ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​សម្ភាសន៍​វីអូអេ​ជាមួយ​មន្ត្រី​ការទូត​ជាន់​ខ្ពស់​អាមេរិក Scot Marciel


លោក Scot Marciel ឧបការី​រង​ជាន់ខ្ពស់​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា​ និង​បាស៊ីហ្វិក​ ផ្តល់​​បទសម្ភាសន៍​ផ្តាច់មុខ​មួយ​ជាមួយ​លោក គង់ សុឋានរិទ្ធ​​នៃ​វីអូអេ​​នៅ​ការិយាល័យ Development Innovations Cambodia កាល​ពី​ថ្ងៃ​ពុធ​ទី២៧ ខែសីហា ឆ្នាំ២០១៤ នៅ​រាជធានី​ភ្នំពេញ។ (វីអូអេ)
លោក Scot Marciel ឧបការី​រង​ជាន់ខ្ពស់​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា​ និង​បាស៊ីហ្វិក​ ផ្តល់​​បទសម្ភាសន៍​ផ្តាច់មុខ​មួយ​ជាមួយ​លោក គង់ សុឋានរិទ្ធ​​នៃ​វីអូអេ​​នៅ​ការិយាល័យ Development Innovations Cambodia កាល​ពី​ថ្ងៃ​ពុធ​ទី២៧ ខែសីហា ឆ្នាំ២០១៤ នៅ​រាជធានី​ភ្នំពេញ។ (វីអូអេ)

កំណត់​និពន្ធ៖ ក្នុង​សប្តាហ៍​នេះ លោក ស្កត់ ម៉ាស៊ែល​ (Scot Marciel) ​ឧបការី​រង​រដ្ឋ​មន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក បាន​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ជា​ផ្នែក​មួយ​នៃ​ទស្សនកិច្ច​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​រួម​មាន​ក្នុង​ប្រទេស​ថៃ​និង​វៀតណាម​ផង​ដែរ។ លោក​ឧបការីរង​រដ្ឋមន្ត្រី​ការ​បរទេស​បាន​ផ្តល់​បទសម្ភាសន៍​ជាមួយ​លោក ​គង់​ សុឋានរិទ្ធ នៃ​វីអូអេក្នុង​អំឡុង​ទស្សនកិច្ច​របស់​លោក​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ពុធថ្ងៃ​ទី២៧​ខែ​សីហា​ឆ្នាំ​២០១៤ អំពី​គោល​នយោបាយ​ចុង​ក្រោយ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​បញ្ហា​នយោបាយ សេដ្ឋកិច្ច​ និង​ការទូត​ជាមួយ​កម្ពុជា ក៏​ដូច​ជា​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែរ។​

​វីអូអេ៖​ នេះជា​ដំណើរ​ទស្សនកិច្ច​លើ​ទី​៣​របស់​អ្នក​ហើយ​មក​កាន់​កម្ពុជា​តើ​អ្វី​ទៅ​ជា​គោល​នយោបាយ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ទាក់ទិន​នឹងនយោបាយ​ និងឱកាស​នៃ​ការវិនិយោគនៅ​កម្ពុជា?

ស្កត់​ ម៉ាស៊ែល៖ ត្រឹមត្រូវ​ហើយ ​នេះ​គឺ​ជា​ដំណើរ​លើក​ទី​៣​របស់​ខ្ញុំ​មក​កាន់​កម្ពុជាក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​មក​នេះ ហើយ​ខ្ញុំ​គិត​ថា​ដំណើរ​ចុងក្រោយ​របស់​ខ្ញុំ​មក​កម្ពុជា​ក៏​ដូចជា​ប្រទេស​អាស៊ាន​ដ៏ទៃ​ទៀត​ដែរ គឺ​យើង​(សហរដ្ឋ​អាមេរិក)​ចង់​រក្សា​ឲ្យ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​កម្ពុជា។​ គោលដៅ​សំខាន់​នៃ​ការ​មក​របស់​ខ្ញុំ​នេះ​ក៏​ដើម្បី​ពិភាក្សា​រិះរក​របៀប​ដែល​យើង​អាច​ធ្វើ​ការ​ជាមួយ​កម្ពុជា​ ហើយ​ខ្ញុំ​ក៏​ចង់​ស្ដាប់​ពីរឿង​រ៉ាវ​ផ្សេងៗ​នៅ​កម្ពុជា​ដូចជា​បញ្ហា​នយោបាយ​ សេដ្ឋកិច្ច​ជាដើម។

វីអូអេ៖ កម្ពុជា​និង​សហរដ្ឋ​អាមេរិក​ទើប​តែ​បាន​ប្រារព្ធខួប​គម្រប់​៦០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ។ តើ​លោក​គិត​ថា​នឹង​ធ្វើ​អ្វី​ទៀត​ដើម្បី​ពង្រឹង​បន្ថែម​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំងពីរ​ទៅ​ថ្ងៃ​មុខ?

ស្កត់​ ម៉ាស៊ែល៖​ ជា​ការ​ប្រសើរ​ណាស់។ យើង​ចង់​បង្កើត​ និង​ថែ​រក្សា​ទំនាក់ទំនង​ល្អ​រក្សាជិត​ស្និទ្ធ​នៅ​គ្រប់​ផ្នែក​ទាំង​អស់​ជាមួយប្រជាពលរដ្ឋ​កម្ពុជា។ ដូច​ដែល​អ្នក​បាន​ដឹង​ស្រាប់​ហើយ​ យើង​មិន​បាន​ពាក់ព័ន្ធ​ជាមួយ​គណបក្ស​នយោបាយ​ណាមួយ​ឡើយ​ ក៏ប៉ុន្តែ​យើង​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​របៀប​ដែល​យើង​អាច​កសាង​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រជាជាតិ​នៃ​ប្រទេស​កម្ពុជា​ លើ​ផ្នែក​សំខាន់ៗ​ដូចជាពាណិជ្ជកម្ម​ ការ​បោះ​ទុន​វិនិយោគ​ បង្កើន​ទំនាក់ទំនង​រវាង​ពលរដ្ឋ​និង​ពលរដ្ឋ។ ហើយ​យើង​ក៏​កំពុង​រក​មើល​ពី​វិស័យ​ផ្សេងៗ​ទៀត​ដែល​យើង​អាច​ធ្វើការ​ជាមួយ​គ្នា​ជា​បន្ត​ទៀត​ ហើយ​ធ្វើ​ការដើម្បី​ដោះស្រាយ​បញ្ហា​ជាមួយ​គ្នា។​

វីអូអេ៖​ តើ​រហូត​មកទល់​បច្ចុប្បន្ន​នេះ​លោកមាន​គំនិត​ជាក់លាក់​ហើយ​ឬ​នៅ ​ពី​របៀបថា​នឹង​ត្រូវ​ធ្វើ​យ៉ាងណា​ដើម្បី​បង្កើនទំនាក់​ទំនង​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​ ដោយ​ហេតុ​ថា​កាលពី​ពេល​ថ្មី​នេះ​តាម​រយៈ​ជំនួយ​ពី​លោក William​ Todd​ ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា ​គណៈប្រតិភូពី​ភាគី​កម្ពុជា​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​សហរដ្ឋ​អាមេរិក​ដើម្បីស្វែងរក​ឱកាស​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម?

