ចំពោះជនជាតិថៃមិនមានមនុស្សណាដែលធ្វើឲ្យមានការបែកបាក់ជាងលោក Thaksin Shinawatra ទៀតទេ ។ ចំពោះពួកបាតុករប្រឆាំងរដ្ឋាភិបាលថៃរាប់ពាន់នាក់ដែលកំពុងឡោមព័ទ្ធរាជធានីបាងកក លោក Thaksin ជាអ្នកជួយឧប្បត្ថម្ភពួកគេ ។ ចំពោះមនុស្សផ្សេងទៀត លោកជាអ្នកនយោបាយពុករលួយ ។ ក៏ប៉ុន្តែ ពួកអ្នកវិភាគនយោបាយនិយាយថា៖ បាតុកម្មបានរាលដាលហួសពីរឿងទាក់ទងនឹងអតីតនាយករដ្ឋមន្រ្តីដ៏ចម្រូងចម្រាស់រូបនេះទៅដល់បញ្ហានៃការចូលរួមនៃលទ្ធិប្រជាធិបតេយ្យផង។
អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA លោកDaniel Schearf រាយការណ៍រឿងនេះពីទីក្រុង បាងកក ហើយលោកជឹង ប៉ូជីនប្រែសម្រួលសេចក្តីរាយការណ៍នេះជូនដូចតទៅ៖
រូបភាពរបស់លោក Thaksin Shinawatra មានតាំងនៅខាងពួកបាតុករប្រឆាំងរដ្ឋាភិបាលនៅកណ្តាលទីក្រុងបាងកក លើបដា ផ្ទាំងរូបភាពធំៗ មួក និងអាវយឺត។
អតីតនាយករដ្ឋមន្ត្រីបានថ្លែងស្ទើរតែរាល់ថ្ងៃទៅកាន់ពួកបាតុករពាក់អាវក្រហមតាមប្រព័ន្ធផ្កាយរណប ។ លោកបានលើកទឹកចិត្តយុទ្ធនាការរយៈពេល៧សប្តាហ៍របស់ពួកគេបង្ខំឲ្យនាយករដ្ឋមន្រ្តីនាពេលបច្ចុប្បន្ន Abhisit Vejjajivaចុះចេញពីតំណែង ហើយធ្វើការបោះឆ្នោតថ្មី។
ទោះបីឋានៈរបស់លោកជាមហាសេដ្ឋីបណ្តាញផ្សាយព័ត៌មានក៏ដោយ ពួកកសិករនិងពួកកម្មកររាប់ពាន់នាក់ដែលបង្កើតបានជាពួកបាតុករមើលឃើញលោក Thaksin ថា ជាអ្នកជួយជ្រោមជ្រែងរបស់ពួកគេ។
នៅពេលជានាយករដ្ឋមន្រ្តី លោកបានដាក់ស្នើការថែទាំសុខភាពដែលមានតម្លៃថោក ហើយនិងជួយបន្ធូរបន្ថយបំណុលក្នុងយុទ្ធនាការឃោសនាសាធារណៈដ៏ខ្លាំងមួយ។
ពួកអ្នករិះគន់លោកនិយាយថា៖ លោក Thaksin ជាជនពុករលួយនិងជនផ្តាច់ការ ហើយនិងប្រើប្រាស់អំណាចរបស់លោកហួសហេតុ។
លោក Pavin Chachavalpongpun ជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថានសម្រាប់ការសិក្សាភូមិភាគអាស៊ីអាគ្នេយ៍របស់ប្រទេសសិង្ហបូរី ។ លោកមានប្រសាសន៍ថា៖
ការយកចិត្តទុកដាក់របស់លោក Thaksin លើតំបន់ជនបទមិនធ្លាប់មានកាលពីពេលមុនដែលពួកអ្នកគាំទ្ររបស់លោកមិនបានខ្វល់ខ្វាយការចោទប្រកាន់អំពីអំពើពុករលួយ។
«លោកអ្នកដឹងទេ ទោះបីពួកគេដឹងថា៖ លោក Thakisn ក៏ជាអ្នកនយោបាយពុករលួយដែរក៏ដោយ ក៏ប៉ុន្តែបន្ទាប់មកពួកគេនិយាយថា៖ ហេតុអ្វីយើងត្រូវខ្វល់ខ្វាយ នៅពេលដែលគ្មានមនុស្សណាម្នាក់ក្នុងប្រទេសថៃមានការស្អាតស្អំពិតប្រាកដសោះនោះ។ លោកអ្នកដឹងទេ មានពួកអ្នកនយោបាយពុករលួយច្រើនណាស់។ ក៏ប៉ុន្តែយ៉ាងហោចណាស់លោក Thaksin បានឲ្យប្រាក់ត្រឡប់ទៅវិញដែរ» ។
ដូចជាអ្នកគាំទ្ររបស់លោកដែរ លោកThaksinមកពីប្រទេសថៃភាគខាងត្បូង ។
លោកបានចាប់តើមអាជីពរបស់លោកក្នុងអង្គភាពប្រតិបត្តិច្បាប់ដោយដែលធ្វើឲ្យលោកបានទទួលស្វាមីភក្តិពីចំណោមនគរបាល ។
លោកបានប្រមូលសម្បត្តិយ៉ាងច្រើនក្នុងទសវត្សរ៍១៩៨០ ដោយការស្ថាបនាអាណាចក្រទូរគមនាគមន៍។ ពួកអ្នករិះគន់របស់លោកបានចោទប្រកាន់អំពីអំពើទុច្ចរិតរបស់លោកក្នុងឆ្នាំ២០០៦ នៅពេលដែលក្រុមគ្រួសាររបស់លោកបានលក់ភាគហ៊ុនក្នុងទ្រព្យសម្បត្តិរបស់ខ្លួនគឺក្រុមហ៊ុន Shin Corporationទៅឲ្យពួកអ្នកវិនិយោគទុនសិង្ហបូរី។
ការលក់នេះ ត្រូវបានគេរិះគន់ថា ផ្តល់ឲ្យពួកបរទេសត្រួតត្រាច្រើនពេកលើ គមនាគមន៍របស់ប្រទេសថៃ ហើយនិងអនុញ្ញាតឲ្យគ្រួសាររបស់លោក Thaksin ជៀសវាងការបង់ពន្ធតាមរយៈការធ្វើវិសោធនកម្មច្បាប់ទូរគមនាគមន៍ ។
លោកក៏ត្រូវបានគេរិះគន់ដែរចំពោះការរិតត្បិតលើបណ្តាញផ្សាយព័ត៌មានហើយនឹងយុទ្ធនាការប្រឆាំងថ្នាំញៀនដែលនាំឲ្យមានការសម្លាប់មនុស្សរាប់រយនាក់ក្រៅប្រព័ន្ធតុលាការ។
ទោះបីមានការចម្រូងចម្រាស់ក៏ដោយ លោក Thaksin ត្រូវគេមើលឃើញថា បានផ្តល់ការសន្យាដើម្បីជួយតំបន់ដាច់ស្រយាលភាគខាងជើងដោយធ្វើឲ្យលោកបានទទួលការជឿទុកចិត្តដែលពួកអ្នកបោះឆ្នោតជាច្រើននិយាយថា៖ ជាការកម្រមានក្នុងចំណោមអ្នកនយោបាយថៃ។
នយោបាយប្រជានិយមរបស់លោក Thaksin បានធ្វើឲ្យលោកជាប់ឆ្នោតពីរដង ក៏ប៉ុន្តែរបៀបដែលធ្វើឲ្យអ្នកដទៃជិនឆ្អន់លោកក៏បានបង្កើតសត្រូវក្នុងចំណោមវរជនកំពុងកាន់អំណាចតាមរបៀបប្រពៃណីរបស់ទីក្រុងបាងកកដែរ។
