អ្នកជំនាញធ្វើការលើគម្រោងទប់ស្កាត់អំពើឃោរឃៅនៅថ្ងៃច័ន្ទនេះ បានអះអាងថា ការរឹតត្បិតសិទ្ធិនយោបាយក្នុងការបោះឆ្នោតនៅកម្ពុជា អាចនាំទៅរកការកើតមានឡើងនៃអំពើហិង្សាក្នុងប្រទេស ដែលធ្លាប់រងការការសម្លាប់យ៉ាងរង្គាលក្នុងសម័យវាលពិឃាតខ្មែរក្រហម។
ថ្លែងក្នុងសិក្ខាសាលាស្តីពីច្បាប់សិទ្ធិមនុស្សអន្តរជាតិនិងការបង្ការអំពើឃោរឃៅនៅកម្ពុជា ដែលធ្វើឡើងនៅទីក្រុងភ្នំពេញនាថ្ងៃច័ន្ទនេះ លោកបណ្ឌិត ណូអេល ម៉ូរាដា (Noel Morada) នាយកមជ្ឈមណ្ឌលអាស៊ីប៉ាស៊ីហ្វិកសម្រាប់ការអនុវត្តន៍កាតព្វកិច្ចក្នុងការទប់ស្កាត់អំពើឧក្រិដ្ឋកម្មឃោរឃៅលើមនុស្សជាតិ (Asia Pacific Center for the Responsibility to Protect) មិនមានប្រសាសន៍ចំៗថា ការរំលាយគណបក្សសង្គ្រោះជាតិដែលជាបក្សប្រឆាំងសំខាន់មួយរបស់កម្ពុជាបានធ្វើឲ្យកម្ពុជាដើរថយក្រោយក្នុងការលើកកម្ពស់ការទប់ស្កាត់អំពើហិង្សាទៅថ្ងៃអនាគតនោះទេ តែថាដំណើរការអនុវត្តប្រជាធិបតេយ្យជាដំណើរមួយមានការប្រែប្រួល សូម្បីតែនៅសហរដ្ឋអាមេរិក។
«ការបោះឆ្នោតអាចជាកត្តាហានិភ័យផងដែរនៅក្នុងអំពើឃោរឃៅ។ យើងបានឃើញរឿងនេះនៅក្នុងប្រទេសជាច្រើនផ្សេងទៀត នៅពេលដែលអ្នកដឹងហើយថា សិទ្ធិបោះឆ្នោតរបស់ពលរដ្ឋ ឬក៏គួរតែយើងនិយាយថា ជម្រើសរបស់ពួកគេត្រូវបានរឹតត្បិត ទៅតាមវិធីនានាដែលជារឿងសំខាន់បំផុតមួយសម្រាប់ការពិចារណា នៅពេលអ្នកនិយាយអំពីកត្តាហានិភ័យ។ ហើយខ្ញុំដឹងច្បាស់ថា អ្នកដឹងពីសារដែលខ្ញុំកំពុងលើកឡើងនេះ។ ដូចអ្នកដឹងហើយថា ទាក់ទិនការអនុវត្ត និងការធ្វើឲ្យដំណើរការនៃប្រជាធិបតេយ្យនេះ គឺគ្មានប្រទេសណា សូម្បីតែប្រទេសទាំងនោះ គឺជាប្រទេសមានរបបប្រជាធិបតេយ្យនាំមុខដូចជាសហរដ្ឋអាមេរិក ជាឧទាហរណ៍ក៏ដោយចុះ ក៏ប្រទេសនោះ មានចំណុចខ្វះខាតជាច្រើនផងដែរ»។
លោកបណ្ឌិត ណូអេល ម៉ូរាដា មានប្រសាសន៍បន្តថា ថ្មីៗនេះមានបញ្ហាចម្រូងចម្រាសបានកើតឡើងនៅសហរដ្ឋអាមេរិក ជុំវិញការចាប់ខ្លួនជនអន្តោប្រវេសន៍នៅតាមព្រំដែនសហរដ្ឋ អាមេរិកភាគខាងត្បូង និងប្រទេសម៉ិកស៊ិក ហើយជាងនេះទៅទៀត សហរដ្ឋអាមេរិក ក៏បានប្រកាសដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅអង្គការសហប្រជាជាតិ។
លោកបានបន្ថែមថា នៅឯប្រទេសហ្វីលីពីន ដែលត្រូវចាត់ទុកថា ជាប្រទេសប្រជាធិបតេយ្យនោះ ក៏ប្រធានាធិបតីនៃប្រទេសនេះ គឺលោក Rodrigo Duterte បានរងការចោទប្រកាន់ថា លោកបានរំលោភសិទ្ធិមនុស្ស ពាក់ព័ន្ធនឹងការសម្លាប់ក្រៅច្បាប់ក្នុងបញ្ហាគ្រឿងញៀន ហើយលោកបានកំពុងព្យាយាមដកប្រទេសហ្វីលីពីនចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ នៅប្រទេសថៃ លទ្ធិប្រជាធិបតេយ្យក៏កំពុងប្រឈមភាពទាល់ច្រកមួយ ដោយសារមេដឹកនាំយោធានៃប្រទេសនោះ មិនអាចបញ្ជាក់ឲ្យពលរដ្ឋខ្លួនដឹងថា តើនឹងមានការបោះឆ្នោតនៅពេលណានោះឡើយ។
«ដំណើរថយក្រោយតែងតែអាចកើតឡើងបានជានិច្ច។ នៅប្រទេសថៃ យើងដឹងហើយថា អ្វីៗខ្លះបានកើតឡើង តាំងពីឆ្នាំ២០១៤មក ពលរដ្ឋបានស្រែកទាមទារឲ្យមានការបោះឆ្នោត ហើយយើងមិនដឹងថា តើនឹងមានការបោះឆ្នោតនៅប្រទេសថៃឬក៏អត់នោះទេ។ ការមាននិន្នាការនៃភាពខុសប្លែកគ្នាចំពោះពណ៌ និងគណបក្សនយោបាយនោះ ក៏អាចជាកត្តាហានិភ័យមួយសម្រាប់អំពើឃោរឃៅ ដូច្នេះ នៅពេលពលរដ្ឋមានភាពជ្រុលនិយមនៃជំនឿរបស់ពួកគេ វាក៏ជាកត្តាហានិភ័យពិតប្រាកដមួយផងដែរ»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានច្រានចោលការអធិប្បាយរបស់អ្នកជំនាញ ពាក់ព័ន្ធនឹងការរឹតត្បិតសិទ្ធិក្នុងពេលបោះឆ្នោត។ លោកមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា នឹងមិនអត់ឱនឲ្យក្រុមប្រឆាំងណាមួយដែលហ៊ានបង្កផលវិបាកដល់ស្ថិរភាពរបស់ប្រទេសនោះឡើយ។
លោកថ្លែងថា៖
«អត់មានការគាបសង្កត់អីទាំងអស់ បច្ចុប្បន្ននេះសមត្ថកិច្ចគ្រប់ជាន់ថ្នាក់កំពុងតែយកចិត្តទុកដាក់ ដើម្បីគ្រប់គ្រងសភាពការណ៍ មិនឲ្យក្រុម យើងហៅថាក្រុមមជ្ឈដ្ឋានប្រឆាំងងើបក្បាលរួចទេ ដើម្បីធានាស្ថិរភាពនយោបាយ ហើយបង្កលក្ខណៈងាយស្រួលដល់ដំណើរការបោះឆ្នោតប្រកបដោយប្រជាធិបតេយ្យ សេរី ត្រឹមត្រូវ និងយុត្តិធម៌»។
ការអនុវត្តន៍កាតព្វកិច្ចក្នុងការទប់ស្កាត់ឬហៅម៉្យាងទៀតថា ទំនួលខុសត្រូវក្នុងការការពារ ដែលភាសាអង់គ្លេសហៅថា Responsibility to Protect គឺជាបទដ្ឋានថ្មីមួយដើម្បីទប់ស្កាត់ និងបញ្ឈប់អំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម ការលុបបំបាត់ជាតិសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ទំនួលខុសត្រូវក្នុងការការពារមិនមែនជាច្បាប់ទេ ប៉ុន្តែគឺជាការប្តេជ្ញាចិត្តផ្នែកនយោបាយ ដើម្បីណែនាំរដ្ឋនានានិងការរៀបចំថ្នាក់អនុតំបន់ ថ្នាក់តំបន់និងថ្នាក់អន្តរជាតិក្នុងការការពារប្រជាជនពីឧក្រិដ្ឋកម្មនិងការរំលោភបំពានទាំងនេះ។
