វិមានសភាកាពីតូល៖ ជ័យជំនះច្រើនលើសលប់របស់គណបក្សសាធារណរដ្ឋនិយមក្នុងការបោះឆ្នោតពាក់កណ្ដាលអណត្ដិ កាលពីថ្ងៃអង្គារ នឹងនាំគណបក្សនោះឲ្យទទួលបានការត្រួតត្រានៅក្នុងរដ្ឋសភាជំនួសក្រុមប្រជាធិបតេយ្យ នៅពេលដែលរដ្ឋសភាបើកសម័យប្រជុំនៅខែមករា។ មេដឹកនាំសម្លេងភាគតិចនៃគណបក្សសាធារណរដ្ឋ លោក ចន បេនណឺរ (John Boehner) បានត្រូវគេរំពឹងថា នឹងក្លាយទៅជាប្រធានរដ្ឋសភាថ្មី។ អ្នកវិភាគនយោបាយនិយាយថា លោក បេនណឺរ នឹងក្លាយទៅជាមន្ដ្រីបំរើសាធារណជនដ៏មានឥទ្ឋពលខ្លាំងម្នាក់នៃក្រុមអភិរក្សនិយម តទល់នឹងប្រធានាធិបតី បារ៉ាក់ អូបាម៉ា នឹងក្រុមប្រជាធិបេតយ្យនិយមនៅក្នុងរដ្ឋសភា។
នៅក្នុងជីវប្រវត្ដិតាមផ្លូវការសរសេរចុះនៅក្នុងរដ្ឋសភា អ្នកតំណាងរាស្រ្ដពីគណបក្សសាធារណរដ្ឋ លោក ចន បេនណឺរ បានពិពណ៌នាខ្លួនលោកថា ជាអ្នក ”និយាយចំៗ មិនលំអៀង ហើយជាអ្នកគំាទ្រសេរីភាព និងសន្ដិសុខ ដោយមិនមានចិត្ដនឿយណាយ។
អតីតពាណិជ្ជករអាយុ ៦០ ឆ្នាំរូបនេះ ច្រើនតែនិយាយរំឮកអ្នកកាន់សន្លឹកឆ្នោតអំពីដើមកំណើតដ៏ស្រគត់ស្រគំរបស់លោក។ លោកកើតក្នុងទីក្រុង ស៊ីនស៊ីណាទី (Cincinnati) រដ្ឋអូហៃយូ ហើយជាកូនប្រុសម្នាក់ក្នុងចំណោមបងប្អូនប្រុសស្រី ១២ នាក់ ដែលជួយឪពុករបស់គេ ក្នុងបានិយដ្ឋានរបស់សហគមន៍ ។
លោក បេនណឺររៀបរាប់រឿងដូច្នេះ នៅក្នុងសន្ទរកថាជ័យជំនះ ដោយមានសម្លេងក្ដុកក្កួលកាលពីយប់ថ្ងៃអង្គារ ក្រោយពីបានទទួលជ័យជំនះម្ដងទៀតក្នុងការបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ដ។
«ខ្ញុំបានចំណាយពេលក្នុងជីវិតទាំងស្រុងរបស់ខ្ញុំ ដើម្បីតាមស្វែងរកសេរីភាព សមភាព និងឱកាស ដែលពលរដ្ឋអាមេរិកាំងគ្រប់រូបចង់បាន។ ខ្ញុំហ៊ានភ្នាល់ថា អ្នកទាំងអស់គ្នាភាគច្រើន ដឹងអំពីការងារដំបូងរបស់ខ្ញុំ គឹបោសសំអាត ជូតក្ដា រត់តុ និងលក់ស្រា នៅក្នុងបានិយដ្ឋានឪពុករបស់ខ្ញុំ»។
