សេចក្ដីរាយការណ៍ថ្មីមួយរបស់អង្គការការពារសិទ្ធិមនុស្សអន្ដរជាតិ Amnesty International ឲ្យដឹងថាឧក្រិដ្ឋកម្មសង្រ្គាមបានប្រព្រិត្ដធ្វើដោយភាគីបដិបក្ខនយោបាយទាំងពីរក្នុងអំឡុងពេលមានការប្រឈមមុខដាក់គ្នាដ៏ឃោរឃៅនៅពេលក្រោយការបោះឆ្នោត។
ក្រុមមួយនៃអង្គការ Amnesty International បានចំណាយពេលជិតពីរខែនៅក្នុងប្រទេស កូឌីវរ ហើយបានសារសងជាមួយសាក្សីដែលឃើញការដណ្ដើមអំណាចគ្នាផ្ទុះឡើងកាលពីខែវិច្ឆិកាមុន នៅក្នុងជម្លោះនៃការបោះឆ្នោតប្រធានាធិបតី។ នាយិការងរបស់ អង្គការ Amnesty International នៅក្នុងតំបន់អាហ្វ្រីកអ្នកស្រី វេរ៉ូនីក អូប៊ែរត៍ (Veronique Aubert) ថ្លែងថា ទាហានស្មោះត្រង់នឹងអតីតប្រធានាធិបតី ឡូរ៉ង់បាកបូ (Laurent Gbagbo) បានប្រព្រិត្ដឧក្រិដ្ឋកម្មសង្គ្រាម។លោកស្រីនិយាយថា នេះជាការពិតដែរ ដែល ទាហានរបស់លោក អាឡាសាន វូតារ៉ា (Alassane Ouattara) ប្រធានាធិបតីកាន់តំណែងក៏ធ្វើដូច្នោះដែរ។
« យើងដឹងថាទាហាននោះបានសម្លាប់មនុស្សច្រើនរយនាក់ទាំងក្មេងទាំងចាស់មកពីគ្រប់មជ្ឈដ្ឋាននយោយ និង ពូជសាសន៍។ យើងដឹងថាស្រ្ដីបានត្រូវគេចាប់រំលោភ។ យើងមានសាក្សីជាច្រើននៅក្នុងសេចក្ដីរាយការណ៍នេះ រាប់ទាំងអំពើឃោរឃៅរំលោភភេទ»។
ការស៊ើបអង្កេតរបស់អង្គការ Amnesty ផ្ដោតទៅលើឧក្រិដ្ឋកម្មកើតឡើងនៅក្នុងនិងជុំវិញក្រុង ឌែគូ (Duekoue) ស្ថិតនៅចម្ងាយ ៥០០ គីឡូម៉ែត្រពីរដ្ឋធានីអាប៊ីចាន (Abidjan)។
លោកស្រីនិយាយថាកិច្ចប្រតិបត្ដិការ របស់ អ.ស.ប. ឬ UNOCI មិនបានការពារប្រជាពលរដ្ឋទេ ពីការកាប់សម្លាប់រង្គាលនិងការរំលោភផ្លូវភេទដែលកើតឡើងក្នុងខែមិនា។
«យើងទាំងអស់គ្នាដឹងថា រឿងនោះកើតមានឡើងនៅពេលដែលកិច្ចប្រតិបត្ដិការ អ.ស.ប.ប្រព្រិត្ដធ្វើនៅក្បែរគ្នាចម្ងាយមួយគីឡូម៉ែត្របុណ្ណោះពីទីកន្លែងកាប់សម្លាប់រង្គាលនៅទីក្រុងឌែគូ។ អង្គការ UNOCI មិនបានចាត់វិធានការហើយមិនបានការពារប្រជាពលរដ្ឋដែលខ្លួនត្រូវធ្វើនោះទេ»។
លោកស្រី អូប៊ែរត៍ថ្លែងថា អំពើឃោរឃៅនៅតែមានបន្ដ។សេចក្ដីរាយការណ៍របស់អង្គការ Amnesty International និយាយថាក្នុងប៉ុន្មានសប្ដាហ៍ដំបូងនៃខែឧសភា មានការវាយប្រហារមកលើភូមិជាច្រើនដែលមានមនុស្សរស់នៅហើយដែលគេជឿថាជាអ្នកគាំទ្រលោក បាកបូ។
លោក វូតារ៉ាបានសន្យាថានឹងផ្សះផ្សាភាគីបដិបក្ខទាំងពីរហើយបានស្នើទៅកាន់តុលាការឧក្រិដ្ឋកម្មអន្ដរជាតិឲ្យធ្វើការស៊ើបអង្កេតមកលើឧក្រិដ្ឋកម្មធ្ងន់ធ្ងរកើតឡើងនៅពេលមានវិបត្ដិ។
ប៉ុន្ដែលោកស្រី អូប៊ែរត៍ថ្លែងថាលោក វូតារ៉ាមានការចាំបាច់នឹងធ្វើការច្រើនទៀតដោយថ្កោលទោសជាសាធារណៈ នូវអំពើឃោរឃៅដែលប្រព្រិត្ដធ្វើដោយកងកម្លាំងសាធារណរដ្ឋ កូឌីវរ ដែលលោកបានបង្កើតកាលពីខែមិនា។
«នេះជាការទទួលខុសត្រូវរបស់លោក ក្នុងការអនុវត្ដន៍ច្បាប់វិន័យ ត្រួតត្រាមកលើកងកម្លាំងប្រដាប់អាវុធហើយនិង ការអំពាវនាវឲ្យបញ្ចប់ភ្លាមនូវការសងសឹក។ លោកជាប្រធានាធិបតីបានជាយើងស្នើសុំឲ្យលោកថ្កោលទោសជាសាធារណៈ នូវ បទរំលោភទាំងនោះហើយនឹងគ្រប់គ្រងមកលើកងកម្លាំងរបស់លោក »។
វិបត្ដិនៅក្នុងប្រទេសកូឌិវ័រ បានត្រូវដោះស្រាយរួចហើយកាលពីខែមុននៅពេលដែលលោក បាកបូ ដែលមិនព្រមចុះចេញពីអំណាច នៅពេលក្រោយមានជម្លោះអំពីការបោះឆ្នោតបានត្រូវចាប់ខ្លួន។
ប្រែសម្រួលដោយ អ៊ូ ធួក