ប្រទេសកម្ពុជានៅតែប្រឈមមុខនឹងសញ្ញា ដែលអាចក្លាយជាកត្តាហានិភ័យនាំទៅរកការកើតមានអំពើហិង្សាសារជាថ្មី ខណៈដែលប្រជាជនរស់នៅក្នុងប្រទេស ដែលនៅពឹងផ្អែកលើជំនួយបរទេសនេះ កំពុងប្រឈមនឹងការរំលោភបំពានសិទ្ធិមនុស្ស ការវាយប្រហារនានាទៅលើក្រុមជំទាស់ និងអំពើអយុត្តិធម៌សង្គមផ្សេងៗទៀត។
នេះបើយោងទៅតាមឯកសារបង្ហាញពីកត្តាហានិភ័យដែលនាំទៅរកការប្រព្រឹត្តអំពើហិង្សាឈានដល់ការកាប់សម្លាប់យ៉ាងរង្គាល។ ឯកសារនេះជាផ្នែកមួយនៃបទដ្ឋានទំនួលខុសត្រូវក្នុងការការពារ ដែលត្រូវបានចេញផ្សាយដោយអង្គការសហប្រជាជាតិកាលពីឆ្នាំ២០១៤កន្លងទៅ។
ឯកសារដដែលនេះ បានឲ្យដឹងពីកត្តាហានិភ័យចំនួន១៤ រួមមានកង្វះខាតប្រព័ន្ធតុលាការឯករាជ្យ ការប្រព្រឹត្តអំពើពុករលួយមានកម្រិតខ្ពស់ អភិបាលកិច្ចទន់ខ្សោយ ការរំលោភសិទ្ធិមនុស្ស និងភាពគ្មានទោសពៃរ៍ គឺជាដើមចមនៃលទ្ធភាព ដែលអាចនាំទៅរកការប្រព្រឹត្តអំពើឧក្រិដ្ឋកម្មដ៏ឃោរឃៅ។
ឯកសារនោះបន្តទៀតថា ការកើនឡើងវោហារសាស្ត្រមានលក្ខណៈអុជអាល និងយុទ្ធនាការឃោសនា ឬក៏ពាក្យសម្តីមានលក្ខណៈស្អប់ខ្ពើម សំដៅទៅកាន់ក្រុមដែលទទួលបានការការពារប្រជាជន ឬបុគ្គលក៏ជាកត្តាហានិភ័យ ដែលអាចនាំទៅដល់ការប្រើប្រាស់អំពើហិង្សានិងការកាប់សម្លាប់។
លោក ពូ សុធីរៈ នាយកប្រតិបត្តិវិទ្យាសា្ថនខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាពមានប្រសាសន៍ប្រាប់ VOA ក្នុងម៉ោងសម្រាកអាហារថ្ងៃត្រង់នៃសិក្ខាសាលាស្តីពីច្បាប់សិទ្ធិមនុស្សអន្តរជាតិដដែលនោះថា ការរំលាយគណបក្សប្រឆាំង គឺផ្តើមចេញពីភាពមិនទុកចិត្តគ្នានៃក្រុមអ្នកនយោបាយគណបក្សធំៗពីរដែលមានអាសនៈនៅសភា។ លោកថា ដើម្បីបញ្ជៀសបានសកម្មភាពមិនប្រក្រតី ដែលនឹងអាចកើតឡើងនាពេលខាងមុខនោះ គឺតែមានការសន្ទនាគ្នារកដំណោះស្រាយប៉ុណ្ណោះ។
«ការរំលាយរបស់គណបក្សប្រឆាំងកើតចេញពីទង្វើរបស់គណបក្សប្រឆាំង ដោយឡែកមួយចំណែកដែរ មិនមែនតែដោយសាររដ្ឋាភិបាលសុទ្ធសាធនោះទេ ដូច្នេះត្រូវមើលឲ្យឃើញទាំងសងខាង មិនមែនតែម្ខាងទេ។ នេះជារឿងមួយដែល ជាបញ្ហាមួយដែល ប្រទេសកំពុងតែខំប្រឹងដោះស្រាយតទៅមុខទៀត»។
