ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ជួយ​បង្ហាត់​ក្បាច់​រាំ Hip Hop ដល់​យុវជន​កម្ពុជា​ដើម្បី​​យក​ជា​អាជីព​ចិញ្ចឹម​ជីវិត


ប័ណ្ណ​ផ្សព្វផ្សាយ​អំពី​ការប្រគុំ​តន្រ្តី Next Level Hip Hop Concert ដែល​ប្រព្រឹត្ត​ធ្វើ​ឡើង​នៅក្នុង​អគារ ​The Mansion ក្នុងរាជធានីភ្នំពេញ។ (រូបថត​ពី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា)
ប័ណ្ណ​ផ្សព្វផ្សាយ​អំពី​ការប្រគុំ​តន្រ្តី Next Level Hip Hop Concert ដែល​ប្រព្រឹត្ត​ធ្វើ​ឡើង​នៅក្នុង​អគារ ​The Mansion ក្នុងរាជធានីភ្នំពេញ។ (រូបថត​ពី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា)

សុខ សុខា​ ​ជា​​​យុវតី​​មួយ​រូប​ថា នាង​គិត​ថា​រាំ​អាច​ជួយ​នាង​ច្រើន។​ ​ទី១​​ជួយ​បាន​​ដល់​សុភាព​របស់​នាង ​​ហើយ​ទី២​អាច​ឲ្យ​នាង​រក​លុយ​ចិញ្ចឹម​គ្រួសារ​បាន។ ជាទូទៅ​អ្នក​ជុំវិញ​ខ្លួន​នាង​គេ​អត់​ដែល​និយាយ​ថា​រាំ​អត់​ល្អ​ផង​ ​ភាគច្រើន​គេ​សួរ​នាង​គឺ​គេ​ចង់​រាំ​ដូច​នាងដែរ​​ ​កម្រ​អ្នក​និយាយ​ថា រាំ​ហ្នឹង​អញ្ចេះ​អញ្ចុះ។

ស្របពេល​ដែល​ក្បាច់​រាំ​ ​Hip Hop​ ​ដែល​មាន​ប្រភាព​ ​នៅ​សហរដ្ឋ​អាមេរិក​ ​កំពុងត្រូវ​បានអនុវត្ត​តាម​តំបន់​ខ្លះ​នៃ​រាជធានី​ភ្នំពេញ​ ​គេឃើញ​យុវជន​មួយ​ចំនួន​បាន​និងកំពុង​ហាត់រៀន​ ​និង​ចាប់​យក​ ​Hip Hop​ ​ជា​អាជីព​ដើម្បី​រក​ប្រាក់​ចំណូល។​ ​មន្រ្តី​ក្រសួង​វប្បធម៌​លើក​ឡើង​ ​កម្ពុជា​លេច​មុខ​លើ​ឆាក​អន្តរជាតិ​ដោយសារ​ Hip Hop​ ​ប្រសិន​បើ​ប្រជា​ពល​រដ្ឋ​ ​ជា​ពិសេស​យុវជន​ចេះ​បកស្រាយ​ ​និង​អនុវត្ត​វប្បធម៌​ទាំង​នោះ​បាន​ត្រឹមត្រូវ។​

ស្ថិត​ក្នុង​បន្ទប់​ធំ​ទូលាយ​ ​ដោយមានផ្ទាំង​កញ្ចក់​ធំមួយ​ដើម្បី​ឆ្លុះ​មើលសកម្មភាព​សិស្ស​ប្រមាណជា​ជិត​២០​នាក់កំពុងហាត់រាំ​ក្បាច់​ ​Hip Hop​ ​សុខ សុខា​ ​ជា​យុវតីមួយ​រូប​ដែល​មាន​ភាព​លេច​ធ្លោរ​ក្នុង​ការ​បញ្ចេញ​ក្បាច់រាំ​របស់​ខ្លួនទៅ​តាម​ចង្វាក់​ភ្លេង។​

