ក្រុមប្រទេសនៃសមាគមអាស៊ាននឹងមិនចរចាគ្នាទេអំពីជម្លោះព្រុំដែនសមុទ្រ នៅពេលគេជួបប្រជុំគ្នានៅចុងឆ្នាំនេះជាមួយនឹងប្រទេសដៃគូសំខាន់ៗលុះត្រាតែមានការប៉ះទង្គិចគ្នាថ្មីទៀតនៅលើដែនសមុទ្រជម្លោះនោះ។ រដ្ឋាភិបាលភូមាបានថ្លែងប្រាប់ក្រុមរដ្ឋមន្ដ្រីការបរទេសនៃតំបន់ថាខ្លួនយល់ព្រមឲ្យមានការចរចាគ្នាជាមួយភាគីបដិបក្ស។
ក្រុមរដ្ឋមន្ដ្រីនៃក្រសួងការបរទេសនៃសមាគមអាស៊ានថ្លែងកាលពីថ្ងៃច័ន្ទថាខ្លួននឹងយករឿងសន្ដិសុខនយោបាយមកដោះស្រាយនៅពេលជួបប្រជុំគ្នានៅចុងខែនេះជាមួយប្រទេសដៃគូនៅពេលមានសន្និសិទកំពូលនៅតំបន់អាស៊ីភាគខាងកើត។
ប៉ុន្ដែរដ្ឋមន្ដ្រីនៃក្រសួងការបរទេស លោក Marty Natalegawa ថ្លែងថារឿងសំខាន់មួយមិនដាច់ស្រេច លើកឡើងកាលពីឆ្នាំមុននៅក្នុងតំបន់សមុទ្រចិនភាគខាងត្បូងគឺមិនមាននៅក្នុងរបៀបវារៈទេ។
ចិនបានទាមទារយកតំបន់ភាគច្រើននៃសមុទ្ររាប់ទាំងតំបន់ដែលតាយវ៉ាននិងប្រទេសសមាគមអាស៊ានមាន ប្រូណៃ ម៉ាលេស៊ី ហ្វីលីពិន និង វៀតណាមទាមទារដែរ។
ប្រទេសចិន និង វៀតណាមបានប្រយុទ្ធគ្នានៅលើតំបន់ជម្លោះនៃកោះតូចមួយហើយកងកម្លាំងជើងទឹកចិនបានការពារយ៉ាងខ្លាំងមាំនៅតំបន់នោះដែលគេជឿថាសម្បូណ៌ទៅដោយប្រេងនិងឋិតនៅជិតផ្លូវទឹកសំខាន់។
នៅពេលបិទកិច្ចប្រជុំរបស់ក្រុមមន្ដ្រីការបរទេសកាលពីថ្ងៃច័ន្ទ លោក Natalegawa ថ្លែងថារឿងសមុទ្រខ្លះនិងយកមកវែកញែកនៅក្នុងកិច្ចប្រជុំកំពូលប៉ុន្ដែជម្លោះនៃតំបន់សមុទ្រចិនភាគខាងត្បូង នឹងមិនយកមកនិយាយទេលុះត្រាតែមានការប៉ះទង្គិចគ្នាឡើងវិញ។
«ទោះជាបញ្ចូលយករឿងកើតមាននៅលើសមុទ្រចិនភាគខាងត្បូងមកនិយាយក៏ដោយ វា ពឹងផ្អែកមកលើស្ថានការរបស់យើងនៅពេលនេះ នៅពេលដែលមេដឹកនាំប្រទេសទាំងនោះជួបប្រជុំគ្នា ។ យើងសង្ឃឹមថាស្ថានការណ៍ នឹងស្ងប់ស្ងាត់ ហើយមានស្ថេរភាព ហេតុដូច្នេះហើយ វាមិនមានការចាំបាច់នឹង យករឿងនោះ មកចរចាក្នុងសន្និសិទកំពូល អាស៊ីភាគខាងកើតទេ»។
សន្និសិទកំពូលអាស៊ីខាងកើតបានប្រមូលផ្ដុំប្រទេសសមាជិកអាស៊ានទាំងដប់បូកនឹង អូស្ដ្រាលី ចិន ឥណ្ឌា ជប៉ុន នូវ៉ែលសេឡង់ និង កូរេខាងត្បូង។នៅក្នុងកិច្ចប្រជុំរបស់សមាគមនអាស៊ានកាលពីឆ្នាំមុន លោកស្រីរដ្ឋមន្ដ្រីការបរទេស ស.រ.អ. ហ៊ីលិរី ក្លិនតិន ថ្លែងថាការដោះស្រាយដោយសន្ដិវិធីទៅនឹងជម្លោះនៅតំបន់សមុទ្រចិនភាគខាងត្បូង ជាប្រយោជន៍របស់រដ្ឋាភិបាលទីក្រុង វាស៊ីនតោន ដែរ បណ្ដាលឲ្យមានការឆ្លើយតបធ្ងន់ធ្ងរពីប្រទេសចិន។
រុស្ស៊ី នឹង ស.រ.អ.បានចូលរួមក្នុងសន្និសិទកំពូលជាអ្នកសង្កេតការណ៍កាលពីឆ្នាំមុន ប៉ុន្ដែនៅឆ្នាំនេះ នឹងចូលរួមពេញលក្ខណៈជាអ្នកចូលរួម។ ប្រទេសអាស៊ានខ្លះចង់ឃើញច្បាស់ថា របៀបវារៈរបស់ខ្លួនឋិតនៅខ្ពស់នៅក្នុងសន្និសិទកំពូលនៃប្រទេសអាស៊ីខាងកើតនោះ ហើយខ្លួនមិនបានត្រូវរុញឲ្យឋិតនៅឆ្ងាយទេដោយសារការព្រួយបារម្ភពីប្រទេសដ៏មានឥទ្ធិពលខ្លាំងនៃសមាគមអាស៊ាន។
លោក Negalegawa ថ្លែងថាមន្ដ្រីការបរទេសនៃសមាគមអាស៊ានបានយល់ព្រមគ្នាកាលពីថ្ងៃច័ន្ទលើមធ្យោបាយមួយ គឺយកមកវែកញែករឿងដែលគេមានគោលជំហរដូចគ្នា ឬក៏ព្រិត្ដិការណ៍បច្ចុប្បន្ន ដែលមិនអាចបំភ្លេចបាន។
ក្រុមមន្ដ្រីទាំងនោះក៏យករឿងការអភិវឌ្ឈន៍លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសភូមា ក្រោយពីរដ្ឋាភិបាលស៊ីវិលបានត្រូវបង្កើតឡើងជានិមិត្ដរូបកាលពីខែមីនាដើម្បីជំនួសការគ្រប់គ្រងយោធាដែរ។ លោកថ្លែងថារដ្ឋមន្ដ្រីការបរទេសភូមា លោក វណ្ណា ម៉ូង ល្វិន ថ្លែងប្រាប់អង្គប្រជុំថាខ្លួនបើកទ្វារចំហរដើម្បីឲ្យមានការទាក់ទងជាមួយគ្រប់ «ភាគី » នៅក្នុងប្រទេសរាប់ទាំងមេដឹកនាំលទ្ធិប្រជាធិបតេយ្យ លោក ស្រី អោងសាន ស៊ូជី។
« ខ្ញុំបាននិយាយនៅក្នុងសម័យប្រជុំជាច្រើន មិនមែនតាងនាមខ្ញុំជានាយកសមាគមអាស៊ានទេ តែ ក្នុងឋានៈជាប្រទេសឥណ្ឌូនេស៊ី ជាមួយលោកស្រី អោង សាន ស៊ូជី ជាច្រើនលើក ។ ហើយខ្ញុំដឹងថា លោកស្រីចង់បានការទាក់ទងគ្នាដូច្នោះជាមួយរដ្ឋាភិបាលថ្មីនៅក្នុងប្រទេសមីយ៉ាន់ម៉ា ។ យើងចង់ឃើញ បើ រដ្ឋាភិបាលថ្មីឋិតនៅក្នុងសភាពការដូចគ្នាដែរ ការទាក់ទងគ្នាត្រូវកើតមានឡើងពិតប្រាកដដោយមិនគ្រាន់តែមានគោលបំណងបុណ្ណោះទេ» ។
លោក Natalegawa ថ្លែងថាក្រុមមន្ដ្រីអាស៊ានបានវែកញែកជម្លោះព្រំដែនដែលធ្វើឲ្យមនុស្សស្លាប់ច្រើននាក់ កាលពីខែកុម្ភៈ រវាងកម្ពុជា និង ថៃ នៅពេលដែលយោធាទាំងសង្ខាងបានបាញ់គ្នាទៅវិញទៅមកដោយប្រើកំាភ្លើងយន្ដ និង គ្រាប់ផ្លោង ។
ឥណ្ឌូនេស៊ី ដើរតួនាទីជាប្រធានអាស៊ានបានជួយរៀបចំឲ្យមានកិច្ចព្រមព្រៀងមួយដើម្បីបញ្ជូនអ្នកសង្កេតការណ៍ ទៅតំបន់ជម្លោះក្នុងការតាមឃ្លាំមើលបទឈប់បាញ់គ្នាក្រៅផ្លូវការណ៍។
តែ លោក Natalegawa ថ្លែងកាលពីថ្ងៃច័ន្ទថាការបញ្ជូនក្រុមអ្នកសង្កេតការណ៍បានត្រូវពន្យារពេល ដោយសារតែមានការខ្វែងគំនិតគ្នាអំពីទីកន្លែងអនុញាតឲ្យត្រួតត្រាមើល។
ប្រែសម្រួលដោយ អ៊ូ ធួក