លោកមានប្រសាសន៍បន្ថែមថា៖
«ចំពោះមតិខ្ញុំ ខ្ញុំយល់ឃើញថា ទាំងសងខាងត្រូវតែមាន មានអំណត់ ការអត់ធន់ ហើយនិងមានឥរិយាបថទន់ស្រាលមួយ ត្រូវឲ្យមានការជជែកគ្នា ត្រូវការឲ្យមានការសន្ទនាគ្នា ជជែកគ្នា រកឲ្យឃើញចំណុចស្រប ចំពោះចំណុចទាំងឡាយណាដែលកើតចេញពីទាំងសងខាងនេះ ដើម្បីកុំឲ្យមានបញ្ហាប៉ះពាល់ដល់ប្រទេសជាតិយើង»។
ដោយឡែកលោក ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យមានប្រសាសន៍ដោយមិនភ្ជាប់ពីស្ថានភាពនយោបាយក្នុងប្រទេសថា ការបញ្ជ្រាបចំណេះដឹងអំពីការអនុវត្តន៍កាតព្វកិច្ចក្នុងការទប់ស្កាត់ ឬហៅម៉្យាងទៀតថា ទំនួលខុសត្រូវក្នុងការការពារនោះអាចនឹងធ្វើទៅបានដោយជោគជ័យ ដោយផ្អែកលើបទពិសោធន៍នៃការសម្លាប់រង្គាល ដែលកម្ពុជាធ្លាប់មានពីមុនមកនោះ។
«យើងឆ្លងកាត់ហើយ រឿងកាប់សម្លាប់រង្គាលហ្នឹងអ៊ីចេះ។ អានេះ គេសំដៅទៅរកការការពារកុំឲ្យមានការកាប់សម្លាប់រង្គាល ឬក៏ស្អប់គ្នាអី វាប្រឆាំងគ្នា វាធំណាស់រវាង ដូចអ្នកកាន់សាសនាខុសគ្នាចឹង ឬក៏អ្នកដែលពូជសាសន៍ ហើយខុសគ្នាចឹងវា អាចឈានទៅដល់ការកាប់សម្លាប់គ្នារង្គាល»។
លោក ពូ សុធីរៈ នាយកប្រតិបត្តិវិទ្យាសា្ថនខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាពនិងជាបុគ្គលបង្គោលថ្នាក់ជាតិសម្រាប់ការអនុវត្តន៍កាតព្វកិច្ចក្នុងការទប់ស្កាត់អំពើឃោរឃៅនេះ ថ្លែងថា ក្រុមការងារលោកកំពុងរៀបចំឲ្យការធ្វើសិក្ខាសាលាមួយនៅខេត្តប៉ៃលិន ដែលជាផ្នែកមួយនៃការបញ្ជា្របការអនុវត្តន៍កាតព្វកិច្ចក្នុងការទប់ស្កាត់ ឬ Responsibility to Protect នេះ។
កាលពីខែកញ្ញា ឆ្នាំ២០១៧ ក្រុមបណ្តាញមួយដែលគេស្គាល់ថា ជាមិត្តនៃ RtoP នេះ បានធ្វើទស្សនកិច្ចនៅតំបន់អន្លង់វែង ដែលជាទីជម្រកចុងក្រោយរបស់ក្រុមមេដឹកនាំ និងទាហានខ្មែរក្រហមផងដែរ។ ដំណើរទស្សនកិច្ចនោះ ក៏ជាផ្នែកមួយនៃការលើកកម្ពស់ការអនុវត្តន៍កាតព្វកិច្ចក្នុងការទប់ស្កាត់នេះដែរ។
ក្នុងសិក្ខាសាលាស្តីពីច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងការបង្ការអំពើឃោរឃៅនៅកម្ពុជានេះ ក្រុមអ្នកជំនាញទប់ស្កាត់ការសម្លាប់រង្គាលក៏បានលើកឡើងពីបញ្ហាសម្លាប់រង្គាលអម្បូរជាតិសាសន៍មូស្លីមនៅរដ្ឋ Rakhine នៃប្រទេសភូមាផងដែរ៕