ស្កត់​ ម៉ាស៊ែល៖ ខ្ញុំ​មិន​គិត​ថា​ យើង​មាន​វិធី​ងាយ​ស្រួល​ទេ​ក្នុង​ការ​ធ្វើ​រឿង​ដូច្នោះ​ទេ។ ការបង្កើត​ទំនាក់ទំនង​ពាណិជ្ជកម្ម​ ឬ​អាជីវកម្ម វា​ពិត​ជា​តម្រូវ​ឲ្យ​មាន​ការប្រមែប្រមូល​ក្រុម​ធុរកិច្ច (អ្នក​រកស៊ី)ទាំង​អស់​គ្នា​ ធ្វើការ​ជាមួយ​គ្នា​ នឹង​សហការ​គ្នា​ទើប​ពួកគេ​អាច​ស្វែងរក​ឱកាសធ្វើ​ពាណិជ្ជកម្មបាន។ បើ​តាម​ខ្ញុំ​ដឹងនឹង​មាន​គណៈប្រតិភូ​ពាណិជ្ជកម្មសហរដ្ឋ​អាមេរិក​នឹង​មក​កម្ពុជា​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ។ ​ឥឡូវ​ហ្នឹង​តួនាទី​របស់​រដ្ឋាភិបាល​នានា​គឺ​ត្រូវ​ធ្វើ​យ៉ាង​ណា​បំបាត់​ចោល​ឧបសគ្គ​ដែល​រារាំង​ដល់​ការ​ធ្វើ​ជំនួញ ហើយ​គេ​ក៏​ត្រូវ​ធ្វើ​យ៉ាងណា​ដើម្បី​បង្កើត​ឱកាស​ឲ្យ​ក្រុម​ធុរកិច្ច​បាន​ជួប​គ្នា ដើម្បី​ឲ្យ​ពួក​គេ​អាច​រក​មើល​ឱកាស​វិនិយោគ​នៅ​ថ្ងៃមុខ។

​វីអូអេ៖ ​តើ​លោក​មាន​ដឹង​អំពី​ព័ត៌មាន​ថ្មី​ទៀត​អ្វី​ទេ នៅ​ក្រោយ​ដំណើររបស់​គណៈប្រតិភូពាណិជ្ជកម្ម​កម្ពុជាទៅ​សហរដ្ឋ​អាមេរិក​នោះ?

​ស្កត់​ ម៉ាស៊ែល៖​ ខ្ញុំ​បាន​ឮ​ថា​ ពួកគេ​មាន​ការ​ប្រជុំ​ដែល​ហុច​ផ្លែផ្កា​ល្អ​ច្រើន។​ ពួកគេ​បាន​ជួប​ម្ចាស់​ក្រុមហ៊ុន​សហរដ្ឋ​អាមេរិក​ជា​ច្រើន ហើយ​អ្វីៗ​ទាំង​អស់​អាស្រ័យ​លើ​ក្រុមហ៊ុន​ទាំង​នោះ តើ​គេ​ចាប់​អារម្មណ៍​ដែរ​ឬ​អត់។ យ៉ាង​ណា​ក៏​ដោយ​យើង​មាន​ក្តី​សង្ឃឹម​ថាក្រុមហ៊ុន​ខ្លះ​នឹង​ចាប់​យក​ឱកាសទាំង​នោះ។

​វីអូអេ៖ តើ​លោក​បានតាម​ដាន​លើ​ការ​វិវឌ្ឍ​នៃ​ស្ថានភាព​នយោបាយ ​នៅ​កម្ពុជា​ដែរ​ឬទេ?

ស្កត់​ ម៉ាស៊ែល៖ បាទ​យើង​បាន​តាម​ដាន​ពី​បញ្ហា​នោះ​ដោយ​ការ​យក​ចិត្ត​ទុកដាក់។

វីអូអេ៖​ កាល​ពីថ្ងៃ​អង្គារ​ម្សិលមិញ​ គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បាន​ជួប​ប្រជុំ​គ្នា​ក្នុង​សភា​ដើម្បី​ធ្វើ​ការ​រៀបចំ​កែប្រែ​រចនា​សម្ព័ន្ធ​ការ​ដឹកនាំ​ក្នុង​សភា។ តើ​លោក​យល់​ឃើញ​ដូច​ម្ដេច​ដែរ​ចំពោះ​ការ​ប្រជុំ​លើក​ទី​មួយ​របស់​គណបក្ស​ទាំង​ពីរ​នេះ?

ស្កត់​ ម៉ាស៊ែល៖ យើង​ពិត​ជា​បាន​ឃើញ​ហើយ​ថា​ បន្ទាប់​ពី​រយៈពេល​ជិត​មួយ​ឆ្នាំ​ក្រោយ​ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជាមក គណបក្ស​ប្រជាជន​កម្ពុជា​ និង​សង្គ្រោះ​ជាតិ​បានឈាន​ដល់​កិច្ច​ព្រមព្រៀង​ជាមួយ​គ្នា​ ដែល​នាំឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​សុខចិត្ត​ចូល​ប្រជុំ​សភា។ ខ្ញុំ​គិត​ថា​ យើង​ក៏​ដូច​ជា​ពលរដ្ឋ​កម្ពុជា​ដែរ ​កំពុងរង់ចាំ​មើលការធ្វើកំណែ​ទម្រង់ ដំណោះស្រាយ​ខ្លះៗ​ចំពោះបញ្ហានានាដែល​កម្ពុជា​កំពុង​ជួប​ប្រទះ។ យើង​សង្ឃឹម​ថារដ្ឋាភិបាល​ និង​សភា​ដែល​ចាប់​ដំណើរការ​ហើយ​នេះ ​នឹង​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ធ្វើ​កំណែ​ទម្រង់​លើអ្វី​ដែល​ប្រជាពលរដ្ឋ​កំពុង​ចង់​បាន។​ យើង​គិត​ថា​នោះ​ជាជំហាន​ដ៏​វិជ្ជមាន​មួយ។

វីអូអេ៖ ​លោកនិយាយ​អំពី​ការ​កំណែ​ទម្រង់​នៅកម្ពុជា។ ​ចំពោះ​លោក​តើ​កំណែ​ទម្រង់​ប្រភេទ​ណា​ខ្លះ​ដែល​លោក​គិត​ថា​កម្ពុជា​គួរ​តែ​ធ្វើ​ចាប់​ពី​ពេល​នេះ?

