នៅថ្ងៃច័ន្ទនេះ រដ្ឋសភាកម្ពុជាបានអនុម័តលើកិច្ចព្រមព្រៀងធានាទូទាត់របស់រដ្ឋាភិបាលដល់ការទិញចរន្តអគ្គីសនីពីក្រុមហ៊ុនរោងចក្រអគ្គីសនីដើរដោយធ្យូងថ្មនៅក្នុងខេត្តព្រះសីហនុរបស់លោក ឡាវ ម៉េងឃីន សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាជនកម្ពុជាដែលកំពុងគ្រប់គ្រងអំណាច។
ការធានាទូទាត់របស់រដ្ឋាភិបាលលើការទិញចរន្តអគ្គីសនីពីរោងចក្រអគ្គីសនី ដែលដើរដោយធ្យូងថ្មអនុភាព១៣៥មេហ្គាវ៉ាត់ ដែលមានតម្លៃទឹកប្រាក់ចំនួន១៨១លានដុល្លារអាមេរិកសម្រាប់រយៈពេល៣៣ឆ្នាំ បានស្ថាបនាដោយក្រុមហ៊ុនខេមបូឌា អ៊ិនធើរណេស្យូណល អ៊ិនវេស្តមែន ឌីវេឡូបមែន គ្រុបនៅក្នុងខេត្តព្រះសីហនុគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលមានស្រាប់។
ក្រុមហ៊ុនខេមបូឌា អ៊ិនធើរណេស្យូណល អ៊ិនវេស្តមែន ឌីវេឡូបមែន គ្រុបនេះ បានបំបែកចេញពីក្រុមហ៊ុន Power Synergy Corporation Co., Ltd ហៅកាត់ថា PSC ដែលបានវិនិយោគប្រមាណ៤០០លានដុល្លារអាមេរិក ដើម្បីស្ថាបនារោងចក្រអគ្គីសនីដែលដើរដោយធ្យូងថ្ម អានុភាព២០០មេហ្គាវ៉ាត់នៅខេត្តព្រះសីហនុ។
លោក សុន ឆ័យ តំណាងរាស្ត្រគណបក្ស សម រង្សី បានលើកឡើងពីកង្វល់អំពីការធានាការទូទាត់របស់រដ្ឋាភិបាលដល់ក្រុមហ៊ុនអគ្គីសនីដើរដោយធ្យូងថ្មនេះ។ លោក សុន ឆ័យ បានបញ្ជាក់នៅក្នុងសម័យប្រជុំសភាថា គណបក្ស សម រង្សី ពិបាកណាស់ក្នុងការគាំទ្រដល់ការធានានេះដែលមិនត្រឹមតែធានាក្នុងការទិញអគ្គីសនីក្នុងតម្លៃដ៏ខ្ពស់ទេ តែថែមទាំងធានាក្នុងករណីវិបត្តិនយោបាយទៀតផង។
លោក សុន ឆ័យ ស្នើឲ្យអង្គសភាពិនិត្យពិចារណាក្នុងន័យថា គួរតែកុំអនុម័តច្បាប់ដោយទុកឱ្យមានរបៀបរៀបរយប្រសើរជាងនេះ មុននឹងរដ្ឋសភាដែលតំណាងឱ្យប្រជាជាតិបន្តការអនុម័តក្នុងការធានាឱ្យក្រុមហ៊ុនបែបនេះបន្តកើតមាន។
លោក ជាម យៀប តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ការស្នើសុំទាត់ចោលសេចក្តីព្រាងច្បាប់នេះគឺជាការមិនទទួលខុសត្រូវ ហើយសេចក្តីព្រាងច្បាប់នេះបានផ្តល់ផលចំណេញដល់ជាតិ និងប្រជាពលរដ្ឋ។
«ខ្ញុំមានការសោកស្តាយដែលអំម៉ិញ ឯកឧត្តម សុន ឆ័យ បានស្នើសុំ ឬសំណូមពរដល់រដ្ឋសភាមេត្តាទាត់ចោល (សេចក្តីព្រាងច្បាប់នេះ)។ ខ្ញុំក្នុងនាមប្រធានគណៈកម្មការជំនាញ សូមអំពាវនាវដល់អង្គសភាទាំងមូលថា សូមទុកចិត្តលើកយើងខ្ញុំខ្លះ។ អ្វីៗក៏ដោយយើងតែងតែយកចិត្តទុកដាក់ទៅលើផលចំណេញជូនដល់ជាតិមាតុភូមិ និងប្រជាជន»។
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល បានថ្លែងថា គម្រោងនេះ ជាគម្រោងមួយដែលមានសារៈសំខាន់ចាំបាច់សម្រាប់ប្រើទាំងប្រាំងទាំងវស្សា ហើយរហូតមកដល់ពេលនេះ ថវិការដ្ឋមិនទាន់បានចំណាយជំនួសក្រុមហ៊ុនអគ្គីសនីកម្ពុជានៅឡើយទេ។
«បើយើងមិនបង្កើតរោងចក្រអគ្គីសនីដើរដោយធ្យូងថ្មនេះ មានតែយើងកុំប្រើអគ្គីសនី។ បើយើងត្រូវការប្រើអគ្គីសនីយើងត្រូវតែបង្កើតរោងចក្រអគ្គីសនីដើរដោយធ្យូងថ្មនេះ»។
លោក សុន ឆ័យ បានសម្តែងការព្រួយបារម្ភអំពីផលប៉ះពាល់បរិស្ថាន ដែលកើតចេញពីរោងចក្រអគ្គីសនី ដើរដោយធ្យូងថ្មនេះ និងបានអំពាវនាវឱ្យមានការវ៉ាយតម្លៃផលប៉ះពាល់បរិស្ថានឯករាជ្យ ព្រោះខេត្តព្រះសីហនុគឺជាគោលដៅទេសចរណ៍។ វាអាចធ្វើឱ្យបរិស្ថានកង្វក់តំបន់ទេសចរណ៍នេះ និងធ្វើឱ្យខូចខាតជំនួញទេសចរណ៍។
លោក ស៊ុយ សែម បានថ្លែងថា ក្រុមហ៊ុនមានប្រើឧបករណ៍បច្ចេកទេសទំនើបសម្រាប់ការពារផលប៉ះពាល់បរិស្ថាននៅក្នុងតំបន់នោះ។
លោក សុន ឆ័យ បានបញ្ជាក់ថា តម្លៃអគ្គីសនីនៅកម្ពុជាគឺថ្លៃជាងប្រទេសជិតខាងដល់ទៅបីដង។ ប៉ុន្តែលោក ជាម យៀម បានទទួលស្គាល់អំពីបញ្ហាតម្លៃអគ្គីសនីនៅកម្ពុជាថ្លៃជាងប្រទេសថៃ វៀតណាម និងឡាវ ពីព្រោះកម្ពុជាអត់មានថាមពលប្រើប្រាស់គ្រប់គ្រាន់ និងទិញថាមពលពីប្រទេសទាំងនោះ។
កិច្ចព្រមព្រៀងបាននិយាយថា អគ្គីសនីចេញពីរោងចក្រអគ្គីសនីដើរដោយធ្យូងថ្មនេះត្រូវលក់ទៅឱ្យក្រុមហ៊ុនអគ្គីសនីកម្ពុជាដែលជារបស់រដ្ឋតាមរយៈកិច្ចព្រមព្រៀងទិញអគ្គីសនី៕