កាលពីប៉ុន្មានសប្តាហ៍កន្លងមកនេះ ពួកអាជ្ញាធររបស់ប្រទេសភូមាដែលធម្មតារឹងទទឹងនោះ បានស្វាគមន៍ក្រុមអ្នករិៈគន់ក្នុងប្រទេស និងក្រៅប្រទេសទាំងឡាយឲ្យមានកិច្ចពិភាក្សាដោយត្រង់ៗ។ ពួកគេក៏បានបន្ធូរការរឹតបន្តឹងយ៉ាងខ្លាំងចំពោះប្រព័ន្ធផ្សព្វផ្សាយបន្តិចដែរ ដែលធ្វើឲ្យអ្នកសង្កេតផ្សេងៗពិភាក្សាអំពីថាតើពួកអាជ្ញាធរអាចបន្ធូរបន្ថយនូវគោលជំហរដែលមិនចេះចុះញ៉មរបស់ពួកគេនោះបានយ៉ាងម៉េចដែរ។
នាសប្តាហ៍នេះ លោកដែរ៉េក មីតឆែល (Derek Mitchell) ដែលជាប្រេសិតពិសេសរបស់សហរដ្ឋអាមេរិកប្រចាំប្រទេសភូមា កំពុងស្ថិតនៅក្នុងប្រទេសភូមាជួបប្រជុំជាមួយអ្នកតំណាងរបស់រដ្ឋាភិបាលយោធា គណបក្សប្រឆាំង និងសកម្មជនផ្សេងៗទៀត។
ដំណើរទស្សនកិច្ចរបស់លោកមីតឆែល (Mitchell) គឺជាដំណើរទស្សនកិច្ចដំបូងបង្អស់របស់លោកក្នុងឋានៈជាប្រេសិតពិសេសរបស់សហរដ្ឋអាមេរិក និងជាដំណើរទស្សនកិច្ចចុងក្រោយបង្អស់ សម្រាប់កិច្ចប្រជុំជាបន្តបន្ទាប់រវាងអាជ្ញាធរក្នុងប្រទេសភូមា និងក្រុមអ្នករិៈគន់។
កាលពីខែសីហា ប្រទេសភូមាបានអនុញ្ញាតិឲ្យលោកថូម៉ាស៍ អូហ៊ា ឃីនថាណា (Tomas Ojea Quintana) ដែលជាអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិធ្វើទស្សនកិច្ចនៅក្នុងប្រទេសភូមា។
លោកបានដឹកនាំការអំពាវនាវឲ្យមានបេសកកម្មរបស់អង្គការសហប្រជាជាតិក្នុងការស៊ើបអង្កេតទៅលើឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ហើយដែលកាលពីលើកមុន គាត់ត្រូវបានគេបដិសេធសំណើសុំធ្វើទស្សនកិច្ចនៅក្នុងប្រទេសភូមា។
លោកប្រធានាធិបតីភូមាថេនសេន (Thein Sein) ក៏បានជួបជាមួយនឹងមេដឹកនាំគាំទ្រលទ្ធិប្រជាធិបតេយ្យ លោកស្រីអង់សាន ស៊ូជី (Aung San Suu Kyi) ដែលត្រូវគេដាក់ឃុំនៅក្នុងគេហដ្ឋានរបស់លោកស្រីអស់រយៈពេលជិតពីរទសវត្ស ដោយសារតែលោកស្រីប្រឆាំងនឹងច្បាប់របស់ពួកយោធា ហើយដែលកាលពីឆ្នាំទៅ លោកស្រីទើបតែត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ។
មេដឹកនាំទាំងពីរបានហៅកិច្ចពិភាក្សាទាំងនោះថាជាកិច្ចពិភាក្សាមានលក្ខណៈស្និទស្នាល។
