ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន ​លោក ​សុន ឆ័យ ​ថា​ ​ការ​បារម្ភ​រហូត​រឹប​អូស​ទ្រព្យ​សម្បត្តិ​គឺ​«មិន​សម​ហេតុ​ផល»


លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅទល់មុខសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

លោក​ សុន ឆ័យ​ អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន ​នៅ​ថ្ងៃ​ចន្ទ​នេះ​ បាន​លើក​ឡើង​ថា​ការ​ដែល​មេ​ធាវី​របស់​គណបក្ស​កាន់​អំណាច​មាន​ការ​ព្រួយ​បារម្ភ​ រហូត​ដល់​ស្នើ​ឱ្យ​រឹបអូស​ទ្រព្យ​សម្បត្តិ​របស់​លោក​ជា​បណ្តោះ​អាសន្ន ​គឺ​«មិន​សម​ហេតុ​សម​ផល»​ ខណៈ​សំណុំ​រឿង​របស់​លោក​មិន​ទាន់​ឈាន​ដល់​ដីកា​សម្រេច​ជា​ស្ថាពរ​នៅ​ឡើយ។​

លោក​ សុន ឆ័យ ​ប្រាប់​វីអូអេ​ថា​ បើ​សិន​ជា​លោក​ពិត​ជា​ចង់​ផ្លាស់​ប្តូរ​កម្ម​សិទ្ធិ​ផ្ទះ​ ឬ​ក៏​ដី​ទៅ​ឱ្យ​អ្នក​ដទៃ ​ក៏​ក្រសួង​ដែនដី​ និង​នគរូបនីយ​កម្ម ​និង​សំណង់​មិន​អនុញ្ញាត​ឱ្យ​រូប​លោក​ធ្វើ​បែប​នោះ​ដែរ។ ដូច្នេះ​លោក​ថា​ មិន​គួរ​មាន​ការ​ព្រួយ​បារម្ភ​ រហូត​ដល់​តុលាការ​រឹប​អូស​ទ្រព្យ​សម្បត្តិ​របស់​លោក​បណ្តោះ​អាសន្ន​ឡើយ។​

លោក​ថ្លែង​ថា៖ ​«ខ្ញុំ​គ្មាន​អំណាច​គ្មាន​អី​ទប់​ស្កាត់​ទេ។ ​បើ​មាន​ការ​បណ្តេញ​ខ្ញុំ​ចេញ​មុន​ការ​សម្រេច​របស់​តុលាការ​កំពូល​ អាហ្នឹង​ខ្ញុំ​គិត​ទៀត»។​

អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន​រូប​នេះ​បន្ថែម​ថា​លោក​មិន​ទាន់​ដឹង​ថា ​ត្រូវ​ធ្វើ​អ្វី​បន្ត​ទៀត​ឡើយ​ ខណៈ​លោក​កំពុង​រង់ចាំ​ពិភាក្សា​ជាមួយ​មេធាវី​របស់​លោក។​

នៅ​ក្នុង​ដីកា​ចុះ​ថ្ងៃ​ទី​១១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២ ​ដែល​វីអូអេ​ទទួល​បាន​ លោក​ អួង វុទ្ធា ​ចៅ​ក្រម​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​រឹបអូស​យក​អចល​វត្ថុ​របស់​លោក​ សុន ឆ័យ​ ជា​បណ្តោះ​អាសន្ន​ ចំនួន​២​ទី​តាំង ​ដែល​មាន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​ខេត្ត​សៀមរាប។ ​ការ​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​ធ្វើ​ឡើង​ទៅ​តាម​សំណើ​របស់​មេធាវី​គណបក្ស​ប្រជាជន​កម្ពុជា ​ក្រោម​ហេតុ​ផល​ថា​លោក​ សុន ឆ័យ​ មាន​ចិត្ត​រឹង​ទទឹង ​មិន​គោរព​ទៅ​តាម​ច្បាប់ ​និង​គ្មាន​ឆន្ទៈ​នៅ​ក្នុង​ការ​បង់​សង​ជំងឺ​ចិត្ត​ទៅ​តាម​អ្វី​ដែល​តុលាការ​បាន​សម្រេច។​

ដីកា​ដដែល​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា​៖​ «ដូច​នេះ​ដើម្បី​ដាក់​ឱ្យ​បុគ្គល​មាន​ការ​ប្រព្រឹត្ត​ល្មើស​មាន​ការ​ទទួល​ខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់​ និង​ដើម្បី​ធានា​បាន​នូវ​ការ​បង់​សំណង​តាម​ការ​សម្រេច​របស់​តុលាការ​ នៅ​ពេល​សាលក្រម​ ឬ​សាល​ដីកា ​ចូល​ជាស្ថាពរ​ ​រូប​ខ្លួន​ជា​តំណាង​ឱ្យ​ម្ចាស់​បំណុល​សំណូម​ពរ​សុំ​ឱ្យ​តុលាការ​មេត្តា​ចេញ​ដីកា​សម្រេច​រក្សា​ការពារ​រឹបអូស​ជា​បណ្តោះ​អាសន្ន​នូវ​ទ្រព្យ​សម្បត្តិ​របស់​កូន​បំណុល​ឈ្មោះ​សុន ឆ័យ»។​

ដីកា​ដដែល​បន្ថែម​ថា​ ដើម្បី​ទទួល​បាន​នូវ​ការ​លុប​ចោល​នូវ​ការ​រឹបអូស​ជា​បណ្តោះ​អាសន្ន​នេះ​ លោក​ សុន ឆ័យ​ ត្រូវ​ដាក់​ប្រាក់​តម្កល់​ទៅ​តុលាការ​ចំនួន​៣​ពាន់​លាន​រៀល ឬ​ប្រមាណ​៧៥​ម៉ឺន​ដុល្លារ​ ជា​ការ​រំដោះ។​

កាល​ពី​ថ្ងៃ​ទី​៧​ ខែ​តុលា​ ឆ្នាំ​២០២២​ ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​បាន​សម្រេច​ឱ្យ​លោក​ សុន ឆ័យ​ ចាញ់​ក្តី​ដើម​បណ្តឹង​ដែល​ជា​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប.)​ ដោយ​តម្រូវ​ឱ្យ​បង់​សំណង​ជំងឺ​ចិត្ត​ដល់​គណបក្ស​កាន់​អំណាច​ជា​ទឹក​ប្រាក់​រហូត​ដល់​ប្រមាណ​៧៥​ម៉ឺន​ដុល្លារ​អាមេរិក។​

វីអូអេ​មិន​អាច​សុំការ​អត្ថាធិប្បាយ​ពី​លោក​ ប្លង់ សុផល ​និង​លោក​ អ៊ី រិន្ទ​ អ្នក​នាំ​ពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​នៅ​ឡើយ​ទេ។​

លោក ​សុក សំអឿន ​ជា​មេធាវី​មួយ​រូប ​ប្រាប់​វីអូអេ​ថា​ តុលាការ​មាន​សិទ្ធិ​សម្រេច​រឹបអូស​យក​ទ្រព្យ​សម្បត្តិ​អ្នក​ចាញ់​ក្តី​ជា​បណ្តោះ​អាសន្ន ​កាល​ណា​មាន​ការ​ស្នើ​សុំ​ពី​ដើម​បណ្តឹង។ ​លោក​បន្ត​ថា​ ការ​រឹបអូស​យក​ជា​បណ្តោះ​អាសន្ន​នេះ​មិន​មែន​តម្រូវ​ឱ្យ​ចាក​ចេញ​ទេ ​គ្រាន់​តែ​ដក​សិទ្ធិ​នៃ​ការ​កាន់​កាប់​ប៉ុណ្ណោះ។​

លោក​ថ្លែង​ថា​៖​ «គឺ​មិន​មែន​មាន​ន័យ​ថា​ ជា​របស់​អ្នក​ឈ្នះ​ក្តី​តែ​ហ្មង​ទេ​ គ្រាន់​តែ​បណ្តោះ​អាសន្ន​ទេ ​ គ្រាន់​តែ​រក្សា​ទុក​ដោយ​តុលាការ​... ​មិន​អាច​លក់​ដូរ​បាន​អ៊ីចឹង​ទៅ។ បើ​ផ្ទះ​ ​នៅ​បាន​តើ គ្រាន់​តែ​លក់​ដូរ ​បញ្ចាំ ​ផ្ទេរ​សិទ្ធិ​មិន​បាន»។​

