អាជ្ញាធរកម្ពុជាឃាត់ខ្លួនជនសង្ស័យមួយរូបបន្ថែមទៀតក្នុងខេត្តព្រះវិហារ ដែលអាជ្ញាធរអះអាងថាជាមេខ្លោងពាក់ព័ន្ធនឹងការលាក់ទុកអាវុធ និងរៀបចំបង្កើតក្រុមប្រដាប់អាវុធខុសច្បាប់ប្រឆាំងនឹងរដ្ឋាភិបាល លោក ហ៊ុន សែន។ នេះបើតាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃនៅថ្ងៃពុធ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់ VOA នារសៀលថ្ងៃពុធនេះថា ជនសង្ស័យដែលជាមេខ្លោងមានឈ្មោះ ប្តិន្តិ៍ ថងឌី ត្រូវបានចាប់ខ្លួន កាលពីរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ ក្នុងទឹកដីខេត្តព្រះវិហារ។ លោកបន្ថែមថា ក្នុងការចាប់ខ្លួននោះ សមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួន រួមមានអាវុធខ្លីមួយដើម និងអាវុធវែង១ដើម គ្រឿងផ្ទុះ និងសារធាតុផ្សំគ្រឿងផ្ទុះមួយចំនួនទៀត។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ សុំមិនធ្វើអត្ថាធិប្បាយលម្អិត ដោយគ្រាន់តែប្រាប់ថា ជនល្មើសដែលជាមេខ្លោង និងបក្សពួកចំនួន៨នាក់ផ្សេងទៀត ត្រូវបានសមត្ថកិច្ចសង្ស័យថាត្រៀមរៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាល។
លោកមានប្រសាសន៍ថា៖
«ចុងក្រោយយើងបានឃើញនៅព្រះវិហារ យើងគិតថាវាជាមេក្លោងហើយ ក្នុងចំណោម ៨-៩នាក់ហ្នឹង ក៏ប៉ុន្តែយើងគិតថាក្រែងលោវាមានខ្សែររយៈទាក់ទងអីទៀត យើងកំពុងធ្វើការគាស់រំលើង។ គាត់ទិញជួនកាលដើម្បីនិយាយរួមនៅក្នុងគោលបំណងដើម្បីផ្តួលរំលំ»។
អ្នកនាំពាក្យរូបនេះបន្ថែមថា រហូតមកដល់ពេលនេះ សមត្ថកិច្ចកំពុងចាត់វិធានការលើជនទាំង៩នាក់ ជាបន្តតាមនីតិវិធី។
ចាប់តាំងពីថ្ងៃទី២៥ ខែកញ្ញា រហូតដល់ថ្ងៃទី១ ខែតុលា មនុស្សចំនួន៨នាក់ ត្រូវបានចាប់ខ្លួន ជាមួយនឹងកាំភ្លើងអាកាស្វាយបត់ចំនួន២៨ដើម ដែលត្រូវបានសមត្ថកិច្ចអះអាងថា ជាក្រុមមានបណ្តាញពាក់ព័ន្ធនៅរាជធានីភ្នំពេញ ខេត្ដកំពត និងពោធិ៍សាត់។ ក្រោយចាប់ខ្លួនជនទាំង៨នាក់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២ ខែតុលា បានសម្រេចចោទប្រកាន់ពីបទរៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ ដោយគ្មានការអនុញ្ញាត និងបទចូលរួមក្នុងក្រុមជនប្រដាប់អាវុធ។
កាលពីថ្ងៃអង្គារកន្លងទៅ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានយកថវិកាជាតិចំនួន៥ម៉ឺនដុល្លារផ្តល់ជាប្រាក់រង្វាន់លើកទឹកចិត្តដល់ក្រុមសមត្ថកិច្ចដែលបានបង្ក្រាបករណីលាក់ទុកអាវុធនិងបង្កើតក្រុមប្រដាប់អាវុធ។ នេះបើយោងតាមសារដែលបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ស ខេង។
ក្នុងសារនោះត្រូវបានសរសេរថា៖
«សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានផ្តល់ថវិកា៥ម៉ឺនដុល្លារសហរដ្ឋអាមេរិកដល់កងកម្លាំងនគរបាល ដើម្បីលើកទឹកចិត្តចំពោះការបង្ក្រាបក្រុមប្រដាប់អាវុធអាណាធិបតេយ្យ នាពេលថ្មីៗនេះ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ កងកម្លាំងនគរបាលជាតិបានស្រាវជ្រាវ និងធ្វើការចាប់ខ្លួនសកម្មជន និងមេក្លោង ចលនាប្រដាប់អាវុធខុសច្បាប់នៅទូទាំងប្រទេសចំនួន៩នាក់ ដោយរឹបអូសអាវុធវែង៣០ដើម អាវុធខ្លីមួយដើម និងឧបករណ៍សម្ភារៈផ្សំគ្រឿងផ្ទុះមួយចំនួនទៀត»។
ការចាប់ខ្លួនមនុស្សទាំង៩នាក់នៅសប្តាហ៍នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន ទទួលបានជ័យជំនះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតជាតិកាលពីខែកក្កដាកន្លងទៅ ក្រោយពេលដែលគូប្រជែងដ៏ធំរបស់គណបក្សនេះ គឺគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលរំលាយចោល៕