ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខណៈ​សង្គ្រាម​អ៊ុយក្រែន​កំពុង​បន្ត​​យ៉ាង​ក្តៅ​គគុក រដ្ឋបាល​​លោក Biden ក៏​មិន​ភ្លេច​​ផ្តោត​​ការ​តាំងចិត្ត​​ទៅ​លើ​តំបន់​អាស៊ី​


រូប​ឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែង​សុន្ទរកថា​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១ ខែ​មេសា​ ឆ្នាំ​២០២២។
រូប​ឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែង​សុន្ទរកថា​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១ ខែ​មេសា​ ឆ្នាំ​២០២២។

ប្រធានាធិបតី​អាមេរិក​លោក Joe Biden បាន​បញ្ជាក់​យ៉ាង​ច្បាស់នៅពេល​ដែល​លោក​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​ថា ប្រទេស​ចិន​ជា​ដៃគូប្រកួតប្រជែង​អន្តរជាតិ​ដ៏​ចម្បង​របស់អាមេរិក​ ហើយ​ជាការ​ព្រួយបារម្ភខ្ពស់នៅ​ក្នុង​គោលនយោបាយ​ការបរទេស​របស់​អាមេរិក​ផង​ដែរ។ ប៉ុន្តែ​ស្រាប់តែ​បន្ទាប់​មក រុស្ស៊ី​ក៏​បាន​ចូល​ឈ្លានពាន​ទៅ​លើ​ប្រទេស​អ៊ុយក្រែន។

បន្ទាប់ពីរយៈ​ពេល​ជា​ច្រើន​ខែ​ដោយ​ផ្តោត​លើ​ការជួយ​គាំទ្រ​អ៊ុយក្រែន​និង​ការដាក់​ទណ្ឌកម្ម​លើ​ប្រធានាធិបតីរុស្ស៊ី​លោក Vladimir Putin នោះ​មក នៅ​ពេល​នេះ លោក Biden ហាក់​ដូចជា​កំពុងបង្វែរ​ការផ្តោតរបស់​លោកទៅ​កាន់​តំបន់​អាស៊ី​វិញ​យ៉ាង​ហោច​ណាស់​ក៏​ក្នុង​ពេល​ជា​បណ្តោះ​អាសន្ន​ផង​ដែរ​ដែល​ជា​សញ្ញា​មួយដែល​ថា សង្គ្រាមនៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​មិន​បាន​បង្វែរ​ទិសដៅនៃ​រដ្ឋបាល​របស់​លោក Biden ចេញពី​គោល​បំណងអន្តរជាតិ​ផ្សេងៗ​ទៀត​នោះឡើយ។ ​នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ទៅ លោក Biden នឹង​ជួប​ជា​មួយមេដឹកនាំនៃប្រជាជាតិ​អាស៊ីអាគ្នេយ៍​ឬ​អាស៊ាន​ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​រយៈពេល​២ថ្ងៃនៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក​ ដែល​ជា​សញ្ញា​មួយ​នៃ​ការ​ចូលរួម​របស់​សហរដ្ឋ​អាមេរិកនៅ​ក្នុង​តំបន់ដែល​ប្រទេស​ចិនកំពុង​បង្កើន​ឥទ្ធិពល​នោះ។

ចុច​លើ​រូបភាព​នេះ​ដើម្បី​ចូលទំព័រ​សេចក្តី​រាយការណ៍​វីអូអេជុំវិញ​កិច្ចប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន ១២-១៣ ឧសភា ២០២២។
ចុច​លើ​រូបភាព​នេះ​ដើម្បី​ចូលទំព័រ​សេចក្តី​រាយការណ៍​វីអូអេជុំវិញ​កិច្ចប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន ១២-១៣ ឧសភា ២០២២។

បន្ទាប់​ពី​នោះ​មួយ​សប្តាហ៍​មក លោក Biden នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជប៉ុន​និង​កូរ៉េខាងត្បូង​ដែល​ជា​ប្រទេស​សម្ពន្ធមិត្ត២​របស់​សហរដ្ឋអាមេរិក​ ហើយ​នឹង​ចូលរួម​នៅ​ក្នុង​សន្និសីទ​កំពូល​ចតុភាគី «Quad» នៅ​ក្នុង​ទីក្រុងតូក្យូ​ប្រទេស​ជប៉ុន​ ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន អូស្ត្រាលី​និង​ឥណ្ឌា​ដែល​ជា​វេទិកា​មួយដែល​គេយល់​ជា​ទូទៅ​ថា ដើម្បី​ប្រឆាំង​នឹងការពង្រីក​ឥទ្ធិពល​របស់រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិកលោក Blinken ក្នុង​ពេល​ឆាប់ៗ​នេះ​ នឹង​ធ្វើ​សុន្ទកថា​ដ៏​សំខាន់​មួយដែរ​ស្តីពី​ប្រទេស​ចិន​ ​ដែល​ត្រូវ​បាន​លើក​ពេល​ក្រោយ​ពេល​ដែល​លោកបានធ្វើ​តេស្ត​រក​ឃើញឆ្លង​ជំងឺ​កូវីដ១៩​នោះ។

ក្នុង​កិច្ចប្រជុំ​កំពូលអាស៊ាន​ ​ជា​ការច្បាស់​ណាស់​ ដែល​សង្គ្រាម​នៅ​អ៊ុយក្រែនជាប្រធានបទ​ដ៏​សំខាន់​មួយ​នោះ ក៏​ប៉ុន្តែ​វា​ជា​ឱកាស​មួយ​សម្រាប់​មេដឹកនាំ​ ដែល​នឹង​ពិភាក្សា​ផងដែរ​ពី​សន្តិសុខ​នៅ​ក្នុង​តំបន់។ នេះ​បើតាម​ការ​បញ្ជាក់​ឱ្យ​ដឹង​របស់​លោកស្រី Jen Psaki ដែល​ជា​អ្នក​នាំ ពាក្យ​របស់​របស់​សេតវិមាន។

លោកស្រី​បាននិយាយ​ទៀត​ថា លោកស្រី​ក៏​នឹង​រំពឹង​ផង​ដែរពី​ការពិភាក្សា​គ្នាទៅ​លើ​បញ្ហា​ជំងឺ​កូវីដ១៩ និង​បញ្ហា​ប្រទេស​កូរ៉េខាង​ជើង​ដែលអាច​ក្លាយ​ជា​អាទិភាពខ្ពស់​មួយ​របស់សហរដ្ឋ​អាមេរិកក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះដោយ​សារ​តែ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​មើល​ឃើញ​នូវ​សញ្ញានៃគម្រោង​ធ្វើ​តេស្តអាវុធ​នុយក្លេអ៊ែរ​ជា​ថ្មី​របស់​កូរ៉េខាង​ជើង​ដែល​នឹង​អាច​កើត​មាន​ឡើង​ក្នុង​ពេលឆាប់ៗ​នេះផង​ដែរ៕

XS
SM
MD
LG