លោកខាល ស្សេយឺរ៍ (Carl Thayer) គឺជាសាស្រ្តាចារ្យនយោបាយនៃសាកលវិទ្យាល័យ New South Wales ប្រទេសអូស្រ្តាលី។ លោកមានប្រសាសន៍ថា ការផ្លាស់ប្តូរផ្នែកការទូតរបស់រដ្ឋាភិបាលលោកថេនសេន (Thein Sein) មានក្តីសង្ឃឹមថា គាត់អាចក្លាយជាអ្នកកំណែទម្រង់ក្នុងប្រវត្តិសាស្រ្តមួយរូប ដូចលោកប្រធានាធិបតីហ្រ្វេដឺរីក វៀលលឹម ដឺ គ្លឺក (Frederik Willem de Klerk) ក្នុងសម័យអាប៉ាថេត (apartheid) នៃប្រទេសអាហ្រ្វិកខាងត្បូងដែរ។
«វាសបញ្ជាក់ឲ្យឃើញពីប្រធានាធិបតីក្នុងពន្លឺថ្មី។ មនុស្សភាគច្រើនកំពុងតែពិភាក្សាដេញដោលគ្នាថាតើលោកគឺជាអាយ៉ងរបស់លោកថាន់ស្វេរ (Than Shwe) ដែលជាបុរសយោធានៅខាងក្រៅឆាកមែនឬក៏អត់ ឬថាតើលោកគឺជាលោកហ្រ្វេដឺរីក វៀលលឹម ដឺ គ្លឺក (Frederik Willem de Klerk) ដែលនឹងធ្វើឲ្យសកម្មភាពរបស់ប្រទេសមានដំណើរការទៅមុខនៅក្នុងសម័យកាលថ្មីដែរឬយ៉ាងណានោះ។ ខ្ញុំគិតថា យើងមិនគួររំពឹងឆាប់ពេកទេចំពោះ «ការបើកចំហរ» ឲ្យកើតមានឡើងនោះ ប៉ុន្តែយើងអាចមើលឃើញពីទំនោរបែបវិជ្ជមាន ហើយបន្ទាប់មក យើងអាចពិចារណាអំពីមូលហេតុផ្សេងៗសម្រាប់ទំនោរទាំងនោះ»។
កាលពីប៉ុន្មានសប្តាហ៍កន្លងមក លោកប្រធានាធិបតីថាន់ស្វេរ (Than Shwe) បានអំពាវនាវឲ្យមានកិច្ចពិភាក្សារកសន្តិភាពជាមួយនឹងក្រុមពួកឧទ្ទាម និងបានអញ្ជើញជននិរទេសនយោបាយទាំងប៉ុន្មាន ដែលបានគេចចេញពីការធ្វើទុក្ខបុកម្នេញឲ្យត្រឡប់មកកាន់ប្រទេសវិញ ហើយថែមទាំងបានបង្កើតនូវគណៈកម្មការសិទ្ធិមនុស្សលើកដំបូងបង្អស់របស់រដ្ឋាភិបាលទៀតផង។
អ្នកសារព័ត៌មានត្រូវបានអញ្ជើញឲ្យមកមើលការពិភាក្សាដេញដោលអំពីច្បាប់នៅក្នុងសភាជាលើកដំបូងបង្អស់។
អ្នកពិនិត្យចាប់ពិរុទ្ធដ៏តឹងតែងរបស់ប្រទេសភូមាក៏បានអនុញ្ញាតឲ្យប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដែលតែងតែរាយការណ៍ពីព័ត៌មានពិត ធ្វើការរាយការណ៍ពីលោកស្រីអង់សានស៊ូឈី (Aung San Suu Kyi) និងមិនសូវឃោសនាថ្កោលទោសចំពោះប្រព័ន្ធផ្សព្វផ្សាយ BBC ប្រព័ន្ធផ្សព្វផ្សាយ VOA និងប្រព័ន្ធផ្សព្វផ្សាយបស្ចិមប្រទេសដទៃទៀត។
ប៉ុន្តែ អ្នកវិភាគនយោបាយ និងសកម្មជនសិទ្ធិមនុស្សចង្អុលបង្ហាញថា មេដឹកនាំយោធាបានចាត់វិធានការស្រដៀងគ្នាដូចលើកមុនៗ ក្នុងគោលបំណងដើម្បីផ្លាស់ប្តូរទិសដៅនៅពេលដែលវាត្រូវនឹងគោលបំណងរបស់ពួកគេ។
អ្នកសារព័ត៌មានប្រឆាំងរដ្ឋាភិបាលយ៉ាងហោចណាស់មួយរូប ដែលបានទទួលយកការផ្តល់ឲ្យរបស់លោកថេនសេន (Thein Sein) និងបានត្រឡប់ចូលប្រទេសវិញនោះ ត្រូវគេចាប់ដាក់ឃុំភ្លាមៗ និងជជីកសួរនៅឯព្រលានយន្តហោះ។
