របាយការណ៍ថ្មីមួយរបស់អង្គការសហប្រជាជាតិព្រមានថា កំណើននៃការនាំចេញនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អាចធ្លាក់ចុះពាក់កណ្តាលក្នុងឆ្នាំនេះ ដោយសារតែកំណើនយឺតៗនៅទ្វីបអឺរ៉ុប ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក។
ប្រធានគណៈកម្មការសេដ្ឋកិច្ចនិងសង្គមកិច្ចក្នុងតំបន់របស់អង្គការសហប្រជាជាតិ ក៏មានប្រសាសន៍ដែរថា ខណៈដែលការប្រមើលមើលទៅអនាគតនៃសេដ្ឋកិច្ចជារួម នៅមានលក្ខណៈវិជ្ជមាននៅឡើយ ភាពមិនប្រាកដប្រជាអំពីលទ្ធភាពរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការបង្កើនកម្រិតអតិបរមានៃប្រាក់បំណុលរបស់ខ្លួន បានធ្វើឲ្យបាត់បង់នូវការជឿទុកចិត្ត។
គណៈកម្មការសេដ្ឋកិច្ចរបស់អង្គការសហប្រជាជាតិសម្រាប់តំបន់អាស៊ីនិងប៉ាស៊ីហ្វិក ឬហៅកាត់ជាភាសាអង់គ្លេសថា UNESCAP ឲ្យដឹងថា ការរក្សាឲ្យមានកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ នៅតែជាបញ្ហាប្រឈមមួយ បន្ទាប់ពីមានវិបត្តិសេដ្ឋកិច្ចសកលលោករួចមក។
វិស័យនាំចេញរបស់អាស៊ីពឹងផ្អែកយ៉ាងខ្លាំងទៅលើតម្រូវការពីអឺរ៉ុប សហរដ្ឋអាមេរិក និងជប៉ុន។ ប៉ុន្តែកំណើនយឺតៗនៅតាមបណ្តាប្រទេសទាំងនោះមានន័យថា ទីផ្សាររួញនៅតូចជាងមុនសម្រាប់ទំនិញរបស់អាស៊ី។
នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយនៅថ្ងៃចន្ទនេះ អង្គការសហប្រជាជាតិបានឲ្យដឹងថា ប្រទេសមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍នៅតំបន់អាស៊ីនិងប៉ាស៊ីហ្វិក អាចមើលឃើញកំណើននៃការនាំចេញធ្លាក់ចុះជិតពាក់កណ្តាល ទៅដល់៩ភាគរយក្នុងឆ្នាំ២០១១ ពីជាង១៧ភាគរយកាលពីឆ្នាំមុន។ កាលពីឆ្នាំ២០០៩ ដែលជាស្ថានភាពធ្ងន់ធ្ងរបំផុតនៃវិបត្តិសេដ្ឋកិច្ច ការនាំចេញរបស់អាស៊ី បានធ្លាក់ចុះចំនួន៨ភាគរយ។
ខណៈដែលតំបន់នេះនៅអាចទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសបាន ៧៥ភាគរយនៃប្រាក់ទាំងនោះបានទៅប្រទេសមានសេដ្ឋកិច្ចលូតលាស់ចំនួន៥តែប៉ុណ្ណោះ គឺ ចិន ហុងកុង ឥណ្ឌា សហព័ន្ធរុស្សី និងសឹង្ហបូរី។
លោកស្រី ណូលីន ហេហ្សឺរ៍ (Noeleen Heyzer) លេខាធិការប្រតិបត្តិនៃ UNESCAP ថ្លែងថាការងើបឡើងវិញខាងពាណិជ្ជកម្មត្រូវបានជំរុញជាទូទៅតាមរយៈការលក់នៅក្នុងទ្វីបអាស៊ី។
«អ្វីដែលរបាយការណ៍នេះបានឲ្យដឹងនោះគឺថា ពាណិជ្ជកម្មនាំចេញបានត្រឡប់ទៅរកកម្រិតមុនពេលមានវិបត្តិវិញហើយ។ ប៉ុន្តែភាគច្រើន កម្រិតនោះបានមក ដោយសារពាណិជ្ជកម្មក្នុងតំបន់។ តាមពិត ពាណិជ្ជកម្មក្នុងតំបន់បានកើនឡើង ដែលមានចំនួនប្រហែល៥១ភាគរយនៃពាណិជ្ជកម្មទាំងអស់នៅតំបន់អាស៊ីប៉ាស៊ីហ្វិក។
របាយការណ៍ក៏បានបញ្ជាក់ទៀតថា បន្តិចម្តងៗ ប្រទេសមានសេដ្ឋកិច្ចលូតលាស់ជាច្រើននៅក្នុងតំបន់នោះកំពុងពឹងផ្អែកតិចជាងមុនទៅលើវត្ថុនាំចេញ។ ជាជំនួសវិញ ប្រទេសទាំងនោះស្វែងរកកំណើន ពីតំបន់ទីក្រុងដែលកំពុងរីកលូតលាស់ ជាពិសេសនៅប្រទេសចិននិងឥណ្ឌា ពីកំណើននៃប្រាក់ចំណូលក្នុងស្រុក ពីកំណើននៃទំនិញនាំចូលពីបណ្តាប្រទេសអាស៊ីដែលមានប្រាក់ចំណូលទាប និងពីការងាកទៅរកការវិនិយោគផ្ទាល់កាន់តែច្រើនជាងមុននៅក្នុងតំបន់៕
ប្រែសម្រួលដោយ លី សុខឃាង