លោក ​ប៉ា ចន្ទរឿន ​ប្រធាន​វិទ្យាស្ថាន​ប្រជា​ធិបតេយ្យ​កម្ពុជា​ ប្រាប់​វីអូអេ​ថា​ ចំណាត់​ការ​របស់​តុលាការ​ទៅ​លើ​លោក ​សុន ឆ័យ​ មាន​លក្ខណៈ​នយោបាយ​ ជា​ជាង​ឈរ​ទៅ​លើ​គោល​ការណ៍​យុត្តិ​ធម៌​ និង​ថា​នៅ​ក្នុង​សង្គម​ប្រជា​ធិបតេយ្យ ​អ្នក​នយោ​បាយ​មាន​សិទ្ធិ​នៅ​ក្នុង​ការ​បញ្ចេញ​មតិ។

លោក​ថ្លែង​ថា៖ ​«ដូច្នេះ​ហើយ​ បើ​សិន​ជា​អ្នក​នយោបាយ​នៅ​ក្នុង​ប៉ូល​គណ​បក្ស​នយោបាយ​មិន​មែន​ជា​គណ​បក្ស​កាន់​អំណាច​ មិន​អាច​និយាយ​ស្តី​ មិន​អាច​បង្ហាញ​ការ​យល់​ឃើញ​ឬ​ក៏​ការ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​របស់​ខ្លួន​ និង​មាន​ការ​ទាញ​ភ្ជាប់​ការ​សម្តែង​មតិ​បែប​នោះ​ទៅ​ជា​រឿង​បរិហារ​កេរ្តិ៍​អី​ហ្នឹង​ អាហ្នឹង​ទៅ​ជា​រឿង​នយោបាយ​ហើយ»។​

បើ​តាម ​លោក​ ប៉ា ចន្ទ​រឿន​ នៅ​ក្នុង​សង្គម​ប្រជា​ធិបតេយ្យ​ ការ​បោះ​ឆ្នោត​ត្រូវ​ធ្វើ​ឡើង​ដោយ​សេរី​និង​យុត្តិ​ធម៌​តាម​រយៈ​ការ​បើក​ឱ្យ​មាន​ការ​ធ្វើ​សកម្ម​ភាព​ដោយ​សេរី​ ខណៈ​ថា​ ការ​បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​មក​លើ​គណ​បក្ស​ប្រឆាំង​តាម​រូប​ភាព​ផ្សេងៗ​ ទោះ​តិច​ឬ​ច្រើន​នឹង​ជះឥទ្ធិ​ពល​ដល់​ការ​បោះ​ឆ្នោត​នា​ឆ្នាំ​២០២៣​ខាង​មុខ។​

លោក​បន្ថែម​ថា៖​«ហេតុ​នេះ​ហើយ​ការ​រឹត​ត្បិត ​និង​ការ​បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​អ្នក​នយោបាយ​មិនមែន​នៅ​ក្នុង​រដ្ឋាភិបាល​ក៏​ដូច​ជា​សកម្ម​ជន​របស់​បក្ស​ អា​ហ្នឹង​តិច​ឬ​ក៏​ច្រើន​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​legitimacy​(ភាព​ស្រប​ច្បាប់)​នៃ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ​ជា​មិន​ខាន»។

សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទ​ប្រកាន់​លោក ​សុន ឆ័យ ​ពី​បទ​បរិហា​កេរ្តិ៍​ពាក់ព័ន្ធ​នឹង​ការ​អត្ថាធិប្បាយ​រិះគន់​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ តាម​ពាក្យ​បណ្តឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ទាមទារ​ឱ្យ​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​បង់​សង​ជំងឺ​ចិត្ត​ចំនួន​៤​ពាន់​លាន​រៀល ​គឺ​ប្រមាណ​១​លាន​ដុល្លារ​អាមេរិក​ និង​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​ គ.ជ.ប.​ ទាមទារ​ឱ្យ​លោក​ សុន ឆ័យ ​សុំទោស​ជា​សាធារណៈ។​

សំណុំ​រឿង​របស់​លោក ​សុន ឆ័យ ​ស្ថិត​ក្នុង​ដៃ​សាលា​ឧទ្ធរណ៍​នៅ​ឡើយ​ ខណៈ​លោក​បាន​ប្តឹង​ទាស់​នឹង​សេចក្តី​សម្រេច​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​ដែល​សម្រេច​ឲ្យ​លោក​បង់​សង​ជំងឺ​ចិត្ត​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា៕

XS
SM
MD
LG