ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កិច្ច​ប្រជុំ​រវាង​លោក ​អូបាម៉ា​ និង​មេដឹកនាំ​អាស៊ាន​ផ្ដោត​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង


លោក​ប្រធានា​ធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ថ្លែង​សុន្ទរកថា​បើក​កិច្ច​ប្រជុំ​កំពូល​ជាមួយ​នឹង​ប្រទេស​មក​ពី​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ទាំង​១០ (ហៅកាត់ថា អាស៊ាន) នៅ​ទីក្រុង Rancho Mirage រដ្ឋ​កាលីហ្វ័រញ៉ា កាល​ពី​ថ្ងៃទី១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ (Reuters/Kevin Lamarque)

លោក​ប្រធានាធិបតី​ អូបាម៉ា និង​មេដឹកនាំ​អាស៊ាន​បាន​បញ្ចប់​កិច្ចប្រជុំ​កំពូល​រយៈពេល​ពីរ​ថ្ងៃ ដោយ​មាន​ការ​ប្ដេជ្ញា​ចិត្ត​ថា ​នឹង​ធ្វើ​ការ​រួម​គ្នា​លើ​បញ្ហា​ជា​ច្រើន​ រួម​ទាំង​បញ្ហា​ជម្លោះ​ទឹកដី​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

សហរដ្ឋ​អាមេរិក​ និង​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (ហៅ​កាត់​ថា អាស៊ាន) និយាយ​ថា គេ​ត្រូវ​ចាត់​វិធានការ​ដើម្បី​បន្ធូរ​បន្ថយ​ភាព​តានតឹង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ ជម្លោះ​ដែនដី​ក្នុង​តំបន់​មួយ​នេះ​បាន​គ្រប​ដណ្ដប់​ការ​ពិភាក្សា​ទាំង​ឡាយ​នៅ​ក្នុង​អំឡុង​កិច្ច​ប្រជុំកំពូល​ជា​ប្រវត្តិសាស្ត្រ​មួយ​ ដែល​ត្រូវ​រៀបចំ​ឡើង​ដោយ​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា នៅ​ទី​រមណីយដ្ឋាន Sunnylands ឯ​ទីក្រុង Rancho Mirage រដ្ឋ​កាលីហ្វ័រញ៉ា។

លោក​ប្រធានាធិបតី​ អូបាម៉ា និង​មេដឹកនាំ​អាស៊ាន​បាន​បញ្ចប់​កិច្ចប្រជុំ​កំពូល​រយៈពេល​ពីរ​ថ្ងៃ ដោយ​មាន​ការ​ប្ដេជ្ញា​ចិត្ត​ថា ​នឹង​ធ្វើ​ការ​រួម​គ្នា​លើ​បញ្ហា​ជា​ច្រើន​ រួម​ទាំង​បញ្ហា​ជម្លោះ​ទឹកដី​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ដែល​នៅ​ទី​នោះ​ សហរដ្ឋ​អាមេរិក​បាន​បន្ទោស​ប្រទេស​ចិន​ចំពោះ​ការ​កើន​ឡើង​នៃ​ភាព​តាន​តឹង។

លោក​ប្រធានាធិបតី​ អូបាម៉ា​ បាន​ថ្លែង​ថា៖​«យើង​បាន​ពិភាក្សា​អំពី​តម្រូវការ​ឲ្យ​មាន​ជំហាន​ជាក់លាក់​ ដែល​អាច​សម្រេច​បាន​ជាក់ស្ដែង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ​ដើម្បី​បន្ថយ​ភាព​តានតឹង រួម​ទាំង​ការ​បញ្ឈប់​ការ​វាទទី​បន្ថែម ការ​ស្ថាបនា និង​ការ​ពង្រីក​សកម្មភាព​យោធា​នៅ​តំបន់​ដែល​មាន​ជម្លោះ។ សេរីភាព​នាវាចរណ៍​ត្រូវ​តែ​ប្រកាន់​ខ្ជាប់ ហើយ​ពាណិជ្ជកម្ម​ស្រប​ច្បាប់​មិន​គួរ​ត្រូវ​រារាំង​ទេ‍‍»។

ប្រទេសចិន​ថាតំបន់​ដែលផាត់ព៌ណ​នៃសមុទ្រចិន​ជាដែនរបស់ខ្លួន។
ប្រទេសចិន​ថាតំបន់​ដែលផាត់ព៌ណ​នៃសមុទ្រចិន​ជាដែនរបស់ខ្លួន។

