ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា៖ អាស៊ាន​ត្រូវ​តែ​រក្សា​នូវ​មជ្ឈភាព ទាំង​ពាក្យ​សម្តី និង​សកម្មភាព


រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន (ឆ្វេង) ត្រូវ​បាន​ស្វាគមន៍​ដោយ​រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌូណេស៊ី​លោកស្រី Retno Marsudi នៅ​មុន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន នៅ​ទីក្រុងហ្សាការតា កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០២៣។
រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន (ឆ្វេង) ត្រូវ​បាន​ស្វាគមន៍​ដោយ​រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌូណេស៊ី​លោកស្រី Retno Marsudi នៅ​មុន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន នៅ​ទីក្រុងហ្សាការតា កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០២៣។

រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន បាន​ជំរុញ​ឱ្យ​អាស៊ាន​ដែល​ជា​សមាគម​មាន​១០​ប្រទេស​ជា​សមាជិក បន្ត​រក្សា​មជ្ឈភាព​របស់​ខ្លួន ទាំង​ពាក្យ​សម្តី​និង​សកម្មភាព​ជាក់ស្តែង។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​រដ្ឋមន្រ្តី​ការ​បរទេស​អាស៊ាន​លើក​ទី​៥៦​ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ហ្សាការតា​នៃ​ប្រទេស​ឥណ្ឌូណេស៊ី ដែល​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា។

​ក្រសួង​ការបរទេស​កម្ពុជា​បញ្ជាក់​ថា​ កិច្ចប្រជុំ​បាន​គូស​បញ្ជាក់​អំពី​សារៈ​សំខាន់​នៃ​ការ​ប្រកាន់​ខ្ជាប់​នូវ​មជ្ឈភាព​អាស៊ាន និង​សាមគ្គី​អាស៊ាន នៅ​ក្នុង​កិច្ច​សហការ​ជាមួយ​ដៃគូ​ខាង​ក្រៅ​របស់​អាស៊ាន។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា៖ «ក្នុង​កិច្ច​ប្រជុំ​នេះ ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី ប្រាក់ សុខុន បាន​សង្កត់​ធ្ងន់​ថា​ដើម្បី​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​ដៃ​គូ​ខាង​ក្រៅ អាស៊ាន​ត្រូវ​តែ​រក្សា​នូវ​មជ្ឈភាព​របស់​ខ្លួន ទាំង​ពាក្យ​សម្តី និង​សកម្មភាព​ជាក់​ស្ដែង អំឡុង​ពេល​ដែល​មាន​ការ​កើន​ឡើង​នៃ​ការ​ប្រកួត​ប្រជែង​រវាង​មហាអំណាច​នានា ក្នុង​ភូមិសាស្ត្រ​នយោបាយ ព្រម​ទាំង​ត្រូវ​ផ្ដោត​សារៈ​សំខាន់​ទៅ​លើ​គោល​ការណ៍​បើក​ចំហ តម្លាភាព និង​បរិយាបន្ន»។

ក្រៅ​ពី​នោះ រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​ក៏​បាន​ពិភាក្សា​អំពី​កិច្ច​ខិត​ខំ​ប្រឹងប្រែងក្នុង​ការ​កសាង​សហគមន៍​អាស៊ាន និង​ផ្លាស់​ប្តូរ​យោបល់​លើ​បញ្ហា​តំបន់ និង​អន្តរ​ជាតិ ដែល​ជា​ក្តីបារម្ភ និង​ផល​ប្រយោជន៍​រួម ក៏ដូច​ជា​បញ្ហា​ផ្សេងៗ​ដែល​តម្រូវ​នូវ​ការ​យក​ចិត្ដ​ទុក​ដាក់ និង​ការ​ឆ្លើយ​តប​រួម​គ្នា។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា៕

XS
SM
MD
LG