ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

នៅ​៤០​ឆ្នាំ​ក្រោយ អ្នក​យកព័ត៌មាន VOA រំឭក​​ថ្ងៃ​ខ្មែរ​ក្រហម​ជម្លៀស​គាត់​ចេញ​ពីក្រុង​ភ្នំពេញ

  • ប៉ូច រាសី

កំណត់​និពន្ធ៖ ថ្ងៃ​១៧​មេសាឆ្នាំ​២០១៥​នេះ កត់​សម្គាល់​ខួបទី​៤០​នៃ​ការ​ឡើង​កាន់កាប់អំណាចរបស់​ពួក​ខ្មែរ​ក្រហម។ ក្នុង​ចំណោម​មនុស្ស​ជាង​មួយ​លាន​នាក់​ដែល​ពួកកុម្មុយនីស្តម៉ៅ​និយមបង្ខំ​ឲ្យ​ចាក​ចេញ​ពីទីក្រុង​ភ្នំពេញ​នោះ ក៏​មាន​លោក ប៉ូច រាសី នៃ​ VOA ផងដែរ។ ថ្មី​ៗ​នេះ លោក រាសី បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ភ្នំពេញ និង​ទៅ​កាន់​ផ្ទះ​ដែល​លោក​ធ្លាប់​រស់នៅ ហើយ​បាន​រៀប​រាប់​អំពី​ការ​ចង​ចាំ​របស់​លោក​នៅ​ថ្ងៃ​ដែល​លោក​ត្រូវ​ខ្មែរក្រហម​ជម្លៀស​ពី​ភ្នំពេញ។

៤០​ឆ្នាំ​មុននៅ​ខែមេសានេះ ពួក​ខ្មែរ​ក្រហម​បាន​ឡើង​កាន់​អំណាច​នៅ​ប្រទេស​កម្ពុជា។ ពួកគេ​បាន​បណ្តេញ​មនុស្ស​ទាំង​អស់​ចេញ​ពី​គេហដ្ឋាន​ឲ្យ​ទៅ​ធ្វើ​ស្រែ​ចម្ការនៅ​តំបន់​ជន​បទ។ ដូច​ប្រជា​ពលរដ្ឋ​កម្ពុជា​រាប់​លាន​នាក់​ទៀត គ្រួសារ​ខ្ញុំ​ក៏​ត្រូវចាក​ចេញ​ពី​ផ្ទះ​របស់​យើង​ដែរ។ ឥឡូវ ៤០​ឆ្នាំ​ក្រោយ​មក ខ្ញុំ​បានវិល​ត្រឡប់ទៅ​កាន់​គេហដ្ឋាន​ ដែល​ខ្ញុំ​បាន​ចាក​ចេញ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ​ឆ្នាំ​១៩៧៥។

ខ្ញុំ​មាន​អនុស្សាវរីយ៍​ច្រើន​ណាស់នៅ​ក្នុង​ផ្ទះ​នេះ។ ខ្ញុំ​ធ្លាប់មាន​អារម្មណ៍ថា​ខ្ញុំ​មាន​សុវត្ថិភាពណាស់​នៅ​ក្នុង​គេហដ្ឋាន​ដែល​លោកឪពុក​ខ្ញុំ​បាន​សង់​កាល​ពី​ឆ្នាំ​១៩៦១។ នៅ​ថ្ងៃដែល​យើង​ត្រូវ​ពួក​ខ្មែរ​ក្រហម​បង្ខំ​ឲ្យ​ចាក​ចេញនោះ ខ្ញុំ​បាន​ងាក​ក្រោយហើយ​សម្លឹង​មើល​ផ្ទះ​ខ្ញុំមួយ​សន្ទុះ​ធំ ជា​លើក​ចុងក្រោយ។ ហាក់​ដូច​ជា​មាន​អ្វី​មួយ​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​នឹង​លែង​អាច​ត្រឡប់​មក​រស់​នៅ​ក្នុង​ផ្ទះ​នេះ​ទៀត​ហើយ។ ដូច្នេះ​ខ្ញុំ​ក៏​ព្យាយាមចង​ចាំរឿង​អ្វីៗ​ទាំង​អស់​ដែល​បាន​កើត​ឡើង​នៅ​ថ្ងៃ​នោះ ប៉ុន្តែឥឡូវ អ្វី​ដែល​ខ្ញុំនៅ​អាច​ចាំ​បាន​នៅ​ពេល​នេះ គឺអាហារ​ចុង​ក្រោយ​មុន​ពេលពួក​ខ្មែរ​ក្រហមភ្ជុង​កាំ​ភ្លើងបង្ខំ​ឲ្យ​យើង​ចាក​ចេញ​នោះតែ​ប៉ុណ្ណោះ។​ ថ្ងៃ​នោះ​ម្តាយ​ខ្ញុំ​គ្មាន​ពេល​ធ្វើ​ម្ហូប​អ្វី​ទេ។ គាត់​ក៏​សម្រេច​ចិត្ត​ស្ងោរ​ពង​មាន់ និង​ធ្វើ​ទឹក​ស៊ីអ៊ីវ​លាយ​ជាមួយ​ស្លឹក​ខ្ទឹមលីង​ប៉ុណ្ណោះ។

