ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​វិភាគ​តាម​មើល​ស្ថានភាព​ម្ហូបអាហារ​នៅ​ក្នុង​ទ្វីប​អាហ្រ្វិក​ខាង​លិច​


កុមារ​សូម៉ាលី​ទទួល​ម្ហូប​អាហារ​ឆ្អិន​ស្រាប់​នៅ​ទីក្រុង​ម៉ូហ្កាឌីស៊ូ​ប្រទេស​សូម៉ាលី​ នៅ​ថ្ងៃ​ច័ន្ទ​ទី​១៥​ ខែ​សីហា​ឆ្នាំ​២០១១។​
កុមារ​សូម៉ាលី​ទទួល​ម្ហូប​អាហារ​ឆ្អិន​ស្រាប់​នៅ​ទីក្រុង​ម៉ូហ្កាឌីស៊ូ​ប្រទេស​សូម៉ាលី​ នៅ​ថ្ងៃ​ច័ន្ទ​ទី​១៥​ ខែ​សីហា​ឆ្នាំ​២០១១។​

ខណៈ​ពេល​ដែល​គ្រោះ​ទុរ្ភិក្ស​ បាន​បន្ត​រាតត្បាត​ប្រទេស​ក្នុង​ទ្វីប​អាហ្រ្វិក​ខាង​កើត​ ទី​ភ្នាក់ងារ​ផ្តល់​ជំនួយ​ទាំង​ឡាយ​និង​ក្រុម​មន្រ្តី​រដ្ឋាភិបាល​ បន្ត​ស្ថិត​នៅ​ក្នុង​ការ​ប្រុង​ប្រយ័ត្ន​នៅ​ក្នុង​ទ្វីប​អាហ្រ្វិក​ខាង​លិច​ផង​ដែរ​ ដែល​នៅ​ទី​នោះ​ គ្រោះ​រាំង​ស្ងួត​ ការ​ទទួល​បាន​របប​អាហារ​មិន​គ្រប់​គ្រាន់​ជា​រ៉ាំរ៉ៃ​ និង​ភាព​ក្រីក្រ​ បាន​នាំ​ទៅ​ដល់​ការ​ខ្វះខាត​ម្ហូប​អាហារ​ផ្ទួនៗ​គ្នា​និង​ប្រកប​ដោយ​ការ​បំផ្លិច​បំផ្លាញ​ ដែល​បាន​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។

ក្រុម​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​និង​ទេសាភិបាល​ធនាគារ​កណ្តាល​នៃ​ប្រទេស​ក្នុង​ទ្វីប​អាហ្រ្វិក​ បាន​បើក​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​នៃ​ប្រទេស​ជា​សមាជិក​អង្គការ​អាហ្រ្វិក​ហៅ​African​ Caucus​ កាល​ពី​សប្តាហ៍​មុន​ នៅ​ក្នុង​រដ្ឋធានី​ គីនស្សាសា​ (Kinshasa)​ នៃ​ប្រទេស​ កុងហ្គោ​ (Congo)​ ជាមួយ​នឹង​ការ​ព្រមាន​មួយ។

រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ កុងហ្គោ​ លោក​ ម៉ាតាតា​ ប៉ុនយូ​ (Matata​ Ponyou)​ បាន​មាន​ប្រសាសន៍​ថា​ ការ​ផ្គត់​ផ្គង់​ម្ហូប​អាហារ​នៅ​ក្នុង​ប្រទេស​នីមួយៗ​របស់​យើង​ នៅ​តែ​មាន​ការ​ខ្វះខាត​យ៉ាង​ខ្លាំង​ នៅ​ក្នុង​ការ​បំពេញ​សេចក្តី​ត្រូវការ​ដែល​កំពុង​តែ​កើន​ឡើង​ ជាពិសេស​ចំពោះ​ផលិតផល​សំខាន់ៗ។​ លោក​បាន​មាន​ប្រសាសន៍​ថា​ ការ​ឡើង​កំដៅ​នៅ​លើ​ភព​ផែនដី​បាន​ធ្វើ​ឱ្យ​ការ​ខ្វះ​ខាត​កាន់​តែ​មាន​សភាព​ខ្លាំង​ក្លា​ឡើង​ ហើយ​គ្រោះ​រាំង​ស្ងួត​នា​ពេល​បច្ចុប្បន្ន​ ដែល​កំពុង​មាន​ផល​ប៉ះពាល់​ទៅ​លើ​ប្រទេស​ក្នុង​ទ្វីប​អាហ្រ្វិក​ខាង​កើត​ គួរ​តែ​ធ្វើ​ឱ្យ​យើង​ទាំង​អស់​គ្នា​ភ្ញាក់​ខ្លួន​ពី​ការ​គំរាម​កំហែង​ ដែល​បាន​គ្រប​ដណ្តប់​មក​លើ​កសិកម្ម​ក្នុង​ទ្វីប​អាហ្រ្វិក​ទាំង​មូល។

ទោះ​បី​ជា​ការ​ប្រែ​ប្រួល​អាកាសធាតុ​ពិត​ជា​បាន​ដើរ​តួ​នាទី​មួយ​ក៏​ដោយ​ ក៏​ក្រុម​អ្នក​ជំនាញ​ខាង​សន្តិសុខ​ម្ហូប​អាហារ​នៅ​ក្នុង​ទ្វីប​អាហ្រ្វិក​ខាង​លិច​និយាយ​ថា​ ក្រុម​គ្រួសារ​នៅ​ក្នុង​តំបន់​មួយ​ចំនួន​ កំពុង​តែ​រស់​នៅ​កៀក​ទៅ​នឹងគ្រោះ​ថ្នាក់​ ដែល​សូម្បី​តែ​ការ​ប្រែ​ប្រួល​អាកាសធាតុ​បន្តិច​បន្តួច​មួយ​ ការ​ឡើង​តម្លៃ​ភ្លាមៗ​មួយ​រំពេច​ ឬ​ក៏​ភាព​ចលាចល​ស៊ីវិល​រយៈ​ពេល​ខ្លី​មួយ​ ក៏​អាច​បង្ក​ឱ្យ​មាន​ភាព​អត់​ឃ្លាន​បាន​ដែរ។

សូម​យក​ប្រទេស​ នីស្ហ៊ែរ​ (Niger)​ ជា​ឧទាហរណ៍​មួយ។​ ប្រទេស​វាល​ខ្សាច់​នេះ​គឺ​ជា​ចំណុច​ស្នូល​នៃ​វិបត្តិ​ម្ហូប​អាហារ​ដ៏​ធ្ងន់​ធ្ងរ​មួយ​កាល​ពី​ឆ្នាំ​ទៅ​ ដែល​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជាង​១០​លាន​នាក់​នៅ​ទូទាំង​ភាគ​ខាង​កើត​នៃ​តំបន់​ សាហែល​ (Sahel)​ ស្ថិត​ក្នុង​សភាព​គ្រោះ​ថ្នាក់​ ដែល​រួម​បញ្ចូល​ទាំង​ពាក់​កណ្តាល​នៃ​ប្រជាពលរដ្ឋ​ នីស្ហ៊ែរ​ ផង​ដែរ។

ការ​ធ្លាក់​ភ្លៀង​មិន​ទៀងទាត់​នៅ​ក្នុង​ឆ្នាំ​ ២០០៩​ បាន​នាំ​ឲ្យ​មាន​ការ​ច្រូត​កាត់​មិន​បាន​ល្អ​ និង​ការ​ខ្វះ​ខាត​ទឹក​និង​ដី​ដែល​មាន​ស្មៅ​សម្រាប់​ចិញ្ចឹម​សត្វ។​ ប៉ុន្តែ​ ប្រទេស​ នីស្ហ៊ែរ​ ក៏​ជា​ប្រទេស​មួយ​នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​ក្រ​ជាង​គេ​បង្អស់​នៅ​ក្នុង​ពិភពលោក​ដែរ​ និង​បាន​រាយការណ៍​ដោយ​ឥត​ផ្លាស់​ប្តូរ​ អំពី​កម្រិត​ប្រកប​ដោយ​ភាព​អសន្ន​ នៃ​កង្វះ​អាហារូបត្ថម្ភ​សម្រាប់​កុមារ។

នៅ​ក្នុង​ឆ្នាំ​នេះ​ ទោះ​បី​ជា​ភ្លៀង​បាន​ធ្លាក់​មក​ហើយ​ក៏​ដោយ​ ដែល​នៅ​តាម​តំបន់​ខ្លះ​ភ្លៀង​បាន​ធ្លាក់​យឺត​ចំនួន​ពីរ​បី​សប្តាហ៍​ ក៏​ក្រុម​ការ​ងារ​ជួយ​សង្រ្គោះ​និយាយ​ថា​ ប្រជាពលរដ្ឋ​ប្រមាណ​ពីរ​លាន​នាក់​នៅ​ក្នុង​ប្រទេស នីស្ហ៊ែរ​ អាច​ជួប​ប្រទះ​និង​គ្រោះ​ថ្នាក់​នៃ​ការ​មាន​ម្ហូប​អាហារ​មិន​គ្រប់​គ្រាន់​ ទោះ​បី​ជា​មាន​ការ​ច្រូត​កាត់​ល្អ​ឬ​មិន​ល្អ​ក៏​ដោយ។

ក្រុម​ការងារ​មនុស្សធម៌​ក៏​កំពុង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុកដាក់​ ទៅ​លើ​ភាគ​ខាង​កើត​នៃ​តំបន់​ សាហែល​ ផង​ដែរ​ ខណៈ​ពេល​ដែល​សង្រ្គាម​នៅ​ក្នុង​ប្រទេស​ លីប៊ី​ (Libya)​ បាន​រុញ​ច្រាន​ក្រុម​កម្មករ​ភៀស​ខ្លួន​រាប់​ម៉ឺន​នាក់​ឱ្យ​វិល​ត្រឡប់​មក​ប្រទេស​ នីស្ហ៊ែរ​ និង​ ប្រទេស​ ឆាដ​ (Chad)​ វិញ។

អ្នក​សម្រប​សម្រួល​ផ្នែក​សន្តិសុខ​ម្ហូប​អាហារ​ប្រចាំ​តំបន់​របស់​អង្គការ​ អុកស្វាម​ (Oxfam)​ លោក​ អាឡាសាន​ ស៊ីស​ (Alassane​ Cisse)​ និយាយ​ថា​ សម្រាប់​ក្រុម​គ្រួសារ​ដែល​នៅ​តែ​រើប​ឡើង​ពី​វិបត្តិ​ម្ហូប​អាហារ​កាល​ពី​ឆ្នាំ​ទៅ​ ការ​វិល​ត្រឡប់​របស់​ក្រុម​កម្មករ​ទាំង​នេះ​ មាន​ន័យ​ថា​ មាន​មាត់​ជា​ច្រើន​បន្ថែម​ទៀត​ដើម្បី​ចិញ្ចឹម​ និង​ការ​បាត់​បង់​ប្រាក់​ដែល​ផ្ញើរ​មក​ផ្ទះ​ ដែល​ជា​ប្រភព​សំខាន់​នៃ​ប្រាក់​ចំណូល​សម្រាប់​គ្រួសារ​ជា​ច្រើន។​ លោក​និយាយ​ថា​ នៅ​ក្នុង​តំបន់​មួយ​ចំនួន​ដែល​អាស្រ័យ​ទៅ​លើ​ការ​ផ្គត់​ផ្គង់​ម្ហូប​អាហារ​ពី​ប្រទេស លីប៊ី​ តម្លៃ​ម្ហូប​អាហារ​ក៏​បាន​ឡើង​ថ្លៃ​ច្រើន​ដែរ​ ស្ទើរ​តែ​៥០​ភាគ​រយ​ទៅ​ហើយ។

ទោះបី​ជា​ក្រុម​អ្នក​ជំនាញ​ផ្នែក​សន្តិសុខ​ម្ហូប​អាហារ​ នៅ​ក្នុង​ទ្វីប​អាហ្រ្វិក​ខាង​លិច​ បាន​ជំរុញ​ឲ្យ​មាន​ការ​វិនិយោគ​ទៅ​លើ​កសិកម្ម​ និង​បង្កើន​ផលិត​កម្ម​ម្ហូប​អាហារ​ក៏​ដោយ​ ក៏​ពួកគេ​និយាយ​ថា​ បញ្ហា​ពិត​ប្រាកដគឺ​លទ្ធ​ភាព​នៃ​ការ​ចូល​ទៅ​ធ្វើ​វិនិយោគ​នៅ​ក្នុងប្រទេស​នេះ​ មិន​មែន​បរិមាណ​នោះ​ទេ៕

ប្រែ​សម្រួល​ដោយ​ ឌី ខាំបូលី

XS
SM
MD
LG