ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណៈ​ប្រតិភូ​កម្ពុជា៖ ​ចិន​​ជាដៃ​គូ​សំខាន់​សម្រាប់​​ពាណិជ្ជកម្ម​ និង​នយោបាយ​អាស៊ាន

  • គង់ សុឋានរិទ្ធ

នាយក​រដ្ឋមន្រ្តី​កម្ពុជា លោក ហ៊ុន សែន (ឆ្វេង) និង​ប្រធានាធិបតី​ចិន លោក ហ្ស៊ី ជីនពីង (ស្តាំ) ចាប់​រលាក់ដៃគ្នា​មុន​បើក​ពិធី​នៅ​ឯ​សន្និសីទ​«អន្តរសកម្មភាព​និង​វិធានការ​កសាង​ទំនុក​ចិត្ត​នៅ​អាស៊ី»​ហៅ​កាត់​ថា​ CICA ក្នុង​ទីក្រុង​ស៊ៀងហៃ​ នៅ​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៤។

ក្រុម​ប្រមុខ​ដឹក​នាំ​របស់​ប្រទេស​អាស៊ាន​បាន​វាយ​តម្លៃ​ថា ​ប្រទេស​ចិន​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​នយោបាយ​ និង​សេដ្ឋកិច្ចក្នុងតំបន់​របស់​ខ្លួន។​

សេចក្តី​ថ្លែង​ការណ៍​នេះ​ធ្វើ​ឡើង​ក្នុងពិធី​បើក​សម្ពោធន៍ពិព័រណ៍​ពាណិជ្ជកម្ម​លើក​ទី​១១​នៅ​ថ្ងៃ​អង្គារ​នេះរវាង​ប្រទេស​ចិន​ និង​អាស៊ានក្នុង​ខេត្ត​ណាននីង ​ភាគ​ខាងត្បូង​នៃ​ប្រទេស​ចិន។​

លោក​កៅ គឹមហួន ​រដ្ឋមន្ត្រី​អម​នាយក​រដ្ឋ​មន្ត្រី ​បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​នៅឯ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ក្រុង​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះថា ​ប្រមុខ​ដឹក​នាំ​នៃ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ទាំង​ដប់​បាន​កត់​សម្គាល់ថា​ ប្រទេស​ចិនមាន​សារៈសំខាន់​ទាំង​ផ្នែក​សន្តិសុខ​ និង​កិច្ច​អភិវឌ្ឍន៍។​

«តំណាង​របស់​ប្រទេស​អាស៊ាន​ដទៃ​ទៀត​ចាត់​ទុក​ថា ​ទំនាក់​ទំនង​អាស៊ានចិន​នេះ​ជា​កត្តា​មិន​អាច​ខ្វះខាត​បានក្នុងការ​រក្សា​សន្តិភាព​ និង​ស្ថិរភាព និង​ការ​អភិវឌ្ឍ​នៅ​ក្នុង​តំបន់​អាស៊ី​យើង​នេះ»។​

សេចក្តី​អះអាង​នេះ​ធ្វើឡើង​ក្រោយ​ពី​គណៈ​ប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ ដែល​ដឹក​នាំ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន​ សែន ​បាន​វិល​ត្រឡប់​ពី​ការ​ចូលរួម​បើក​ពិព័រណ៍​ពាណិជ្ជ​កម្ម​ចិន​និង​អាស៊ាន។ ​ពិព័រណ៍​នេះមាន​ក្រុម​ហ៊ុន​របស់​ប្រទេស​កម្ពុជា​ចូលរួម​ចំនួន​៨០​ក្នុង​ចំណោម​ក្រុម​ហ៊ុន​អន្តរជាតិ​សរុប​ក្នុង​ពិព័រណ៍​នេះចំនួន​ជាង​២៣០០​ក្រុម​ហ៊ុន។​

យោង​តាម​លោក​កៅ គឹមហួន​ឲ្យ​ដឹង​ថា​ ​ការ​វិនិយោគ​របស់​ប្រទេស​ចិនក្នុង​សមាគម​អាស៊ានមាន​ទំហំ​ជាង​៥០០​ពាន់​លាន​ដុល្លារ ​ហើយ​ទេសចរ​ចិន​ចំនួន​ជាង​៥០០​លាន​នាក់​បាន​ធ្វើ​ដំណើរ​ទស្សនា​ក្នុងបណ្តា​ប្រទេស​ជា​សមាជិក​នៃ​សមាគម​អាស៊ាន​ទាំង​ដប់​ក្នុង​មួយ​ឆ្នាំៗ។ ​ប្រទេស​សមាជិក​អាស៊ាន​ទាំង​ដប់​រួម​មាន​កម្ពុជា ​ប្រទេស​វៀតណាម​ ឡាវ ​ថៃ ​ភូមា ​ហ្វីលីពីន ​ឥណ្ឌូណេស៊ី ​ម៉ាឡេស៊ី​ សិង្ហា​បុរី​ និង​ប្រទេស​ប្រ៊ុយណេ។​

លោក​បណ្ឌិត​ឡៅ ម៉ុងហៃ ​អ្នកវិភាគ​ឯករាជ្យ មាន​ប្រសាសន៍​ថា​ ប្រទេស​ចិន​គឺ​ជា​ទីផ្សារ​ពាណិជ្ជ​កម្ម​របស់​អាស៊ាន​យ៉ាង​ធំ​ និង​ជា​ប្រភព​វិនិយោគ​ទុន​យ៉ាងធំ​របស់​សមាគម​អាស៊ាន​ផង​ដែរ។​

«ប្រទេស​ចិន​ចង់​ ឬ​មិនចង់​គឺ​មាន​តួនាទីសំខាន់​ស្រេច​ទៅ​ហើយ​ នៅក្នុង​អាស៊ាន​នេះ»។​ ​

ក្រៅ​ពី​ប្រទេស​ចិន​ សមាគម​ប្រជាជាតិអាស៊ីអគ្នេយ៍​ដែល​ហៅ​កាត់​ថា ​សមាគម​អាស៊ាន​នោះមាន​ដៃ​គូ​ពិភាក្សា​ និង​វិនិយោគផ្សេងទៀត​ ​ដូចជា​សហ​រដ្ឋ​អាមេរិក​ អូស្ត្រាលី ​ជប៉ុន ​ឥណ្ឌា ​និង​សហភាព​អឺរ៉ុប​ផង​ដែរ។​

លោក​កៅ គឹមហួន​បន្ថែម​ថា ​ប្រទេស​ចិន​បាន​បង្ហាញ​ជំហរ​របស់​ខ្លួន​គាំទ្រ​ដល់​ការ​រីក​ចម្រើនសេដ្ឋ​កិច្ច​របស់​អាស៊ាន​ និង​ការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​តែ​មួយ​នៅ​ឆ្នាំ​២០១៥។​

ដោយឡែក​នៅ​ក្នុង​ការបើក​សម្ពោធន៍ពិព័រណ៍​ពាណិជ្ជកម្ម​អាស៊ាន-ចិន​នៅ​ថ្ងៃ​នេះ​ដែរ​ប្រទេស​ចិន​បាន​កត់​សម្គាល់លើ​សារៈ​សំខាន់​នៃ​ភាព​ជាដៃគូ​ជាមួយ​អាស៊ាន​នៅ​លើ​កត្តា​ចំនួន​ប្រាំមួយ។ ​ក្នុង​នោះ​គឺមាន​ការ​កសាង​ជំនឿ​ទុក​ចិត្ត​ផ្នែក​នយោបាយ ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ក្នុង​ការ​ជំរុញ​ការ​វិនិយោគ​អាស៊ាន​ និង​ចិន ​ការ​ពង្រឹង​ចំណង​ត​ភ្ជាប់​រវាង​អាស៊ាន​ និង​ចិន ​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​សមុទ្រ​ ​ជាពិសេស​លើ​វិថី​សូត្រ​សមុទ្រ​ ដែល​ជា​វិថី​ពាណិជ្ជ​កម្មតាម​ច្រក​សមុទ្រ ​ការ​ជំរុញ​ទីផ្សារ​អនុ​តំបន់​ទន្លេ​មេគង្គ​និង​ចំណុច​ចុង​ក្រោយ​គឺ​ការ​ជំរុញ​កិច្ច​សហការ​រវាង​ប្រជាជន​ចិន​និង​ប្រជាជន​ក្នុង​តំបន់​អាស៊ាន៕

XS
SM
MD
LG