ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​​ឃាត់​ខ្លួន​សកម្មជន​កិច្ច​ព្រម​ព្រៀងទី​ក្រុង​ប៉ារីស នាំ​ឱ្យមានការ​រិះគន់​ថា​សេរីភាព​ពលរដ្ឋ​ត្រូវ​បាន​រឹតត្បិតបន្ថែម​ទៀត


កញ្ញា ​ភឹង សោភា (ឆ្វេង) និង លោកស្រ៊ុន ស្រ៊ន សកម្មជន​យុវជន​ដើម្បី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស បាន​ពន្យល់ពី​សកម្មភាពអប់រំ​តាមបណ្តាញសង្គម​និង​ផលល្អនៃការស្វែងរកដំណោះស្រាយ​វិជ្ជមាន​ចំពោះបញ្ហាប្រឈម​ក្នុងសង្គមកម្ពុជា។ 
កញ្ញា ​ភឹង សោភា (ឆ្វេង) និង លោកស្រ៊ុន ស្រ៊ន សកម្មជន​យុវជន​ដើម្បី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស បាន​ពន្យល់ពី​សកម្មភាពអប់រំ​តាមបណ្តាញសង្គម​និង​ផលល្អនៃការស្វែងរកដំណោះស្រាយ​វិជ្ជមាន​ចំពោះបញ្ហាប្រឈម​ក្នុងសង្គមកម្ពុជា។ 

អាជ្ញាធរ​ក្រុង​ក្រចេះ ​បាន​ឃាត់​ខ្លួន​សកម្ម​ជន៤​នាក់ ដែលបាន​ផ្សាយ​ផ្ទាល់​តាមបណ្តាញ​សង្គមកាល​ពី​រសៀល​ថ្ងៃពុធ ​អំពី​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទី​ក្រុង​ប៉ារីស​ ទៅ​សាក​សួរ​នៅ​អធិការ​ដ្ឋាននគរបាលក្រុងក្រចេះ​ ​អស់​រយៈ​ពេល​ប្រមាណ ​២ ​ម៉ោង តែ​ត្រូវបាន​ដោះលែង​វិញ​ បន្ទាប់​ពី​ធ្វើកិច្ច​សន្យា​ដោយ​មាន​ផ្តិត​ស្នាមមេដៃ​។ ​

មន្ត្រីសង្គម​ស៊ីវិល​ខ្លះ​ដែល​ធ្វើ​ការ​ផ្នែក​សិទ្ធិមនុស្ស​មួយចំនួន​ រិះ​គន់ថា​ សកម្ម​ភាព​របស់អាជ្ញាធរ ក្នុង​រូបភាព​បែប​នេះ​ ​ជាការ​បំភិត​បំ​ភ័យ​ និង​ធ្វើ​ឱ្យ​ប៉ះ​ពាល់សិទ្ធិសេរីភាពរបស់​ពល​រដ្ឋ។ ​

លោក ស្រ៊ុន ស្រ៊ន ជា​សកម្ម​ជនដែល​ផ្សព្វ​ផ្សាយ​អំពី​កិច្ច​ព្រម​ព្រៀង​ប្រវតិ្តសាស្ត្រ​នោះបាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃព្រហស្បតិ៍​នេះ​ថា​ គាត់​និងក្រុមការងារ​របស់​គាត់៣នាក់​ទៀត​ ត្រូវ​បាន​ឃាត់ខ្លួន នៅ​ម៉ោង​ ៦ល្ងាច​ នៅពេលលោក​កំពុង​ធ្វើការផ្សាយ​ផ្ទាល់​តាមបណ្តាញ​សង្គម​ហ្វេស​ប៊ុក​នៅ​តាម​ដង​ទន្លេ​ក្រុង​ក្រចេះ។ ​

​មុនពេល​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ក្រចេះ​ លោក ស្រ៊ុន ស្រ៊ន បាន​បញ្ជាក់​ទៅ​អាជ្ញាធរ​ថា ក្រុម​របស់​លោក ធ្វើ​ការ​ផ្សព្វផ្សាយ​កិច្ច​ព្រមព្រៀង​នោះ ក្នុង​បំណង​ចង់ឱ្យ​ប្រជា​ពល​រដ្ឋ​យល់ដឹង​កាន់​តែច្រើន​អំពី​កិច្ច​ព្រម​ព្រៀង​ដែល​បាន​រួម​ចំណែក​ដល់​ការ​បញ្ចប់​សង្គ្រាមស៊ីវិលនៅ​ប្រទេស​កម្ពុជា​។ ប៉ុន្តែ​អាជ្ញាធរ​នៅបន្ត​ឃាត់​ខ្លួន​ ទាំង​មិនបាន​ផ្តល់​ហេតុផល​ជាក់​លាក់។ ​

