ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​ឥណ្ឌា​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​នៅ​តែ​បន្ត


គណៈ​​​ប្រតិភូ​​​ចូល​​​រួម​​​វគ្គ​​​បញ្ចប់​​​នៃ​​​​​​កិច្ច​​​ប្រជុំ​​​កំពូល​​​អំពី​​​សេដ្ឋកិច្ច​​​ឥណ្ឌា​​​ដែល​​​ជា​​​ផ្នែក​​​មួយ​​​នៃ​​​វេទិកា​​​សេកិច្ច​​​ពិភពលោក (WEF India Economic Summit) នៅ​​​ទី​​​ក្រុង​​​ម៉ុមបៃ កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៤ ខែ​​​វិច្ឆិកា 
គណៈ​​​ប្រតិភូ​​​ចូល​​​រួម​​​វគ្គ​​​បញ្ចប់​​​នៃ​​​​​​កិច្ច​​​ប្រជុំ​​​កំពូល​​​អំពី​​​សេដ្ឋកិច្ច​​​ឥណ្ឌា​​​ដែល​​​ជា​​​ផ្នែក​​​មួយ​​​នៃ​​​វេទិកា​​​សេកិច្ច​​​ពិភពលោក (WEF India Economic Summit) នៅ​​​ទី​​​ក្រុង​​​ម៉ុមបៃ កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៤ ខែ​​​វិច្ឆិកា 

ការ​ធ្លាក់​ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​ឥណ្ឌា​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​ នឹង​នៅ​តែ​អូស​បន្លាយ​នៅ​ឆ្នាំ​ក្រោយទៀត។ កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​អាស៊ី​លំដាប់​ទី​៣​ មួយ​នេះ បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​របស់​ខ្លួន​ក្នុង​អំឡុង​ពេល​២​ឆ្នាំ​កន្លង​មក​នេះ។

កំណើន​៦.៩%​ ដែល​បាន​ចុះ​បញ្ចី​ក្នុង​ត្រីមាស​ទី​៣​ ពី​ខែ​កក្កដា​ដល់​ខែ​កញ្ញា​នេះ​ គឺ​ទាប​ជាង​អ្វី​ដែល​រដ្ឋាភិបាល​បាន​ប៉ាន់​ប្រមាណ​ទុក​ឆ្ងាយ​ណាស់។ ពួក​សេដ្ឋវិទូ​បាន​បន្ទោសការ​ធ្លាក់​ចុះ​នេះ​ ទៅ​លើ​ទាំង​កត្តា​ក្នុង​ស្រុក​ និង​អន្តរជាតិ។ ការ​វិនិយោគ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​មាន​ការ​តំឡើង​ការ​ប្រាក់​រហូត​ដល់​១៣​ដង​ ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លះ​មក​នេះ។

កិច្ច​ប្រឹងប្រែង​ទាំងឡាយ​ដើម្បី​ទប់ទល់​នឹង​អតិផរណា​ត្រូវ​បាន​បរាជ័យ​នា​ពេល​កន្លង​មក​នេះ។ ការ​ចុះ​ថយ​នៃ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ ក៏​កំពុង​តែ​ចាប់ផ្តើម​ប៉ះពាល់​ដល់​ប្រទេស​ឥណ្ឌា​ផង​ដែរ​ ដោយ​ហេតុថា​ការ​នាំ​ចេញ និង​វិនិយោគទុន​ពី​បរទេស​មាន​ការ​ធ្លាក់​ចុះ។

ប្រធាន​សេដ្ឋវិទូ​របស់​ធនាគារ​ HDFC លោក​ អាបហ៊ីក បារួ (Abheek Barua) បាននិយាយ​ថា​ ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​អាច​មាន​សន្ទុះ​ថែម​ទៀត​ បើ​មើល​ទៅ​លើ​កត្តា​នានា​ដែល​ចូលរួម​ចំណែក​ដល់​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ជាតិ​ ហាក់ដូចជា​មិន​អាច​ជៀស​ផុត​ភ្លាមៗ​បាន​នោះ​ទេ។

«វា​មិន​ដូច​អ្វី​ដែល​ថា​ ក្រោយ​ភ្លៀង​មេឃ​តែងតែ​ស្រឡះ​នោះ​ទេ អ្វីៗ​ទាំងនេះ​ទើប​តែ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ចាប់ផ្តើម​ប៉ុណ្ណោះ​ វា​អាច​ធ្ងន់ធ្ងរ​ជាង​នេះ​នា​ឆ្នាំ​ក្រោយ​ ប្រសិន​បើ​ កត្តា​មិន​អនុគ្រោះ​ទាំងអស់​នេះ​ រឹត​តែ​ធ្ងន់ធ្ងរ​ឡើង​នោះ ហើយ​ស៊ីណារីយោ​មួយ​នេះ​ពិត​ជា​ទំនង​នឹង​អាច​កើត​ឡើង​ណាស់​ ហើយ​អ្វីទាំងនេះ​វា​ផ្ទុយ​ពី​ការ​ណែនាំ​របស់​រដ្ឋាភិបាល​ដែល​ថា​ វា​គ្រាន់តែ​ជា​ឆ្នាំ​អាក្រក់​មួយ​ប៉ុណ្ណោះ​ អ្វីៗ​នឹង​ល្អ​ប្រសើរ​ឡើង​វិញ​នៅ​ឆ្នាំ​ក្រោយ។»