ស្កត់​ ម៉ាស៊ែល៖ ខ្ញុំ​គិត​ថា​អ្វី​ដែលសហរដ្ឋ​អាមេរិក​គិត​ថាកម្ពុជា​គួរ​តែ​ធ្វើ​នោះ​មិន​សំខាន់ទេ។ ​សំខាន់គឺ​អ្វី​ដែលប្រជាពលរដ្ឋ​កម្ពុជា​បាន​បង្ហាញ​ឲ្យ​សាធារណៈថា​ពួក​គេ​ចង់បាននោះ ហើយ​ដែល​ទាក់ទង​នឹង​បញ្ហា​ជា។​ ​ប្រាកដ​ណាស់ដូច​ជាការធ្វើ​កំណែ​ទម្រង់​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត គឺ​ជា​រឿង​មួយ​ដែល​ខ្ញុំ​បានដឹង​ថា​គេ​កំពុង​ពិនិត្យ​លើ​រឿង​នេះ​ហើយ។ គឺ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​កម្ពុជា​អាច​មាន​ស្ថាប័ន​បោះឆ្នោត​មួយ​ដែល​ពិតជា​ឯករាជ្យ​ និង​ប្រកប​ដោយ​វិជ្ជាជីវៈដែល​អាច​ធានា​គុណភាព​នៃ​ការ​បោះឆ្នោត។ ខ្ញុំ​គិត​ថា​ អ្វី​ដែល​ខ្ញុំ​បាន​ដឹង​ពី​ប្រជាពលរដ្ឋ​គឺគេ​ចាប់​អារម្មណ៍​នឹងការប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ ហើយ​ខ្ញុំ​ទើប​បាន​ដឹង​ថា​ឥឡូវ​នេះ​គេ​ទើប​បាន​បង្កើត​គណៈកម្មការ​ជំនាញ​ថ្មី​មួយ​ក្នុង​សភា​សម្រាប់​ការ​ប្រឆាំង​អំពើ​ពុករលួយ។ ហើយ​យើង​យល់​ថា ការងារនេះ​សំខាន់​ណាស់​ដើម្បី​បង្កើនប្រសិទ្ធិភាពនៃ​អភិបាលកិច្ច ដើម្បី​ឲ្យ​រដ្ឋាភិបាល​អាច​បំពេញ​កាតព្វកិច្ច​ដល់​ពលរដ្ឋ​កម្ពុជា ក្នុង​គោល​ដៅ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវប្រព័ន្ធ​យុត្តិធម៌​ ​និងបញ្ហា​សិទ្ធិមនុស្ស​ជា​ដើម។ ជា​ថ្មី​ម្តង​ទៀត​ ខ្ញុំ​សូមសង្កត់​ធ្ងន់​ថា ​ទាំង​នោះ​គឺ​ជា​អ្វី​ដែល​ពលរដ្ឋ​ខ្មែរ​ចង់​បាន​មិន​មែន​ជា​អ្វី​ដែល​សហរដ្ឋ​អាមេរិកកំពុង​ទាមទារ​នោះ​ទេ។

វីអូអេ៖ សហរដ្ឋ​អាមេរិក​បាន​ដើរ​តួ​សំខាន់​ក្នុង​ការ​ជួយ​ដល់​កម្ពុជា​លើ​វិស័យ​ជា​ច្រើន។ សម្រាប់​កម្ពុជា​ដំណើរ​ការ​កំណែ​ទម្រង់​ចង់​មិន​ចង់​ត្រូវ​ការ​ជួយ​ពី​សហគមន៍​អន្តរជាតិ។ ដូច្នេះ​ហើយ​ តើ​រដ្ឋាភិបាល​ទី​ក្រុង​វ៉ាស៊ីនតោន​អាច​នឹង​ពិចារណា​ជួយ​ដល់​កម្ពុជា​ដែរ​ឬ​យ៉ាងណា?

ស្កត់​ ម៉ាស៊ែល៖​ ប្រាកដ​ណាស់​ រហូត​មក​ទល់​បច្ចុប្បន្ន ​យើង​មានកម្មវិធី​ផ្តល់​ជំនួយជាច្រើន។ ​ជា​ការណ៍​ពិត ឥឡូវ​នេះ​យើង​កំពុង​តែ​ជជែក​នៅ​ក្នុង​កន្លែង​មួយ (Development Innovations Cambodia) ​ក្នុង​ចំណោម​កន្លែង​ច្រើន​ទៀត​ដែល​ធ្វើ​ការ​ជិតស្និទ្ធ​លើ​ការ​អភិវឌ្ឍន៍​នៅ​កម្ពុជា។ យើង​រំពឹងថា​នឹង​បន្ត​សកម្មភាព​ជំនួយ​ទាំង​អស់​នេះទៀត។ និយាយ​ជា​រួម​ទៅ​ វា​អាស្រ័យ​លើ​ពលរដ្ឋ​កម្ពុជា​ដែល​ជា​អ្នក​ត្រួសត្រាយ​ផ្លូវអនាគត​របស់​ពួកគេ​ ក៏ប៉ុន្តែ​យើង​ពេញចិត្ត​នឹង​មាន​កម្មវិធី​ផ្សេងៗ​ដើម្បី​ជួយជា​ផ្នែក​ដើម្បី​លើក​កម្ពស់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​កម្ពុជា។

វីអូអេ៖ ​ថ្មីៗ​នេះ​សហរដ្ឋ​អាមេរិក​បាន​បង្កើត​ទំនាក់​ទំនង​ជា​ទ្វេ​ភាគី​ជា​ពិសេស​លើ​ផ្នែក​យោធា​ និង​សេវា​សុខភាព​ជាមួយ​កម្ពុជា។​ ចុះ​ផ្នែក​ផ្សេងៗ​ទៀត​ទាក់ទង​នឹងសង្គម​ និង​ការ​វិនិយោគ​វិញ? អម្បាញ់​មិញ​នេះ​យើង​និយាយ​ពី​ការ​វិនិយោគ​ ចុះ​តើ​បញ្ហា​សុខាភិបាល​សាធារណៈវិញ​ តើ​វា​ជា​រឿង​សំខាន់​ទេ​ក្នុងទំនាក់ទំនងទ្វេភាគី​នៃ​ប្រទេស​ទាំង​ពីរ?