សុខា​ ​និង​មិត្ត​រួមថ្នាក់​ ​កំពុងហ្វឹកហាត់​ ​ពីគ្រូ​ជនជាតិ​អាមេរិកាំង​ ​ក្នុង​វគ្គ​បណ្តុះបណ្តាល​របស់​កម្មវិធី​ដែលមាន​ឈ្មោះ​ថា​ ​«Next Level»​ ​ឬ​ ​«កម្រិត​បន្ទាប់»។​ ​ក្នុងវ័យ​១៦​ឆ្នាំ​ ​សុខា​ ​បាន​បង្ហាញ​ពី​ភាព​ជឿជាក់របស់​ខ្លួន​ថា​ ​ការ​ហាត់រាំ​ក្បាច់​ ​Hip Hop​ ​នេះ​នឹង​ធ្វើ​ឲ្យនាង​មាន​សុខភាព​ល្អ​ ​និង​អាច​ចាប់​យក​ការ​រាំ​ជា​អាជីព​ ​ដើម្បី​ទទួល​បានចំណូល​ផង​ដែរ។

យុវជន​កម្ពុជា​អាយុ​ចាប់​ពី​១៣​ដល់​២៣ឆ្នាំ កំពុង​ហាត់​រាំ ​Hip Hop​ ​រយៈពេល​ពីរ​សប្តាហ៍​ជាមួយ​អ្នកសិល្បៈ​មួយ​ក្រុម​មក​ពី​សហរដ្ឋ​អាមេរិក នៅ​ក្នុង​មជ្ឈមណ្ឌល​ច្នៃប្រឌិត Factory Phnom Penh កាលពី​ថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០១៨។ (ទុំ ម្លិះ/VOA)
យុវជន​កម្ពុជា​អាយុ​ចាប់​ពី​១៣​ដល់​២៣ឆ្នាំ កំពុង​ហាត់​រាំ ​Hip Hop​ ​រយៈពេល​ពីរ​សប្តាហ៍​ជាមួយ​អ្នកសិល្បៈ​មួយ​ក្រុម​មក​ពី​សហរដ្ឋ​អាមេរិក នៅ​ក្នុង​មជ្ឈមណ្ឌល​ច្នៃប្រឌិត Factory Phnom Penh កាលពី​ថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០១៨។ (ទុំ ម្លិះ/VOA)

«ខ្ញុំគិតថា​រាំ​អាច​ជួយ​ខ្ញុំ​ច្រើន។​ ​ទី១ជួយបានដល់​សុភាព​របស់​ខ្ញុំ​ ហើយ​ទី២​អាច​ឲ្យ​ខ្ញុំ​រក​លុយ​ចិញ្ចឹម​គ្រួសារ​បាន។​ ​ជាទូទៅ​អ្នក​ជុំវិញ​ខ្លួន​ខ្ញុំគេ​អត់​ដែល​និយាយ​ថា​រាំ​អត់​ល្អ​ផង​ ​ភាគច្រើន​គេ​សួរ​ខ្ញុំ​គឺ​គេ​ចង់​រាំ​ដូច​ខ្ញុំ​ដែរ ​កម្រ​អ្នក​និយាយថា​រាំ​ហ្នឹង​អញ្ចេះ​អញ្ចុះ។​ ​ហើយ​និយាយទៅ​ខ្ញុំធ្វើ​រាល់​ថ្ងៃ​គឺដឹង​ គេថា​រាំហ្នឹង​ល្អ​ ​ទោះបី​ក្នុង​ភ្នែក​គេ​ ​អ្នកខ្លះ​គេគិត​ថា​អាក្រក់​ ​ប៉ុន្តែ​ក៏​មាន​អ្នកខ្លះ​មួយ​ចំនួន​ដែរ​ ​ដែល​គេ​គិត​ថា​ល្អ»។​

សុខា​ ​ជាយុវតី​មួយ​រូប​ ​ក្នុង​ចំណោម​យុវជន​កម្ពុជា​ ​អាយុ​ចាប់​ពី​១៣​ទៅ​ ​២៣ឆ្នាំ​ ​ប្រមាណ​ជា​ជិត​៦០នាក់​ ​ដែល​បាន​និង​កំពុង​សិក្សា​ផ្នែក​ ​Hip Hop​ ​រយៈពេល​ពីរ​សប្តាហ៍​ ​ជាមួយអ្នកសិល្បៈ​មួយ​ក្រុម​មក​ពី​សហរដ្ឋ​អាមេរិក នៅ​ក្នុង​មជ្ឈមណ្ឌល​ច្នៃប្រឌិត​ ​Factory Phnom Penh។​