ក្រោយពីទទួលសញ្ញាប័ត្រចេញពីសកលវិទ្យាល័យ លោក បេនណឺរ បានធ្វើការក្នុងឧស្សហកម្មគ្រឿងផ្លាស្ទិក រួចបំរើនៅក្នុងអង្គការនិតិបញ្ញត្ដិរបស់រដ្ឋអូហៃយ៉ូ រួចមកលោកបានត្រូវជ្រើសតាំងជាតំណាងរាស្រ្ដ សរអ នៅឆ្នាំ ១៩៩០ ។
នៅក្នុងរដ្ឋសភា លោក បេនណឺរ បានជួយរៀបចំសរសេរព្រាង អ្វីមួយដែលហៅថា “ កិច្ចសន្យាជាមួយសរអ “ ដឹកនាំដោយអតីតប្រធានរដ្ឋសភានៅពេលនោះ គឺលោក ណូត ហ្កីងរីច (Newt Gingrich)។ នៅក្នុងឆ្នាំ១៩៩៤ លោក ហ្កីងរីច បើកយុទ្ធនាការកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល របស់អតីតប្រធានាធិបតី លោក ប៊ីល គ្លីនតុន (Bill Clinton) ជំរុញឲ្យរដ្ឋាភិបាលសហព័ន្ឋបិទទ្វារបណ្ដោះអាសន្ន។ អ្នកវិភាគនយោបាយនិយាយថា ព្រឹត្ដការណ៍នោះ បាននាំឲ្យមានផលវិបាកដល់លោក ហ្កីងរីច និងក្រុមសាធារណរដ្ឋនិយម។ រួចលោក ប៊ីល គ្លីនតុន ក៏បានត្រូវជាប់ឆ្នោតជាប្រធានាធិបតីម្ដងទៀត ពីរឆ្នាំក្រោយមក។
អ្នកវិភាគនយោបាយ លោក ឡារី សាបាតូ (Larry Sabato) ថ្លែងថា លោក បេនណឺរ គួរយករឿងនេះជាមេរៀន និងយកមេរៀនពីថ្នាក់ដឹកនាំប្រកាន់បក្សពួកតាមរបៀបប្រធានរដ្ឋភាបច្ចុប្បន្ន លោកស្រី ណាន់ស៊ី ប៉េឡូស៊ី (Nancy Pelosi)។
«ខ្ញុំយល់ថា បើលោក បេនណឺរ មានប្រាជ្ញាវាងវៃ លោកនឹងរៀនអំពីមហន្ដរាយ កើតឡើងចេញពីលោក ណូត ហ្កីងរីច និង លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ហើយលោកនឹងរក្សាភាពមិនចេញមុខ ប្រកាន់ឥរិយាបថសមរម្យ។ យើងនឹងដឹងអំពីថា តើលោកឆ្លាត ឬទេ។ គេនិយាយថា លោកឆ្លាតវាងវៃណាស់។ បើលោកពិតជាឆ្លាតមែន លោកនឹងទប់ចិត្ដមិនចង់ធ្វើជាអ្នកល្បីទេ ដែលជាប់មកជាមួយតំណែងរបស់លោកនោះ»។
អ្នកសាធារណរដ្ឋនិយមដែលស្គាល់លោក បេនណឺរ រៀបរាប់ថា លោកជាអ្នករៀបចំយុទ្ឋសាស្រ្ដនៅក្រោយវាំងននមិនចេញមុខ ហើយមិនមែនជាមេដឹកនាំមានទស្សនៈ មើលឆ្ងាយ ដូចលោក ហ្កីងរិច នោះទេ ។
បណ្ណាធិការរបស់ទស្សនវដ្ដីប្រចាំសប្ដាហ៍របស់រដ្ឋសភា (Congressional Quarterly Weekly) លោក ដេវីឌ ហកឃីង (David Hawkings) ថ្លែងថា លោក បេនណឺរ ជាអ្នកនិយមការសម្រុះសម្រួល។