ស្កត់​ ម៉ាស៊ែល៖ ​ប្រាកដ​ណាស់​យើង​ចង់​សម្រេច​បាននូវ​កិច្ចការ​មួយ​ចំនួន។​ រឿង​ទី​មួយ​គឺ​យើង​ចង់​បាន​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រជាជាតិកម្ពុជា​ បង្កើត​មិត្តភាព​កាន់​តែ​ជិតស្និទ្ធជាមួយពលរដ្ឋ​កម្ពុជា។​ យើង​សង្ឃឹម​ថា​ យើង​អាច​ធ្វើ​ការ​ជាមួយគ្នា មិន​មែន​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ​ គឺ​នៅ​ក្នុង​តំបន់​ដើម្បី​អាច​ដោះស្រាយ​បញ្ហា។​ ម៉្យាង​ទៀត​ក៏​ដើម្បីធ្វើការ​នៅ​កម្ពុជា​ដើម្បី​យើង​បន្ត​គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​កែ​ទម្រង់​លើក​កម្ពស់​សេវា​សុខភាព​ និង​លើក​ទឹកចិត្តដល់​ការ​អភិវឌ្ឍសេដ្ឋកិច្ច​របស់កម្ពុជា។​ វា​ជា​ផលប្រយោជន៍​សម្រាប់​សហរដ្ឋ​អាមេរិក ដែល​ជួយ​ឲ្យ​កម្ពុជាក្លាយ​ជា​ប្រទេស​មួយ​មាន​ជោគជ័យ​ មាន​លទ្ធិប្រជាធិបតេយ្យ ពលរដ្ឋសុខភាព​ល្អ និង​ការ​អប់រំ​ល្អ។ ខ្ញុំ​សូម​និយាយ​ម្ដង​ទៀត​ថា​អ្វីៗ​គឺ​ស្ថិត​នៅ​លើ​ប្រជាពលរដ្ឋ​កម្ពុជា​ ក៏ប៉ុន្តែ​យើង​សហរដ្ឋ​អាមេរិក​នឹង​នៅ​តែ​បន្ត​គាំទ្រ ដើម្បី​ឲ្យ​កម្ពុជា​មាន​ជោគជ័យ។

​វីអូអេ៖ តើ​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​ក៏​នឹង​ផ្ដោត​សំខាន់​លើ​ការ​ជួយ​ស្វែង​រក​យុត្តិធម៌​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​រងគ្រោះ​ក្នុង​សម័យ​ខ្មែរ​ក្រហម​ដែរ​ឬ​យ៉ាងណា​?

​ស្កត់​ ម៉ាស៊ែល​៖ បាទ​ វា​ពិត​មែន។​ ប្រជាពលរដ្ឋ​រស់​នៅ​គ្រប់​ទី​កន្លែង​ ពលរដ្ឋ​អាមេរិក​ ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ អ្នក​រាល់​គ្នា​ត្រូវ​ការ​យុត្តិធម៌។ វា​មាន​សារៈសំខាន់​សម្រាប់​អ្នក​រាល់​គ្នា។ ឧក្រិដ្ឋកម្ម​សម័យ​ខ្មែរក្រហម​ពិត​ជាឃោរឃៅ​ណាស់​ ដូច្នេះ​ហើយ​ការ​នាំ​យក​និង​កាត់​ក្ដី​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ គឺ​ជា​រឿង​មួយ​ដែល​សំខាន់ ​ជាពិសេស​សម្រាប់​ពលរដ្ឋ​កម្ពុជា ហើយ​វា​ក៏​ជា​ឧទាហរណ៍​មួយ​សម្រាប់​ពិភពលោកដែរ។ ដូច្នេះ​ហើយ​សហរដ្ឋ​អាមេរិក​ពិតជា​មាន​ការ​រីករាយដែល​បានចូល​រួម​វិភាគទាន​ដល់ដំណើរការ​កាត់​ក្ដី​នេះ។ ​ដោយ​ឡែក​យើង​ក៏​អបអរសាទរ​ចំពោះ​សាលក្រម​របស់​តុលាការ​កាល​ពី​ពេល​ថ្មីៗ​នេះ​ដែរ។ ប្រាកដ​ណាស់​ការ​កាត់​ក្ដី​នៅ​មិន​ទាន់​ចប់​នៅ​ឡើយ​ ប៉ុន្តែ​យើង​បាន​ឃើញ​លទ្ធផល​ខ្លះៗ ជា​បណ្ដើរៗ​ហើយ។

វីអូអេ៖ តើ​លោក​មាន​យោបល់​អ្វីផ្សេង​ទៀត​ទេ​ចំពោះ​សាលក្រម​របស់​សាលា​ក្ដី​ខ្មែរ​ក្រហម​ដែល​បាន​សម្រេច​កាល​ពី​ពេល​ថ្មីៗ​នេះ?

ស្កត់​ ម៉ាស៊ែល​៖ ប្រាកដ​ណាស់យើងពិត​ជា​ស្វាគមន៍ជា​ខ្លាំង​ចំពោះ​សាលក្រម​នោះ​ ដូច​អ្វី​ដែល​លោក​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ John​ Kerry​ បាន​សរសេរ​នៅ​ក្នុង​លិខិត​របស់​លោក​ដែរ។​ វា​ពិត​ជា​មាន​សារៈសំខាន់​ក្នុង​ការក្នុង​ការ​មាន​ការ​ទទួល​ខុស​ត្រូវ និង​ទទួលនូវ​យុត្តិធម៌​ក្នុង​ចិត្ត។ អ្វីៗ​អាស្រ័យ​លើ​អង្គ​ជំនុំ​ជម្រះ​ថា​ត្រូវ​សម្រេច​ចេញ​សាលក្រម​បែប​ណា​ តែយើង​ស្វាគមន៍​ចំពោះ​សាលក្រម។​

វីអូអេ៖ ​ការ​កាត់​ក្ដីបន្ទាប់​ទៀត​គឺ​សម្រាប់​សំណុំ​រៀង​០០២​ ដំណាក់​កាល​ទៅ២។ តើ​ការ​កាត់​ក្ដី​អ្វី​ខ្លះ​ដែល​លោក​អាច​នឹង​រំពឹង​ទុក?

