ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការរាំង​ស្ងួត​នៅ​ក្នុង​ទ្វីប​អាស៊ីអគ្នេយ៍​កំពុង​គំរាម​កំហែង​ការផលិត​អង្ករ​ក្នុង​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ​


កសិករថៃកំពុងដាំដុះ នៅលើដីចំការក្នុងខេត្ត ឧត្តនថានី ប្រទេសថៃ។
កសិករថៃកំពុងដាំដុះ នៅលើដីចំការក្នុងខេត្ត ឧត្តនថានី ប្រទេសថៃ។

ការរាំង​ស្ងួត​នៅ​ក្នុង​ទ្វីប​អាស៊ី​អគ្នេយ៍​កំពុង​គំរាម​កំហែង​ការផលិត​អង្ករ ​ក្នុង​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ​ ដែល​ជា​ប្រទេស​ដឹកជញ្ជូន​អង្ករ​ច្រើន​ជាង​គេ​ទៅ​លក់​ឯ​ប្រទេស​ក្រៅ​ក្នុងពិភពលោក។​ កង្វល់​អំពី​ការ​ផលិត​មាន​ទ្បើង​ នៅ​ពេល​ដែល​តម្លៃ​អង្ករ​បាន​ចុះ​ដល់​កំរិត​ទាប​ក្នុង​រយៈពេល​ពីរឆ្នាំ​ នាំ​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​ប្រាក់​ចំណូល​របស់​ក្រុមកសិករ។​ ក៏ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ ក៏​ពួក​អ្នក​ជំនាញការ​ខាង​ផ្សារ​និយាយ​ថា​ តម្លៃ​អង្ករ​ក្នុង​តំបន់​គួរ​រើប​ទ្បើង​វិញ​នៅ​ពេល​ដែល​ការផ្គត់ផ្គង់​អង្ករ ​រលោះ​បន្តិចម្តងៗ​ ហើយ​ការផលិត​អង្ករ​នៅ​ក្នុង​ទ្វីប​អាស៊ី​ទាំងមូល​កំពុង​កើន​ច្រើន​ទ្បើងៗ។

ការ​ខ្វះ​ភ្លៀង​ក្នុង​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ​ បាន​កាត់បន្ថយ​ដំណាំ​ស្រូវ​៤០​ភាគរយ។​ ជា​ធម្មតា​ ពួក​កសិករ​ច្រូត​កាត់​ស្រូវ​ម្តង​ក្នុង​ខែ​សីហា ​ហើយ​ច្រូត​កាត់​ដំណាំ​ស្រូវ​សំខាន់​ក្នុងខែ​តុលា​ម្តង​ទៀត។

នៅក្នុង​ប្រទេស​ថៃ​ រដ្ឋាភិបាល​ខ្វល់ខ្វាយ​ថា​ ការ​បញ្ចូល​ទឹក​ក្នុង​ស្រែ​នឹង​ធ្វើ​ឱ្យ​អស់​ទឹក​ច្រើន​ពី​ការ​ផ្គត់ផ្គង់​ ទឹក​ដែល​មាន​តិច​រួច​ស្រេច​ទៅ​ហើយ។

លោក ស៊ុប៉ាវុធ​ សៃឈួ​ (Supavud​ Saicheua) ជា​នាយក​ផ្នែក​ចាត់ចែង​កិច្ចការ​ និង​ជា​ប្រធាន​ខាង​ស្រាវជ្រាវ​នៅ​ឯ​ក្រុមហ៊ុន​ប័ណ្ណ​ភាគហ៊ុន Phatra។

“រដ្ឋាភិបាល ​បាន​សុំ​រួចស្រេច​ហើយ​ដល់​ក្រុម​កសិករ​ឱ្យ​ពន្យាពេល​ការដាំ​ដំណាំ​ស្រូវសំខាន់។​ ​ហើយ​ការណ៍​នេះ​មាន​ន័យ​ថា​ ការផលិត​ស្រូវ​ ការច្រូតកាត់​ស្រូវ​ និង​ប្រមូលផ្តុំ​ធ្វើ​ក្នុង​ខែ​វិច្ឆិកា។ ​នៅ​ពេល​នេះ​ ​ប្រសិន​បើ​មាន​ការ​យល់ឃើញ​ជា​សាកល​ថា ​មាន​អង្ករ​ច្រើន​ ហើយ​តម្លៃ​អង្ករ​ចុះ​ថោក​ថែមទៀត​ នោះ​ក្រុម​កសិករ​ថៃ​នឹង​ទទួល​ផលវិបាក​ ទាំង​ខាង​តម្លៃ​និង​ទាំង​ខាង​ចំនួន"។

