ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពិធីបុណ្យ ​Hajj ​ប្រចាំ​ឆ្នាំ​ចាប់​ផ្តើម​ពី​ថ្ងៃសុក្រ​នេះ


អ្នក​កាន់​សាសនា​ឥស្លាម​ដង្ហែ​ក្បួន​ធម្មយាត្រា​ជុំវិញ​ព្រះ​វិហារ Kaaba ដែល​ជា​អាគារ​រាង​បួន​ជ្រុង នៅ​មហា​វិហារ Grand Mosque កាល​ពី​ថ្ងៃ​ទី​០៨ ខែ​សីហា ២០១៩ នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត។

ពលរដ្ឋ​កាន់​ឥស្លាម​ជាង​ពីរ​លាន​នាក់​នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត​បាន​ជួប​ជុំគ្នា​នៅ​ទីក្រុង​ Mecca ​ដែល​ជា​ទីក្រុង​ពិសិដ្ឋ​របស់​សាសនា​ឥស្លាម​ ដើម្បី​ចូលរួម​ធម្មយាត្រា​បុណ្យ ​Hajj ​ប្រចាំ​ឆ្នាំ។ ពិធីបុណ្យ​ Hajj​ គឺ​ជា​ពិធី​ជួបជុំ​សាសនា​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ចំណោម​ពិធី​បុណ្យ​ធំៗ​នៅ​ក្នុង​ពិភពលោក។

បុណ្យ​ Hajj ​នេះ​មាន​រយៈ​ពេល​៥​ថ្ងៃ​ ដោយ​ចាប់​ផ្តើមពី​ថ្ងៃ​សុក្រ​នេះ​ ហើយ​មាន​ការ​ដើរ​ដង្ហែ​ជា​ក្បួន​ធម្មយាត្រា​ជុំវិញ​កន្លែង​សក្ការៈ ​Kaaba ​ដែល​មាន​រាង​ជា​គូប​នៅ​វិហារ​ Grand Mosque ​នៅ​ទីក្រុង​ Mecca​ ដែល​នៅ​ទីនោះ​អ្នក​កាន់​សាសនា​ឥស្លាម​ជឿ​ថា​ ជា​កន្លែង​ដែល​ព្យាការី ​Abraham​ បាន​សាង​សង់​ព្រះវិហារ​ដំបូង​របស់​លោក

ពួក​អ្នក​កាន់​សាសនា​ឥស្លាម​ទាំង​អស់​នៅ​ជុំវិញ​ពិភពលោក​បែរ​មុខ​ឆ្ពោះ​ទៅ​ទិស​កន្លែង​សក្ការៈ​ Kaaba​ នៅ​អំឡុង​ពេល​ដែល​ពួក​គេ​បួង​សួង​ប្រចាំ​ថ្ងៃ​រយៈ​ពេល​៥​ថ្ងៃ។

នៅ​អំឡុង​ពេល​ពិធីបុណ្យ​ Hajj​ នេះ​ពួក​អ្នក​កាន់​សាសនា​ឥស្លាម​ទាំង​អស់​ នឹង​ប្រារព្ធ​ពិធី​សាសនា​ជា​បន្ត​បន្តាប់។ ក្រៅ​ពី​ដង្ហែ​ជា​ក្បួន​ធម្មយាត្រា​ជុំវិញ​ទី​សក្ការៈ​ Kaaba​ ហើយ​នោះ​ ពួក​គេ​ក៏​នឹង​ផឹក​ទឹក​ពី​ដណ្តូង​ Zamzam​ ផង​ដែរ​ ដែល​មាន​ជំនឿ​ថា​ អាច​ជួយ​ព្យាបាល​ជំងឺ​យ៉ាង​មាន​ប្រសិទ្ធិភាព​។

ពិធី​ដង្ហែ​ធម្មយាត្រា​នេះ​គឺ​ជា​សសរស្តម្ភ​មួយ​នៃ​សសរស្តម្ភ​ទាំងប្រាំ​របស់​សាសនា​ឥស្លាម​ ហើយ​អ្នក​កាន់​សាសនា​ឥស្លាម​ណា​ដែល​មាន​លទ្ធភាព​ត្រូវ​បាន​រំពឹង​ថា​ នឹង​ទៅ​ចូលរួម​ពិធីបុណ្យ​ Hajj​ នេះ​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​ម្តង​ក្នុង​មួយ​ជីវិត​របស់​ពួក​គេ។

នៅ​ឆ្នាំ​នេះ​ ពួក​អ្នក​នៅ​រស់​រាន​មាន​ជីវិត​ និង​សាច់ញាតិ​របស់​ជន​រង​គ្រោះ​នៅ​ក្នុង​ហេតុ​ការណ៍​បាញ់​សម្លាប់​មនុស្ស​នៅ​វិហារឥស្លាម​កាល​ពី​ខែមិនា​នៅ​ទីក្រុង ​Christchurch​ ប្រទេស​នូវែលហេ្សឡង់​ដែល​បាន​សម្លាប់​មនុស្ស​ ៥១​នាក់​ នឹង​ទៅ​ចូល​រួម​ជា​ភ្ញៀវ​របស់​ព្រះ​មហាក្សត្រ​នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត។

ស្តេច ​Salman bin Abdulaziz​ នឹង​ចំណាយ​ថ្លៃ​សំបុត្រ​យន្ត​ហោះ​ និង​ការ​ស្នាក់​នៅ​ទាំង​អស់​សម្រាប់​ពួក​គេ។ ចំណាយ​សរុប​ត្រូវ​បាន​រំពឹង​ថា​ប្រហែល​ជា​អស់ជាង​១លាន​ដុល្លារ។

ឯកអគ្គរាជ​ទូត​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត​ប្រចាំ​ប្រទេស​នូវែលហេ្សឡង់​ លោក Abfulrahman Al Suhaibani​ បាន​ប្រាប់​សារព័ត៌មាន​ The Associated Press​ ថា ព្រះ​មហាក្សត្រ​មាន​ក្តី​រន្ធត់​យ៉ាងខ្លាំង​ដោយសារ​ហេតុការណ៍​បាញ់​សម្លាប់​មនុស្ស​ដោយ​ខ្មាន់​កាំភ្លើង​ជាជនជាតិ​អូស្រា្តលី​ស្បែក​ស​ជ្រុល​និយម៕

XS
SM
MD
LG