ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លទ្ធផល​​បោះឆ្នោត​​ពាក់​កណ្តាល​អណត្តិ​សភា​អាមេរិក​ អាច​ប៉ះពាល់​គោលនយោបាយ​សន្តិសុខ​ជាតិ​


លោក​ប្រធានាធិបតី​​អាមេរិក បារ៉ាក់ អូបាម៉ា នៅ​ក្នុង​​ប្រជុំ​​អំពី​សន្តិសុខជាតិ​។
លោក​ប្រធានាធិបតី​​អាមេរិក បារ៉ាក់ អូបាម៉ា នៅ​ក្នុង​​ប្រជុំ​​អំពី​សន្តិសុខជាតិ​។

មន្ទីរ​បញ្ចកោណ៖ គ្រប់យុទ្ធនា​ការឃោសនា​បោះ​ឆ្នោតរដ្ឋ​សភា​ពាក់​កណ្តាល​អាណត្តិរបស់សហរដ្ឋ​អាមេរិក ផ្តោត​លើបញ្ហាក្នុង​ស្រុក​ ប៉ុន្តែលទ្ធផលក៏នឹងប៉ះ​ពាល់ដល់​វិស័យ​សន្តិ​សុខ​ជាតិ​ដែរ។ ប៉ុន្តែ ក្រុម​អ្នក​ជំនាញ​រំពឹង​ថា​ សម្លេងភាគច្រើនរបស់គណបក្សសាធា​រណ​រដ្ឋ​និយម​ក្នុងសភា​តំណាងរាស្ត្រ ព្រម​ទាំង​ការ​កើន​ឡើង​សម្លេង​យ៉ាងច្រើន​នៅក្នុង​ព្រឹទ្ធ​សភា ​នឹងមិនជះ​ឥទ្ធិ​ពល​ជា​ដុំ​កំ​ភួនទៅ​លើ​សង្រ្គាម​ នៅ​ប្រទេសអាហ្វកានីស្ថាន ឬគោល​នយោបាយ​ការ​ពារ​ជាតិ​សំខាន់ៗ​ផ្សេងទៀតរបស់សហរដ្ឋអាមេរិក​ឡើយ។

នៅ​ពេល​ដែល​ក្រុម​អ្នក​បោះ​ឆ្នោតអាមេរិក​ ចេញ​ទៅ​បោះ​ឆ្នោត​កាលពីថ្ងៃ​អង្គារ​ ទី២​ ខែ​វិច្ឆិកា ឆ្នាំ​២០១០​នេះ ក្រុម​អ្នក​វិភាគ​ថ្លែង​ថា អ្នក​បោះ​ឆ្នោត​ភាគ​ច្រើន​ ធ្វើ​ការ​សម្រេច​ចិត្ត ដោយ​ផ្អែក​លើ​បញ្ហាសេដ្ឋកិច្ច​ ការ​ចំណាយ​របស់​រដ្ឋាភិបាល​ និងគោល​នយោបាយថែ​ទាំ​សុខភាព។ ប៉ុន្តែ ពេល​គេ​ភ្ញាក់ពី​ដំណេក​នៅ​ព្រឹក​ថ្ងៃ​ពុធ​ បាន​ឮថា នៅខែ​មករា​ខាង​មុខ​នេះ រដ្ឋ​សភា​នឹង​ត្រូវ​គ្រប់​គ្រង​ដោយគណបក្ស​សាធារណ​រដ្ឋ​និយម​ ហើយ​ព្រឹទ្ធ​សភាគ្រប់​គ្រង​ដោយគណ​បក្ស​ប្រជាធិប​តេយ្យរបស់​លោក​ប្រធានាធិបតី បារ៉ាក់​ អូបាម៉ា ដែលឈ្នះក្នុង​កម្រិត​តិច​តួច ពួក​គេដឹង​ថា នៅ​ក្នុង​ស្ថានភាព​នេះ ​គោល​នយោបាយសន្តិ​សុខជាតិអាចនឹងមាន​ភាពកាន់​តែប្រទាំង​ប្រទើសគ្នាថែម​ទៀត។