​ស្កត់​ ម៉ាស៊ែល៖ ​យើង​គិត​ថា​ ដំណើរ​កាត់​ក្ដី​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ ដូច្នេះ​ហើយ​សហរដ្ឋ​អាមេរិក​នឹង​បន្ត​ឃ្លាំមើល​ដំណើរ​ការ​បន្ត​ទៀត​របស់អង្គ​ជំនុំ​ជម្រះ​ក្ដី​រហូត​ដល់​សាលក្រម​ទាំង​អស់​ត្រូវ​បាន​ប្រកាស។ ​មាន​ន័យ​ថា​តុលាការ​បញ្ចប់​កិច្ច​កិច្ច​ការ​របស់​ខ្លួន។​ យើង​មិន​ធ្វើ​អត្ថាធិប្បាយអ្វីទេ​ មុន​ការ​ប្រកាស​សាលក្រម។ យើង​គ្រាន់​តែ​គិត​ថា ​ការ​នេះ​សំខាន់ ប៉ុន្តែ​អ្វីៗ​វា​អាស្រ័យ​លើ​តុលាការ។

​វីអូអេ៖​ អញ្ចឹងការ​ប្រកាស​សាលក្រម​លើក​ក្រោយ​មាន​សារៈសំខាន់​សម្រាប់​សហរដ្ឋ​អាមេរិក​ដែរ​ឬ​យ៉ាងណា?

​ស្កត់​ ម៉ាស៊ែល​៖ ដូច​ខ្ញុំ​បាន​និយាយ​ហើយ​ វា​ពិតជា​មាន​សារៈសំខាន់។ ដំបូង​វាសំខាន់​សម្រាប់​ពលរដ្ឋ​កម្ពុជា​ដែល​រងគ្រោះ​យ៉ាង​ធ្ងន់ធ្ងរក្នុង​សម័យ​ខ្មែរ​ក្រហម។ ហើយ​សម្រាប់​ពិភព​លោក​វា​ក៏​សំខាន់​ដែរ​ ដែល​កំពុង​រំពឹង​ចង់​ឃើញរក​យុត្តិធម៌​ពិតប្រាកដ​មួយ​ត្រូវ​បានផ្ដល់​ឲ្យ​ក្រុម​អ្នក​រងគ្រោះ។ យើង​គិត​ថា​វា​ជា​ឧទាហរណ៍​ល្អ​មួយ​សម្រាប់​ក្នុង​តំបន់​និង​គ្រប់​ទី​កន្លែង។

វីអូអេ៖ តើ​សហរដ្ឋ​អាមេរិក​មាន​គម្រោង​ផ្ដល់​ជំនួយ​ថវិកា​ដល់​សាលា​ក្ដី​ខ្មែរ​ក្រហម​ដែរ​ឬ​យ៉ាងណា?

​ស្កត់​ ម៉ាស៊ែល៖​ ដូច​អ្វី​ដែល​អ្នក​បាន​ដឹង​ហើយ យើង​បាន​បន្ត​គាំទ្រ​ដល់​សាលា​ក្ដី​តែ​រៀង​រហូត​មក​តាំង​តែ​ពី​ការ​ចាប់បង្កើត​សាលា​ក្ដី​ដំបូង​ឡើយ។​ យើង​ពិត​ជា​ចង់​ឃើញសាលា​ក្ដី​ដំណើរ​ការ​របស់​វា​ ក៏ប៉ុន្តែជា​រៀងរាល់ឆ្នាំ​យើង​ក៏​ត្រូវ​ការ​ស្នើសុំ​ថវិកាពី​សភា​របស់​យើង​ដែរ។ ខ្ញុំ​មិន​អាច​និយាយ​ ឬ​ផ្ដល់​យោបល់​អ្វី​អំពី​អនាគត​ថវិកា​នេះមុន​ការ​សម្រេច​របស់​សភា​បាន​ទេ។

វីអូអេ៖ សាលក្រម​សំណុំ​រឿង​០០២​ដំណាក់​កាល​ពី​២​នឹង​ត្រូវ​បាន​ប្រកាស​នៅ​ខែ​តុលា​ខាងមុខ​។ ​តើ​រហូត​មក​ទល់​ពេល​នេះ​លោក​មានគម្រោង​ថា​នឹងដាក់​សំណើ​សុំ​ថវិកាសម្រាប់​ជួយ​ទ្រទ្រង់​ដល់​សាលា​ក្ដីដែរ​ឬ​យ៉ាងណា?

ស្កត់​ ម៉ាស៊ែល៖ អ្វីៗ​គឺ​ស្ថិត​នៅ​លើ​ការ​សម្រេច​របស់​សភា​ ហើយ​បច្ចុប្បន្ន​នេះ​សមាជិក​សភា​កំពុង​តែ​ធ្វើ​ការលើ​ការ​ចាត់ចែង​ថវិកា។ យើង​ត្រូវ​រង់ចាំ​មើលតើ​សភា​នឹងយល់ឃើញ​យ៉ាង​ដូច​ម្ដេច​ដែរ។

​វីអូអេ៖ កម្ពុជា​គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស៣​ដែល​លោក​បាន​ធ្វើ​ទស្សនកិច្ច?​ តើ​ប្រទេស​២​ទៀត​នោះ​គឺ​ជា​ប្រទេស​ណា​ដែរ?

ស្កត់​ ម៉ាស៊ែល​៖ ខ្ញុំ​បាន​ទៅ​ប្រទេស​ថៃ​កាល​ពី​ដើម​សប្ដាហ៍​នេះ ហើយ​ខ្ញុំ​នឹង​បន្ត​ដំណើរ​ទៅ​ប្រទេស​វៀតណាម​ទៀត​នៅ​ថ្ងៃនេះ​។ ​មាន​សន្និសីទ​ថ្នាក់​តំបន់​មួយ​ដែល​ខ្ញុំ​បាន​ចូលរួម​នៅ​ក្នុង​ប្រទេស​ថៃ​ ហើយ​ខ្ញុំក៏ត្រូវ​ចូល​រួមសន្និសីទ​មួយ​ទៀត​នៅ​ក្នុង​ប្រទេស​វៀតណាម​ដែរ។ និយាយ​ជា​រួម​ទៅ ​តំបន់​អាស៊ីអាគ្នេយ៍ តំបន់​សហគមន៍​អាស៊ាន​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​យើង​ ក៏​ដូច​ជា​ពិភព​លោក​ដែរ។​ ​អាស៊ាន​ជា​តំបន់ធំ​និងកំពុង​មាន​សក្ដានុពល​មួយ ​ហើយ​យើង​មាន​ផល​ប្រយោជន៍​ឲ្យ​តំបន់​នេះ​មាន​ជោគជ័យ។ ដូច្នេះ​ហើយ​ខ្ញុំ និង​ក្រុមការងារ​របស់​ខ្ញុំ​តែង​តែ​ធ្វើ​ទស្សនកិច្ច​ជា​ប្រចាំ ​ហើយ​យើងជួប​ជាមួយ​ថ្នាក់​ដឹកនាំ​របស់​ប្រទេស​ដៃ​គូរ​របស់​យើង។ យើងពិភាក្សាស្វែងយល់​ពី​របៀប​ដែល​យើង​អាច​ធ្វើ​ការ​ងារ​ជាមួយ​គ្នា​បាន។

​វី​អូអេ​៖ ដំណើរទស្សន​កិច្ច​របស់​លោក​គឺ​ចំ​ពេល​ដែល​អាស៊ាន​កំពុង​តែ​ជជែក​ពិភាក្សា​អំពី​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង។ ​តើរដ្ឋាភិបាលអាមេរិក​មាន​គោល​ជំហរ​បែប​ណា​ទៅ​លើ​បញ្ហា​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង?