លោក ស៊ុប៉ាវុធ (Supavud) និយាយ​ថា​ នៅ​ពេល​ដែល​សេដ្ឋកិច្ច​ទាំងមូល​នៃ​ប្រទេស​ថៃ​បាន​រើប​ចេញ​ពី​វិបត្តិហិរញ្ញវត្ថុ​សាកល​ និង​ចលាចល​នយោបាយ​កាល​ពី​ពេលថ្មីៗនេះ​ វិស័យ​កសិកម្ម​នៅ​តែ​មាន​ការ​ឈឺចាប់។

កាលពី​ខែ​ឧសភា​ តម្លៃ​អង្ករ​ក្នុង​ប្រទេស​ថៃ ​ដែល​ប្រើ​ជា​ខ្នាត​គម្រូ​សម្រាប់​ទ្វីប​អាស៊ី​ បាន​ចុះ​ដល់​កម្រិត​ទាប​ក្នុង​រយៈពេល​ពីរឆ្នាំ​ ក្រោយ​ពី​មាន​ការ​ចុះថយ​សេចក្តី​ត្រូវការ​ដឹក​ជញ្ជូន​ទៅ​លក់​ឯ​ប្រទេស​ក្រៅ។

កាល​ពី​ខែ​ឧសភា​ដែរ អាជ្ញាធរ​ថៃ​បាន​សម្រប​សម្រួល​ការ​ផ្តល់​ប្រាក់​ជំនួយ​ដើម្បី​ធានារ៉ាប់រង​តម្លៃ​អង្ករ​សម្រាប់​ក្រុម​កសិករ។

ក៏ប៉ុន្តែ​ លោក ឆាន់​ឆៃ រ៉ាក់ថា ណានុន (Chanchai ​Rakthananon) ប្រធាន​សមាគម​រោង​កិនស្រូវ​នៃ​ប្រទេស​ថៃ​ និយាយ​ថា ជំនួយ​នេះ​មិន​គ្រប់គ្រាន់​ទេ។

លោក ឆាន់​ឆៃ (Chanchai) និយាយ​ថា​ នៅ​ពេល​នេះ​តម្លៃ​អង្ករ​ដែល​បាន​ត្រូវ​ធានារ៉ាប់រង​មាន​ភាព​គ្រប់​គ្រាន់​ សម្រាប់​បំពេញ​សោហ៊ុយ​របស់​ពួក​កសិករ​ ពីព្រោះ​ពួកគេ​បាន​ទទួល​ផល​តិច​ដោយសារ​មាន​ការ​រាំង​ស្ងួត។​ ដូច្នេះ​ ការណ៍​នេះ​មាន​ផល​ប៉ះពាល់​ដល់​ប្រាក់​ចំណូល​របស់​ពួកគេ។ ​លោក​ថ្លែង​ថា​ក្រុមកសិករ​មិន​បាន​ប្រាក់​ចំណេញ​អ្វីទេ។

ពួក​អ្នក​ធ្វើ​វិភាគ​ខាង​ផ្សារ​ផលិតផល​កសិកម្ម​និយាយ​ថា​ អង្ករ​គួរ​ទ្បើង​ថ្លៃ​ពីព្រោះ​ទីផ្សារ​បាន​ទទួល​ផល​ពី​ការរាំងស្ងួត។

លោក​ ឆានឆៃ​ ពោល​ថា​ ក្រុមកសិករ​បាន​ដាំ​ពោត​និង​អំពៅ​ដើម្បី​កាត់បន្ថយ​ការ​ខាតបង់​របស់​ពួកគេ​ដោយសារ​ដំណាំ​ស្រូវ​បាន​ផល​តិច​ពេក។

