លោកប្រធានាធិបតីបារ៉ាក់អូបាម៉ា និងសមាជិកសភាបានដឹកនាំការស្មឹងស្មាធិ៍ទូទាំងប្រទេសដើម្បីគោរពវិញ្ញាណក្ខន្ធអ្នកដែលបានបាត់បង់ជីវិត និងសម្តែងការគោរពចំពោះអ្នករងរបួសក្នុងការបាញ់ប្រហារមិនរើសមុខនៅ រដ្ឋអារីហ្សូណា(Arizona ) កាលពីថ្ងៃសៅរ៍ ដែលបានធ្វើឲ្យលោកស្រីតំណាងរាស្ត្រ Gabrielle Giffords រងរបួសជាទម្ងន់។ ក្រោយពីមានព្រឹត្តិការណ៍បាញ់ប្រហារនោះ ពលរដ្ឋអាមេរិកាំងជាច្រើនឆ្ងល់ថា តើការដេញដោលគ្នាដោយខឹងសម្បារខាងនយោបាយជាតិ ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ អាចមានចំណែកក្នុងសោកនាដកម្មនេះឬយ៉ាងណា?
លោកប្រធានាធិបតីអូបាម៉ា និងលោកស្រីជំទាវ ម៉ីស្ហែល អូបាម៉ា (Michelle Obama) បានឈរយ៉ាងស្ងៀមស្ងាត់នៅសេតវិមាន នៅពេលដែលប្រទេសជាតិអាមេរិកធ្វើពិធីស្មឹងស្មាធិ៍គោរពវិញ្ញាណក្ខន្ធ។
នៅវិមានរដ្ឋសភា ប៉ុន្មានផ្លូវប៉ុណ្ណោះពីសេតវិមាន Emanuel Cleaver តំណាងរាស្ត្រគណបក្សប្រជាធិបតេយ្យនិយមមកពីរដ្ឋមីស៊ូរី Missouri ដែលជាអ្នកប្រដៅសាសនាផងនោះ បានធ្វើពិធីបូងសួងក្នុងនាមតំណាងរាស្ត្រនិងបុគ្គលិកសភាតំណាងរាស្ត្រទាំងអស់។
«យើងបួងសួងសូមប្រទានពរដល់ព្រលឹងជាតិនេះ សូមឲ្យជួយយើងចាកផុតពីភាពខ្មៅងងឹតនេះ ទៅរកភាពភ្លឺស្វាង និងប្រកបដោយក្តីសង្ឃឹម»។
បន្ទាប់មកនៅសេតវិមាន លោកប្រធានាធិបតីបារ៉ាក់អូបាម៉ា បានសម្តែងនូវក្តីសង្ឃឹមថា ពលរដ្ឋអាមេរិកាំងនឹងរួបរួមគ្នាក្រោយពីមានព្រឹត្តិការណ៍បាញ់ប្រហារនៅរដ្ឋអារីហ្សូណា (Arizona ) នេះ។
«ក្នុងពេលប៉ុនា្មនថ្ងៃខាងមុខនេះ យើងមានរឿងច្រើនដែលត្រូវឆ្លុះបញ្ចាំងមើលឡើងវិញ។ នៅពេលនេះ រឿងសំខាន់ដែលយើងកំពុងធ្វើ គឺផ្តល់យោបល់របស់យើង និងបួងសួងដល់អ្នករងគ្រោះទាំងនោះ ដោយធានាថា យើងនឹងរួបរួមគ្នាក្នុងសង្គមជាតិតែមួយ»។
ការបាញ់ប្រហារមិនរើសមុខដែលបានឆក់យកជីវិតមនុស្ស៦នាក់ និងធ្វើឲ្យលោកស្រីតំណាងរាស្ត្រ Giffords និងជនរងគ្រោះជាច្រើនទៀតរងរបួសនោះ បាននាំឲ្យមានការពិភាក្សាគ្នាទូទាំងប្រទេស ហើយក្នុងករណីខ្លះមានការជជែកគ្នាខ្លាំងៗថា តើវោហាស៍នយោបាយវាយប្រហារគ្នា នៅសរអដែលបានក្លាយទៅជាជាធម្មតាទៅហើយនោះ មានចំណែកដល់អំពើហិង្សាជាសក្តានុពលនេះឬយ៉ាងណា។
លោក George Miller គឺជាអតីតអភិបាលក្រុង Tucson រដ្ឋអារីហ្សូណា (Arizona ) ទីដែលមានការបាញ់ប្រហារនោះ។ លោកនិយាយថា លោកជឿថា បរិយាកាសនយោបាយជាតិដ៏អាប់អួរដែលកើតមានជាញឹកញាប់នេះ ទំនងណាស់ថា មានការប៉ះពាល់ដល់មនុស្សវ័យក្មេង Jared Loughner ដែលគេសង្ស័យថា ធ្វើការបាញ់ប្រហារនេះ។
«គំនិតរបស់បុរសវ័យក្មេងនេះ ដែលជាគំនិតមិនល្អ ពិតជាមិនល្អរួចទៅហើយនោះ កាន់តែអាក្រក់ឡើងដោយសារការស្អប់គ្នាដែលមានក្នុងការដេញដោលគ្នា ដែលយើងឮក្នុងយុទ្ធនាការមិនចប់មិនហើយនេះ ហើយចំពោះខ្ញុំ ខ្ញុំបារម្ភចំពោះប្រទេសរបស់យើង»។
ក៏ប៉ុន្តែមិនមានភស្តុតាងបញ្ជាក់ថា ជនប្រដាប់អាវុធនេះប្រព្រឹត្តការបាញ់ប្រហារដោយសារហេតុផលនយោបាយនោះទេ។
Jon Kyl សមាជិកព្រឹទ្ធសភាមកពីរដ្ឋអារីហ្សូណា (Arizona ) បានចូលក្នុងកម្មវិធីទូរទស្សន៍ Face The Nation របស់ទូរទស្សន៍ CBS។
«យើងពិតជាមិនដឹងថា តើរឿងអ្វីបណ្តាលឲ្យក្មេងនេះធ្វើអញ្ចឹងទេ។ យើងគ្រាន់តែដឹងថា ក្មេងនេះមានបញ្ហាសុខភាពផ្លូវចិត្តមិននឹងន។ ប្រហែលជាឲ្យតម្លៃក្មេងនេះខ្លាំងពេកហើយ ដោយនិយាយថា រឿងនេះជាប់ទាក់ទងនឹងទស្សនៈនយោបាយនោះ»។
អ្នកជំនាញខាងនយោបាយនិយាយថា ពាក្យសម្តីបក្សនិយម និងប្រកាន់ម្ខាងៗរបស់អ្នកនយោបាយអាមេរិក បានកើនឡើងខ្លាំងអំឡុងទសវត្ស១៩៩០ ជាពិសេសអំឡុងពេលមានការប៉ះទង្គិចគ្នាផ្នែកនយោបាយ រវាងលោកប្រធានាធិបតីប៊ីលគ្លីនតុន (Bill Clinton) កាលណោះ និងតំណាងរាស្ត្រអ្នកសាធារណរដ្ឋនិយម៕
ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