លោក​ អូបាម៉ា បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា សហរដ្ឋ​អាមេរិក​នឹង​បន្ត​សមយុទ្ធ​អំពី​សេរីភាព​នាវាចរណ៍​នៅ​តំបន់​សមុទ្រ​នោះ និង​ជួយ​សម្ព័ន្ធមិត្ត​អាស៊ាន​ ឲ្យ​បង្កើន​សមត្ថភាព​ការពារ​ដែន​សមុទ្រ​របស់​ខ្លួន។ ក្រុម​ប្រទេស​ទាំង​នេះ​បាន​ផ្សាយ​គោលការណ៍​ជា​ច្រើន​ចំណុច ​ដែល​ពួក​គេ​ថា ​នឹង​ជួយ​តម្រែតម្រង់​ទិសដៅ​នៃ​សមាគម​អាស៊ាន​ទៅ​ថ្ងៃ​អនាគត។

ពួក​គេ​បាន​អំពាវនាវ​ឲ្យ​មាន​សហប្រតិបត្តិការ​ច្រើន​ជាង​មុន​ខាង​ពាណិជ្ជកម្ម​ និង​ជំនួញ ដោយ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អាមេរិកាំង​ចាប់​យក​ឱកាស​ពី​កំណើន​នៃ​សហគ្រិនភាព ​និង​គំនិត​ច្នៃ​ប្រឌិត​នៅ​ក្នុង​ប្រទេស​អាស៊ាន។

ពួក​គេ​បាន​យល់ស្រប​គ្នា​ចំពោះ​ភាព​ចាំ​បាច់​ក្នុង​ការ​ការពារ​កម្មសិទ្ធិ​ បញ្ហា​សេរីភាព​ចែករំលែក​ព័ត៌មាន និង​តម្លាភាព។

លោក​ អូបាម៉ា ​ក៏​បាន​សម្ដែង​ការ​គាំទ្រ​របស់​អាមេរិក​ចំពោះ​សង្គម​ស៊ីវិល។

«ខ្ញុំ​បាន​បញ្ជាក់​ច្បាស់​ថា សហរដ្ឋ​អាមេរិក​នឹង​បន្ត​គាំទ្រ​ដល់​អ្នក​គ្រប់គ្នា​នៅ​ទូទាំង​អាស៊ី​អាគ្នេយ៍ ដែល​ធ្វើ​កិច្ចការ​ដើម្បី​ពង្រឹង​នីតិរដ្ឋ អភិបាលកិច្ច​ល្អ ស្ថាប័ន​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ និង​សិទ្ធិមនុស្ស​ជា​សាកលរបស់​មនុស្ស​ទាំងអស់»។

គោល​នយោបាយ​របស់​លោក ​អូបាម៉ា ​ដើម្បី​ធ្វើ​ឲ្យ​មាន​តុល្យភាព​អំណាច​នៅ​តំបន់​អាស៊ី​ ដែល​គេ​ហៅ​ជា​ភាសា​អង់គ្លេស​ថា Rebalance អាស្រ័យ​ខ្លាំង​លើ​ជោគជ័យ​របស់​អាស៊ាន​ដែល​អាច​ក្លាយ​ខ្លួន​ជា​វេទិកា​កណ្ដាល​មួយ​ ដែល​រដ្ឋ​ជា​សមាជិក​អាច​ទាញ​យក​បាន​នូវ​ប្រយោជន៍​ជាតិ ​ដោយ​ស្របច្បាប់​ និង​សន្តិវិធី។

«នៅ​ពេល​ដែល​អាស៊ាន​ថ្លែង​ដោយ​សំឡេង​តែ​មួយ ​និង​ច្បាស់លាស់ អាស៊ាន​អាច​ជួយ​បង្កើន​សន្តិសុខ ឱកាស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស​ មិន​ត្រឹម​តែ​សម្រាប់​មនុស្ស​ទាំង​៦០០​លាន​នាក់​នៅ​ទូទាំង​អាស៊ាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សម្រាប់​មនុស្ស​នៅ​ទូទាំង​អាស៊ី​ប៉ាស៊ីហ្វិក​ និង​ទូទាំង​ពិភពលោក​ផង​ដែរ‍»។

លោក​ អូបាម៉ា ​គ្រោង​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​តំបន់នេះ​ចំនួន​២​ដង​ទៀត​ក្នុង​អំឡុង​ឆ្នាំ​ចុង​ក្រោយ​នៃ​អាណត្តិ​ប្រធានាធិបតី​របស់​លោក។

លោកប្រាថ្នា​ចង់​ផ្ញើ​សារ​ដល់​រដ្ឋាភិបាល​អាមេរិក​ក្រោយ​ទៀត​ថា ​សហរដ្ឋ​អាមេរិក​ត្រូវ​តែ​បន្ត​សកម្មភាព​ទំនាក់ទំនង​កម្រិត​មេដឹកនាំ​ ដើម្បី​ធានា​នូវ​អនាគត​សន្តិសុខ​ និង​វិបុលភាព​របស់​អាមេរិក៕

XS
SM
MD
LG