ពួកអាជ្ញាធរបានដាក់ទោសទណ្ឌដល់ព្រឹត្តិប័ត្រក្នុងស្រុកមួយដែលបានបោះពុម្ពផ្សាយកិច្ចសម្ភាសន៍របស់លោកស្រីអង់សានស៊ូឈី (Aung San Suu Kyi) ដែលបានធ្វើឡើងជាលើកទីមួយក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅជាមួយនឹងព្រឹត្តិប័ត្រក្នុងស្រុកមួយ។
លោកប៊េនចាមីន ហ្សាវ៉ាកគី (Benjamin Zawacki) គឺជាអ្នកស្រាវជ្រាវជនជាតិភូមាម្នាក់ធ្វើការឲ្យអង្គការសិទ្ធិមនុស្ស Amnesty International។ លោកនិយាយថា យើងសម្គាល់ឃើញថា សញ្ញាណណាមួយក៏ដោយពាក់ព័ន្ធនឹងកំណែទម្រង់នៅក្នុងប្រទេសភូមាគឺមានភាពមន្ទិលសង្ស័យទាំងអស់។
«ដូច្នេះ យើងបានឃើញរឿងហ្នឹងលើកមុនរួចមកហើយ ដែលនេះប្រហែលជាសម្បទានមួយខាងរដ្ឋាភិបាល ប្រហែលជាមធ្យោបាយមួយក្នុងការបង្វែរការរិៈគន់អន្តរជាតិ។ ប៉ុន្តែ វាមិនដែលបណ្តាលឲ្យមានដំណើរជឿនលឿនពិតប្រាកដអំពីបញ្ហាសិទ្ធិមនុស្សដែលកើតឡើងជាក់ស្តែងនោះទេ។ ហើយខ្ញុំគិតថាការវាស់វែងពិតប្រាកដចំពោះថាតើការវិវត្តខាងរដ្ឋាភិបាលទាំងនេះជាការពិត ឬជាយុទ្ធសាស្រ្ត ឬជាការធ្វើឲ្យចាប់អារម្មណ៍លេងៗតែប៉ុណ្ណោះ ឬយ៉ាងណានោះ គឺវាអាស្រ័យទៅលើព្រឹត្តិការណ៍ដែលកើតឡើងជាក់ស្តែង»។
លោកហ្សាវ៉ាកគី (Zawacki) កត់សម្គាល់ថា អ្នកទោសនយោបាយជាង២ពាន់នាក់នៅជាប់ឃុំ ក្នុងពន្ធនាគារដដែលនៅក្នុងប្រទេសភូមា ទោះបីជាមានសម្ពាធបន្តពីអន្តរជាតិក៏ដោយ។
លោកនិយាយថា ពួកអាជ្ញាធរកំពុងដុសខាត់រូបភាពរបស់ពួកគេក្នុងឆាកអន្តរជាតិ ក្នុងក្តីសង្ឃឹមឲ្យមានការលើកលែងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីពួកបស្ចិមប្រទេស។
ប្រទេសភូមាក៏ចង់ធ្វើជាប្រធានរបស់សមាគមប្រជាជាតិអាស៊ីអគ្នេយ៍នៅក្នុងឆ្នាំ២០១៤ ផងដែរ។ កាលពីលើកមុន ប្រទេសភូមាត្រូវបានគេដាក់សម្ពាធឲ្យចាកចេញពីវេនរបស់ខ្លួន ក្នុងតួនាទីដ៏មានកិត្តិយសមួយធ្វើជាប្រធានរបស់សមាគមប្រជាជាតិអាស៊ីអគ្នេយ៍ ដើម្បីកុំឲ្យអាម៉ាស់ដល់សមាគមនេះ។
អស់រយៈពេលជាច្រើនទសវត្សមកហើយ ប្រទេសភូមាបានស្ថិតក្រោមការគ្រប់គ្រងរបស់ពួកយោធា និងការប្រយុទ្ធប្រឆាំងរបស់ពួកយោធានេះជាមួយនឹងពួកឧទ្ទាមជនជាតិភាគតិច ដែលស្វែករកស្វ័យភាព។ លទ្ធផលដែលទទួលបានពីនេះ គឺការត្រួតត្រាដ៏តឹងតែងចំពោះសង្គម និងប្រទេសភូមាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានប្រវត្តិរំលោភសិទ្ធិមនុស្សដ៏អាក្រក់បំផុតនៅលើពិភពលោក។