លោក​បន្ថែម​ថា​ ​ការនាំខ្លួន​ទៅ​សាកសួរ​នេះ ​អាច​ជា​ការ​សង្ស័យ ឬ​យល់ច្រឡំរបស់​អាជ្ញាធរ​មូលដ្ឋាន​ ​ថា​ក្រុមរបស់​លោក ធ្វើ​សកម្មភាពប្រឆាំង​ការចាប់ខ្លួន​លោកថេង សារឿន ​ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​(CCFC) ដែល​ត្រូវ​បាន​តុលាការខេត្ត​រតនគិរី​ចោទ​ប្រកាន់ពីបទ«​រួមគំនិត​ក្បត់​ និង​ញុះ​ញង់» ដោយ​សារ​អាជ្ញាធរ​សង្ស័យ​ថា​ សមាគម​នេះ​មានផែនការធ្វើ​បដិវត្តន៍​កសិករ។

លោកថ្លែងថា៖ «ជាង​២ម៉ោង​ហ្នឹង​ គាត់​អ​ត់ទុក​ចិត្ត​ថា​ពួក​ខ្ញុំមិនមែន​ជាមនុស្ស​មក​ផ្សាយ​ច្បាប់ ផ្សាយ​អី​អ៊ីចឹង​។ ​គាត់យល់ថាខ្ញុំ អើ​!​បងប្អូន​ខាង​កសិករ ដូចប្អូន​ ថេង សាវឿន​ គេ​ទើប​ឃាត់​ខ្លួន​ពីក្រចេះ​ទៅរតនៈគីរី​។ អ៊ីចឹង​ពួក​គាត់​ គិតថារឿងហ្នឹង គឺ​ប្រហែលគ្នាក៏មិនដឹង​ ខ្ញុំមិនអាច​ដឹងបានទេ​។​ ប៉ុន្តែគាត់​ឃើញ​ពួក​យើង​ផ្សាយ​...ពួកខ្ញុំ​កំពុង​ផ្សាយ​មាន​បុរសម្នាក់​ដែល​គាត់​ហាត់​ប្រាណ​នៅទី​ហ្នឹង​ គាត់មក​ថតពួកយើង​ ហើយប្រហែលជាបាញ់ ​បង្ហោះ​រូបទៅ​ឱ្យ​មេ​គាត់ ឬ​កូន​ចៅ​គាត់អ៊ីចឹង​ទៅ ដើម្បី​ឱ្យពួកគេមក​ឃាត់​ខ្លួន​»​។

​បើតាម​លោក ស្រ៊ុន ស្រ៊ន អាជ្ញាធរ​ក្រុងក្រចេះ​ បាន​ស្នើ​ឱ្យ​ក្រុម​ការងារ​គាត់​ធ្វើ​កំណត់​ហេតុ និង​ធ្វើកិច្ច​សន្យា​ ទាក់​ទង​សកម្ម​ភាព​ផ្សព្វ​ផ្សាយ​ពី​ច្បាប់ និងកិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទី​ក្រុង​ប៉ារីសនោះ​ ហើយ នៅពេលក្រោយ ​បើ​ចង់​ធ្វើ​សកម្ម​ភាព​អ្វីមួយ ឬ​ផ្សព្វ​ផ្សាយ​ច្បាប់ផ្សេង​ៗ​ ​ក្រុម​ការងារ​គាត់​ត្រូវជូន​ដំណឹងឱ្យ​អាជ្ញាធរ​ដឹង​ជា​មុន​សិន​។ ​

​សកម្មជនកិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទី​ក្រុង​ប៉ារីសរូបនេះ​ ចាត់​ទុក​ថា ​សកម្ម​ភាព​របស់​អាជ្ញាធរ​ ដែល​មក​ហាម​ឃាត់​សកម្ម​ភាព​លោក​ដែលផ្សព្វផ្សាយ​ច្បាប់​បែប​នេះ គឺ​ជា​ការ​គំរាមកំ​ហែងសិទ្ធិ​សេរី​ភាព​របស់​ប្រជា​ពល​រដ្ឋ​។ ប៉ុន្តែ​លោក​ថា ការ​ណ៍​ដែល​អាជ្ញាធរ​ដោះលែង​ក្រុមរបស់​លោក​វិញ ក៏ជា​ការ​បង្ហាញ​ថា​ សកម្ម​ភាពផ្សព្វផ្សាយ​កាលពីថ្ងៃ​ពុធ គឺ​ជារឿង​ត្រឹមត្រូវ និង​មិនមានអ្វី​ខុសច្បាប់នោះទេ។

លោក​ថ្លែង​ថា​៖ ​«​វា​ជា​ការ​ប៉ះពាលហើយ​ ពីព្រោះ​ធម្មតាទេ​ បើយើង​គ្រាន់តែ​ប្រើសិទ្ធិ​ ហើយម្យ៉ាង​យើង​គ្រាន់តែ​និយាយ​ច្បាប់​ទៅទៀត យើង​មិនមែន​ប្រើ​សិទ្ធិពលរដ្ឋ​ទៅនិយាយ​ផឹកស៊ី រឿង​បបួលគ្នា​ទៅសម្លាប់គ្នា​ ទៅធ្វើអី​ឱ្យខុសច្បាប់​ទេណា យើង​បបួលគ្នារៀនច្បាប់​។​ អ៊ីចឹងពួកខ្ញុំ​និយាយអ៊ីចឹង​គាត់នៅតែ​ឃាត់​ ខ្ញុំគិតថា​ជាការ​គំរាមកំហែង​ទៅ​ដល់​សិទ្ធិពលរដ្ឋ​ដទៃ»។

លោក ស្រ៊ុន ស្រ៊ន ដែល​ជារឿយៗបាន​ចេញ​មុខ​បកស្រាយ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស​នៅ​តាម​វេទិកា​សាធារណៈ និង​តាម​បណ្តាញ​សង្គមនោះ​ បានស្នើ​ទៅអាជ្ញាធរ​គ្រប់ខេត្ត​ គួរ​តែ​លើក​ទឹក​ចិត្ត​ដល់ប្រជា​ពល​រដ្ឋឱ្យផ្សព្វផ្សាយ​ច្បាប់ និង​ស្វែង​យល់ពីច្បាប់​ ជាជាង​ការ​ឃាត់​ខ្លួន និង​សួរ​នាំ ​ព្រោះនៅពេល​អាជ្ញាធរ​ឃាត់​ខ្លួន​សួរ​នាំ ​វា​នឹងប៉ះពាល់ផ្លូវចិត្តរបស់​ប្រជា​ពល​រដ្ឋ​។

​វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​ស្នង​ការ​នគរ​បាល​ខេត្ត​ក្រចេះ លោក អ៊ូ សុបុណ្ណា និងអធិការ​ដ្ឋាន​នគរបាល​ក្រុង​ក្រចេះ លោក អេង ហឿន ​ជុំវិញ​មូល​ហេតុ​នៃ​ការ​ឃាត់​ខ្លួនលោក ស្រ៊ុន ស្រ៊ន ​បាន​នៅ​ឡើយ​ទេ។

​ចំណែក​ ​អភិបាល​ខេត្ត​ក្រចេះ លោក​ វ៉ា ​ថ​ន បាន​បដិសេធ​ថា​ អាជ្ញាធរ​ខេត្ត​ មិន​បាន​ឃាត់​ខ្លួន​អ្នក​ណា​ម្នាក់​នោះ​ទេកាល​ពី​ថ្ងៃពុធ​ ម្សិលមិញ។ ​

​លោក​បន្ថែម​ថា៖ «ទេ​ដូច​ជា​មិន​មាន​ទេ ប៉ុន្តែ​ខ្ញុំ​មិន​ចង់​និយាយ​ជាមួយ​វីអូអេ​ពីព្រោះ​វីអូអេ​អត់​យក​សារ​ពិត​ទៅ​និយាយ​ផង ​និយាយ​តែ​ក្លែង​ពាក្យ​»​។​

​អ្នក​នាំពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដហុក​ លោក ស៊ឹង សែនករុណា ពិនិត្យ​ឃើញ​ថា ការផ្សាយ​ផ្ទាល់​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ [Live] របស់​លោក ស្រ៊ុន ស៊្រន ​មិន​បាន​បកស្រាយអ្វី​ក្រៅតែ​អំ​ពីសន្ធិ​សញ្ញា​ទីក្រុង​ប៉ារីស​នោះ​ទេ។ ​លោក​យល់​ថា ការ​ឃាត់​ខ្លួនលោក ស៊្រុន ស្រ៊ន និង​សហការី​ គឺ​ជាការ​រារាំង​ដល់សេរី​ភាពញ្ចេញ​មតិរបស់​ប្រជាពលរដ្ឋ​។​

លោក​ថ្លែង​ថា៖ «អ៊ីចឹង​វា​ជា​រឿង​ចម្លែក​មែន ហើយ​ធម្មតា​នៅ​ក្នុង​ប្រទេស​យើង​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​ត្រូវ​បាន​ច្បាប់​ការពារ​ ប៉ុន្តែ​ការ​ដែល​គាត់​[ស៊្រន ស៊្រុន]នេះ​ហាក់​ដូច​ជា​រូបភាព​មួយ​ក្នុង​ការ​រារាំង​ទៅ​លើ​សេរី​ភាព​ហ្នឹង។ អ៊ីចឹង​អាជ្ញាធរ​មិន​គប្បី​មាន​ការ​ហៅ ការសាក​សួរ​ទេ ចង់​មិន​ចង់​ក៏​ធ្វើ​ឱ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​អារម្មណ៍​អ្នក​គាំទ្រ​គាត់»។