​ស្កុត​ ម៉ាស៊ែល៖ ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ពិត​ជា​រឿង​ដ៏​សំខាន់។ ហើយ​គោល​ជំហរ​របស់​យើង​គឺ​នៅ​តែ​ដដែល។ ​យើង​មិន​ប្រកាន់​គោល​ជំហរ​ថា​ ប្រទេស​ណា​មួយ​គួរ​តែ​មាន​អធិបតេយ្យភាព​លើ​ដែន​កោះ​ទាំង​នោះ​ទេ។​ នោះ​វា​មិន​មែន​ជា​ការ​សម្រេច​របស់​យើង​ទេ។ ​អ្វី​ដែល​យើង​និយាយ​ដដែលៗ​ គឺ​អ្វី​ដែលសំខាន់​គឺ​របៀប​នៃ​ការ​ដោះ​ស្រាយ​ជម្លោះ គឺ​តាម​សន្តិវិធី ដោយ​ប្រើ​យន្តការ​ការ​ទូត​និង​តាម​យន្តការ​ច្បាប់។ មិន​មែន​ដោយ​ការ​បង្ខិត​បង្ខំ​គំរាមកំហែងខាង​សេដ្ឋ​កិច្ច​នោះ​ទេ​។​ ដូចនេះ យើង​ប្រកាន់​គោល​ជំហរ​ជាប់​លាប់​ គឺ​ដំបូង​ គឺ​គាំទ្រ​ឲ្យ​មាន​ការ​ចរចា​អំពី​ក្រម​ប្រតិបត្តិ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ​រវាងអាស៊ាន​ និង​ចិន​ ដែល​នឹងកំណត់​នូវ​ ច្បាប់​ទម្លាប់​នៃ​ការ​ប្រតិបត្តិ​មួយ​ចំនួន។ ហើយ​យើង​ក៏​អំពាវ​នាវ​ឲ្យ​ភាគី​ជម្លោះនិមួយៗ​ចៀស​វាង​នូវ​សកម្ម​ភាព​ដែលបង្កើន​ភាព​តាន​តឹង​ ពីព្រោះ​វា​នឹង​ត្រូវ​ប្រើ​ប្រាស់​ពេល​វេលាមួយ​រយៈដើម្បី​ដោះស្រាយ​ទំនាស់​អធិបតេយ្យភាព ហើយ​វា​ពិត​ជា​សំខាន់​ណាស់​ដែល​ជម្លោះ​ត្រូវ​បាន​ដោះ​ស្រាយ​តាម​សន្តិវិធី​ដោយ​ភាគី​ម្ខាងៗចៀស​វាងឲ្យ​បាន​នូវ​ទង្វើ​ដែល​បង្ក​ភាព​តាន​តឹង។​

វី​អូ​អេ៖ វៀតណាម​ក៏​ជា​ប្រទេស​មួយនៅ​ក្នុង​ជម្លោះ​នេះ។ តើ​លោក​នឹង​ជជែក​ពិភាក្សា​ជាមួយ​ភាគី​ប្រទេស​វៀតណាម​អំពី​រឿង​នេះ​ដែរ​ឬ​ទេ​?

​ស្កុត​ ម៉ាស៊ែល​៖ ខ្ញុំ​មិន​ប្រាកដ​ទេ​ តែ​ប្រហែល​ជា​មាន។​ បាទ​ជា​រឿយៗ​ខ្ញុំ​តែ​ង​តែ​និយាយ​អំពី​រឿង​នេះ​ពេល​ខ្ញុំ​នៅ​ប្រទេស​វៀតណាម។ ​យើង​នឹង​បញ្ជាក់​ម្ដង​ទៀត​នូវ​គោល​ជំហរ​របស់​យើង​ និង​អ្វី​ដែល​យើង​គិត។ ខ្ញុំ​ច្បាស់​ថា​ប្រទេស​វៀតណាមនឹង​មាន​យោបល់ថា​តើ​ត្រូវ​សម្រួល​ភាព​តាន​តឹង​តឹង​ដោយ​វិធី​ណា។ ​យើង​ពិត​ជា​រីករាយ​នឹង​ស្ដាប់​នូវ​យោបល់​ទាំង​នោះ​ផង​ដែរ​។​

វី​អូ​អេ៖ តើ​លោក​យល់​ថា ​វត្តមាន​របស់​លោក​នៅ​ប្រទេស​វៀតណាម​នឹង​អាច​ជួយ​គំនិត​ដល់​រដ្ឋាភិបាល​វៀតណាម​ដោះ​ស្រាយ​ជម្លោះ​នេះ​ដែរ​ឬ​ទេ?

​ស្កត់ ​ម៉ាស៊ែល​៖ ខ្ញុំមិន​ចង់និយាយបំផ្លើស​អំពី​សារៈសំខាន់នៃ​ទស្សនកិច្ច​ខ្ញុំ​នោះ​ទេ។ ក៏ប៉ុន្តែ​យើង​មាន​ការ​សន្ទនា​ជា​ទៀត​ទាត់​មួយ​ជា​មួយ​នឹង​ភាគី​ប្រទេស​ដែល​ពាក់ព័ន្ធ​នឹង​ជម្លោះ​ គឺ ​វៀតណាម​ ចិន​ ហ្វីលីពីន​ ម៉ាឡេស៊ី ​និង​ព្រុយណេ។ យើង​មាន​ការ​សន្ទនា​ទៀង​ទាត់​ជា​មួយ​ភាគី​ទាំង​អស់​ហើយ​យើង​បាន​ផ្លាស់​ប្ដូរ​យោបល់​អំពី​វិធីសាស្ត្រ​ដែល​ប្រហែល​ជា​អាច​កាត់​បន្ថយ​ភាព​តាន​តឹង​បាន។​ ប៉ុន្តែចំណាប់​អារម្មណ៍​សំខាន់​របស់​យើង​គឺ​ថា ​ពិភពលោក​ទាំង​មូល​មាន​ផលប្រយោជន៍​ចំពោះ​សន្តិភាពក្នុង​ដែន​សមុទ្រ​ចិន​ខាងត្បូង​ ហើយ​ចង់​ឃើញ​ការ​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ​ធ្វើ​ឡើង​ដោយ​សន្តិវិធី និង​មានលក្ខណៈ​ការ​ទូត។ ​ដូចនេះ​យើង​នឹង​បន្ត​នាំ​សារ​នេះ​ទៅ​គ្រប់​រដ្ឋធានី​និង​រាជធានី​ដែល​ពាក់ព័ន្ធ។

វីអូអេ៖ មុន​នឹង​បញ្ចប់​ការ​សន្ទនា​របស់​យើង តើ​លោក​អាច​សង្ខេប​បាន​ទេ​អំពី​គោល​នយោបាយ​របស់​រដ្ឋាភិបាលសហរដ្ឋ​អាមេរិក​ចំពោះតំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ពិសេស​នោះ​គឺ​អាស៊ាន?

