ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ភ្ជាប់​ទំនាក់​ទំនង​ខ្មែរ-អាមេរិកាំង​ទៅ​នឹង​ដើម​កំណើត​របស់​ខ្លួន


វត្តពុទ្ធិការាម ក្នុង​ទីក្រុង Silver Spring រដ្ឋMaryland សហរដ្ឋ​អាមេរិក ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌនៅ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៩។ (នៅ វណ្ណារិន/VOA)
វត្តពុទ្ធិការាម ក្នុង​ទីក្រុង Silver Spring រដ្ឋMaryland សហរដ្ឋ​អាមេរិក ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌនៅ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៩។ (នៅ វណ្ណារិន/VOA)

គ្រាដែល​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ពលរដ្ឋ​ខ្មែរ-អាមេរិកាំង បាន​ប្រារព្ធ​ពិធី​ពុទ្ធសាសនា​ដ៏ធំ​នេះ នៅ​តាម​វត្តអារាម​ខ្មែរ​នា​នា​កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ។ ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​យល់​ថា ពិធី​នេះ គឺជា​ការផ្សារភ្ជាប់​ពួកគេ​ទៅ​នឹង​ប្រពៃណី​ទំនៀមទម្លាប់​នៃ​ប្រទេស​កំណើត​ផងខ្លួន។

នៅ​ចុង​សប្ដាហ៍​នេះ ​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ ​កាន់​ព្រះ​ពុទ្ធសាសនា​ជា​ច្រើន​រយ​នាក់​ដែល​រស់​នៅ​ក្នុង​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន​ បាន​ជួប​ជុំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ដែល​ជា​ពិធី​បុណ្យ​សាសនា​ដ៏​ធំ​មួយ​របស់​ពុទ្ធ​បរិស័ទ​ខ្មែរ​ នៅ​វត្ត​ពុទ្ធិការាម​ក្នុង​រដ្ឋ​ម៉ារីលែន។

រួម​ដំណើរ​ជាមួយនឹង​ក្រុម​គ្រួសារ​ញាតិមិត្ត​ ​ដោយ​មាន​ចំណី​អាហារ​បែប​ខ្មែរ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ផង​អ្នក​ចូល​រួម​មួយ​ចំនួន​ប្រាប់​ ​VOA​ថា​ការ​ប្រារព្ធ​ពិធី​បុណ្យ​ប្រពៃ​ណី​របស់​ខ្មែរ​ ​រយៈពេល​១៥​ថ្ងៃក្នុង​សហ​រដ្ឋ​អាមេរិក​គឺ​ជា​ការ​រំឭក​ដល់​បុព្វការី​ជននិង​ផ្សារ​ភ្ជាប់​ខ្លួន​និង​ក្រុម​គ្រួសារ​ទៅ​នឹង​ប្រពៃ​ណី​ខ្មែរ​ដែល​ខ្លួន​តែង​នឹក​មិន​ភ្លេច។​

​លោក​ ​ប៉ង់ នុត​ ​ពល​រដ្ឋ​ខ្មែរ​អាមេរិកាំង​វ័យ៦០ឆ្នាំ​យល់​ថា​ក្រៅ​ពី​រំឭក​ដល់​បុព្វការី​ជន​និងរំឭក​គុណ​ដល់អ្នក​ទាំងនោះ​ ​ពិធីបុណ្យ​ភ្ជុំ​នៅ​សហ​រដ្ឋ​អាមេរិក ​ក៏​បាន​ភ្ជាប់​ពល​រដ្ឋ​ខ្មែរ-អាមេរិកាំង​ទៅ​នឹង​សហគមន៍​របស់​ខ្លួន​ផង​ដែរ។​

​«យើង​មក​នេះ​គឺ​នឹង​ឃើញ​តែ​ម្ដាយ​ឪពុក​យើង​ ជីដូនជីតា​យើង​ ​ដែល​យើង​ធ្លាប់​ស្គាល់​គាត់​ហ្នឹង​ ឱ្យ​បាន​ដឹង​ថា​យើង​មក​ហើយ​ អត់​បាន​ភ្លេច​ទេ!​ ​ជា​រៀង​រាល់​ឆ្នាំ​គឺ​ថា​ភ្ជុំបិណ្ឌ​ហ្នឹង​គឺ​ថា​ចាំ​ជានិច្ច​អី​ច៊ឹង​តែ​ម្ដង​ ​ទោះ​ម្ដាយ​ឪពុក​ចែកឋាន​ទៅ​ ​ឬក៏​ជីដូន​ជីតា​ចែក​ឋាន​ទៅ​ក៏​អត់​ភ្លេច​ដែរ»។

