រយៈពេលមួយឆ្នាំនៃការតវ៉ាប្រឆាំងដោយដុតខ្លួនរបស់ជនជាតិទីបេ បានរីកសាយភាយទៅដល់ក្រុមអ្នកនិរទេស នៅប្រទេសឥណ្ឌា( India) នៅពេលដែលជនជាតិទីបេម្នាក់បានដុតខ្លួនកាលពីខែមុន។
ជនជាតិទីបេក្មេងៗ កំពុងលេងកំសាន្តពេលសម្រាកនៅតាមសាលារៀន ក្រោមកំដៅថ្ងៃក្នុងខែមេសា។ ពួកគេ ស្លៀកសម្លៀកបំពាក់ប្រពៃណីនៃទឹកដីកំណើត ដែលគេពុំដែលឃើញពីមុនមក។ នេះជាទីក្រុងដារ៉ាមសាលា(Dharamsala) នៅក្នុងប្រទេសឥណ្ឌា។ មេដឹកនាំសាសនាទីបេ សម្តេចសង្ឃដាឡៃ ឡាម៉ា (Dalai Lama) បានមកទីនេះតាំងពីឆ្នាំ១៩៥៩មកម៉្លេះ រួមជាមួយអ្នកស្មោះស្ម័គ្ររាប់ម៉ឺននាក់ និងបានសាងសង់រដ្ឋធានីនិរទេសស្របច្បាប់មួយ។
ការស្លៀកពាក់និងកិច្ចប្រឹងប្រែងកាន់តែខ្លាំងឡើងដើម្បីនិយាយភាសាទីបេ ក្លាយជាផ្នែកមួយនៃអ្វីដែលហៅថាជាពិធីបុណ្យ«ថ្ងៃពុធពណ៌ស» ឬហៅជាភាសាអង់គ្លេសថា White Wednesday ដែលឆ្លុះបញ្ចាំងអំពីចលនាស្របគ្នានៃការតស៊ូដោយសន្តិវិធី នៅក្នុងតំបន់ទីបេ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសចិន។
កាលពីពេលថ្មីៗនេះ កុមារទាំងឡាយ បានរៀនសូត្រអំពីវិធីសាស្ត្រតស៊ូប្រឆាំង ពីសំណាក់ជនជាតិទីបេ ដែលបានជ្រើសរើសយកវិធីសាស្ត្រដុតខ្លូនឯង។
កាលពីឆ្នាំទៅមុន មានការដុតខ្លូនបណ្តាលឲ្យស្លាប់ចំនួន៣៤នាក់ ដើម្បីតវ៉ាប្រឆាំងគោលនយោបាយចិន។លោកគ្រូ ដុលម៉ា យីម៉ា (Dolma Nyima) បានជួបប្រទះនូវបញ្ហាប្រឈមក្នុងការបង្រៀនកុមារស្តីពីថាតើហេតុអ្វីបានជា មនុស្សទាំងឡាយចាត់វិធានការយ៉ាងខ្លាំងក្លាបែបនេះទៅវិញ។
«ក្នុងពេលជួបជុំគ្នា យើងបានបង្ហាញរូបភាពដល់សិស្សស្តីពីថាតើអ្នកទាំងនោះដុតខ្លូនឯងយ៉ាងដូចម្តេច។ ហើយនៅពេលដែលសិស្សបានឃើញរូបភាពនោះ ពួកគេបានបង្ហាញពីអារម្មណ៍ក្តុកក្តួលជាពន់ពេក។ ទង្វើនេះបានផ្លាស់ប្តូរទឹកមុខពួកគេទាំងស្រុង។ មានសិស្សខ្លះបានសួរថា៖ «អូហ៍! លោកគ្រូ តើយើងត្រូវធ្វើដូចគ្នាអីចឹងដែរ?»
លោក ចាំផេល យេស៊ី (Jamphel Yeshi) មានវ័យ២៧ឆ្នាំ បានក្លាយជាជនដំបូងបង្អស់សម្រាប់ឆ្នាំនេះ ដែលផ្តាច់ជីវិតខ្លូនឯង នៅលើទឹកដីឥណ្ឌា។ លោក បានរត់តាមផ្លូវទាំងខ្លូនកំពុងឆេះសន្ធោរសន្ធៅ នៅទីក្រុងញូវដេលី (New Delhi) កាលពីថ្ងៃទី២៦ ខែមីនា ដែលមានរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនការមកដល់របស់លោកប្រធានាធិបតីចិន ហ៊ូ ជិនតាវ (Hu Jintao) ដូចបានគ្រោងទុក។ ផ្ទាំងផ្សព្វផ្សាយរបស់សកម្មជន ដែលបានបិទពាសពេញទីក្រុងដារ៉ាមសាលា លើកតម្កើងលោកជា«វីរជន»។
លោក តេនហ្ស៊ីនឆុគី (Tenzin Chokey) អគ្គលេខាធិការសន្និបាតយុវជនទីបេ (Tibetan Youth Congress) ក៏បានជួយបោះពុម្ពបណ្ណផ្សព្វផ្សាយផងដែរ។
លោកថ្លែងថា៖ «ខ្ញុំជឿជាក់ថា ក្នុងបរិបទលោកខាងលិច រូបភាពទាំងនេះមិនត្រូវបានអនុញ្ញាតឲ្យបង្ហាញដល់កុមារនោះទេ។ ប៉ុន្តែអ្នកដឹងទេថា យើងនៅទីនេះ វាជាទិដ្ឋភាពជាក់ស្តែង។»
សិស្សសាលា ស្ថិតក្នុងចំណោមមនុស្សរាប់ពាន់នាក់ ដែលឈរតម្រៀបគ្នាជាជួរនៅតាមដងផ្លូវនៃពិធីបុណ្យសពកាលពីពេលថ្មីៗនេះ របស់លោក ចាំផេល យ៉ាស៊ីតាម នៅតាមដងវិថីក្នុងទីក្រុងដារ៉ាមសាឡា។
«យើងសង្ឃឹមថាមានមនុស្សជាច្រើនឈរតម្រៀបគ្នាជាជួរ។ ហើយខ្ញុំដឹងថា សិស្សសាលានឹងចូលរូមផងដែរ។ ប៉ុន្តែ អ្នកដឹងទេថា ការដែលឃើញពួកគេដោយមានកាន់ទុងជ័យផងនោះ ធ្វើឲ្យខ្ញុំមានចិត្តរំភើបណាស់។»
រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់មូលនិធិបើកមជ្ឍមណ្ឌលបដិសណ្ឋារកិច្ច នៅទីក្រុងដារ៉ាមសាឡា សម្រាប់ជនជាតិទីបេ ដែលគេចចេញពីការចោទប្រកាន់នៅឯស្រុកកំណើត។
យុវជនម្នាក់វ័យ២៧ឆ្នាំ ដែលបានមកដល់ទីនេះប្រហែលមួយខែកន្លះមកហើយ និយាយថា អ្វីដែលជំរុញទឹកចិត្តលោកឲ្យមកទីនេះ បណ្តាលមកពីការគាបសង្កត់ខាងវប្បធម៌។
លោកថ្លែងថា លោកមានរូបភាពតូចមួយនៃសម្តេចសង្ឃដាឡៃ ឡាម៉ា ពាក់នៅករបស់លោក។ ទាហានចិន បានបណ្តាច់រូបនេះចេញ។ លោកនិយាយទៀតថា ពួកគេបានវាយដំនិងសួរចម្លើយរូបលោក។
ជនជាតិទីបេដែលនិរទេសខ្លួន បានចាត់ទុកខ្លូនឯងថាជាអ្នកទទួលជ័យជម្នះឲ្យខាងតែបាន ចំពោះការតស៊ូខាងប្រវត្តិសាស្ត្រ ប្រឆាំងនឹងបក្សកុម្មុយនីស្តចិន (Chinese Communist Party)។
ប៉ុន្តែប្រសិនបើសម្តេចសង្ឃ ដាឡៃ ឡាម៉ា ក្នុងព្រះជន្ម៧៦វស្សា សុគតទៅដោយមិនអាចវិលត្រលប់ទៅកាន់ស្រុកកំណើតនៅទីបេវិញទេ វាជាបញ្ហាមួយយ៉ាងធំធេងថាតើយុវជនទីបេ ដែលរស់នៅនិរទេសខ្លួនឬនៅឯស្រុកកំណើត អាចទប់កំហឹងរបស់ពួកគេបានដែរទេ?
ប្រែសម្រួលដោយ គឹង ភិរុណ