ពួក​សេដ្ឋវិទូ​និយាយ​ថា​ កិច្ច​ប្រឹងប្រែង​នានា​របស់​រដ្ឋាភិបាល​ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច គឺ​គ្មាន​ហុច​ផល​អ្វី​ជា​ផ្លែផ្កា​នោះ​ឡើយ។ គម្រោង​ឧស្សាហកម្ម​និង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន​ គឺ​ត្រូវ​បាន​ពន្យារ​ពេល​ ដោយសារ​តែ​អ្វី​ដែល​ត្រូវ​បាន​គេ​កំពុង​តែ​ហៅ​ថា «ភាព​ជាប់​គាំង​ខាង​គោល​នយោបាយ»​ មួយ​ គឺ ភាព​បរាជ័យ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​នានា​ បន្ទាប់​ពី​មាន​ការ​បញ្ចេញ​កំហឹង​យ៉ាង​ខ្លាំងក្លា​មួយ​ប្រឆាំង​ទៅ​នឹង​រឿង​អាស្រូវ​ទាក់ទង​នឹង​អំពើ​ពុក​រលួយ​នានា ដែល​ពាក់ព័ន្ធ​នឹង​មន្ត្រី​ជាន់ខ្ពស់​ជា​ច្រើន​នាក់។

សេចក្តី​សង្ឃឹម​ទាំង​អម្បាលម៉ាន​ដែល​ថា​ ភាព​ជាប់គាំង​នៃ​គោល​នយោបាយ​នេះ​នឹង​វិល​ត្រឡប់​មក​រក​ភាព​ប្រក្រតី​វិញ អាច​មិន​ដូច​អ្វី​ដែល​បាន​គិត​ទេ បើ​ទោះ​បី​ជា​មាន​ការ​សម្រេច​ចិត្ត​ថ្មី​មួយ​ ដើម្បី​បើក​ចំហ​ផ្នែក​លក់​រាយ​លើ​ទំនិញ​ចម្រុះ​ម៉ាក​ទៅ​ឱ្យ​វិនិយោគិន​បរទេស​ក៏​ដោយ។ ភាព​ភ័យខ្លាច​នានា ដែល​ថា​ អាច​នឹង​មាន​ការ​ខឹងសម្បា​មួយ​ ប្រឆាំង​ទៅ​នឹង​សេចក្តី​សម្រេច​នេះ​ ទំនង​ជំរុញ​រដ្ឋាភិបាល​ឱ្យ​ពន្យារ​ពេល​អនុវត្ត​គោល​នយោបាយ​របស់​ខ្លួន។

សេដ្ឋវិទូ​ លោក បារួ បាន​និយាយ​ថា សុទិដ្ឋិនិយម​ជុំវិញ​កំណើន​សេដ្ឋកិច្ច​ដ៏​ឆាប់​រហ័ស​ដែល​ប្រទេស​ឥណ្ឌា​សម្រេច​បាន​ពី​ពេល​មុន គឺ​កំពុង​តែ​លិច​បាត់​បណ្តើរ​ៗ​ហើយ។

«មាន​ការ​វាយ​តម្លៃ​ឡើង​វិញ​មួយ​ចំនួន​ អំពី​បញ្ហា​កំណើន​នេះ...​មាន​ការ​គិត​ឡើង​វិញ​មួយ​ចំនួន​ អំពី​កម្រិត​នៃ​កំណើន​សេដ្ឋកិច្ច​ដែល​ប្រកប​ដោយ​និរន្តរភាព។​ ពី​ពេល​មុន​ កំណើន​៩%​ អាច​ទទួល​បាន​ដោយ​មិន​ចាំបាច់​ប្រឹង​ ប៉ុន្តែ​ឥឡូវ​នេះ​ យើង​កំពុង​តែ​ខំ​ប្រឹង​យ៉ាង​ខ្លាំង​ដើម្បី​សម្រេច​ឱ្យ​បាន​ត្រឹមតែ​កំណើន​៧%​នោះ។»

រដ្ឋាភិបាល​បាន​បន្ថយ​ការ​ប៉ាន់​ប្រម៉ាន​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​មក​ត្រឹម​ប្រហែល​៧.៥​ភាគរយ​ប៉ុណ្ណោះ។ នៅ​ក្នុង​របាយការណ៍​ថ្មី​មួយ​ អង្គការ​សហប្រជាជាតិ​ក៏​បាន​និយាយ​ដែរ​ថា​ កំណើន​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​នានា​ ដូចជា​ប្រទេស​ឥណ្ឌា​ និង​ចិន ដែល​ជា​ក្បាល​ម៉ាស៊ីន​សេដ្ឋកិច្ច​ពិភពលោក​ នឹង​ធ្លាក់​ចុះ​ក្នុង​ឆ្នាំ​២០១២​ខាង​មុខ​នេះ៕

ប្រែ​សម្រួល​ដោយ ឃួន ធារ៉ា

XS
SM
MD
LG