ស្កត់​ ម៉ាស៊ែល​៖ ​ពិត​ណាស់ ​គឺ​ដូច​តាម​សេចក្ដី​ប្រកាស​របស់​លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ តាំង​ពី​ពីរ​បី​ឆ្នាំ​មុន គោយនយោបាយ​ជា​មូលដ្ឋាន​របស់​យើង​នោះ​គឺ​យើង​កំពុង​តែ​អនុវត្តការ​ធ្វើ​ឲ្យ​មាន​តុល្យ​ភាព​សារ​ជា​ថ្មី (Rebalance)។ ​វា​គឺ​ជា​ការ​ប្ដេជ្ញា​យ៉ាង​មុតមាំ​របស់​លោក​ប្រធានាធិបតី​និង​រដ្ឋាភិបាល​របស់​យើង​ នៅ​ក្នុង​ការ​ចូល​រួម​ និង​ចូល​រួម​យ៉ាង​សកម្ម​ ជា​ដៃ​គូ​ដ៏​ល្អ​ទាំង​នៅ​ក្នុង​តំបន់ ​ដើម្បី​កសាង​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​នឹង​ប្រទេស​ក្នុង​តំបន់ ​ហើយ​ថែម​ទាំង​ធ្វើ​ការ​ជា​មួយ​ស្ថាប័ន​នានា​ដូច​ជាអាស៊ាន​ កិច្ច​ប្រជុំ​កំពូល​អាស៊ី​បូព៌ា​ (East Asia Summit) ជាដើម។ ​ដូច​ខ្ញុំ​បាន​និយាយ​ហើយ​ គឺ​ធ្វើ​ជា​ដៃគូ​ដ៏​ល្អ ​ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះ​នានា​នៅ​ក្នុង​តំបន់ ​កសាង​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាង​មុន​កសាង​មិត្តភាព​ប្រសើរ​ជាង​មុន​ជាមួយ​ប្រជាជាតិ​អាស៊ី។ ​ហេតុ​នេះ​ហើយ​បាន​ជា​យើង​នៅ​ទីនេះ។

វី​អូ​អេ៖ ខ្ញុំ​ចង់​ត្រ​ឡប់​មក​សួរអំពី​ឱកាស​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក​ និង​កម្ពុជា​វិញ។ វិនិយោគិន​វៀតណាម​ និង​ជា​ពិសេស​ចិន​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ចម្បង​នៅ​កម្ពុជា។ តើ​លោក​យល់​ថា​ សហរដ្ឋ​អាមេរិក​អាច​នឹង​មើល​ឃើញ​កម្ពុជា​ថា​អាច​ជាទីផ្សារ​វិនិយោគទុន​ដ៏​ល្អ​មួយដែរ​ឬ​ទេ?

ស្កត់​ ម៉ាស៊ែល៖ ​តាម​ប្រព័ន្ធ​អាមេរិកាំង​របស់​យើង​ដំណើរការ​នោះ​គឺ​ រដ្ឋាភិបាលមិន​ធ្វើ​វិនិយោគ​ទុន​ទេ។​ យើង​មិន​មាន​ក្រុម​ហ៊ុន​របស់​រដ្ឋ​ទេ​ វា​អាស្រ័យ​ទៅ​លើ​វិស័យ​ឯកជន​ទាំងស្រុង។ ​ឯ​វិស័យ​ឯកជន​គេ​នឹង​ទៅ​ដល់​គ្រប់​ទី​កន្លែង​ដែល​គេ​មើល​ឃើញ​ឱកាស​ដ៏​ល្អ​បំផុត។ ដូច​នេះ​ ប្រសិន​ណា​បើ​កម្ពុជាមាន​ស្ថាន​ភាព​ពាណិជ្ជកម្មដ៏​អំណោយ​ផល​នោះ​ វិនិយោគិននឹង​មក។ ​តួនាទី​របស់​យើង​ដែល​ជា​រដ្ឋាភិបាល​គឺ​គ្រាន់​តែ​សម្របសម្រួលនឹង​ជំរុញ​ក្រុមពាណិជ្ជកម្ម​របស់​យើង​ឲ្យ​មក​វិនិយោគ​ ហើយ​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ពាណិជ្ជកម្ម​របស់​កម្ពុជា​ និង​ប្រទេស​ដទៃ​ទៀត។ ប៉ុន្តែ​ វា​ពិត​ណាស់គឺ​មាន​តែ​ក្រុមហ៊ុន​ឯកជន​ខ្លួន​ឯង​នោះ​ទេ​ដែល​ជា​អ្នក​សម្រេច​ទៅ​លើ​ការ​វិនិយោគ​ ហើយ​យើង​រីក​រាយ​នឹង​ចង់​ឃើញ​ពួក​គេ​មក​កម្ពុជា​កាន់តែ​ច្រើន​ឡើង។

​វី​អូ​អេ៖​ ​យើង​បាន​មើល​ឃើញ​ថា​ នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ​រួម​ទាំង​នៅ​កម្ពុជា​ផង​វត្តមាន​របស់​ប្រទេស​ចិនដែល​យើង​អាច​និយាយ​បាន​ថា​ វត្តមាន​នៃ​អំណាច​យោធា​យ៉ាង​ខ្លាំង។ ​តើ​អ្វី​ជា​គោល​ជំហរ​របស់​សហរដ្ឋ​អាមេរិក​ ទាក់ទង​ទៅ​នឹង​ឥទ្ធិពល​របស់​ចិន​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ព្រម​ទាំង​នៅ​កម្ពុជា​?