លោក ​និយាយ​ថា​ គេ​ត្រូវការ​ពេល​វេលា​មួយ​ឆ្នាំ​ឬ​ពីរ​ឆ្នាំ​ដើម្បី​ដាំស្រូវ​ជាថ្មី​ ទ្បើងវិញ​នៅ​ពេល​ណា​ដែល​អង្ករ​ទ្បើងថ្លៃ ​ក៏ប៉ុន្តែ​ស្តុក​របស់​រដ្ឋាភិបាល​អាច​បំពេញ​ការខ្វះខាត​ផលិតផល​បាន។

ក៏ប៉ុន្តែទោះជា​យ៉ាងណា​ក៏ដោយ​ ក៏​គេ​រំពឹង​ថា​ ការ​ដឹកជញ្ជូន​អង្ករ​របស់​ប្រទេសថៃ​ទៅ​លក់​ឯ​ប្រទេស​ក្រៅ ​ដែល​មាន​ប្រមាណ​១ភាគ៣​នៃ​ការបញ្ជូន​អង្ករ​ទៅ​លក់​ឯ​ប្រទេស​ក្រៅ​របស់ពិភពលោក​ទាំងមូល​ នឹង​ចុះថយ​រហូត​ដល់​១​លាន​តោន​ក្នុង​ឆ្នាំ​នេះ​ ដែល​នាំ​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​ពួក​ប្រទេស​អ្នក​នាំ​អង្ករ​ចូល។

លោក រិក្ស អែស្តូប៉េរេ (Rex​ Estoperez) ជា​អ្នក​នាំពាក្យ​ម្នាក់​របស់​អាជ្ញាធរ​ម្ហូប​អាហារ​ជាតិ​នៃ​ប្រទេស Philippines ដែល​ជា​ប្រទេស​នាំ​អង្ករ​ចូល​ច្រើន​ជាង​គេ​នៃ​ទ្វីបអាស៊ី។

“ជា​ការ​ច្បាស់លាស់​ការណ៍​នេះ ​នឹង​មាន​ផល​ប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​អង្ករ​ដល់​ប្រទេស ហ្វីលីពីន (Philippines)។​ ក៏ប៉ុន្តែ​ ប្រទេសថៃ​ជា​ប្រទេស​មួយ​ក្នុង​បណ្តា​ពួក​ប្រទេស​ដែល​លក់​អង្ករ​ឱ្យ​ប្រទេស ហ្វីលីពីន។ ​ហើយ​កាល​ពី​ឆ្នាំទៅ​មិញ ​យើង​បាន​ស្នើ​តម្លៃ​ទិញ​អង្ករ​សម្រាប់​ដេញថ្លៃ​កាល​ពី​ខែធ្នូ ​ហើយ​ប្រទេសវៀតណាម​ជា​ប្រទេស​ដែល​លក់​អង្ករ​ច្រើន​ជាងគេ​មក​ឱ្យ​យើង"។

លោក អែស្តូប៉េរេ និយាយ​ថា​ ប្រទេស ហ្វីលីពីន ទិញអង្ករ​ពី​ប្រទេស​៦​ ហើយ​ដរាបណា​គ្មាន​វិបត្តិភ័យ​ធំៗ​ខាង​ធាតុអាកាស​ទេ ​ប្រទេស​ទាំងនេះ​មិន​គួរ​មាន​បញ្ហា​ក្នុង​ការ​មាន​អង្ករ​គ្រប់គ្រាន់​នៅឆ្នាំ​នេះ​ទេ។

កាលពី​ឆ្នាំ​២០០៨​ ធាតុអាកាស​មិនល្អ​និង​ស្តុក​អង្ករ​មាន​តិច​ បាន​នាំ​ឱ្យ​អង្ករ​ទ្បើង​ថ្លៃ​ដល់​ជាង​១​ពាន់​ដុល្លារ​ក្នុង​មួយ​តោន។ ​ពួកប្រទេស​ដឹក​ជញ្ជូន​អង្ករ​ទៅ​លក់​ឯ​ប្រទេស​ក្រៅ​បាន​រឹតត្បឹត​ការ​លក់អង្ករ​ទៅ​ក្រៅ​ប្រទេស។