លោកប៊ឺរ៍ដឺល លីតណឺរ៍ (Bertil Lintner) ដែលជាអ្នកនិពន្ធអំពីនយោបាយប្រទេសភូមាប្រចាំនៅប្រទេសថៃ មានប្រសាសន៍ថា ពួកយោធានៅតែត្រួតត្រារឹងមាំដដែល។ លោកមានប្រសាសន៍ថា មានតែការប្រឆាំងចេញពីខាងក្នុងប្រទេសប៉ុណ្ណោះទេ ដែលអាចនាំឲ្យមានការផ្លាស់ប្តូរនយោបាយដ៏ពិតប្រាកដបាន។ លោកប៊ឺរ៍ដឺល (Bertil) មានប្រសាសន៍ថា ការបែកបាក់គ្នានៅក្នុងជួររដ្ឋាភិបាល គឺជាកត្តាសំខាន់ក្នុងការរំលំអតីតរដ្ឋាភិបាលយោធានៅក្នុងប្រទេសកូរ៉េខាងត្បូង ប្រទេសហ្វីលីពីន និងប្រទេសឥណ្ឌូនេស៊ី។
«ខ្ញុំគិតថាប្រទេសភូមាមិនអាចផ្លាស់ប្តូរក្រៅពីវិធីនេះនោះទេ។ ដរាបណាពួកយោធានៅតែរួបរួមគ្នា ហើយពួកគេមានការរួបរួមគ្នាយ៉ាងខ្លាំង នោះនឹងមិនមានការផ្លាស់ប្តូរចំបាច់ណាមួយអំពីរចនាសម្ព័ន្ធអំណាចនៅក្នុងប្រទេសនោះទេ។ ហើយការពិត គឺយើងឃើញថា មិនមានជំហានណាមួយក្នុងការឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យនោះទេ»។
ការបោះឆ្នោតកាលពីឆ្នាំ២០១០បានធ្វើឲ្យលោកថេនសេន (Thein Sein) ជាប់ឆ្នោត ប៉ុន្តែការបោះឆ្នោតនេះត្រូវបានគេថ្កោលទោសជាទូទៅថាជាការបោកប្រាស់ដែលធ្វើឡើងដើម្បីពង្រឹងច្បាប់យោធាដ៏តឹងតែងក្នុងការបន្លំធ្វើជាលទ្ធិប្រជាធិបតេយ្យប៉ុណ្ណោះ។
សូម្បីតែនៅមុនពេលបោះឆ្នោត រដ្ឋធម្មនុញ្ញដែលព្រាងដោយពួកយោធាបានផ្តល់លទ្ធភាពឲ្យពួកគេទទួលបានកៅអីមួយភាគបួននៅក្នុងសភា។ ហើយចំពោះដំណើរការបោះឆ្នោតវិញ គេឃើញមានការបន្លំ និងការគំរាមកំហែង។
គណបក្សសម័្ពន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រីអង់សាន ស៊ូឈី (Aung San Suu Kyi) ដែលជាគណបក្សប្រឆាំងដ៏ធំជាងគេ បានធ្វើពហិការមិនចូលរួមការបោះឆ្នោត ដោយហេតុថា ច្បាប់បោះឆ្នោតមិនមានភាពយុត្តិធម៌ ដែលបានរារាំងលោកស្រីមិនឲ្យឈរឈ្មោះបោះឆ្នោត។
គណបក្សសម័្ពន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យបានឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដីនៅក្នុងប្រទេសភូមាកាលពីឆ្នាំ១៩៩០ ប៉ុន្តែពួកយោធាបានបដិសេធលះបង់អំណាចទៅឲ្យគណបក្សនេះ៕
ប្រែសម្រួលដោយ ភី សុភាដា