ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​វិភាគ​ថា​កម្ពុជា​នៅ​តែ​មិន​ទាន់​អាច​មាន​សមត្ថភាព​រៀបចំ​ប្រទេស​ក្រោយ​៤០​ឆ្នាំ​នៃ​សង្គ្រាម

  • សុខ ខេមរា

ក្មេង​ប្រុស​ម្នាក់​អើត​មើល​​លលាដ៍​ក្បាល​នៃ​ជន​រង​គ្រោះ​សម័យ​ខ្មែរ​ក្រហម​នៅ​​សារមន្ទីរ​ជើង​ឯក​ អតីត​វាលពិឃាត​មួយ​កន្លែង​នៅ​ជាង​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​មេសា ឆ្នាំ​២០១៤។

វិបត្តិ​សង្គម​និង​បញ្ហា​នីតិរដ្ឋ​ បញ្ហា​សេដ្ឋកិច្ច ​ហើយ​នឹង​បញ្ហា​ប្រជាធិបតេយ្យ​នៅ​តែ​ធ្វើ​ឲ្យ​កម្ពុជា​មិន​ទាន់​អាច​ដើរ​ទៅ​មុខ​ដល់​គោលដៅ​អភិវឌ្ឍ​មួយ​ដែល​ពលរដ្ឋ​ចង់​បាន​នៅ​ឡើយ​ទេ​បន្ទាប់​ពី​រយៈពេល​៤០​ឆ្នាំ​នៃ​សង្គ្រាម​ស៊ីវិល​ និង​ជោគជ័យ​ម្តង​ របស់​ខ្មែរក្រហម​នោះ។​ នេះ​ជា​ការ​អះអាង​របស់​លោក​ គុជ ច័ន្ទលី​ អ្នក​វិភាគ​ឯករាជ្យ​ក្នុង​រដ្ឋ​ Maryland​ សហរដ្ឋ​អាមេរិក​ដែល​បាន​ថ្លែង​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​អំពី​ «ខួប​ទី​៤០​ឆ្នាំ៖​ ដំណើរ​ឆ្ពោះ​ទៅ​កាន់​ប្រទេស​អភិវឌ្ឍ​របស់​កម្ពុជា​ក្រោយពី​សង្គ្រាម​ស៊ីវិល»។

បញ្ហា​យឺតយ៉ាវ​ក្នុង​ការ​នាំ​ប្រទេស​ទៅ​កាន់​ភាព​រីក​ចម្រើន​នោះ​ ក្រៅ​ពី​សង្គ្រាម​គឺ​ការ​គ្មាន​នីតិរដ្ឋ​ពិត​ប្រាកដ ​គ្មាន​ស្ថាប័ន​ផ្ទៀងផ្ទាត់​នៃ​អំណាច​ទាំង​បី​គឺ​សភា​ រដ្ឋាភិបាល ​និង​តុលាការ​ គ្មាន​គោលការណ៍​គោល​នយោបាយ​ពិត​ប្រាកដ។

«ប្រទេស​ខ្មែរ​យើង​សព្វ​ថ្ងៃ​គឺ​ថា​ស្ថិត​នៅ​ក្នុង​កាយវិការ​មួយ​ដ៏​លំបាក​លំបិន​ជា​ទី​ បំផុត ​ហើយ​យើង​ឃើញ​ថា ​ងើប​ឈរ​ហើយ​ត្រូវ​ដួល​ទៅ​វិញ​ ដោយសារ​តែ​បញ្ហា​នយោបាយ​របស់​យើង​ពុំ​មាន​ស្ថេរភាព​ ពុំ​មាន​គោលការណ៍​មួយ​ដែល​បម្រើ​ឆន្ទៈ​រាស្ត្រ ​ពុំ​មាន​គោលការណ៍​មួយ​ដែល​ឈរ​លើ​គោលការណ៍​ ដែល​ធ្វើ​ឲ្យ​ប្រទេស​ខ្មែរ​យើង​ជឿនលឿន»។

លោក​ថ្លែង​ថា ​ប្រទេស​កម្ពុជា​កំពុង​ស្ថិត​នៅ​ជា​ប្រទេស​ពឹង​ផ្អែក​ជំនួយ​បរទេស​ខ្លាំង​ ហើយ​អនុញាតិ​ឲ្យ​បរទេស​មក​បូម​យក​ធនធាន​ធម្មជាតិ​ រ៉ែ ​ព្រៃឈើ​ជា​ដើម​ពី​ កម្ពុជា។

​លោក​ គុជ ច័ន្ទលី​ អ្នក​វិភាគ​ឯករាជ្យ​ក្នុង​រដ្ឋ​ Maryland​ សហរដ្ឋ​អាមេរិក
​លោក​ គុជ ច័ន្ទលី​ អ្នក​វិភាគ​ឯករាជ្យ​ក្នុង​រដ្ឋ​ Maryland​ សហរដ្ឋ​អាមេរិក