លោកស្រី ខន់ ​សេបស្យិន ខាលប៉េ (Concepcion ​Calpe) ជា​អ្នកសេដ្ឋសាស្ត្រ​ជាន់ខ្ពស់​ម្នាក់​នៅ​ឯ​អង្គការ​ម្ហូបអាហារ​និង​កសិកម្ម​របស់​អ.ស.ប.។ ​ លោកស្រី​និយាយ​ថា​ ទោះ​ណា​ជា​ការរាំងស្ងួត​បាន​បន្ទាប​ផលិតផល​ស្រូវ​នៃ​ប្រទេស​កម្ពុជា​ប្រមាណ​ ១០​ភាគរយ​ និង​ផលិតផល​របស់​ប្រទេស​ថៃ​ប្រមាណ​៦​ភាគរយ​ក៏ដោយ​ ក៏​ផលិតផល​ស្រូវ​សរុប​នៅ​ទូទាំង​ទ្វីប​អាស៊ី​នឹង​ល្អប្រសើរ​ជាង​កាល​ពី​ ឆ្នាំ​២០០៩។

“ទោះ​ណា​ជា​ប្រទេស​ឥណ្ឌូណេស៊ី​មាន​ការ​ចាប់ផ្តើម​មិនល្អ​ ហើយ​មាន​ផល​ប៉ះពាល់​ដោយសារ​ការ​រាំងស្ងួត​ក៏ដោយ​ ក៏​ប្រទេស​នេះ​នឹង​មាន​កំណើន​ផលិតផល​ស្រូវ។​ យើង​ដឹង​ជា​មុន​ថា ​ប្រទេស​ឥណ្ឌា​នឹង​មាន​ការ​រើប​ទ្បើង​វិញ​យ៉ាង​ខ្លាំងណាស់​ ពី​ឆ្នាំ​ទៅ​មិញ​ ពីព្រោះ​ប្រទេស​នេះ​មាន​ផល​ប៉ះពាល់​ដោយសារ​ខ្យល់​មូសុង​មិន​ទៀង​ទាត់។​ យើង​ឃើញ​ប្រទេស​ចិន​នឹង​បង្កើន​ផលិតផល​ស្រូវ​របស់​ខ្លួន​យ៉ាងច្រើន​ ហើយ​ប្រទេស Bangladesh ក៏​ធ្វើ​ដូច្នេះ​ដែរ។​ ដូច្នេះ​ រហូត​មក​ដល់​ពេល​នេះ​ យើង​ឃើញ​ថា​ពួក​ប្រទេស​ដាំ​ស្រូវ​ច្រើន​នឹង​បាន​ផលិតផល​ច្រើន​ជាង​មុន​ក្នុង ​ឆ្នាំ​២០១០"។

លោកស្រី ខាលប៉េ មានប្រសាសន៍​ថា ​ជា​មួយ​កំណើន​ផលិតផល​ស្រូវ​និង​មាន​អង្ករ​យ៉ាង​ច្រើន​នៅ​ក្នុង​ស្តុកបំរុង​ របស់​រដ្ឋាភិបាល​ មាន​ការ​ប្រថុយប្រថាន​តិចតួច​អំពី​កង្វះខាត​ម្ហូបអាហារ​ឬ​អំពី​ការ​ទ្បើងថ្លៃ​អង្ករ។

ក៏ប៉ុន្តែ លោកស្រី​បាន​និយាយ​ថា​ ការរាំងស្ងួត​ក្នុង​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ​ អាច​បណ្តាល​ឱ្យ​មាន​ការលំបាក​ច្រើន​ជាង​មុន​សម្រាប់​ផលិតករ​តូចតាច​ ហើយ​ថា​ក្រុម​កសិករ​ដាំ​ស្រូវ​គួរ​ដាំ​ដំណាំ​ផ្សេងៗ​ទៀត​ដែរ​ ដើម្បី​កុំ​ឱ្យ​ពួកគេ​ពឹងពាក់​លើ​ផលិតផល​តែ​មួយ៕

ប្រែ​សម្រួល​ដោយ​ ឈឹម សុមេធ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG