រដ្ឋមន្ត្រីការបរទេសអាស៊ានចាប់ផ្ដើមប្រជុំគ្នាក្នុងរាជធានីភ្នំពេញនៅថ្ងៃព្រហស្បតិ៍
ប្រមុខការទូតកម្ពុជា ឡាវ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ដែលមានវត្តមានផ្ទាល់ និងប្រមុខការទូតព្រុយណេ ថៃ និងវៀតណាម ដែលមានវត្តមានតាមអនឡាញ កំពុងចូលរួមក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានដែលធ្វើឡើងនៅខណ្ឌចម្ការមនរាជធានីភ្នំពេញ។ មុនកិច្ចប្រជុំលោក ប្រាក់ សុខុន សម្ដែងការសោកស្ដាយដែលរដ្ឋមន្ត្រីអាស៊ាន១០ប្រទេសនៅមិនជុំគ្នា ខ្វះប្រទេសភូមា តែលោកស្នើឱ្យរដ្ឋសមាជិកសម្ដែងឆន្ទៈនិងកាយវិការស្រុះស្រួលយោគយល់ ដើម្បីដោះស្រាយបញ្ហាខ្វែងគំនិតគ្នានៅក្នុងចង្កោមអង្គការថ្នាក់តំបន់មួយនេះ៕