លោក​ស្រី​ ហ៊ីឌឺ ហើលប៊ត (Heather Hurlburt) គឺជាអ្នក​វិភាគ​នៃ​បណ្តាញសន្តិសុខ​ជាតិ​ (National Security Network) មាន​មូល​ដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីន​តោន មាន​ប្រសាសន៍​ថា៖

«ប្រហែល​ជាផល​ប៉ះពាល់​ធំ​បំផុត​តែ​មួយ​គត់​នោះ​គឺ​ថា រដ្ឋាភិបាលសហរដ្ឋ​អាមេរិកនឹង​កាន់​តែលំបាក​និយាយ​ឲ្យ​បាន​ច្បាស់លាស់អំពី​បញ្ហាសន្តិសុខ​ជាតិ​ ដែល​មាន​សមាសធាតុ​អង្គ​និតិបញ្ញតិ្ត​មួយ​នៅ​ក្នុង​នោះ​»។

លោក​ស្រី ​ហើលប៊ត​មាន​ប្រសាសន៍​ថា បញ្ហា​ទាំង​នោះ ​រួម​មានបញ្ហា​ថវិកា​សម្រាប់​ក្រសួង​ការ​ពារ​ជាតិ ដែល​រដ្ឋ​សភាបាន​ព្យាយាម​ប្រើ​ ដើម្បី​ឲ្យមាន​ឥទ្ធិពលទៅ​លើគោល​នយោបាយ​សង្រ្គាម ប៉ុន្តែ​មិន​សូវទទួល​បាន​ជោគជ័យ​។

លោក ឡូរ៉េន ថមសុនស៍ (Loren Thompson) នៃ​វិទ្យាស្ថានឡិច​ស៊ីង​តោន (Lexington Institute) មាន​មូល​ដ្ឋាន​នៅ​រដ្ឋ​វើជីនៀរ (Virginia) ​រំពឹង​ថា នឹងមិនមានការ​ផ្លាស់​ប្តូរទេ។ លោក​បាន​ថ្លែង​ថា នៅ​ក្នុង​គណបក្ស​នយោបាយ​ធំ​ទាំង​ពីរ មិន​ចុះ​សម្រុង​គ្នា​លើបញ្ហា​សង្គ្រាម​ ហើយ​ថា​ មិន​មាន​មូល​និធិដើម្បីបង្កើន​ការ​ចំណាយលើ​វិស័យ​ការពារ​ជាតិ ដូច​ដែល​អ្នក​សាធា​រណ​រដ្ឋ​និយមតែងតែ​ចង់បាន​នោះ​ឡើយ។ លោក​បន្ត​ថា៖

«អ្នក​ដឹង​ទេ​ថា ដោយ​សារ​តែ​ក្រុម​អ្នក​សាធារណ​រដ្ឋ​និយមមិន​អាច​ផ្តល់​លុយថែម​ទៀតទៅ​វិស័យ​ការ​ពារ​ជាតិ ដោយសារ​តែ​ការ​ខ្វះ​ខាត​ធន​ធាន​ពី​ខាង​រតនា​គារ​ជាតិ ការ​តស៊ូ​ប្រឆាំង​គ្នា​យ៉ាង​ច្រើន​ខាងវិស័យការ​ពារ​ជាតិ​ នឹង​ក្លាយ​ជា​និមិត្ត​រូប​មួយនៅ​ក្នុង​រដ្ឋ​សភា​ថ្មី​»។

លោក​ ថមសុនស៍​ បញ្ជាក់​ថា ទោះ​ជា​យ៉ាង​ណា លោក​ប្រធានាធិបតី អូបាម៉ា នឹងអនុញ្ញាតការ​ចំណាយលើ​វិស័យ​ការ​ពារ​ជាតិ​កើន​ឡើង​យ៉ាងបន្តិចម្តងៗ។​ លោកថ្លែង​ថា សេចក្តី​សម្រេច​ចិត្ត​របស់​លោកប្រធានាធិបតី​ ដើម្បីបង្កើន​វត្ត​មាន​យោធា​ស​អាមេរិក​យ៉ាង​ច្រើន នៅ​អាហ្វកានីស្ថាន នឹងចាប់​ផ្តើម​ដក​កង​ទ័ព​ជា​បន្ត​បន្ទាប់​ដោយផ្អែក​លើ​ស្ថានភាពនៅ​ខែ​កក្កដា​ក្រោយ អាច​ទទួលយក​បាន​ផ្នែក​ខាង​នយោបាយ ពី​សំណាក់ក្រុម​អ្នក​តាក់​តែង​ច្បាប់ភាគ​ច្រើន​ភាគ​បំផុតរបស់គណបក្ស​ទាំង​ពីរ​នេះ។ លោក​ថមសុនស៍​ថ្លែង​ថា៖

«សង្រ្គាម​នោះ បាន​ចាប់​ផ្តើមបាត់​បង់​ការ​គាំទ្រ​នៅ​ក្នុង​គណបក្ស​ទាំង​ពីរ​នេះ។ ហើយ​ជា​លទ្ធ​ផល​ កាល​វិភាគ​ដែល​លោកប្រធានាធិបតី អូបាម៉ា បាន​បង្ហាញនៅពេលដែល​លោក​ត្រូវ​បង្កើន​ការ​ដក​កង​ទ័ព​ នឹង​ទទួលស្វាគមន៍​ពី​គណបក្ស​ទាំង​ពីរ​យ៉ាង​ពិត​ប្រាកដ»។

លោក​ថមសុនស៍ កត់​សម្គាល់​ទៀត​ថា ​យ៉ាង​ហោច​ណាស់ក្នុង​រយៈ​ពេល​ខ្លី​មួយ​ ប្រធានាធិបតី​អាច​ធ្វើ​អ្វីដែលខ្លួនចង់​ធ្វើ​ទាក់​ទង​នឹង​គោល​នយោបាយ​សង្គ្រាម ។ ជា​ឧទាហរណ៍​ ​អតីត​លោកប្រធានាធិបតី ចចជ៍ ដាប់​បិល​យូ ប៊ូស (George W. Bush) អាច​ពង្រីក​សង្គ្រាមអ៊ីរ៉ាក់ ទោះ​បី​ជា​មាន​ការ​ជំទាស់​ពីរដ្ឋសភា និង​សាធារណជនក៏​ដោយ។ លោក​បន្ត​ទៀត​ថា៖

«ប្រសិន​បើ​ប្រធានាធិបតី​ចង់បន្ត​សង្គ្រាម​ ហើយ​លោក​មាន​បំណង​ទទួលខុសត្រូវ​ចំពោះ​មតិសាធារណៈ​ស្តី​ពី​សង្រ្គាម​នោះ​ លោក​អាច​ធ្វើ​បាន។ ផ្ទុយ​ទៅ​វិញ ប្រសិនបើ​លោក​ចង់​ដើរ​ចេញ​វិញ​ រដ្ឋ​សភាពិត​ជា​មិន​អាចបញ្ឈប់​លោក​បានឡើយ»។

ស្រដៀង​គ្នា​នេះ​ដែរ លោក​ថម​សុនស៍ និយាយ​ថា ​ដោយមាន​ការ​ផ្តោតការ​យកចិត្តទុកដាក់​ លើបញ្ហា​ក្នុង​ស្រុក ផែន​ការ​ដើម្បី​បញ្ចប់​វត្ត​មាន​កង​ទ័ព​អាមេរិកនៅអ៊ីរ៉ាក់ នាដំណាច់​ឆ្នាំ​ក្រោយ ទំនង​ជា​នឹង​មិន​បង្ក​ឲ្យមានការ​ជំទាស់​ពី​រដ្ឋ​សភា​ច្រើន​នោះ​ទេ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោកដ្យេហ៍្វ ម៉ូរ៉េល (Geoff Morrell) ​អ្នក​នាំពាក្យក្រសួង​ការពារ​ជាតិ​បានឲ្យ​ដឹង​ថា គោល​នយោបាយការ​ពារ​ជាតិ​ ជា​ទូទៅ​គឺជា​កិច្ចការ​នៃ​គណបក្ស​ទាំង​ពីរ ហើយ​លោករំពឹងថា នឹងមិនមានបញ្ហា​ជាមួយ​រដ្ឋ​សភា​ថ្មី​នេះ​ទេ។​ លោក​ម៉ូរ៉េល ថ្លែង​ថា៖