លោក ចន បេនណឺរ ដែលបានធ្វើសហការជាមួយអតីតព្រឹទ្ឋសមាជិកពីរដ្ឋ ម៉ាសាឈូសេតស៍ (Massachusetts) លោក ថេដ កេណ្ណឺឌី (Ted Kennedy) និងតំណាងរាស្ដ្រនៃគណបក្សប្រជាធិបតេយ្យពីរដ្ឋ កាលីហ្វ័រញ៉ា (California) លោក ចច ម៊ីលឡឺរ (George Miller) និងអតីតប្រធានាធិបតីពីគណបក្សសាធារណរដ្ឋនិយម លោក ចច ដាប់ប៊ែលយូ ប៊ូស (George W. Bush) កាលពី១០ ឆ្នាំមុន ដើម្បី រុះរើប្រព័ន្ឋអប់រំធំធេង ហៅ “មិនទុកចោលសិស្សណានៅក្រោយ” ដែលជាសមិទ្ឋិប្រវត្ដិសាស្រ្ដមួយនៃការមិនប្រកាន់បក្សពួក កាលពីបុន្មានឆ្នាំថ្មីៗនេះ។ លោក ចន បេនណឺរ យល់ដឹងអំពីរបៀបសម្របសម្រួលគ្នា។ តែលោកនឹងឋឹតនៅក្នុងការកៀបសង្កត់ខ្លាំង មិនឲ្យមានការសម្របសម្រួលគ្នាពីក្រុមសមាជិកសាធារណរដ្ឋនិយមថ្មីៗ ដែលមានកំហឹងខ្លាំង ទើបនឹងចូលមកឋឹតនៅក្រោមការគ្រប់គ្រងរបស់លោក។
អ្នកវិភាគនយោបាយ លោក ឡារី សាបាតូ យល់ស្របថា គេរំពឹងថា តំណែងប្រធានរដ្ឋសភារបស់លោក បេនណឺរ នឹងជួបប្រទះការលំបាកខ្លាំង ដោយសារតែតំណាងរាស្រ្ដជាប់ឆ្នោតថ្មីថ្មោងពីគណបក្សសាធារណរដ្ឋនិយមគាំទ្រដោយចលនា ធី ផាធី (Tea Party) បានអំពាវនាវឲ្យកម្រឹតមុខនាទីនៅក្នុងរដ្ឋាភិបាលមានពន្ឋដាតិច និងយោធាខ្លាំង។
«លោក ចន បេនណឺរ នឹងមានកិច្ចការពេញដៃ ក្នុងការទុកដាក់គណបក្សសាធារណរដ្ឋនិយមមិនឲ្យបែកបាក់គ្នា។ គេឃើញមាន ការខ្វែងគំនិតគ្នាយ៉ាងខ្លាំង រវាងក្រុមសាធារណរដ្ឋនិយមធម្មតា និងក្រុមសាធារណរដ្ឋនិយមនៃចលនា ធី ផាធី។ ហើយការលំបាករបស់លោក បេនណឺរ នឹងកើតចេញពីព្រឹទ្ឋសភា ដែលកាន់កាប់ដោយក្រុមប្រជាធិបតេយ្យនិយម ហើយសេតវិមាន ត្រូវបានត្រួតត្រាដោយក្រុមប្រជាធិបតេយ្យ។ វាជាការលំបាក នឹងគឹតថា សេចក្ដីព្រាងច្បាប់ដ៏សំខាន់ណាមួយ ដែលលោកបានទទួលសេចក្ដីអនុម័តពីសភាតំណាងរាស្រ្ដ នឹងបានទទួលការយល់ព្រមដោយព្រឹទ្ឋសភាដែរ ឬក៏បានត្រូវចុះហត្ថលេខាដោយប្រធានាធិបតីអូបាមានោះ»។