លោក Marco Bunteធ្វើការស្រាវជ្រាវអំពីនយោបាយថៃនៅវិទ្យាស្ថានការសិក្សាសកលលោកនិងតំបន់ក្នុងទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់។ លោកមានប្រសាសន៍ថា៖ ការផ្លាស់ប្តូរបានកើតមានឡើងនៅពេលដែលលោក Thaksinបានដាក់ពួកអ្នកគាំទ្ររបស់លោកច្រើនពេកចូលក្នុងតួនាទីសំខាន់ៗក្នុងកងយោធាដែលជាស្ថាប័នដ៏មានអំណាចបំផុតរបស់ប្រទេសថៃ ដែលទទួលខុសត្រូវការពារប្រទេសជាតិនិងរាជាធិបតេយ្យ។
លោក Marco Bunteនិយាយថា និយាយឲ្យស្រួលស្តាប់ លោក Thaksin មានអំណាចខ្លាំងពេក ។ ហើយវាជាការគ្រោះថ្នាក់មួយដែលកងទ័ពស្ថិតនៅក្រោមលោកThaksinទាំងស្រុងនោះ។ ហើយរឿងផ្សេងទៀតអ្វីដែលស្ថិតនៅក្រោយនោះគឺព្រះមហាក្សត្រ។ កងទ័ពជិតស្និទ្ធណាស់ជាមួយព្រះមហាក្សត្រ ។
ក្នុងឆ្នាំ២០០៦ កងទ័ពបានទម្លាក់លោក Thaksin។ ភ្លាមៗបន្ទាប់ពីការទម្លាក់នោះ ពួកអ្នកគាំទ្ររបស់លោកដែលគេស្គាល់ថា ជាពួកអាវក្រហមបានលេចខ្លួនជាលើកតំបូង ដោយធ្វើការថ្កោលទោសអន្តរាគមន៍របស់ពួកយោធាដោយអំពាវនាវពួកយោធានៅក្រៅនយោបាយ។
ការបោះឆ្នោតឆ្នាំ២០០៧បានផ្តល់អំណាចដល់រដ្ឋាភិបាលដែលមានការជិតស្និទ្ធជាមួយលោក Thaksin ដែលជាការបញ្ជាក់អំពីការបន្តមានប្រជាប្រីយ៍ភាពរបស់លោក។
ពួកបាតុករពាក់អាវលឿងប្រឆាំងលោក Thaksinរាប់ពាន់នាក់បានធ្វើបាតុកម្មនៅតាមផ្លូវ ។ ពួកគេបានកាន់កាប់អគារសំខាន់ៗរបស់រដ្ឋាភិបាលអស់រយៈពេលជាច្រើនខែ ក្នុងការប្រឆាំងតវ៉ាដែលបានឡើងដល់កម្រិតខ្ពស់នៅក្នុងការឡោមព័ទ្ធចំណតអាកាសយាន្តដ្ឋានអន្តរជាតិដ៏សំខាន់មួយរបស់ទីក្រុងបាងកកអស់រយៈពេលមួយអាទិត្យ។
ជាទីបញ្ចប់ ការកាត់សេចក្តីរបស់តុលាការដែលមានលក្ខណៈនយោបាយបានដកសម្ព័ន្ធមិត្ររបស់លោក Thaksin ចេញពីអំណាចក្នុងឆ្នាំ២០០៨។
រដ្ឋសភាបានជ្រើសរើសលោក Abhisit មេដឹកនាំគណបក្សប្រជាធិបតេយ្យឲ្យធ្វើជានាយករដ្ឋមន្រ្តី។ គណៈរដ្ឋមន្រ្តីរបស់លោក រួមមានពួកអាវលឿងជាច្រើននាក់ផង។
តុលាការបានកាត់ទោសលោក Thaksin ឲ្យមានទោសពីរឿងពុករលួយហើយនឹងកាត់ទោសលោកឲ្យជាប់គុក២ឆ្នាំ។ លោកបានរត់គេចខ្លួន ហើយចាប់តាំងពីពេលនោះមក លោកបានចាកចេញពីប្រទេសមួយទៅកាន់ប្រទេសមួយទៀតដើម្បីបញ្ចៀសការធ្វើបត្យាប័ន។
ពួកអ្នកវិភាគនិយាយថា៖ ចាប់តាំងពីពេលនោះមក ការប្រឆាំងតវ៉ារបស់ពួកអាវក្រហមបានរីករាលដាលពីចលនាគាំទ្រលោក Thaksin ទៅដល់ចលនាមួយដែលរួមបញ្ចូលទាំងជនទាំងឡាយណាដែលជិនណាយជាវរជនក្នុងកងទ័ពនិងវណ្ណៈថ្នាក់កណ្តាល ដែលបានរារាំងលទ្ធិប្រជាធិបតេយ្យ។
លោក Tongchai Winichakul ជាសាស្រ្តាចារ្យប្រវត្តិសាស្រ្តនៅសកលវិទ្យាល័យ Wisconsin។
លោកនិយាយដូច្នេះថា មនុស្សជាច្រើននៅតែគិតថា៖ ពួកបាតុករមកធ្វើបាតុកម្មនេះ ពីព្រោះតែលោក Thaksinបានផ្តល់ប្រាក់ឲ្យពួកគេ។ នេះជាការសើរៗ។ ពួកគេមិនបានមើលឃើញថា៖ការផ្លាស់ប្តូរមានជម្រៅល្មម ហើយមិនមានមធ្យោបាយណាផ្សេងទៀតទេ ពីព្រោះតែការផ្លាស់ប្តូរបានកើតឡើងរួចទៅហើយ។ មិនមានមធ្យោបាយដើម្បីដាក់ពួកបាតុករតំបន់ជនបទទាំងនោះ មនុស្សតំបន់ជនបទទាំងនោះឲ្យត្រឡប់ទៅកាន់ស្ថានភាពនយោបាយកាលពី១០ - ២០ឆ្នាំមុនទេ។ ខ្ញុំគិតថា មិនអាចទៅរួចទេ។ ឥឡូវនេះពួកគេអំពាវនាវឲ្យបែងចែកអំណាចរបស់ពួកគេ ។ ដូច្នេះ តាមទស្សនៈរបស់ខ្ញុំ គឺជាការប្រយុទ្ធដើម្បីសិទ្ធិស្មើគ្នា ក្រោមលទ្ធិប្រជាធិបតេយ្យ ។
រដ្ឋាភិបាលបានស្នើធ្វើការបោះឆ្នោតនៅចុងឆ្នាំនេះ ក៏ប៉ុន្តែពួកមេដឹកនាំបាតុកម្មនិយាយថា៖ ការបោះឆ្នោតត្រូវធ្វើឡើងក្នុងរយៈពេល៣ខែ។ នៅពេលណាការបោះឆ្នោតធ្វើឡើង ពួកបេក្ខជនអាវក្រហមត្រូវគេរំពឹងថា នឹងបានទទួលជ័យជំនះ រួមបញ្ចូលទាំងអ្នកណាដែលជិតស្និទ្ធនឹងលោក Thaksin ផង។
ជនជាតិថៃជាច្រើនរំពឹងថា៖ អ្នកឈ្នះនឹងបោះបង់ចោលការកាត់ទោសពុករលួយរបស់លោកThaksin ដោយធ្វើដូច្នេះ លោកអាចវិលត្រឡប់ទៅកាន់ប្រទេសថៃវិញ។ ហើយករណីនេះអាចនាំពួកអាវលឿងត្រឡប់ទៅលើផ្លូវវិញ ហើយអាចធ្វើឲ្យប្រទេសធ្លាក់ចូលក្នុងវិបត្តិម្តងទៀត៕