សុខ សុខា ជា​យុវតី​មួយ​រូប ក្នុង​ចំណោម​យុវជន​កម្ពុជា អាយុ​ចាប់​ពី​១៣​ទៅ​ដល់​២៣ឆ្នាំ ប្រមាណ​ជា​ជិត​៦០នាក់ ដែល​កំពុង​សិក្សា​ផ្នែក Hip Hop រយៈពេល​ពីរ​សប្តាហ៍ ជាមួយ​អ្នកសិល្បៈ​មួយ​ក្រុម​មក​ពី​សហរដ្ឋ​អាមេរិក នៅ​ក្នុង​មជ្ឈមណ្ឌល​ច្នៃប្រឌិតFactory Phnom Penh និយាយ​ជាមួយ​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០១៨។ (ទុំ ម្លិះ/VOA)
សុខ សុខា ជា​យុវតី​មួយ​រូប ក្នុង​ចំណោម​យុវជន​កម្ពុជា អាយុ​ចាប់​ពី​១៣​ទៅ​ដល់​២៣ឆ្នាំ ប្រមាណ​ជា​ជិត​៦០នាក់ ដែល​កំពុង​សិក្សា​ផ្នែក Hip Hop រយៈពេល​ពីរ​សប្តាហ៍ ជាមួយ​អ្នកសិល្បៈ​មួយ​ក្រុម​មក​ពី​សហរដ្ឋ​អាមេរិក នៅ​ក្នុង​មជ្ឈមណ្ឌល​ច្នៃប្រឌិតFactory Phnom Penh និយាយ​ជាមួយ​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០១៨។ (ទុំ ម្លិះ/VOA)

​យុវតី​ដែលរូបរាង​ស្រឡូន​ ​និង​រហ័ស​រហួន​រូបនេះ​បន្ថែម​ថា​ ​អ្នករាំ​ ​Hip Hop​ ​មិនមែន​សុទ្ធ​តែត្រូវ​បាន​មនុស្ស​ជុំ​វិញ​ខ្លួន​ចូលចិត្ត​នោះទេ។​ ​ទោះយ៉ាង​ណា​ ​សុខា​ ​បញ្ជាក់​ថា​ ​សមាជិក​គ្រួសារ​របស់​នាង​គាំទ្រ​ឲ្យ​នាង​រៀនក្បាច់រាំ​ ​និង​ចាប់​យក​អាជីព​នេះទៅ​តាមការជ្រើសរើស​របស់​នាង។​

Hip Hop​ ​មាន​ដើម​កំណើត​នៅ​តំបន់​មួយ​ក្នុង​រដ្ឋ​ញូវយ៉ក​ ​សហរដ្ឋ​អាមេរិក​ ​កាលពីទសវត្ស៧០​ដែល​បង្កើត​ឡើង​ដោយ​ជនជាតិអាហ្វ្រិក​-អាមេរិកាំង​ ​ក្នុង​គោល​បំណង​បញ្ចេញ​មតិ​តាម​រយៈការ​គូរ​រូប​ ​និងតែង​និពន្ធ​បទ​ចម្រៀង​ផ្សេងៗ។​ ​Hip Hop​ ​មាន​ដូចជា​ ​ចង្វាក់​រាំ​ ​Breakdance​ ​ការធ្វើភ្លេង​ ​ការ​ច្រៀង​ ​Rap​ ​ឬ​ហៅ​ថា​ច្រៀងលឿន​ ​និង​ការគូរ​គំនូរ​លើ​ជញ្ជាំង​ដោយ​ប្រើពណ៌​ជាដើម។​

