គេរាយការណ៍ថាការឆ្មក់វាយប្រហារអត្តឃាតមួយនៅពេលយប់ដោយពួកតាលីបង់លើមូលដ្ឋានយោធាធំមួយក្នុងប៉ែកខាងជើងនៃប្រទេសអាហ្វហ្គានីស្ថាន បានបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់១៣៥នាក់ស្លាប់ដោយភាគច្រើនជាពួកទាហាននៅក្នុងការវាយប្រហារដ៏ប្រល័យបំផុតលើកងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថានចាប់តាំងពីឆ្នាំ២០០១មក។
អ្នកឃើញហេតុការណ៍ដោយផ្ទាល់បាននិយាយថាអ្នកដាក់គ្រាប់បែកអត្តឃាត១០នាក់មានអាវុធច្រើនបានជិះក្នុងយានយន្តយោធាពីរគ្រឿងហើយបានក្លែងខ្លួនជាទាហានរដ្ឋាភិបាលបានឆ្មក់វាយលុកលើទីបញ្ជាការធំនៃកងយោធា Shaheen Corps ទី២០៩របស់កងទ័ពជាតិអាហ្វហ្គានីស្ថាននៅឯMazar-i-Sharif ទីរួមខេត្ត Bakh នាភាគខាងជើងប្រទេសកាលពីថ្ងៃសុក្រ។
ស្ថានីយ៍ទូរទស្សន៍ TOLO បានដកស្រង់ពាក្យសម្តីមន្ត្រីសន្តិសុខម្នាក់ដែលគេមិនប្រាប់ឈ្មោះដែលបាននិយាយនៅថ្ងៃសៅរ៍នេះថា «មានទាហានយ៉ាងតិចណាស់១៣៥នាក់បានបាត់បង់ជីវិតនៅក្នុងការវាយប្រហារកាលពីរសៀលថ្ងៃសុក្រ...ហើយមានទាហានយ៉ាងហោចណាស់៦០នាក់ទៀតបានរបួស»។
បើតាមពួកមន្ត្រីក្នុងតំបន់ថា ពួកអ្នកវាយប្រហារតាលីបាន់មួយក្រុមបានបាញ់ទៅលើទាហានរដ្ឋាភិបាល អាហ្វហ្គានីស្ថាននៅពេលទាហានទាំងនេះចាកចេញពីព្រះវិហារ មួយនៅក្រោយការសូត្រធម៌ពេលរសៀល ចំណែកឯតាលីបង់មួយក្រុមទៀតបានវាយប្រហារលើកន្លែងទទួលទានអាហារពេលយប់នៅក្នុងបរិវេណអាគារយោធានេះនៅមុនកងកុម្មង់ដូរដ្ឋាភិបាលឡោមព័ទ្ធហើយប្រយុទ្ធយ៉ាងសាសហាវ។
អ្នកនាំពាក្យពួកតាលីបង់ឈ្មោះ Zabihullah Mujahid បានយកកិត្តិយសជាបន្ទាន់ចំពោះការវាយប្រហារនេះ។ គាត់បានចេញផ្សាយសេចក្តីល្អិតល្អន់នៃការវាយប្រហារនេះប្រាប់ពួកអ្នកកាសែតនៅថ្ងៃសៅរ៍នេះជាមួយរូបថតមួយនៃពួកជនដែលពួកតាលីបង់ថាជាពួកអ្នកបំផ្ទុះគ្រាប់បែក។ Mujahid បាននិយាយអះអាងថាការឡោមព័ទ្ធនេះមានរយៈពេល១០ម៉ោងហើយថា «មានទាហានសត្រូវរហូតដល់ ៥រយនាក់បានត្រូវសម្លាប់និងត្រូវរបួសដោយមានរួមបញ្ចូលទាំងនាយទាហានសំខាន់ៗផងដែរ»៕