ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​ស៊ើបអង្កេត​ករណី​ឃាតកម្ម​លើ​លោក កែម ឡី មិន​ទាន់​ឃើញ​ពន្លឺ​ថ្មី​នៅឡើយ

  • ហ៊ាន សុជាតា

រូបឯកសារ៖ ប្រជា​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ចូល​រួម​ជូន​ដំណើរ​លោក​កែម ឡី​ នៅ​ថ្ងៃ​អាទិត្យ​ ទី​២៤ ខែកក្កដា​ ឆ្នាំ ២០១៦​នេះ។​សពអ្នក​វិភាគ​នយោបាយ​ឯករាជ្យ​លោក កែម ឡី​ ត្រូវ​​យក​ទៅ​បូជា​នៅ​ឯស្រុក​កំណើត​របស់​លោក​នៅ​ស្រុក​ត្រាំ​កក់ ខេត្ត​តាកែវ។ លោក​ កែម​ ឡី​ត្រូវ​ឃាតករ​បាញ់​សម្លាប់​នៅ​ថ្ងៃទី១០​ ខែ​កក្កដា​កន្លងទៅ​នេះ។ ​(ឡេង ឡែន/VOA)

លោក ​ខៀវ ​សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​បញ្ជាក់​ប្រាប់​ VOA​ថា​ ឯកសារ​ និង​ភស្តុតាង​នៃ​សំណុំ​រឿង​ឃាតកម្ម​របស់​លោក​ កែម ឡី​ កំពុង​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​តុលាការ។

រហូត​មក​ដល់​ថ្ងៃ​ទី​២១​ ខែ​កញ្ញា​នេះ​ លោក​ កែម ឡី ​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​អស់​រយៈ​ពេល​ជាង​២​ខែ​ហើយ។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហា​ផ្ទៃ ​បញ្ជាក់​ថាមិន​មាន​តម្រុយ​អ្វី​ថ្មី​ដែល​សមត្ថកិច្ច​រក​ឃើញ​ឡើយ​ ក្រៅ​ពី​ភស្តុតាង​ដាក់​បន្ទុក​ថា បុរស​ដែល​អះអាង​ថា​ខ្លួន​ឈ្មោះ​ ជួប​ សម្លាប់​ ជា​ឃាតករ​នោះ។

ក៏ប៉ុន្តែ ​អ្នក​វិភាគ​ និង​អ្នក​ឃ្លាំ​មើលសិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ យល់​ថា​អាជ្ញាធរ​មិន​ទាន់ខិត​ខំ​អស់​ពី​លទ្ធភាព​ក្នុង​ការ​ស៊ើប​អង្កេត​ករណី​លោក ​កែម ឡី​នោះ​ទេ។

លោក ​ខៀវ ​សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​បញ្ជាក់​ប្រាប់​ VOA​ថា​ ឯកសារ​ និង​ភស្តុតាង​នៃ​សំណុំ​រឿង​ឃាតកម្ម​របស់​លោក​ កែម ឡី​ កំពុង​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​តុលាការ។

លោក​ថា​ សមត្ថកិច្ច​ អាច​នឹង​បន្ត​ការ​ស៊ើប​អង្កេត​តទៅទៀត លុះ​ត្រា​តែ​មាន​តម្រុយ​ថ្មី​ប៉ុណ្ណោះ។

«ដូចជា​គ្មាន​អី​ថ្មី​ជូន​ទេ មាន​តែ​អ្វី​ដដែល​ហ្នឹង ហើយ​បាន​បញ្ជូន​ទៅ​តុលាការ​អស់​ហើយ សំណុំ​រឿង​ហ្នឹង​ ស្ថិត​នៅ​ក្នុង​សមត្ថកិច្ច​របស់​តុលាការ​ទាំងអស់​ហ្នឹង។ និយាយ​រួម ​បើ​សិន​ជា​មាន​អី​ទៀត យើង​បន្ត​ទៀត តែ​ដូចជា​អត់​មាន​អី​រក​ឃើញ​ទៀត ក្រៅ​ពី​អ្វី​ដែល​យើង​បាន ចាប់​ខ្លួន​ជន​ដៃ​ដល់​ហ្នឹង​ហើយ»។

លោក ​ខៀវ ​សុភ័គ សម្ដែង​ការ​ខក​ចិត្ត​ ចំពោះ​ការ​ចាកចេញ​ពី​ប្រទេស​កម្ពុជា​របស់​ក្រុម​គ្រួសារ​លោក កែម ឡី​ ដោយ​លោក​អះអាង​ថា ពួកគេ​ពុំ​បាន​ចូល​រួម​ក្នុង​ដំណើរ​ការ​ស៊ើប​អង្កេត​ និង​ទុក​ឲ្យ​អាជ្ញាធរធ្វើ​ការ​តែ​ឯង។

«សំណុំ​រឿង​ហ្នឹង យើង​ឃើញ​ស្រាប់​ហើយ​ថា​ជា​សំណុំ​រឿង​រសើប​ណាស់។ ​សោក​ស្តាយ​ណាស់​ដែរ មែនទែន​ទៅ​គ្រួសារ​ជន​រងគ្រោះ​ ក៏​មិនបាន​ផ្ដល់​ព័ត៌មាន​អី​ច្បាស់លាស់​អី​ឲ្យ​យើង​ទៀត។​ គាត់​ទុក​ឲ្យ​យើង ចាត់ការ​តែ​ម្នាក់​ឯង។ ធម្មតា​សមត្ថកិច្ច ត្រូវ​ការ​ព័ត៌មាន​ច្រើន​ណាស់​ តាំង​ពី​ជីវិត​រស់នៅ​លោក​ កែម ឡី​ កាល​នៅ​រស់ ​គាត់​មាន​ទំនាក់ទំនង​អ្វីខ្លះ​ដែល​យើង​មិន​ដឹង»។

យ៉ាង​ណា​ក៏​ដោយ​ អ្នក​វិភាគ ​និង​អ្នក​ឃ្លាំ​មើលសិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ​ គិត​ថា​ក្នុង​អំឡុង​ពេល​ជាង​៨០​ថ្ងៃ​ ក្រោយ​ការ​ស្លាប់​របស់​លោក​ កែម​ ឡី​នេះ​ អាជ្ញាធរ​មាន​សមត្ថកិច្ច​ មិន​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ខំប្រឹង​ប្រែង​ស៊ើប​អង្កេត​ឲ្យ​អស់​លទ្ធភាព​របស់​ខ្លួន​នោះ​ទេ។

លោក​ មាស នី​ អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​ ប្រាប់​VOA ​ថា​ ការ​លើក​ឡើង​របស់​មន្ត្រី​រដ្ឋាភិបាល​នេះ​ មិន​ខុស​ពី​ករណី​លោក ​ឈុត វុទ្ធី និង​លោក​ ជា វិជ្ជា ទេ ដោយ​អាជ្ញាធរ​ មាន​ចេតនា​បណ្ដោយ​ឲ្យ​ករណី​នេះ​ស្ងប់ស្ងាត់​ទៅវិញ​ដោយ​ខ្លួនឯង។

លោក​ថា​ ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​មិន​បាន​បង្ហាញ​ភស្តុតាង​ពាក់ព័ន្ធ​ដូចជា​រូបភាព​ក្នុង​កាមេរ៉ា​សុវត្ថិភាព​នៅ​កន្លែង​កើត​ហេតុ​ជា​ដើម​ ឲ្យ​សាធារណជន​ឃើញ​នោះ​ទេ​ ហើយ​លោក​ថា​ ក៏​មិន​ឃើញ​មាន​ការ​ស៊ើបសួរ​អ្នក​ពាក់ព័ន្ធ​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ដែរ។

«តាម​ពិត​គ្រួសារ​លោក កែម​ ឡី នៅ​ក្នុង​ប្រទេស ចូល​ជិត​២​ខែ ក៏​មិន​ដែល​ឃើញ​មាន​អ្នកណា​ទៅ​សួរ​គាត់​ដែរ។ បើ​សិន​ក្រសួង​មហាផ្ទៃ​ពិត​ជា​មាន​បំណង​ចង់​សហការ​ពី​គ្រួសារ​លោក កែម ឡី​ មែន​ គឺ​នៅ​ពេល​ចប់​បុណ្យ​ហើយ​ភ្លាម គឺ​អាច​មាន​អ្នក​ទៅ​សួរ​នាំ​ហើយ មន្ត្រី​ពាក់​ព័ន្ធ តុលាការ​អី​អាច​ទៅ​សួរ​នាំ​ហើយ​ តែ​វា​អត់​មាន។ ដល់​ពេល​មនុស្ស​ចេញ​បាត់​ហើយ ទើប​ឆ្លើយ​ថា​មិន​សហការ។អា​ហ្នឹង​ដូចជា​ដាក់​កំហុស ទៅ​ឲ្យ​គ្រួសារ​ជន​រង​គ្រោះ ថា​មិន​សហការ»។

លោក​ មាស នី​ បន្ត​ទៀត​ថា​ការ​បន្ទោស​ទៅ​ក្រុម​គ្រួសារ​របស់​លោក ​កែម ឡី​ ចំពោះ​ការ​ចាកចេញ​ពី​ប្រទេស​នេះ ​ជា​ការ​រុញ​ច្រាន​ចោល​នូវ​ការ​ទទួល​ខុសត្រូវ​របស់​អាជ្ញាធរ​ប៉ុណ្ណោះ។

លោក​បន្ត​ទៀត​ថា​ បើ​រដ្ឋាភិបាល​មិន​បាន​ធ្វើ​ការ​ស៊ើបអង្កេត​ឲ្យ​បាន​ស៊ី​ជម្រៅ និង​រក​ឲ្យ​ឃើញ​មូលហេតុ​ពិត​ប្រាកដ​ពី​ក្រោយ​ឃាតកម្ម​នេះទេ រដ្ឋាភិបាល អាច​នឹង​បាត់បង់​ទំនុក​ចិត្ត​ពី​សាធារណជន។

«បើ​សិន​ជា​ជួប​សម្លាប់ ជា​អ្នក​សម្លាប់​មែន ក៏​ត្រូវ​មាន​អ្នក​នៅ​ពី​ក្រោយ​ខ្នង។ មិន​អាច​រដ្ឋាភិបាល​មក​ឆ្លើយ​ថា ថា​ ជួប សម្លាប់​ ជា​ឃាតករ​ពិត​ប្រាកដ ហើយ​កាមេរ៉ា​សុវត្ថិភាព​ក៏​មិន​បាន​បង្ហាញ។ គិត​ថា​អ្វី​ដែល​រដ្ឋាភិបាល​បាន បង្ហាញ គ្រាន់​ជា​ការ​ឆ្លើយ ដើម្បី​បោះ​សំណុំ​រឿង​ឲ្យ​ផុត​ពី​កន្លែង​នេះ​ទៅ ដើម្បី​ទុក​ឲ្យ​កន្លែង​មួយ​ទៀត ទទួល​ខុស​ត្រូវ។ តុលាការ អាច​នឹង​និយាយ​បាន​ថា អ្នក​ពាក់ព័ន្ធ​មាន​តែ​ជួប​សម្លាប់​មួយ​ហ្នឹង​ទេ​ គឺ​អ្នក​សម្លាប់​ ប៉ុន្តែ​អ្នក​នៅ​ពី​ក្រោយ មាន​រឿង​អី​ទៀត ក៏​អត់​ច្បាស់លាស់»។​

លោក​ កែម ឡី​ ដែល​ជា​អ្នក​វិភាគ​ និង​អ្នក​ស្រាវ​ជ្រាវ​សង្គម​ ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល​ និង​គណបក្ស​ជំទាស់​ចំៗ​ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ស្លាប់​នៅ​ហ្នឹង​កន្លែង​ក្នុង​ស្ថានីយ​ប្រេង​ឥន្ធនៈ​ Caltex ចំ​កណ្ដាល​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី១០ ​ខែ​កក្កដា​កន្លង​ទៅ។

ការ​ស្លាប់​របស់​លោក កែម ឡី​នេះ​ ទទួលរង​ការ​រិះគន់​ធ្ងន់ៗ​ពី​សហគមន៍​អន្តរជាតិ​ក្នុង​នោះ​មាន​មន្ត្រី​នៃ​អង្គការ​សហប្រជាជាតិ​ ដែល​បាន​ស្នើ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ឲ្យ​បាន​ម៉ត់​ចត់។

លោក ​អំ ​សំអាត មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​លីកាដូ (LICADHO) ​ដែល​តាមដានដំណើរ​រឿង​នេះ លើកឡើង​ថា​ ដើម្បី​ចៀសវាង​ការ​រិះ​គន់​ពី​សាធារណជន​ រដ្ឋាភិបាល ​ត្រូវ​មាន​ការ​ប្រឹង​ប្រែង​ និង​បង្ហាញ​អំពី​លទ្ធផល​វិវត្តន៍​នៃ​ការ​ស៊ើបអង្កេត​នេះ។

លោក​បន្ថែម​ថា​ ​បើ​មិន​ដូច្នេះ​ទេ​ អាជ្ញាធរ​បាន​ត្រឹម​តែ​ផ្ដល់​នូវភាព​អស់​សង្ឃឹម​សម្រាប់​ការ​ស្វែង​រក​យុត្តិធម៌​ជូន​លោក​បណ្ឌិត ​កែម ឡី​ ប៉ុណ្ណោះ។

«បើ​សិន​ជា​គ្មាន​អ្វី​ដែល​ជា​អាថ៌កំបាំង​ និង​គ្មាន​អ្វី​នៅ​ពី​ក្រោយ​ខ្នង​ទេ​ ករណី​ទាំង​នេះ​ជា​ការ​ងាយ​ទេ។ អាជ្ញាធរ​កម្ពុជា​មិនមែន​អត់​សមត្ថភាព​ទេ​ ដូច​ករណី​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ​ ករណី​បាញ់​ប្អូន​តារា​ចម្រៀង​មួយ​ថ្មីៗ​នេះ​ មាន​ការ​បញ្ចាំង​នូវ​វីដេអូ​កាមេរ៉ា​ ហើយ​ជន​ពាក់ព័ន្ធ​ត្រូវ​បាន​ចាប់​ទាំង​អស់។ បើ​ធ្វើ​បាន​ដូច​គ្នា​នេះ ជា​ការ​ល្អ​ដែល​បំបាត់​មន្ទិល​សង្ស័យ។ ហើយ​បើ​នៅ​តែ​មិន​បង្ហាញ​ភាព​ច្បាស់លាស់​ទេ​ ​គេ​គិត​ថា​ ការ​ស្លាប់​របស់​លោក កែម ឡី​ ពិត​ជា​មាន​អាថ៌កំបាំង​នៅ​ពី​ក្រោយ​ខ្នង»។

ក្រោយ​ការ​បាញ់​សម្លាប់​លោក​ កែម ឡី​ សមត្ថកិច្ច​ ​បាន​ចាប់​ខ្លួន​ខ្មាន់​កាំភ្លើង​ម្នាក់​ដែល​អះអាង​ថា​ឈ្មោះ​ «ជួប ​សម្លាប់»។

ជន​នេះ អះអាង​ថា ​ខ្លួន​បាញ់​សម្លាប់​លោក​ កែម ឡី ​ព្រោះ​រឿង​បំណុល​ ​ប៉ុន្តែ ការ​អះអាង​នេះ ត្រូវ​បាន​ទាត់ចោល​ដោយ​ក្រុម​អ្នក​វិភាគ​និងគ្រួសារ​លោក កែម ឡី ថា​ជា​ការ​ប្រឌិត​តែ​ប៉ុណ្ណោះ។

ជននេះ ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ឃុំ​ខ្លួន​ ​ដើម្បី​ស៊ើប​អង្កេត​ តាម​បទ​ចោទ ​ឃាតកម្ម​គិតទុក​ជា​មុន​ និង​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់។​

កាល​ពី​សប្ដាហ៍​មុន​ ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​បាន​បើក​សវនាការ​ ​សួរចម្លើយ​បន្ថែម​ ​ជន​ត្រូវ​ចោទ​ឈ្មោះ​ ជួប​ សម្លាប់​ ទាក់ទង​ភស្តុតាង​ និង​ឯកសារ​មួយ​ចំនួន​នៃ​សំណុំ​រឿង​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី។

ក៏​ប៉ុន្តែ​ការ​បើក​សវនាការ​នេះ​ មិន​បាន​ផ្ដល់​ជា​លទ្ធផល​អ្វី​នោះ​ទេ។​

​ព្រះ​រាជអាជ្ញា​រង​ លី​ សុផាណា​ ​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ​បាន​ប្រាប់​ VOA​ ​តាម​សារ​អេឡិចត្រូនិក​Telegramនៅ​ថ្ងៃ​ពុធ​នេះ​ថា​ សំណុំ​រឿង​នេះ​ កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបសួរ​ ក៏​ប៉ុន្តែ​លោក​ មិន​បាន​បញ្ជាក់​ច្បាស់​លាស់​ពី​នីតិ​វិធី​នោះ​ទេ​ ដោយ​សំអាង​ថា​អាច​ប៉ះពាល់​ដល់​ការ​ស៊ើបសួរ​ និង​ការ​សម្រេច​សេចក្ដី​របស់​តុលាការ។

នា​ពេល​កន្លង​មក​ អាជ្ញាធរ​មាន​សមត្ថកិច្ច​ ធ្លាប់ប្រកាស​ជា​សាធារណជន​ថា​ តុលាការ​អាច​នឹងបង្ហាញ​ជា​សាធារណៈ​ នូវភស្តុតាង​ទាំង​អស់ដែល​ប្រមូល​បាន​ទាក់ទង​នឹង​ករណី​ឃាតកម្ម​លោក ​កែម ​ឡី​ នេះ។

ក៏​ប៉ុន្តែ​មក​ទល់​ពេល​នេះ​ គេ​មិន​ទាន់​ឃើញ​មាន​ការ​បង្ហាញ​ជា​សាធារណៈ​ណាមួយ​នោះ​ទេ៕

XS
SM
MD
LG