បណ្ដាមេដឹកនាំនៃប្រទេសជាសមាជិកអាស៊ាន (ASEAN) ចំនួន ៩ បានអំពាវនាវឱ្យមានការបញ្ចប់អំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ានៅថ្ងៃពុធនេះដែលជាថ្ងៃដំបូងនៃកិច្ចប្រជុំរយៈពេល ២ ថ្ងៃនៅក្នុងប្រទេសឥណ្ឌូណេស៊ី។
មេដឹកនាំទាំងនោះបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយពីក្រុង Labuan Bajo នៃកោះ Flores នៅភាគខាងត្បូងប្រទេសឥណ្ឌូណេស៊ីថា៖ «យើងមានក្ដីបារម្ភយ៉ាងខ្លាំងទាក់ទិននឹងអំពើហិង្សាជាបន្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបានជំរុញឱ្យមានការបញ្ឈប់ជាបន្ទាន់រាល់ទម្រង់ទាំងអស់នៃអំពើហិង្សានិងការប្រើកម្លាំង ដើម្បីបង្កើតឱ្យមានបរិយាកាសត្រឹមត្រូវសម្រាប់ការដឹកជញ្ជូនជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាពនិងទាន់ពេលវេលានិងការចរចាថ្នាក់ជាតិប្រកបដោយបរិយាបន្ន»។
ប្រទេសមីយ៉ាន់ម៉ាបានជាប់ផុងនៅក្នុងភាពចលាចលតាំងពីយោធាបានធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់អ្នកស្រី Aung San Suu Kyi កាលពីខែកុម្ភៈ ឆ្នាំ ២០២១ មក។
ភាពចលាចលនេះក៏បានវិវត្តទៅរកជម្លោះដ៏ប្រល័យនៅតាមជនបទរវាងយោធាមីយ៉ាន់ម៉ានិងក្រុមឧទ្ទាមជាតិសាសន៍ភាគតិចមួយចំនួនដែលបានប្រយុទ្ធអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយដើម្បីស្វ័យភាពប្រសើរជាងមុន។
កន្លងមក អាស៊ានបានចេញផែនការ ៥ ចំណុចក្នុងបំណងបញ្ចប់អំពើហិង្សានៅក្នុងកិច្ចព្រៀមព្រៀងមួយដែលបានសម្រេចបានជាមួយនឹងថ្នាក់ដឹកនាំយោធាមីយ៉ាន់ម៉ា។ ប៉ុន្តែ របបយោធាមីយ៉ាន់ម៉ាមិនទាន់បានអនុវត្តតាមផែនការនេះនៅឡើយទេ ដែលធ្វើឱ្យមានការរិះគន់អាស៊ានថាជាស្ថាប័នមិនបានការ។
ធម្មនុញ្ញអាស៊ានបានបង្កើតគោលការណ៍របស់សមាគមនេះទាក់ទិននឹងការឯកភាពគ្នានិងការមិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់សមាជិកខ្លួន។ ប៉ុន្តែកន្លងមក អាស៊ានបានរារាំងថ្នាក់ដឹកនាំមីយ៉ាន់ម៉ាមិនឱ្យចូលរួមក្នុងកិច្ចប្រជុំនានា ដោយសារតែយោធាមីយ៉ាន់ម៉ាបានបរាជ័យក្នុងការអនុវត្តតាមផែនការសន្តិភាព ៥ ចំណុចនោះ។
ថ្នាក់ដឹកនាំអាស៊ានក៏បានថ្កោលទោសផងដែរលើការវាយប្រហារកាលពីថ្ងៃអាទិត្យលើកងរថយន្តដឹកមន្ត្រីការទូតពីប្រទេសឥណ្ឌូណេស៊ីនិងប្រទេសសិង្ហបុរីនិងដឹកជញ្ជូនជំនួយមនុស្សធម៌ទៅកាន់ជនភៀសខ្លួនដោយបង្ខំនៅក្នុងរដ្ឋ Shan នៅភាគខាងកើតប្រទេសមីយ៉ាន់ម៉ា។ សេចក្ដីថ្លែងការណ៍របស់កិច្ចប្រជុំអាស៊ាននៅថ្ងៃពុធនេះបានលើកឡើងថា៖ «យើងថ្កោលទោសការវាយប្រហារនិងសង្កត់ធ្ងន់ថា ជនល្មើសត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់»។
កិច្ចប្រជុំនេះក៏ត្រូវគេរំពឹងផងដែរថានឹងចេញក្រមប្រតិបត្តិសម្រាប់ប្រទេសដែលធ្វើប្រតិបត្តិការនៅសមុទ្រចិនខាងត្បូង ដើម្បីឆ្លើយតបទៅនឹងទង្វើដ៏គឃ្លើនរបស់ប្រទេសចិននៅក្នុងតំបន់៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, Reuters និង AFP។