​លោក​បានកត់​សម្គាល់​ថា​ ក្រោយ​ករណី​ចាប់​ខ្លួន​លោក ថេង សាវឿន​ ​ប្រធាន​សមាគម​សម្ព័ន្ធ​សហ​គមន៍​កសិករ​កម្ពុជា​(CCFC) ​គឺ​អាជ្ញាធរ​ខេត្ត​ក្រចេះ​ ហាក់​មាន​ការ​ប្រុង​ប្រយ័ត្ន​យ៉ាង​ខ្លាំងទាក់ទង​ការផ្សព្វ​ផ្សាយ​ព័ត៌​មាន​ និងការផ្តល់​ព័ត៌មាន​។

​នាយិកា​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​អ្នកស្រី ចក់ សុភាព ប្រាប់​វីអូអេ​ថា មួយ​រយៈ​ក្រោយ​នេះ​ អាជ្ញាធរ​ហាក់មាន​ភាព​ភ័យ​ខ្លាច​ចំពោះ​ការ​ជួបជុំ​ដោយ​សន្តិ​វិធី។ ​មិនតែ​ប៉ុណ្ណោះ អ្នកស្រីថាក្រុម​អង្គការ​សង្គម​ស៊ីវិល​ រងនូវការ​យាយី​ច្រើន​ ដែល​ឈានទៅដល់​ការ​ចោទ​ប្រកាន់តាមផ្លូវ​តុលាការជា​ដើម។​

អ្នកស្រី​ថ្លែង​ថា៖ «អ៊ីចឹង​យើង​ឃើញ​ហើយ​ថា​មួយ​រយៈ​នេះ​មាន​ការ​យាយី​ច្រើន​ទៅ​លើតួ​អង្គ​សង្គម​ស៊ីវិល​ដែល​ហាក់​ដូចជា​ត្រូវ​បាន​អាជ្ញាធរ​ហ្នឹង​ទប់​ស្កាត់​ស្ទើរ​តែ​គ្រប់​សកម្ម​ភាព​សូម្បី​តែ​គ្រាន់​តែ​ការ​បញ្ចេញ​មតិ ឬ​ក៏​ការ​ជួបជុំ​ដោយ​សន្តិ​វិធី​អី​ជា​ដើម​ហ្នឹង​គឺ​ត្រូវ​បាន​អាជ្ញាធរ​ឃ្លាំ​មើល ហើយ​ធ្វើ​ការ​រំខាន ។ យើង​ឃើញ​ហើយ​មុន​ករណី​ការ​ឃាត់​ខ្លួន​នេះ​ក៏​មាន​ការ​ចាប់​ខ្លួន​របស់​សមាជិក​របស់​សម្ព័ន្ធ​សមាគម​កសិករ ​មាន​លោក​ថេង សាវឿន អី​ជា​ដើម និង​ក្រុម​ការងារ​របស់​គាត់​ផង​ដែរ»។

​បើតាម​មេដឹកនាំ​អង្គការ​សង្គមស៊ីវិល​រូបនេះ រាល់​ការ​ឃាត់​ខ្លួន ឬ​ការ​យាយី​ដោយ​មិន​មាន​មូលដ្ឋាន​ច្បាស់​លាស់​នោះ​ជា​ការ​បំពាន​ដល់​សិទ្ធិ​សេរី​ភាព​របស់​ប្រជា​ពល​រដ្ឋ​។

គួរ​រំឭក​ថា​ កិច្ច​ព្រមព្រៀង​សន្តិភាពទីក្រុង​បារីស (Paris Peace Agreement) ឆ្នាំ ​១៩៩១ ​ដែល​បាន​ធ្វើ​ឱ្យខ្មែរ ៤​ភាគី ឈប់​បាញ់​គ្នា​ នាំ​ឲ្យ​មាន​សន្តិភាព​ ធានា​បូរណភាព​ដែនដី​ អធិបតេយ្យភាព​ជាតិ​ និង​ការ​អភិវឌ្ឍ​ជា​ដើម​ផង​នោះ គឺ​ជា​ស្នា​ព្រះហស្ថ​របស់​ព្រះបរមរតនកោដ្ឋ ​សម្តេចឪ​ព្រះ​បាទ​នរោត្តម​ សីហនុ ​ដែល​ជា​អ្នក​ផ្តួចផ្តើម​៕

XS
SM
MD
LG