ទិដ្ឋភាព​ទូទៅ​នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ក្នុង​វត្តពុទ្ធិការាម​ក្នុង​ទីក្រុង Silver Spring រដ្ឋ Maryland សហរដ្ឋ​អាមេរិក ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌនៅ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៩។ (សឿន វឌ្ឍនា/VOA)
ទិដ្ឋភាព​ទូទៅ​នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ក្នុង​វត្តពុទ្ធិការាម​ក្នុង​ទីក្រុង Silver Spring រដ្ឋ Maryland សហរដ្ឋ​អាមេរិក ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌនៅ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៩។ (សឿន វឌ្ឍនា/VOA)

ក្រៅ​ពី​ប្រគេន​ចង្ហាន់​ដល់​ព្រះ​សង្ឃ​ដែល​គង់​ក្នុង​វត្ត​ ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ខ្មែរ​ក្នុង​រដ្ឋ​ម៉ារីលែន​សហ​រដ្ឋ​អាមេរិក​ ​ក៏​មាន​ការ​លក់​អាហារ​កម្ពុជា​ដ៏​ឆ្ងាញ់​ពិសា​ ​និង​វត្ថុ​ប្រើ​ប្រាស់​នា​នា​សម្រាប់​អ្នក​មក​ចូល​រួម​ផង​ដែរ។​

ទិដ្ឋភាព​ទូទៅ​នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ក្នុង​វត្តពុទ្ធិការាម​ក្នុង​ទីក្រុង Silver Spring រដ្ឋ Maryland សហរដ្ឋ​អាមេរិក ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌនៅ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៩។ (សឿន វឌ្ឍនា/VOA)
ទិដ្ឋភាព​ទូទៅ​នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ក្នុង​វត្តពុទ្ធិការាម​ក្នុង​ទីក្រុង Silver Spring រដ្ឋ Maryland សហរដ្ឋ​អាមេរិក ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌនៅ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៩។ (សឿន វឌ្ឍនា/VOA)


​ពល​រដ្ឋ​ខ្មែរ​អាមេរិកាំង​មួយ​ចំនួន​ធំ ​ក៏​រៀបចំ​អាហារ​បែប​ខ្មែរ​ដ៏​សម្បូរ​បែប​ដើម្បី​ពិសា​រួមគ្នា​នៅ​ក្នុង​បរិវេណ​វត្ត​ផង​ដែរ។​

​កំពុង​ញ៉ាំ​អាហារ​ជួបជុំ​ញាតិមិត្ត​ដែល​មក​ពី​រដ្ឋ​ក្បែរ​តំបន់​វ៉ាស៊ីនតោន​ ​អ្នកស្រី​ ​ស៊ូ សូរីដា​ ​ពល​រដ្ឋ​ខ្មែរ-អាមេរិកាំង​ ​វ័យ៤៩ឆ្នាំ​ ​មក​ពី​រដ្ឋ​ ​Virginia​ ​និយាយ​ថា​ការ​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​បាន​បើក​ឱកាស​ឱ្យ​ជនជាតិ​ខ្មែរ​ដែល​រស់​នៅ​តំបន់​វ៉ាស៊ីនតោន​អាច​ថែរក្សា​ប្រពៃណី​វប្បធម៌​របស់​ជាតិ​ខ្លួន។មួយ​វិញ​ទៀត​ពិធី​នេះ​បាន​ជួយ​ឱ្យ​ពួក​គាត់​បាន​ជួប​ជុំ​និង​ស្គាល់​ជនជាតិ​ខ្មែរដែល​រស់​នៅ​ក្នុង​តំបន់​ផ្សេង​ទៀត។​

​អ្នកស្រី​ ​ស៊ូ សូរីដា បាន​បង្ហាញ​ពី​អារម្មណ៍​ដែល​បាន​ចូលរួម​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​យ៉ាង​ដូច្នេះ៖​

​«ខ្ញុំ​សប្បាយ​ជួប​ជុំ​ខ្មែរ​យូរៗ​ម្តង​ ព្រោះ​អី​យើង​មិន​សូវ​ ​យើង​ធ្វើ​ការ​រាល់​ថ្ងៃ​ យូរៗ​យើង​បាន​ជួប​ជុំ​ខ្មែរ​ច្រើន​ម្ដង​ចឹង​សប្បាយ​ដែរ»។​

