្មើគ្នាទេ ដូច្នេះធនធានត្រូវបានធ្លាក់ក្នុងទីក្រុងនានានៅជ្រលងទន្លេមេគង្គហើយមានធនធានបន្តិចបន្តួចណាស់ដែលបានចូលទៅក្នុងប្រទេសហើយនឹងចូលក្នុងតំបន់ភ្នំដែលពួកជនជាតិភាគតិចរស់នៅ ដោយហេតុដូច្នេះហើយ ពួកគេ នឹងមានកម្រិតភាពក្រីក្រនៅតំបន់ដាច់ស្រយាលបន្តនៅខ្ពស់ក្នុងប្រទេសឡាវ»។
លោកមានប្រសាសន៍បន្តទៀតថាគេប្រហែលនៅមានការមន្ទិលសង្ស័យថាប្រទេសឡាវ នឹងធ្វើឲ្យសម្រេចគោលដៅរបស់ខ្លួនដោយចាកចេញពីឋានៈប្រទេសប្រទេសមិនសូវអភិវឌ្ឍន៍មិនឲ្យហួសពីឆ្នាំ២០២០។
យោងទៅតាមការប៉ាន់ស្មានរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ប្រាប់ឲ្យដឹងថាប្រាក់ចំណូលមនុស្សម្នាក់ៗក្នុងប្រទេសឡាវមានតិចជាង១ពាន់ដុល្លារក្នុងឆ្នាំ២០១០ ។
ពួកកុម្មុយនិស្ត បានត្រួតត្រាប្រទេសឡាវចាប់តាំងពីបញ្ចប់សង្គ្រាមស៊ីវិលក្នុងឆ្នាំ១៩៧៥មក។សហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកលើប្រទេសឡាវយ៉ាងខ្លាំងក្នុងសង្គ្រាមវៀតណាម ហើយពួកមន្ត្រីឡាវ បានអះអាងថា ប្រទេសរបស់ខ្លួន បានទទួលរងការទម្លាក់គ្រាប់បែកជាងគេនៅលើផែនដីនេះ។
ក្នុងប៉ុន្មានខែថ្មីៗនេះ ឡាវបានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីពួកអ្នកបរិដ្ឋានអង្គការមិនមែនរដ្ឋាភិបាលហើយនឹងពួកមន្ត្រីវៀតណាមដោយការយល់ព្រមលើផែនការរបស់ក្រុមហ៊ុនថៃមួយស្ថាបនាទំនប់វារីអគ្គិសនីចំនួន១២ជាលើកដំបូងដែលគេមានផែនការសាងសង់នៅទន្លេមេគង្គក្រោម។
ពួកមន្រ្តីឡាវនិយាយថា ការស្ថាបនាទំនប់ទឹកលើទន្លេមេគង្គ នឹងធ្វើឲ្យសេដ្ឋកិច្ចរីកលូតលាស់ហើយនឹងជួយប្រទេសឲ្យងើបចេញពីភាពក្រីក្រ។ប្រទេសចិនដែលជាប្រទេសជិតខាងបានប្រតិបត្តិការទំនប់ទឹក៤លើចរន្តទឹកទន្លេខាងលើ៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន