សន្និសិទអំពីសន្ដិសុខរបស់សមាគម អាស៊ាន កាលពីសប្ដាហ៍មុនបានផ្ដល់កិច្ចព្រមព្រៀងមួយស្ដីអំពីមធ្យោបាយដើម្បីដោះស្រាយជម្លោះនៅលើតំបន់សមុទ្រចិនភាគខាងត្បូង និង ការទម្លាយការគាំងដំណើរនៃកិច្ចប្រជុំរវាង កូរ៉េខាងជើង និង ខាងត្បូង។ មេដឹកនាំរបស់សមាគមអាស៊ាន និយាយថា ការជឿនលឿន បង្ហាញឲ្យឃើញថា វិធានការមានមូលដ្ឋាននៃការសម្រុះសម្រួលគ្នា ដើម្បីតាមស្វែងរកសន្ដិភាពតំបន់ អាចមានប្រសិទ្ធភាព។
គេឃើញមានបរិយាកាសសុទិដ្ឋិនិយម ក្នុងចំណោមេដឹកនាំអាស៊ាន នៅពេលក្រោយមានវេទិកាហ្វរំ អំពីសន្ដិសុខតំបន់ ដែលទើបនឹងចប់កាលពីថ្ងៃសៅរ៍នៅក្នុងកោះ បាលី។
អគ្គលេខាធិការ សមាគម អាស៊ាន លោក សុរិន ពិទសុវណ្ណ ថ្លែងថាក្រុមមន្ដ្រីការបរទេស ពី ប្រទេស១០ នៃ សមាគម អាស៊ាន ព្រមទាំងសរអ ចិន រុស្សី និង ប្រទេសដទៃ នៅក្នុងតំបន់ បានធ្វើឲ្យមានការចំរើនលូតលាស់ប្រកបទៅដោយការស្ថាបនា មកលើរឿងមូយចំនួនដែលគំរាមដល់ស្ថិរភាពរបស់តំបន់ អាស៊ី។ លោកថ្លែងថា វេទិកាហ្វរំតំបន់ និង វិធានការសម្រុះសម្រួលគ្នា របស់ សមាគម អាស៊ាន បានផ្ដល់ឲ្យមានការលូតលាស់ពិតប្រាកដ ឆ្ពោះទៅរកការដោះស្រាយជម្លោះនៅលើតំបន់ដែនទឹកនៃសមុទ្រចិនភាគខាងត្បូង មកលើជម្លោះក្នុងឧបទ្វិប កូរ៉េ និង ជម្លោះរវាង ប្រទេស ថៃ និង កម្ពុជា។
«ខ្ញុំមានជំនឿមកលើវិធានការពង្រឹងបទពិសោធន៍គ្នាទៅវិញទៅមក និង បរិយាកាសល្អ។ ខ្ញុំយល់ថា បើ កាលណាឃើញមានសមិទ្ធផលណាមួយ សុំទទូលស្គាល់ចុះ។ សុំស្នើឲ្យមានថែមទៀត បើកាលណាឃើញមានជោគជ័យតូចធំ ហើយសុំផ្ដល់ការគាំទ្រ។ ការលើកទឹកចិត្ដនិង សុំជួយរុញឲ្យទៅមុខ»។
តែលោក សុរិន ទទូលស្គាល់ថាវា ត្រូវការលើសពីជោគជ័យក្នុងសន្និសិទ ដើម្បីដោះស្រាយរឿងណាមួយពាក់ព័ន្ធ នឹង អាស៊ាន។
ទោះបី ជា មានកិច្ចប្រជុំក្រៅផ្លូវការ រវាង កូរ៉េខាងជើង និង ខាងត្បូងក៏ដោយគេមិនឃើញមានសេចក្ដីប្រកាសថា ការចរចារវាង ភាគី ៦ ប្រទេស ដើម្បីបញ្ចប់កម្មវិធីអាវុធ នុយក្លេអែរ របស់កូរ៉េខាងជើង នឹង ចាប់ផ្ដើមឡើងវិញ។ សរអ និយាយថា ខ្លួននៅតែចង់ឃើញ កូរ៉េខាងជើងបញ្ឈប់សកម្មភាពយោធា បង្ករឿងហើយ ចាត់វិធានការមិនថយក្រោយដើម្បីបញ្ចប់កម្មវិធីអាវុធនុយក្លេអែរ របស់ខ្លួន មុន នឹង ធ្វើការចចារគ្នា។
មេដឹកនាំអាស៊ាន ត្រូវបានលើកទឹកចិត្ដនៅពេលដែលរដ្ឋមន្ដ្រីការបរទេសថៃ និង ខ្មែរ និយាយថា ប្រទេសរបស់ខ្លួននឹងគោរពទៅតាមបទបញ្ជារបស់តុលាការអន្ដរជាតិ ដើម្បីចាប់ផ្ដើមដកកងទ័ពចេញពីតំបន់ជម្លោះព្រំដែន ហើយអនុញាត ឲ្យមានក្រុមអ្នកសង្កេតការណ៍អាស៊ាន។
មនុស្សជាង ២០ នាក់ បានស្លាប់ ក្នុងការប្រយុទ្ធ ក្នុងឆ្នាំនេះ នៅក្នុងដែនដី នៅជុំវិញប្រាសាទខ្មែរ អាយុ ៩០០ ឆ្នាំ ឋិតនៅក្នុងដែនដីខ្មែរ។ ខណៈដែលភាគីទាំងពីរយល់ព្រមគ្នាមកលើសេចក្ដីសម្រេចតុលាការជា គោលការណ៍ ប្រទេសថៃ និយាយថាយោធា របស់ខ្លួនត្រូវការពេលវេលា និង ការចរចាគ្នា។ ហើយ ភាគីកម្ពុជា ចង់ឃើញក្រុមអ្នកសង្កេតការណ៍អាស៊ាន យកទៅដាក់រាយ មុន នឹងខ្លួនដកទាហានចេញពីតំបន់ជម្លោះ។
លោកសុរិន ចង្អុលប្រាប់អំពីគោលការណ៍ណែនាំដើម្បីរៀបចំបង្កើតក្រមសីលធម៌ តម្រូវឲ្យធ្វើតាម ដើម្បីដោះស្រាយជម្លោះនៅលើសមុទ្រភាគខាងត្បូង ថា ជា ស្នាដៃ ដ៏សំខាន់បំផុតរបស់ សន្និសិទ។ តែគោលការណ៍ណែនាំមិនទាក់ទិនផ្ទាល់ នឹង ជម្លោះដែនដី ទាមទារដោយសមាជិកជាច្រើនរបស់សមាគម អាស៊ាន។ ផ្ទុយទៅវិញ គេបានបង្កើត ដំណើរការមួយសម្រាប់ប្រទេសពាក់ព័ន្ធនិងការអភិវឌ្ឈន៍បរិដ្ឋាននិងគម្រោងការអភិរក្សទេសចរណ៍ និងនេសាទ។ លោកសុរិន ថ្លែងថា ដំណើរការនោះ នឹងធ្វើឲ្យមានការចាប់ផ្ដើមការចរចាឧបតោភាគី ដែល នឹង នាំទៅរកការដោះស្រាយជម្លោះទាមទារដែនដី។
«យើងសង្ឃឹមថា ការអនុវត្ដន៍គោលការណ៍ណែនាំ នឹងនាំឲ្យមានសន្ទុះទៅមុខ ផ្ដល់ឲ្យមានការទុកចិត្ដរៀងៗខ្លួន ផ្ដល់ឲ្យមានការយល់យោគគ្នា និង ជាមេរៀនល្អ។ ទំាងអស់នេះ មិនជាការងាយស្រួលទេ តែគេទាំងអស់មានចិត្ដចង់សាកល្បង»។
លោកសុរិន ថ្លែងថា ការអភិវឌ្ឍន៍អាស៊ាន ចូលទៅក្នុងសហគមន៍តំបន់ ជាដំណើរការវិវឌ្ឍន៍។ វិធានការសម្រុះសម្រួលគ្នាជាមូលដ្ឋាន មិនបានបញ្ចៀសជម្លោះទាំងអស់ទេ តែលោកសារភាពថា វា នឹងផ្ដល់វេទិកាហ្វរំ ដល់ប្រទេសអាស៊ីណាដែលចង់ដោះស្រាយបញ្ហាជម្លោះដោយសន្ដិវិធី។
ប្រែសម្រួលដោយ អ៊ូ ធួក