​លោក​ ​សេង វែង​ ​អាយុ​៣៥ឆ្នាំ​ដែល​មក​រស់​នៅ​សហ​រដ្ឋ​អាមេរិក​ជាង​១៥ឆ្នាំ​បាន​បញ្ជាក់​ប្រាប់​ ​VOA​ ​ថា​សម្រាប់​រូប​លោក ​ការ​មក​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំ​នៅ​វត្ត​ខ្មែរ​ជា​មួយ​ក្រុម​គ្រួសារ​គឺ​ជា​ឱកាស​ក្នុង​ការ​អប់រំ​និង​បង្ហាត់​បង្រៀន​អំពី​ប្រពៃណី​ខ្មែរ​ដល់​កូន​តូចៗ​ទាំង​ពីរ​របស់​លោក។

​«ខ្ញុំ​ចង់​ឱ្យ​កូន​ខ្ញុំ​រៀន​ស្គាល់​ពី​ប្រវត្តិ​ប្រជាជន​ខ្មែរ​យើង​ ​ហើយ​ដូច​ខ្ញុំ​អីចឹង​កាល​ណា​យើង​អត់​បង្រៀន​កូន​យើង​អីចឹង​ ​ថ្ងៃ​ក្រោយ​ទៅ​វា​អាច​បាត់បង់​តិចៗ​ទៅ​ហ្អា​ ​សូម្បី​តែ​កូន​ខ្ញុំ​រាល់​ថ្ងៃ​ហ្នឹង​កើត​នៅ​អាមេរិក​នេះ​ក៏​ដោយ​ ​ក៏​ខ្ញុំ​នៅ​តែ​បង្រៀន​កូន​ខ្ញុំ​ឱ្យ​ស្គាល់​អីចឹង​តាម​អ្វី​ដែល​ខ្ញុំ​ដឹង​មក​ ​បង្រៀន​ឱ្យ​កូន​ខ្ញុំ​ឱ្យស្គាល់​ពីប្រពៃណី​ខ្មែរ​យើង​ ​ហើយ​ហ្នឹង​ទំនៀមទម្លាប់​ខ្មែរ​យើង​ដូចគ្នា»។​

​អ្នក​រស់​នៅ​ក្នុង​តំបន់​វ៉ាស៊ីនតោន​ម្នាក់​ទៀត​គឺ​ ​អ្នកស្រី​ ​ផា កនិ្នកា​ ​វ័យ​៣០ឆ្នាំ​ ​ដែល​ទើប​តែ​មក​រស់​នៅ​សហរដ្ឋ​អាមេរិក​បាន​៣ឆ្នាំ​ ​បាន​កត់​សំគាល់​ថា​បើ​ទោះ​ជា​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នៅ​សហ​រដ្ឋ​អាមេរិក​មិនសូវ​អធិកអធម​ដូច​នៅ​កម្ពុជា​ ​ក៏​ការ​ប្រារព្ធ​ពិធី​រយៈពេល​១៥​ថ្ងៃ​គឺ​វា​ស្រដៀង​គ្នា​ ​ដើម្បី​តប​ស្នង​សង​គុណ​ដល់​បុព្វការី​ជន​រៀងៗ​ខ្លួន។​

​«នៅ​កន្លែង​នេះ​ ​សហគមន៍​របស់​យើង​វា​រាង​តូច​ជាង​ស្រុក​ខ្មែរ​ ​តែ​ការ​ ​Celebrate​ ​[ប្រារព្ធ]​ ​គឺ​វា​សប្បាយ​ដូច​គ្នា​ ហើយ​ការ​មក​ធ្វើ​បុណ្យ​ការជួប​ជុំ​គ្នា​គឺ​វា​ដូចគ្នា​ ​អា​ហ្នឹង​សំខាន់​លើ​ចិត្ត​យើង។ យើង​មក​ធ្វើ​បុណ្យ​ ​យើង​ជ្រះ​ថ្លា យើង​ចង់​ចូលរួម​ជា​មួយ​ពុទ្ធសាសនា​ គឺ​ដូច​តែ​គ្នា​នោះ​ឯង»។​

ព្រះចៅ​អធិការ​វត្ត​ពុទ្ធិការាម​ ​ព្រះ​តេជ​គុណ​ ​អ៊ុក ចាន់ហន​ ​បាន​ប្រាប់​ ​VOA​ ​ថា​វត្ត​ពុទ្ធិការាម​ដែល​ជា​វត្ត​ចំណាស់​មួយ​ក្នុង​តំបន់​វ៉ាស៊ីនតោន​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ដើម្បី​រក្សា​ទំនៀមទម្លាប់​ខ្មែរ​ ​និង​ជាទី​សម្រាប់​សហគមន៍​ខ្មែរ​ដែល​រស់​នៅ​ឆ្ងាយ​ពី​ប្រទេស​របស់​ផង​ខ្លួន​ ​ជួបជុំ​គ្នា​ដើម្បី​បង្កើន​សាមគ្គី​និង​ទំនាក់​ទំនង​គ្នា​ទៅ​វិញ​ទៅ​មក។​ ​ព្រះ​តេជគុណ​ ​អ៊ុក ចាន់ហន​ ​បន្ត​ថា​វត្ត​ពុទ្ធិការាម​តែង​តែ​ប្រារព្ធ​ពិធី​បុណ្យ​សាសនា​និង​ប្រពៃណី​ខ្មែរ​ជា​ប្រចាំ​ ​ដើម្បី​បង្កើត​ឱកាស​ឱ្យ​ពុទ្ធ​សាសនិក​ខ្មែរ​ជួបជុំ​គ្នា​និង​រក្សា​វប្បធម៌​ទំនៀមទម្លាប់​ខ្មែរ។​

«តួនាទី​សំខាន់​ព្រោះ​ខ្មែរ​យើង​មក​ រស់នៅ​ឆ្ងាយ​ពី​ប្រទេស​ជាតិ​ ​ហើយ​បាន​មក​ឃើញ​វត្ត​អារាម​ ​ឃើញ​អី​ហ្នឹង​ ​គឺ​ប្រជាពលរដ្ឋ​យើង​នៅ​ States​ [រដ្ឋ]​ ​នា​នា​មក​ ​តែង​តែ​មក​សាមគ្គី​គ្នាធ្វើ​បុណ្យ​ធ្វើ​អារាម។​ ​មាន​វត្ត​កន្លែង​ណា​ប្រជាជន​យើង​មូល​គ្នា​នៅ​កន្លែង​ហ្នឹង។​ ​ហើយ​មាន​ប្រយោជន៍​ត្រង់​ថា​ឱ្យ​ប្រជាជនយើង​បាន​ស្គាល់​គ្នា​រាប់អាន​គ្នា​សាមគ្គី​ធម៌​ ​ហើយ​ធ្វើ​ឱ្យ​ប្រជាជន​យើង​ហ្នឹង​មាន​លំនឹង​សាមគ្គី​បាន​ល្អ​ ​ក្នុង​ការ​ទ្រទ្រង់​នូវ​សម្បត្តិ​វប្បធម៌​ជាតិ​ផង»។

ទិដ្ឋភាព​ទូទៅ​នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ក្នុង​វត្តពុទ្ធិការាម​ក្នុង​ទីក្រុង Silver Spring រដ្ឋ Maryland សហរដ្ឋ​អាមេរិក ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌនៅ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៩។ (សឿន វឌ្ឍនា/VOA)
ទិដ្ឋភាព​ទូទៅ​នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ក្នុង​វត្តពុទ្ធិការាម​ក្នុង​ទីក្រុង Silver Spring រដ្ឋ Maryland សហរដ្ឋ​អាមេរិក ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌនៅ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៩។ (សឿន វឌ្ឍនា/VOA)


​ពិធី​បុណ្យ​កាន់បិណ្ឌ​ ​និង​ភ្ជុំបិណ្ឌ​រយៈ​ពេល​១៥ថ្ងៃ​ ​ក្នុង​វត្ត​ពុទ្ធិការាម​ក្នុង​រដ្ឋ​ម៉ារីលែន​និង​វត្ត​ខ្មែរមួយ​ចំនួន​ទៀត​នៅ​សហរដ្ឋ​អាមេរិក ​បាន​បញ្ចប់​ ​ដោយ​ពល​រដ្ឋ​ភាគ​ច្រើន​ពិសា​អាហារ​រួម​គ្នា​ក្នុង​បរិវេណ​វត្ត ជាមួយ​មុខ​ម្ហូប​ខ្មែរ​ដ៏​សម្បូរ​បែប៕

XS
SM
MD
LG