ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​ជួប​គ្នា​នៅ​ទីក្រុង​ប៉េកាំង


រដ្ឋមន្រ្តី​​ក្រសួង​ហិរញ្ញវត្ថុ​​ចិន លោក Lou Jiwei ថ្លែង​សុន្ទរកថា​ក្នុង​ពេល​បើក​​កិច្ច​ប្រជុំ​រវាង​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​សេដ្ឋកិច្ច​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ហៅ​​កាត់​ថា APEC ក្នុងទីក្រុងប៉េកាំង​នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤។

ខណៈ​សេដ្ឋកិច្ច​ចិន​ដើរ​យឺត មន្ត្រី​ពី​ស្ថាប័ន​រដ្ឋាភិបាល និង​ស្ថាប័ន​ឯកជន​នឹង​ជួប​គ្នា​ក្នុង​សប្តាហ៍​នេះ​នៅ​ទីក្រុង ប៉េកាំង ក្នុង​កិច្ច​ប្រជុំ​រវាង​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​សេដ្ឋកិច្ច​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ហៅ​កាត់​ថា APEC។ ខណៈ​តួ​លេខ​សេដ្ឋកិច្ច​ថ្មីៗ​នេះ​បង្ហាញ​ពី​កំណើន​ដ៏​យឺត​របស់​ចិន ការ​ពន្លឿន​សេដ្ឋកិច្ច​ជាតិ ​គឺ​ជា​របៀប​វារៈ​ដ៏​សំខាន់​បំផុត។

តម្លៃ​ផលិត​ផល​សរុប​ក្នុង​ស្រុក​របស់​ចិន​បាន​កើន​ក្នុង​អាត្រា​៧កន្តក់​សញ្ញា​៣ភាគរយ​នៅ​ក្នុង​ត្រីមាស​ទី៣​នេះ។

នេះ​គឺ​ជា​តួ​លេខ​ដ៏​ទាប​បំផុត​តាំង​ពី​ឆ្នាំ​២០០៩​មក នៅ​ពេល​ដែល​សេដ្ឋកិច្ច​ចិន​បាន​កំពុង​តែ​ងើប​ចេញ​ពី​វិបត្តិ​ហិរញ្ញ​វត្ថុ​ពិភព​លោក។ អត្រា​កំណើន​នេះ​ក៏​ទាប​ជាង​គោល​ដៅ​ដែល​រដ្ឋាភិបាល​ចិន​បាន​កំណត់។

កំណើន​សេដ្ឋកិច្ច​យឺត​អាច​ជា​បញ្ហា​ដ៏​សំខាន់​មួយ​សម្រាប់​កិច្ច​ប្រជុំ​ក្នុង​សប្តាហ៍​នេះ​របស់​រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុ APEC នៅ​ទីក្រុង ប៉េកាំង។ រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុ​មក​ពី​ប្រទេស​ជា​សមាជិកAPEC ចំនួន​២១​ប្រទេស មេ​ដឹក​នាំ​អង្គការ​អន្តរជាតិ និង​អ្នក​តំណាង​ជាន់​ខ្ពស់​មក​ពី​ស្ថាប័ន​ឯកជន​នឹង​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​នេះ​ដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ចន្ទ​នេះ។

លោក​ស្រី Hua Chunying អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន បាន​រៀប​រាប់​ពី​គោល​បំណង​នៃ​ការ​ប្រជុំ​ក្នុង​សប្តាហ៍​នេះ។

លោក​ស្រី​និយាយ​ថា ប្រធាន​បទ​នៃ​កិច្ច​ប្រជុំ​នេះ​គឺ​ការ​កំណត់​អនាគត​សេដ្ឋកិច្ច​តាម​រយៈ​ដៃគូ​សេដ្ឋកិច្ច​នៅ​អាស៊ី។ កិច្ច​ប្រជុំ​រវាង​រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុ​នឹង​សម្រេច​ឲ្យ​បាន​នូវ​គោល​បំណង​បី។ លោក​ស្រី Hua ថា គោល​បំណង​ទី​១​គឺ ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​សេ្ថរភាព​សេដ្ឋកិច្ច និង​ផ្តល់​វិភាគ​ទាន​ដល់​ការ​ពង្រឹង​សេដ្ឋកិច្ច​នៅ​អាស៊ី។ ចិន​ក៏​នឹង​បង្ហាញ​ដំណោះ​ស្រាយ​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ និង​បង្កើត​កាលៈទេសៈ​ដ៏​សម​ប្រកប​មួយ​ដល់​មេដឹកនាំ APEC ដែល​នឹង​ជួប​ប្រជុំ​នៅ​ដើម​ខែ​វិច្ឆិកា​នេះ។

