ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​យ៉ាង​តិច​៩​នាក់ ត្រូវ​បាន​បាញ់​ស្លាប់​នៅ​សាលារៀន​មួយ​នៅ​រុស្ស៊ី


រថយន្ត​សង្គ្រោះបន្ទាន់ និង​រថយន្ត​ប៉ូលិស ត្រូវបាន​ចត​នៅឯ​សាលារៀន បន្ទាប់ពី​មាន​ការបាញ់​ប្រហារ​នៅ​ទីក្រុង Kazan នៃ​ប្រទេស​រុស្ស៊ី នៅ​ថ្ងៃអង្គារទី១១ ខែឧសភា ឆ្នាំ២០២១។
រថយន្ត​សង្គ្រោះបន្ទាន់ និង​រថយន្ត​ប៉ូលិស ត្រូវបាន​ចត​នៅឯ​សាលារៀន បន្ទាប់ពី​មាន​ការបាញ់​ប្រហារ​នៅ​ទីក្រុង Kazan នៃ​ប្រទេស​រុស្ស៊ី នៅ​ថ្ងៃអង្គារទី១១ ខែឧសភា ឆ្នាំ២០២១។

កុមារ​ចំនួន ៧ នាក់ ​ត្រូវ​បាន​បាញ់​ស្លាប់​នៅ​ឯ​សាលារៀន​មួយ​នៅ​ប៉ែក​និរតី​នៃ​ប្រទេស​រុស្ស៊ី កាល​ពី​ថ្ងៃ​អង្គារ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រុម​មន្ត្រី​រុស្ស៊ី។ ​

គ្រូ​បង្រៀន​យ៉ាង​ហោច​ណាស់​ម្នាក់និង​បុគ្គលិក​ម្នាក់​ទៀត ​ត្រូវ​បាន​បាញ់​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​នោះ​ក្នុង​ទីក្រុង Kazan ដែល​ជា​រដ្ឋធានី​នៃរដ្ឋ Tartarstan ដែល​ស្ថិត​នៅ​ចម្ងាយ​ជាង ៨០០ គីឡូម៉ែត្រ​ប៉ែក​ខាង​កើត​ទីក្រុង​មូស្គូ។ ​កុមារា​៤នាក់ និង​កុមារី៣នាក់ ​ស្ថិត​ក្នុង​ចំណោម​ជនរងគ្រោះ​ដែល​ត្រូវ​បាន​គេ​បាញ់​ស្លាប់។ សេចក្ដីរាយការណ៍​បឋម​ពី​ទីភ្នាក់ងារ​ព័ត៌មាន RIA របស់​រដ្ឋ​រុស្ស៊ី បាន​ឲ្យ​ដឹង​ថា​ សិស្ស​ចំនួន ១១នាក់ ​ត្រូវ​បាន​សម្លាប់។ ​

សេចក្ដី​រាយការណ៍​ព័ត៌មាន​នានា​បាន​ឲ្យ​ដឹង​ថា សិស្ស​មួយ​ចំនួន​អាច​រត់​គេច​ខ្លួន​ចេញ​ពី​អគារ​សាលារៀន​បាន​ ក្នុង​អំឡុងពេល​នៃ​ការ​វាយប្រហារ​នោះ។ អាជ្ញាធរ​និយាយ​ថា មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន ២១ នាក់​ផ្សេង​ទៀត​បាន​រងរបួស ដោយ​រួម​មាន​ទាំង​សិស្ស​យ៉ាង​ហោច​ណាស់​ចំនួន ជាង​១០​នាក់​ផង​ដែរ។ ​

រថយន្ដ​សង្គ្រោះបន្ទាន់​មួយ​ចំនួន ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលារៀន​នោះ។ លោក Rustam Minnikhanov អភិបាល​រដ្ឋ Tartarstan បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ថា បុរស​ម្នាក់​វ័យ ១៩ ឆ្នាំ ដែល​លោក​បាន​ហៅ​ថា ​ជា​«ភេរវជន» ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ការបាញ់​ប្រហារ​នោះ។​

ការ​បាញ់​ប្រហារ​ទ្រង់ទ្រាយ​ធំ​ កម្រ​នឹង​កើតឡើង​ណាស់​នៅ​ក្នុង​ប្រទេស​រុស្ស៊ី។ វិមាន​ក្រឹមឡាំង​បាន​ឲ្យ​ដឹង​ថា លោក​ប្រធានាធិបតី​លោក Vladimir Putin បាន​បញ្ជា​ឲ្យ​ត្រួតពិនិត្យ​មើល​ឡើង​វិញ​នូវ​ច្បាប់​គ្រប់គ្រង​ការ​ប្រើប្រាស់​កាំភ្លើង​ ក្រោយ​ពី​មាន​ការ​បាញ់​ប្រហារ​ដ៏​ប្រល័យ​កាល​ពី​ថ្ងៃ​អង្គារ​មក៕

XS
SM
MD
LG