នៅក្នុងសន្ទរកថាទទួលជ័យជំនះ លោក ចន បេនណឺរ បានថ្លែងអំពីអ្វីដែលលោកមើលឃើញជាសារជ័យជំនះនៃក្រុមសាធារណរដ្ឋនិយមផ្ញើជូនប្រធានាធិបតី អូបាមា។
«ខណៈដែលសម្លេងភាគច្រើនថ្មីរបស់យើង នឹងបំរើជាសម្លេងរបស់លោកអ្នកនៅក្នុងសភា ប្រជាពលរដ្ឋត្រូវចាំថា មានតែប្រធានាធិបតីទេ ដែលរៀបចំរបៀបវារៈសំរាប់រដ្ឋាភិបាលរបស់យើង។ ប្រជាពលរដ្ឋអាមេរិកាំង បានបញ្ជូនសារយ៉ាងច្បាស់ ប្រាប់លោកនៅយប់នេះ។ ហើយសារនោះ គឺ “ត្រូវដូរ មាគ៌ានយោបាយ”។
នៅក្នុងសន្និសីទសារពត៌មានកាលពីថ្ងៃពុធ ប្រធានាធិបតី អូបាមា ថ្លែងថា លោក មានចិត្ដចង់សហការជាមួយក្រុមសាធារណរដ្ឋនិយម ដើម្បីធ្វើឲ្យប្រសើរដល់ស្ថានភាពសេដ្ឋកិច្ចសំរាប់ពលរដ្ឋអាមេរិកថ្នាក់មធ្យម ដែលខកចិត្ដចំពោះល្បឿននៃ ការប្រែប្រួល។
តែលោក ឡារី សាបាតូ មានការមន្ទិលសង្ស័យថា ប្រធានាធិបតី និងលោក បេនណឺរ មិនអាចរកឃើញមូលដ្ឋានកណ្ដាលនៃការសម្របសម្រួលគ្នានោះទេ។
«គេនឹងឃើញការជជែកគ្នាដោយរីករាយក្នុងរយៈពេលបុន្មានសប្ដាហ៍ខាងមុខនេះ។ មនុស្សមានគតិបណ្ឌិត មិនមានជំនឿអ្វីសោះ។ យើងមានគណបក្សនយោបាយដែលផ្ទុយគ្នាបំផុត មិនធ្លាប់ឃើញមានក្នុងយុគទំនើបនេះទេ។ គេគ្មានអ្វីដូចគ្នាទាល់តែសោះ។ គេមិនមានជំនឿ ដូចគ្នាទេ។ គេមិនមានគោលនយោបាយជាគ្នាគ្រប់គ្រាន់ ដើម្បីយល់ស្របលើសេចក្ដីព្រាងច្បាប់ ណាមួយបានឡើយ»។
ក្រុមអ្នកវិភាគនិយាយថា អ្នកដែលគេសន្និដ្ឋានថា ជាអនាគតប្រធានរដ្ឋសភា លោក ចន បេនណឺរនេះ ហាក់ដូចជាដើរលើមាគ៌ាប្រឆាំងគ្នាជាមួយលោកប្រធានាធិបតី និងក្រុមប្រជាធិបតេយ្យ អំពីការបន្ដការកាត់បន្ថយពន្ធដារ ដែលស្នើដោយអតីតប្រធានាធិបតី ប៊ូស អំពីការតំឡើងកម្រិតប្រាក់បំណុលរបស់សហព័ន្ឋ ហើយនឹងអំពីសេចក្ដីប្រាថ្នារបស់ក្រុមសាធារណរដ្ឋនិយមជាច្រើននាក់ ដែលចង់បំបាត់ចោលសេចក្ដីព្រាងច្បាប់នៃការកែទម្រង់ជាប្រវត្ដិសាស្រ្ដ នូវប្រព័ន្ឋថែទាំសុខាភិបាលរបស់ប្រធានាធិបតី អូបាម៉ា៕
ប្រែសម្រួលដោយ អ៊ូ ធួក