រូបថតរបស់ឪពុកលោក ប៉ូច រាសី។
រូបថតរបស់ឪពុកលោក ប៉ូច រាសី។

​ក្រោម​របប​ខ្មែរ​ក្រហម គេ​ចាប់ឪពុក​ខ្ញុំ​ទៅ នៅ​ថ្ងៃ​មួយក្នុង​ខែ​កញ្ញា​ឆ្នាំ​១៩៧៧។​ នៅ​ថ្ងៃនោះ​មាន​ខ្ញុំ​តែ​ម្នាក់​គត់​ដែល​នៅ​ផ្ទះ​ជាមួយ​ឪពុក​ខ្ញុំ។ គាត់​ប្រាប់​ឲ្យ​ខ្ញុំ​លួច​តាម​ទៅ​មើល ហើយ​ថាបើ​សិន​ជាឃើញគេ​ចង​ស្លាប​សេក​គាត់ គឺ​មាន​ន័យ​ថា​គាត់​លែង​មក​វិញ​ហើយ។ សម្តី​ចុង​ក្រោយ​របស់​គាត់​គឺ «កូនឯង​ជា​ប្រុស មិន​ត្រូវ​ឈ្លោះ​ប្រកែក​ជាមួយ​បងប្អូនទេ ត្រូវ​ចេះ​ស្រឡាញ់គ្នា‍»។ បន្ទាប់​មក​ឪពុក​ខ្ញុំ​ក៏​ទាញ​យក​រូប​ថត​មួយ​សន្លឹកតូច​ពី​ហៅប៉ៅហើយ​ប្រគល់​ឲ្យ​ខ្ញុំ​ទុកឲ្យ​បាន​គង់វង្ស។

ថ្ងៃ​នោះ​ខ្ញុំ​បាន​លួ​ច​តាម​មើល​គាត់​មែន។ មេ​ភូមិ​បាន​ប្រមូលបុរស​ទាំង​អស់​ក្នុង​ភូមិ ទៅ​ប្រជុំ​នៅ​រោង​បាយ ហើយ​ប្រាប់​ថា ស្ពានមួយ​បាក់ អង្គការ​ត្រូវ​ការ​បុរសទាំង​អស់​ទៅ​ជួយ​ជួសជុល។ រួច​ហើយ​គេ​ក៏​បណ្តើរ​បុរស​ទាំងអស់​ក្នុងភូមិ រួម​មាន​ទាំងឪពុក​ខ្ញុំផង ទៅ​កាន់​ផ្ទះ​ឈ្លប។

អ្វី​ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ថ្ងៃ​នោះ ស្ថិតនៅ​ក្នុង​បេះ​ដូង​របស់​ខ្ញុំ​មួយ​ជីវិត។ ពួក​ឈ្លប​បាន​ចាប់​ឪពុក​ខ្ញុំនិង​អ្នក​ទាំង​អស់​ចង​ស្លាប​សេក ហើយ​រុញ​ឡើង​រថយន្ត GMC​ មួយ​គ្រឿង ហើយ​បើក​តាម​ផ្លូវ​ជាតិ​លេខ​៣​ សំដៅ​ទៅ​ខេត្ត​កំពត។

ពេល​នោះ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​លែង​ឃើញ​មុខ​លោកឪពុក​ខ្ញុំ​ទៀតហើយ។

រូបថត​របស់ប្អូនស្រីលោក ប៉ូច រាសី ពាក់មួកពណ៌ស។ (រូបថត៖ ប៉ូច រាសី)
រូបថត​របស់ប្អូនស្រីលោក ប៉ូច រាសី ពាក់មួកពណ៌ស។ (រូបថត៖ ប៉ូច រាសី)

ប្អូន​ប្រុស​ខ្ញុំ​ម្នាក់ និងប្អូន​ស្រី​ខ្ញុំ​ម្នាក់ បាន​ស្លាប់​នៅ​មុខ​ខ្ញុំ នៅ​ចុង​ឆ្នាំ​១៩៧៥ និង ពាក់​កណ្តាល​ឆ្នាំ​១៩៧៦។ ខ្ញុំ​បាន​ជួយឪពុក​ខ្ញុំ​និងជីតា​ខ្ញុំ កប់សពប្អូនៗ​ខ្ញុំ ដែល​មាន​តែ​កន្ទេល​រុំប៉ុណ្ណោះ។

គេហដ្ឋាន​ដែល​លោក ប៉ូច រាសី ធ្លាប់​រស់នៅ​មុនពេល​ខ្មែរក្រហម​ចូល​កាន់​អំណាច។ (រូបថត៖ ប៉ូច រាសី)
គេហដ្ឋាន​ដែល​លោក ប៉ូច រាសី ធ្លាប់​រស់នៅ​មុនពេល​ខ្មែរក្រហម​ចូល​កាន់​អំណាច។ (រូបថត៖ ប៉ូច រាសី)

ការ​វិល​ត្រឡប់​មក​ក្នុងគេហដ្ឋាន​ចាស់​របស់​ខ្ញុំ​ ៤០​ឆ្នាំ​ក្រោយនេះ ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ក្តុក​ក្តួលយ៉ាង​ខ្លាំង។ ខ្ញុំ​នៅ​អាចឮសំឡេង​ឪពុក​ខ្ញុំ​ហៅ​ឈ្មោះ​ខ្ញុំ «រាសី រាសី‍» ពេល​ដែល​ខ្ញុំ​ដើរ​មើល​ជុំវិញ​ផ្ទះ។

ឪពុក​ខ្ញុំ​និង​ខ្ញុំ​ធ្លាប់​ស្តាប់​វិទ្យុ​សំឡេងសហរដ្ឋ​អាមេរិក​ជាមួយ​គ្នាមុន​ស្រុក​ធ្លាក់។ ដូច្នេះ​នៅ​ពេល​ដែល​ខ្ញុំ​ចាប់​ផ្តើម​ចូល​ធ្វើការ​នៅ​ VOA ដំបូង​នៅ​ឆ្នាំ ១៩៩៣ ខ្ញុំ​ធ្លាប់​សង្ឃឹមថា ឪពុក​ខ្ញុំ​នៅ​រស់​ ហើយ​អាច​ឮឈ្មោះ​ខ្ញុំ និងសំឡេងខ្ញុំ ។ តែនៅ​ពេល​ដែល​ពេល​វេលា​ចេះ​តែ​កន្លង​ផុត​ទៅ ក្តី​សង្ឃឹម​របស់​ខ្ញុំ ក៏​ចេះ​តែ​រលាយ​បាត់​សូន្យទៅ។

ដូចប្រជា​ពលរដ្ឋ​កម្ពុជា​រាប់​លាន​នាក់ នៅ​ប្រទេស​កម្ពុជា និង​នៅ​ក្រៅ​ប្រទេស ខ្ញុំ​កំពុង​តែ​សម្លឹង​ទៅ​អនាគត ក៏​ប៉ុន្តែ​ខ្ញុំមិន​អាច​បំភ្លេច​អតីកាល​បាន​ទេ៕

XS
SM
MD
LG