«ដូច្នេះ​ហើយ​ប្រទេស​ខ្មែរ​យើង​រស់​នៅ​ក្នុង​ភាព​ជា​ទាសករ​ ជា​ប្រទេស​សុំ​ទាន​គេ​ ៣០​ទៅ​៤០​ឆ្នាំ​ហើយ ​នៅ​តែ​ជា​ប្រទេស​សុំ​ទាន​គេ​ដដែល​ ហើយ​ពេល​សុំ​ទាន​ គេ​ម្តងៗ​ហ្នឹង​ នាំ​គ្នា​ប្រកាស​ត្រេក​អរ​ថា​ ខ្លួន​ពូកែ​ធ្វើ​ជា​អ្នក​សុំទាន។ ​អា​នេះ​ជា​គុណសម្បត្តិ​ដ៏​អាក្រក់​ជា​ទីបំផុត​របស់​អ្នក​កាន់​អំណាច​ អ្នកដឹកនាំ​ប្រទេស​ខ្មែរ​យើង។ តាម​ពិត​ទៅ​អ្នក​ដឹកនាំ​ដែល​មាន​គុណសម្បត្តិ​ល្អ​អាច​កសាង​ប្រទេស​របស់​ខ្លួន​ឲ្យ​ចាក​ផុត​ពី​ភាព​ជា​អ្នក​សុំទាន​គេ​ ទើប​អាច​មាន​លក្ខណៈ​ល្អ​ជា​អ្នក​ដឹកនាំ​ល្អ។ បើ​ថា​ប្រទេស​នៅ​តែ​ជា​អ្នក​សុំទាន​គេ​ទេ​ អ្នក​ដឹកនាំ​ហ្នឹង​ស​បញ្ជាក់​ថា​ពុំ​មាន​សមត្ថភាព​ការពារ​ប្រទេស​របស់​យើង​ ហើយ​ពុំ​មាន​លទ្ធភាព​ដឹកនាំ​ប្រទេស​យើង​ទៅ​រក​វឌ្ឍនភាព​ទេ»។

លោក​ចោទ​ប្រកាន់​រដ្ឋាភិបាល​កម្ពុជា​ថា​មិន​បាន​ប្រើប្រាស់​កិច្ច​ព្រមព្រៀង​ទី​ក្រុង​ ប៉ារីស​ តែ​ច្រាន​ចោល​វិញ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កម្ពុជា​គ្មាន​បូរណភាព​ទឹកដី​ វាស់​វែង​ព្រំដែន​ដោយ​តម្លាភាព​ មាន​ឯករាជ្យភាព​ស្រពិច​ស្រពិល​និង​ទទួល​ រង​ឥទ្ធិពល​វៀតណាម​និង​ចិន​ មាន​បញ្ហា​ក្នុង​ការ​បង្រួបបង្រួម​ជាតិ​សាមគ្តីភាព​ អធិបតេយ្យភាព​និង​វឌ្ឍនភាព​ជា​ដើម។

លោក​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​ឲ្យ​ចេះ​ប្រើប្រាស់​សិទ្ធិ​ខ្លួន​ឯង​ចំពោះ​ការ​អភិវឌ្ឍ​ ប្រទេស ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ផ្នែក​ប្រជាធិបតេយ្យ​ ដោយ​ក្លាហាន​ក្នុង​ការ​តវ៉ា​ក្នុង​នាម​ជា​ម្ចាស់​អំណាច​ដើម្បី​រើ​បម្រះ​ឲ្យ​ផុត​ពី​ការ​ជិះជាន់។

«បើ​សិន​ជា​យើង​យល់​ឃើញ​ថា​តំណាងរាស្ត្រ​របស់​យើង​ហ្នឹង​ពុំ​ព្រម​ស្តាប់​ការ​ ទាមទារ​របស់​យើង​ទេ​ ហើយ​ពុំ​ព្រម​បង្កើត​ជា​ច្បាប់​នៅ​ក្នុង​សភា​ដែល​ជា​ នីតិបញ្ញតិ ​និង​សរសេរ​ច្បាប់​តាក់តែង​ឲ្យ​រដ្ឋាភិបាល​យក​ទៅ​អនុវត្ត​ទេ​ យើង​ឈប់​ បោះឆ្នោត​ឲ្យ​តំណាងរាស្ត្រ​ហ្នឹង​ទៅ ​ហើយ​តំណារាស្ត្រ​ណា​ដែល​យើង​មើល​ទៅ​ ឃើញ​ថា​មាន​ប្រវត្តិ​មិន​ល្អ​ដូច​ជា​អតីត​ខ្មែរក្រហម​ក្តី​ ឬ​អ្នក​ពុករលួយ​ក្តី ​អ្នក​ឆ្លៀត​ ឱកាសនិយម​ អ្វី​ផ្សេងៗ​គឺ​ថា​យើង​ជៀសវាង​ ហើយ​ក្នុង​លទ្ធិ​ប្រជាធិបតេយ្យ​ ហ្នឹង​គឺ​យើង​ពុំ​បោះឆ្នោត​ឲ្យ​អ្នក​ហ្នឹង​ទេ»។

លោក​បាន​ថ្លែង​ថា ​លទ្ធផល​បន្សល់​ពី​សង្គ្រាម​បាន​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​ រណប​គេ​និង​ទន់ខ្សោយ​ ដែល​បរទេស​ជិត​ខាង​អាច​ឆ្លៀត​ឱកាស​លេប​ទឹកដី​ កម្ពុជា។​ លោក​ថា ​ពលរដ្ឋ​ខ្មែរ​មិន​ត្រូវ​រស់​នៅ​បែប​ជា​ទាសករ​ទៀត​ទេ។ កម្ពុជា​ត្រូវ​ តែ​មាន​ការ​រៀបចំ​កំណែទម្រង់​ពិត​ប្រាកដ៕

ព័ត៌មាន​ទាក់​ទង​ផ្សេង​ទៀត​ សូម​ប្រិយមិត្ត​ចូល​ទស្សនា​ទំព័រ VOA ពិសេសេ​អំពី​ខួប​ទី​៤០​ឆ្នាំ​នៃ​ការ​ឡើង​កាន់កាប់​ប្រទេស​របស់​ខ្មែរ​ក្រហម​ត្រង់​នេះ

XS
SM
MD
LG