គេ​នៅ​តែ​មិន​ទាន់​មាន​ចម្លើយ ថា​តើ​ចិន​អាច​ធានា​ឲ្យ​បាន​នូវ​សេ្ថរភាព​ហិរញ្ញ​វត្ថុ​សម្រាប់​តំបន់​អាស៊ី ខណៈ​ដែល​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​ទំនង​នឹង​ធ្លាក់​ចុះ។ ទំនិញ និង​តម្លៃ​អចល​ទ្រព្យ​កំពុង​តែ​ធ្លាក់​ចុះ​យ៉ាង​រហ័ស។ កាល​ពី​មួយ​ទសវត្ស​មុន អាជ្ញា​ធរ​បាន​ប្រើប្រាស់​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​រដ្ឋ​ដ៏​ធំ ដើម្បី​រក្សា​កំណើន​សេដ្ឋកិច្ច នៅ​ពេល​ដែល​តម្រូវ​ការ​នាំ​ចេញ​ពិភព​លោក​ថយ​ចុះ។ ប៉ុន្តែ​មួយ​ឆ្នាំ​មុន​នេះ មន្ត្រី​រដ្ឋា​ភិបាល​បាន​និយាយ​ថា ខ្លួន​កំពុង​តែ​ព្យាយាម​បន្ត​ធ្វើ​កំណែ​ទម្រង់​សេដ្ឋកិច្ច​ដ៏​ធំ ជា​ជាង​អនុវត្ត​គោល​នយោបាយ​សំដៅ​យក​កំណើន​សេដ្ឋកិច្ច​ក្នុង​រយៈពេល​ខ្លី។

កាល​ពី​ដើម​ឆ្នាំ​នេះ លោក​នាយក​រដ្ឋ​មន្ត្រី Li Keqiang បាន​និយាយ​ថា កំណើន​សេដ្ឋកិច្ច​យឺត​ជាង​មុន​គឺ​ជា​ផ្នែក​មួយ​នៃ​គម្រោង​របស់​រដ្ឋាភិបាល​ចិន​ដើម្បី​សង្កត់​ធ្ងន់​លើ​កំណែ​ទម្រង់​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដ៏​លឿន។ លោក​នាយក​រដ្ឋ​មន្ត្រី និង​មេដឹកនាំ​រដ្ឋាភិបាល​ផ្សេងៗ​បាន​សន្យា​ថា​នឹង​កាត់​បន្ថយ​បំណុល​របស់​រដ្ឋាភិបាល និង​បង្កើន​ការ​ប្រើប្រាស់​ទំនិញ​ក្នុង​ស្រុក។

លោក Wang Dong គឺ​ជា​សាស្ត្រាចារ្យ​នៅ​សាកល​វិទ្យាល័យ ប៉េកាំង។ លោក​និយាយ​ថា៖

“ខ្ញុំ​យល់​ថា សេដ្ឋកិច្ច​របស់​ចិន​ដើរ​យឺត ពីព្រោះ​នេះ​គឺ​ជា​ការ​ចាំ​បាច់​ដែល​មេដឹកនាំ​ចិន​យក​ចិត្ត​ទុក​ដាក់​លើ​គុណ​ភាព​នៃ​កំណើន ​ជា​ជាង​បរិមាណ​នៃ​កំណើន​សេដ្ឋកិច្ច ហើយ​ខ្ញុំ​គិត​ថា​នេះ​គឺ​ជា​រឿង​ត្រឹម​ត្រូវ ហើយ​នេះ​គឺ​ជា​ទិស​ដៅ​មួយ​ដែល​ចិន​គួរ​តែ​ដើរ​ទៅ​រក”។

សប្តាហ៍​នេះ រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុ APEC ក៏​នឹង​ពិភាក្សា​អំពី​សំណើ​របស់​ធានាគារ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​អាស៊ី​របស់​ចិន ដែល​អាច​ជា​ដៃ​គូ​ប្រឆាំង​នឹង​ធានាគារ​ពិភព​លោក​នា​ពេល​អនាគត។ ធានាគារ​នេះ​អាច​នឹង​ផ្តល់​មូល​និធិ​សម្រាប់​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​អាស៊ី ហើយ​ចិន​បាន​ធ្វើ​ការ​បញ្ចុះ​បញ្ចូល​ប្រទេស​ដទៃ​ទៀត​ឲ្យ​ចូលរួម​ជា​ថវិកា​ក្នុង​គម្រោង​រដ្ឋាភិបាល​ប៉េកាំង ដែល​មាន​ទឹក​ប្រាក់​ចំនួន៥០ពាន់​លាន​ដុល្លារ​សម្រាប់​គម្រោង​មូលនិធិ​ដំបូង។

ប៉ុន្តែ​គម្រោង​នេះ​ទទួល​បាន​ការ​រិះ​គន់​ពី​ក្រសួង​រតនា​គារ​សហរដ្ឋ​អាមេរិក​អំពី​សក្តា​ នុពល​របស់​គម្រោង​នេះ​ដែល​អាច​នឹង​ប៉ះ​ពាល់​ឥទ្ធិពល​របស់​ធានាគារ​ពិភព​លោក និង​ធានាគារ​អភិវឌ្ឍ​អាស៊ី។ អាជ្ញាធរ​សហរដ្ឋ​អាមេរិក​ក៏​បាន​និយាយ​ថា​ធានាគារ​នេះ​អាច​នឹង​ខ្វះ​បទដ្ឋាន​បរិយាកាស​បំពេញ​ការងារ និង​កត្តា​ការ​ពារ​ផ្សេង​ទៀត​ដែល​តាម​ធម្មតា​គ្រប់​គ្រង​គម្រោង​ផ្តល់​ប្រាក់​កំច្ចី​ដោយ​ស្ថាប័ន​អន្តរជាតិ​ធំៗ។

ប៉ុន្តែ​ចំណាប់​អារម្មណ៍​លើ​គម្រោង​អភិវឌ្ឍ​ក្នុង​តំបន់​អាស៊ី​នៅ​តែ​ខ្ពស់ដដែល ហើយ​លោក​សាស្ត្រចារ្យ Dong និយាយ​ថា​ប្រទេស​ផ្សេងៗ​ក្នុង​តំបន់​អាច​នឹង​មិន​ជំទាស់​រដ្ឋាភិបាល​ទីក្រុង វ៉ាស៊ីនតោន ទេ។

លោក Dong ថា៖

“ខ្ញុំ​យល់​ថា​ការ​ជំទាស់​ពី​សហរដ្ឋអាមេរិក​មិន​មែន​ជារឿង​ត្រឹម​ត្រូវទេ ហើយ​វា​មិន​មាន​ប្រយោជន៍​ទៀត។ ខ្ញុំ​យល់​ថា​ប្រទេស​ភាគ​ច្រើន​នៅ​តំបន់​អាស៊ី​ខាង​កើត​មិន​យល់​ឃើញ​ដូច​សហរដ្ឋ​អាមេរិក​ទេ។ ហើយ​ខ្ញុំ​ក៏​យល់​ថា សហរដ្ឋ​អាមេរិក​អាច​នឹង​ផ្តល់​ទស្សនៈ​មាន​ប្រយោជន៍​ជាង​នេះ មាន​ឥរិយាបថ​មិន​សូវ​រឹង​ទទឹង ហើយ​ព្យាយាម​ជួយ និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង ពីព្រោះ​ថា​គម្រោង​ធានាគារ​នេះ​គឺ​ពិត​ជា​ផ្នែក​បន្ទាប់​បន្សំ​ជួយ​ដល់​ស្ថាប័ន​ហិរញ្ញ​វត្ថុ​ដែល​មាន​ស្រាប់”។

កិច្ច​ប្រជុំ​របស់​រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុ​នៅ​សប្តាហ៍​នេះ​ប្រារព្ធ​ឡើង​ស្រប​ពេល​នឹង​កិច្ច​ប្រជុំ Fourth Plenum របស់​ចិន ដែល​ជា​កិច្ច​ប្រជុំ​របស់​គណៈ​កម្មាការ​អចិន្ត្រៃយ៍​ដ៏​មាន​អំណាច​របស់​ចិន។ របៀប​វារៈ​ដ៏​សំខាន់​សម្រាប់​កិច្ច​ប្រជុំ Plenum នេះ​នឹង​ផ្តោត​លើ​បញ្ហា​ពីរ​ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ជាតិ​របស់​ចិន​ដើរ​យឺត​គឺ អំពើ​ពុក​រលួយ និង​ការ​ខ្វះ​និតិវិធី៕

ប្រែ​សម្រួល​ដោយ ទែន សុខស្រីនិត

XS
SM
MD
LG