«យើង​សង្ឃឹម​យ៉ាង​មុត​មាំថា កិច្ច​សហប្រតិបត្តិ​ការនៃ​គណបក្ស​ទាំង​ពីរ​លើបញ្ហា​សន្តិសុខជាតិ​ ដែលយើង​ធ្លាប់​មានជាច្រើនឆ្នាំមក​ហើយ នឹង​បន្ត​នៅ​ក្រោមរដ្ឋ​សភា​ថ្មី​នេះ​»។

ប៉ុន្តែ លោក​ស្រីហ៊ីឌឺ ហើលប៊ឺត បាន​ព្រមាន​ថា ទាក់​ទង​នឹងគោល​នយោបាយ​ក្នុងស្រុក​ ការបង្កើតគោល​នយោបាយការ​ពារ​ជាតិ​របស់អាមេរិកនៅ​ក្នុង​រដ្ឋាភិបាល​ដែលមាន​ភាពមិន​ចុះ​សម្រុង​គ្នា​ខាង​នយោបាយនឹង​មិនងាយ​ស្រួល​ទេ។ លោក​ស្រី និយាយ​ថា កិច្ចការនោះ​ទំនង​ជា​បង្កឲ្យ​មាន​ការ​ភាន់ច្រឡំ​នៅ​បរទេស ដោយ​សារ​សមាជិករដ្ឋ​សភា និង​ក្រុម​មន្រ្តីរដ្ឋបាល​ ធ្វើ​ការប្រកាសផ្ទុយ​គ្នា​ស្តី​ពី​បញ្ហាការ​ពារ​ជាតិ។ ប៉ុន្តែ​ លោក​ស្រី​ ហើលប៊ឺត ថ្លែង​ទៀត​ថា ​ប្រហែល​ជា លទ្ធ​ផល​នឹងមិន​មាន​ការ​ផ្លាស់​ប្តូរ​ជា​ដុំកំ​ភួននៅ​ក្នុង​គោល​នយោបាយសន្តិ​សុខ​ជាតិ​ដ៏​ទូលំ​ទូលាយរបស់អាមេរិក​នោះ​ទេ។ លោក​ស្រី​ថ្លែង​ថា៖

«គ្មាន​នរណា​ម្នាក់​នឹង​ភ្ញាក់​ឡើង​នៅពេល​ព្រឹក​ ទទួល​ដំណឹងថា​ កិច្ចការនៅ​ក្នុងប្រព័ន្ធសន្តិសុខរបស់​គេ បាន​ផ្លាស់​ប្តូរ​ខុស​ពី​មុន​នោះ​ទេ ពី​ព្រោះ នោះ​មិន​មែនជា​របៀប​ដែលនយោបាយរបស់យើងដំណើរ​ការ ហើយនោះ​មិន​មែនជា​ចេតនារបស់​អ្នក​ណា​ម្នាក់​នោះទេ»។

លោក​ស្រី​ ហ៊ីលប៊ឺត ក៏​បាន​ថ្លែង​ទៀត​ថា ការ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន​ទៅ​លើ​ការ​ពង្រឹងសេដ្ឋកិច្ចរបស់អាមេរិក មាន​សារៈ​សំខាន់​សម្រាប់សម្ព័ន្ធមិត្តរបស់អាមេរិក​ ដោយ​សារ​តែ​ថា ប្រសិន​បើ​សេដ្ឋកិច្ច​មិនរឹង​មាំ​នោះ​ទេ ​អាមេរិកនឹងមាន​ការលំបាកក្នុង​ការ​រក្សាកម្លាំង​យោធារបស់​ខ្លួន និង​ការ​ប្តេជ្ញា​ចិត្តផ្នែក​សន្តិសុខ​អន្តរ​ជាតិ​របស់​ខ្លួន។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ លោក​ស្រី​ មាន​ប្រសាសន៍​ថា ការ​ប្តេជ្ញា​ចិត្តលើ​វិស័យ​ការ​ពារ​ជាតិ​ ប្រហែល​ជា​ត្រូវ​សម្រួល​ ​ដើម្បី​ឲ្យ​ត្រូវ​នឹង​លទ្ធភាព​របស់អាមេរិក៕

ប្រែសម្រួល​ដោយ លី សុខឃាង

XS
SM
MD
LG