ស្កត់​ ម៉ាស៊ែល៖​ យើង​គិត​ថា​ ​ការ​ងើប​ឡើ​ង​របស់​ប្រទេស​ចិន​ ដែល​យើង​និយាយ​សំដៅ​ទៅ​លើ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​គឺ​ជា​រឿង​ដ៏​ល្អ​មួយ។​ វា​គឺ​ជា​រឿង​ល្អ​សម្រាប់​ប្រជាជន​ចិន។​ វា​ក៏​ជា​រឿង​ល្អ​សម្រាប់​ពិភពលោក​ទាំងមូល​ នៅ​ពេល​មាន​កំណើនសេដ្ឋកិច្ច ​និង​ឱកាស​សេដ្ឋកិច្ច​កាន់​តែ​ច្រើន។​ យើង​មិនគិត​ថា​ យើង​ជា​គូ​ប្រជែង​ជាមួយ​ប្រទេស​ចិន​នោះ​ទេ។ ​យើង​ចង់​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រទេស​ទាំង​អស់​នៅ​ក្នុង​តំបន់​ រួមទាំង​ប្រទេស​ចិន​ផង​ដែរ។ ​យើង​ក៏​រំពឹង​ផង​ដែរ​ថា​ប្រទេស​នៅ​ក្នុង​តំបន់​ទាំង​អស់​ ក៏​ចង់​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​ប្រទេស​ចិន​ដែរ។ ​ដូច្នេះ​យើង​មិន​គិត​ថា ​ប្រទេស​ទាំង​នោះ​ គួរ​តែ​ត្រូវ​ជ្រើសរើស​រវាង​សហរដ្ឋ​អាមេរិក ​និង​ប្រទេស​ចិន​នោះ​ទេ។​ គឺ​គួរ​តែ​អាច​មានទំនាក់​ទំនង​ល្អ​ជាមួយ​ប្រទេស​ទាំង​ពីរ។​ សហរដ្ឋ​អាមេរិក​ខ្លួន​ឯង​ក៏​កំពុង​តែ​ធ្វើ​ការដើម្បី​ឲ្យ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រទេស​ចិន​ដែរ។​ យើង​មិន​ផ្ដោត​អារម្មណ៍ ទៅ​លើ​អ្វី​ដែលប្រទេស​ចិន​កំពុង​តែ​ធ្វើ​នោះ​ទេ​ ប៉ុន្តែ​យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​កិច្ចការ​អ្វី​ដើម្បី​ក្លាយ​ជា​ដៃ​គូ​ដ៏​ល្អ​នៅ​ក្នុង​តំបន់​។

វី​អូ​អេ៖​ ​សូម្បី​តែ​គោល​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជារវាង​សហរដ្ឋអាមេរិក​ និង​ប្រទេស​ចិន​ផង​ដែរមែន​ទេ?​

ស្កក់​ ម៉ាស៊ែល៖ យើង​មិន​ចាប់​អារម្មណ៍​អ្វី​ដែល​ប្រទេស​ចិន​កំពុង​តែ​ធ្វើ​នៅ​ទីនេះ​នោះ​ទេ។ ​យើង​ចាប់​អារម្មណ៍​តែ​ទៅ​លើ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ និង​របៀប​ដែល​យើង​អាច​បង្កើន​ទំនាក់​ទំនង​ជាមួយ​នឹង​ប្រជាជន​និង​ប្រទេស​កម្ពុជាដើម្បី​មាន​ទំនាក់​ទំនង​កាន់តែ​ជិតស្និទ្ធ​ជាមួយ​គ្នា។ ​យើង​មិន​មាន​ការ​ព្រួយបារម្ភ​ចំពោះ​ អ្វី​ដែល​ប្រទេស​ចិន​កំពុង​តែ​ធ្វើ​នោះ​ទេ។ ​វា​គឺ​ជា​រឿង​របស់​ប្រទេស​កម្ពុជានិង​ប្រទេស​ចិន។

វី​អូ​អេ​៖​ សំណួរ​ចុង​ក្រោយ​របស់​ខ្ញុំ​គឺ​ទាក់ទង​ទៅ​នឹង​បញ្ហា​ទន្លេ​មេគង្គ។​ ដោយសារ​តែ​បញ្ហ​ទន្លេ​មេគង្គ​គឺ​ជា​បញ្ហា​ដ៏​ចម្រូងចម្រាស​មួយ​ជាពិសេស​គឺ​ទំនប់​ទន្លេ​មេគង្គ​។​ តើ​គោល​ជំហរ​ចុង​ក្រោយ​របស់​រដ្ឋាភិបាល​អាមេរិកយ៉ាង​ណា​ដែរ?​

ស្កត់​ ម៉ាស៊ែល៖ ខ្ញុំ​រីករាយ​ខ្លាំង​ណាស់​ដែល​លោក​បាន​លើក​រឿង​នេះ​ឡើង។​ វា​គឺ​ជា​រឿង​ដ៏​សំខាន់​មួយ​សម្រាប់​តំបន់​និង​ជា​អ្វី​ដែល​លោករដ្ឋមន្ត្រី​ Kerry ហើយ​និង​អ្នក​ដទៃៗ​ទៀត​មាន​ចំណាប់​អារម្មណ៍។ ​ខ្ញុំ​គិត​ថា​អ្វី​ដែល​យើង​សង្ឃឹម​គឺ​ថា​ នឹង​មាន​ការ​ពិភាក្សា​បន្ថែម​ទៀត​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​នៅ​ក្នុង​តំបន់​ និង​ប្រទេស​ដទៃ​ទៀត​អំពី​របៀប​បង្កើន​ការ​អភិវឌ្ឍ​ ក្នុង​របៀប​មួយ​ដែល​ប្រកប​ដោយ​ចីរភាព។ ​គឺ​ដើម្បី​ឲ្យការ​អភិវឌ្ឍ​នោះ​មិន​បង្ក​ការ​ប៉ះពាល់ធ្ងន់ធ្ងរ​ទៅ​ដល់​ទន្លេ​មេគង្គ​ ពីព្រោះ​វា​មិនមែន​គ្រាន់​តែ​ជា​បញ្ហា​បរិស្ថាន​នោះ​ទេ​ ​ប៉ុន្តែ​វា​ក៏​អាច​ប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​ស្បៀងអាហារហើយ​និង​រឿង​ជា​ច្រើន​ទៀត។ ​ដូច្នេះ​យើង​គិត​ថា​ វា​ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​ប្រទេស​នៅ​ក្នុង​តំបន់​ សហរដ្ឋ​អាមេរិកនិង​ប្រទេស​ដ​ទៃ​ទៀត​ដើម្បី​ពិភាក្សា​គ្នាង​និង​ធ្វើ​ការ​ជាមួយ​គ្នា​ហើយ​នឹង​រង់ចាំ​មើល​នូវ​គំនិត​ល្អៗ​ដែល​យើង​មាន​ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ដែល​អាច​អភិរក្ស​ទន្លេ​មេគង្គ​ដ៏មាន​សារៈសំខាន់​មួយ​នេះ៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG