វ៉ាស៊ីនតោន៖ ព្រឹត្តិការណ៍សំខាន់បំផុតក្នុងពេល១២ខែកន្លងទៅនេះ គឺការផ្តល់សច្ចានុម័ត្តិដោយព្រឹទ្ធសភាស.រ.អ.កាលពីចុងខែធ្នូ ដល់សន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី-ឬសន្ធិសញ្ញា START ថ្មី។
លោកអនុប្រធានាធិបតី Joe Biden ក្នុងឋានៈលោកជាប្រធានព្រឹទ្ធសភា បានអានលទ្ធផលចុងក្រោយនៃការបោះឆ្នោត។
«៧១សំទ្បេងយល់ព្រម ២៦សំទ្បេងជំទាស់ ចំនួន២ភាគ៣នៃសមាជិកព្រឹទ្ធសភាមានវត្តមាន បានបោះឆ្នោតយល់ព្រម ដូច្នេះសេចក្តីសម្រេចចិត្តអំពីការផ្តល់សច្ចានុម័ត្តិនេះបានទទួលការយល់ព្រមហើយ»។
ក្នុងរយៈពេលខ្លីក្រោយការផ្តល់សច្ចានុម័ត្តិដោយព្រឹទ្ធសភាស.រ.អ. លោកប្រធានាធិបតី Barack Obama បានមានប្រសាសន៍ទៅកាន់ក្រុមអ្នកកាសែត។
«កិច្ចព្រមព្រៀងនេះជាកិច្ចព្រមព្រៀងត្រួតត្រាអាវុធសំខាន់បំផុតក្នុងរយៈពេលជិត២ទសវត្សរ៍ ហើយវានឹងធ្វើឱ្យយើងមានសុវត្ថិភាពច្រើនជាងមុនហើយកាត់បន្ថយឃ្លាំងអាវុធបរមាណូរបស់យើងនិងរបស់ប្រទេសរុស្សី»។
សកម្មភាពនេះរបស់ព្រឹទ្ធសភាស.រ.អ.ជាជ័យជំនះធំមួយសម្រាប់លោកប្រធានាធិបតីអូបាម៉ាដែលបានធ្វើការទាក់ទងល្អប្រសើរជាងមុនជាមួយរដ្ឋាភិបាលក្រុងម៉ូស្គូជាមូលដ្ឋានមួយនៃគោលនយោបាយការបរទេសរបស់លោក។
សន្ធិសញ្ញា START ថ្មីកំរិតចំនួនក្បាលកាំជ្រួចបរមាណូយុទ្ធសាស្ត្រឬកាំជ្រួចបរមាណូមានវង់ប្រតិបត្តិការឆ្ងាយត្រឹម១ពាន់៥រយ៥០គ្រឿង។ សន្ធិសញ្ញានេះក៏កំរិតចំនួនប្រព័ន្ធផ្ទុកអាវុធបរមាណូយុទ្ធសាស្ត្រសំរាប់ធ្វើកិច្ចប្រតិបត្តិការដូចជាប្រដាប់បាញ់កាំជ្រួចមានវង់ប្រតិបត្តិការឆ្ងាយនិងយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ជាដើមត្រឹមចំនួន៧០០។ កិច្ចព្រមព្រៀងនេះក៏ផ្តល់អ្វីដែលរដ្ឋាភិបាលលោកអូបាម៉ាហៅថាវិធានការពិនិត្យផ្ទៀងផ្ទាត់-គឺមាត្រាដែលធ្វើឱ្យប្រាកដប្រជាថាភាគីនីមួយៗគោរពតាមកាតព្វកិច្ចរបស់ខ្លួនតាមសន្ធិសញ្ញានេះ។
នៅពេលនេះ សន្ធិសញ្ញានេះត្រូវទទួលសច្ចានុម័ត្តិដោយសភានៃប្រទេសរុស្សី--ឬសភា Duma--និងដោយក្រុមប្រឹក្សាសហព័ន្ធដែលជាអង្គការនីតិបញ្ញ័ត្តិខ្ពស់បំផុតរបស់ប្រទេសរុស្សី។ ពួកអ្នកជំនាញការនិយាយថាការអនុម័ត្តិបានត្រូវធានារ៉ាប់រង។
លោក John Parker ធ្វើការនៅឯសាកលវិទ្យាល័យផ្នែកការពារជាតិ។ ដោយសំដែងទស្សនៈផ្ទាល់ខ្លួនរបស់លោក លោក Parker និយាយថាសន្ធិសញ្ញា START ថ្មីមានសារៈសំខាន់ដល់លោកប្រធានាធិបតីរុស្សី Dmitry Medvedev និងដល់លោកប្រធានាធិបតីអូបាម៉ាដែរ។
«ដោយសារលោក Medvedev មានទាក់ទិនយ៉ាងស្និទ្ធស្នាលក្នុងកិច្ចចរចាដោយផ្ទាល់ជាមួយលោកប្រធានាធិបតីអូបាម៉ា សន្ធិសញ្ញានេះមានសារៈសំខាន់។ លោកបានប្រើប្រាស់ពេលវេលាច្រើនក្នុងកិច្ចចរចានេះ ហើយនៅពេលដែលសន្ធិសញ្ញានេះទទួលសច្ចានុម័ត្តិដោយសភា Duma និងក្រុមប្រឹក្សាសហព័ន្ធ ខ្ញុំយល់ជាក់ច្បាស់ថា លោក Medvedev នឹងទទួលកិត្តិយសខាងនយោបាយជាច្រើន។ ដូច្នេះ សន្ធិសញ្ញានេះមានសារៈសំខាន់»។
នៅពេលនេះ ពួកអ្នកជំនាញការច្រើននាក់កំពុងពិនិត្យមើលអ្វីដែលអាចជាជំហានបន្ទាប់នៅក្នុងកិច្ចចរចាខាងសព្វាវុធរវាងរដ្ឋាភិបាលក្រុង វ៉ាស៊ីនតុននិងរដ្ឋាភិបាលក្រុងម៉ូស្គូ។ អ្នកជំនាញការម្នាក់ក្នុងបណ្តាពួកអ្នកជំនាញការទាំងនោះគឺលោក Steven Pifer ដែលធ្វើការនៅឯស្ថាប័ន Brookings។
«នៅពេលដែលលោកបានចុះហត្ថលេខាលើសន្ធិសញ្ញា START ថ្មីកាលពីខែមេសា លោកប្រធានាធិបតីអូបាម៉ាបានមានប្រសាសន៍ច្បាស់លាស់ថាលោកចង់បន្ត ហើយនៅក្នុងកិច្ចចរចាលើកក្រោយ ដោះស្រាយមិនមែនតែអំពីកងកម្លាំងយុទ្ធសាស្ត្រត្រូវដាក់ពង្រាយប៉ុណ្ណោះទេ ក៏ប៉ុន្តែដោះស្រាយបញ្ហាក្បាលកាំជ្រួចបរមាណូយុទ្ធសាស្ត្រមិនបានត្រូវដាក់ពង្រាយ-ជាឧទាហរណ៍គឺក្បាលកាំជ្រួចបរមាណូដែលរក្សាទុកក្នុងកន្លែងទុកដាក់-ហើយក៏ដោះស្រាយដែរបញ្ហាអាវុធបរមាណូមិនមែនយុទ្ធសាស្ត្រ ឬអាវុធបរមាណូកលយុទ្ធ។ ហើយការណ៍នេះបើកចំហរជាលើកដំបូងថាស.រ.អ.និងប្រទេសរុស្សីប្រហែលចរចាគ្នាអំពីការកំរិតលើឃ្លាំងអាវុធបរមាណូទាំងអស់របស់ពួកគេ លើកលែងតែអាវុធទាំងទ្បាយណាដែលត្រូវរុះរើចោល។ ការណ៍នេះនឹងក្លាយទៅជាកិច្ចចរចាពិបាកមួយពីព្រោះភាគីទាំងពីរនឹងត្រូវពិភាក្សាគ្នាអំពីបញ្ហានានាដែលពួកគេមិនបានដោះស្រាយពីពេលមុន»។
ពួកអ្នកធ្វើវិភាគច្រើននាក់ថ្លែងថា កិច្ចចរចាអំពីសន្ធិសញ្ញា START និងដំណើរការផ្តល់សច្ចានុម័ត្តិមានភាពលប់លើព្រឹត្តិការណ៍វិជ្ជមានឯទៀតៗក្នុងទំនាក់ទំនងរវាងស.រ.អ.និងប្រទេសរុស្សី។
លោក Robert Legvold នៃសាកលវិទ្យាល័យ Columbia មានប្រសាសន៍ថាព្រឹត្តិការណ៍វិជ្ជមានមួយក្នុងបណ្តាព្រឹត្តិការណ៍វិជ្ជមានទាំងនោះគឺកំណើនកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលក្រុងម៉ូស្គូក្នុងប្រទេសអាហ្វហ្កានីស្ថាន។
ពួកអ្នកជំនាញការថ្លែងថារដ្ឋាភិបាលក្រុងម៉ូស្គូក៏បានពង្រឹងគោលជំហរខ្លួនអំពីប្រទេសអ៊ីរ៉ង់ដែរ ដោយបោះឆ្នោតគាំទ្រសេចក្តីសម្រេចចិត្តមួយរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.ដាក់កំហិតការដាក់ទ័ណ្ឌកម្មថ្មីៗនិងតឹងរ៉ឹងជាងមុនលើរដ្ឋាភិបាលក្រុងតេអេរ៉ង់ ទោះណាជាអត្ថបទនេះបានត្រូវធ្វើឱ្យចុះខ្សោយដោយប្រទេសរុស្សីនិងប្រទេសចិនក៏ដោយ។ ប្រទេសរុស្សីក៏បានលប់ចោលការប្រគល់ឱ្យប្រទេសអ៊ីរ៉ង់នូវកាំជ្រួច missiles ប្រឆាំងនឹងយន្តហោះធុន S-300 ដែលជាកិច្ចព្រមព្រៀងទិញអាវុធមួយកាលពីឆ្នាំ២០០៧ដែរ។
ប្រទេសរុស្សីក៏បានកែប្រែគោលជំហររបស់ខ្លួនអំពីកិច្ចការពារប្រឆាំងនឹងកាំជ្រួច missile ដែរ។ ក្រោយពីបានរិះគន់យ៉ាងខ្លាំងជាច្រើនឆ្នាំដល់ផែនការស.រ.អ.សម្រាប់ការខិតខំប្រឹងប្រែងមួយបែបនេះ រដ្ឋាភិបាលក្រុងម៉ូស្គូក៏បានយល់ព្រមធ្វើកិច្ចសហប្រតិបត្តិការក្នុងប្រព័ន្ធការពារប្រឆាំងនឹងកាំជ្រួច missile ដឹកនាំដោយអង្គការអូតង់ដែរ។
ពួកអ្នកជំនាញការពោលថា ដោយក្រទ្បេកមើលទៅមុខ រដ្ឋាភិបាលក្រុងម៉ូស្គូនិងរដ្ឋាភិបាលក្រុង Washington គួរប្រើប្រាស់ការលូតលាស់ដែលបានត្រូវធ្វើឱ្យមានក្នុងឆ្នាំ២០១០ជាមូលដ្ឋាន សម្រាប់ការរីកចម្រើនក្នុងការទាក់ទងគ្នារវាងប្រទេសទាំងពីរតទៅទៀត។ ព្រឹត្តការណ៍សំខាន់មួយក្នុងឆ្នាំ២០១១គឺការពិនិត្យសើរើមើលជាថ្មីដល់ការដាក់ពាក្យរបស់រដ្ឋាភិបាលក្រុងម៉ូស្គូសុំចូលជាសមាជិកមួយនៃអង្គការពាណិជ្ជកម្មពិភពលោកដែលរដ្ឋបាលលោកអូបាម៉ាបានគាំទ្រ៕
ប្រែសម្រួលដោយ ឈឹម សុមេធ