លោក Ayumi «Sanoizm» Chisolm អ្នកជំនាញ​គូរ​គំនូ​លើ​ជញ្ជាំង​នៃ​កម្មវិធី​កម្រិត​បន្ទាប់ Next Levelនិង​ជា​គ្រូបង្រៀន​ម្នាក់​ផងដែរ​កំពុង​គូរ​រូប​អ្នកនាង​កាក់ ចន្ធី តារា​ចម្រៀង​រ៉ក់ខេនរ៉ូល​ខ្មែរ​ដែល​ទើប​តែ​បាត់​បង់ជីវិត​ក្នុង​សន្និសីទ​បើក​កម្មវិធី​ Next Levelនៅ​គេហដ្ឋាន​របស់​ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី ២៩ ខែមេសា ឆ្នាំ២០១៨។ (ទុំ ម្លិះ/VOA)
លោក Ayumi «Sanoizm» Chisolm អ្នកជំនាញ​គូរ​គំនូ​លើ​ជញ្ជាំង​នៃ​កម្មវិធី​កម្រិត​បន្ទាប់ Next Levelនិង​ជា​គ្រូបង្រៀន​ម្នាក់​ផងដែរ​កំពុង​គូរ​រូប​អ្នកនាង​កាក់ ចន្ធី តារា​ចម្រៀង​រ៉ក់ខេនរ៉ូល​ខ្មែរ​ដែល​ទើប​តែ​បាត់​បង់ជីវិត​ក្នុង​សន្និសីទ​បើក​កម្មវិធី​ Next Levelនៅ​គេហដ្ឋាន​របស់​ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី ២៩ ខែមេសា ឆ្នាំ២០១៨។ (ទុំ ម្លិះ/VOA)

ឡុង ចំណាប់​ ​យុវជន​ម្នាក់​ទៀត​ដែល​កំពុង​រៀន​បង្កើត​ភ្លេងលើកឡើង​ថា​ ​ពលរដ្ឋ​កម្ពុជា​វ័យ​ចំណាស់​មួយ​ចំនួន​ ​ហាក់​មិន​សប្បាយ​ចិត្ត​នៅ​ពេល​ដែល​ឃើញ​យុវជន​រាំ​ ​ឬ​ច្រៀង​ចម្រៀង​ ​Hip Hop។​ ​ទោះ​យ៉ាង​ណា​ ​យុវជន​រូបនេះ​លើកឡើង​ថា​ ​បច្ចុប្បន្ន​ ​Hip Hop​ ​មាន​ការទទួល​ស្គាល់​ច្រើន​ ​ហើយ​ថា​ ​ចង្វាក់​រាំ​ដែល​មាន​ដើម​កំណើត​មក​ពី​អាមេរិក​មួយ​នេះ​ ​នឹង​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​យុវជន​កម្ពុជា ប្រសិន​បើ​ពួកគេ​អនុវត្ត​ និង​ប្រើប្រាស់​ដោយ​ត្រឹមត្រូវ។​

យុវជន​វ័យ​១៩​ឆ្នាំ​រូប​នេះ​បញ្ជាក់​ថា៖​

«ខ្ញុំ​សង្ឃឹម​ថា​ ​សិល្បៈ​ ​Hip Hop​ ​នៅ​ថ្ងៃណា​មួយ​វានឹង​រីក​ដុះ​ដាល​ពេញ​ផ្ទៃ​ប្រទេស។​ ​ខ្ញុំគិត​ថា​ល្អ​ ​ព្រោះវា​នាំ​ឲ្យ​មនុស្ស​ទាំងអស់​គ្នា​បាន​ស្គាល់​ ​នាំ​មនុស្ស​ដែល​មិនធ្លាប់​ស្គាល់​ នាំ​ឲ្យ​ស្គាល់។​ ​ហើយ​អាច​នាំ​មនុស្ស​អ្នក​ដទៃ​ផ្សេងៗ​ទៀត​ ​ដែល​អាច​បណ្តុះបណ្តាលនូវ​សិល្បៈ​ ​Hip Hop​ ​ឬក៏​រឿង​ល្អៗ​ ​តាម​សិល្បៈ​ Hip Hop។​ ​ហើយ​ខ្ញុំ​សំណូម​ពរ​ ​ទាំងអស់​គ្នា​ ​បើ​ចាប់​បាន​ ​Hip Hop​ ​ហើយ​ ​ចាប់​វា​ឲ្យ​ជាប់​ ​កុំ​បែរ​ផ្លាស់​ទៅ​រក​សិល្បៈ​ណា​ដែល​មិន​ល្អ»។​

យុវជន ឡុង ចំណាប់ ដែល​រៀន​បង្កើត​ភ្លេង​ជាមួយ​កម្មវិធី Next Level និយាយ​ជាមួយ​VOAក្នុង​សន្និសីទ​បើក​កម្មវិធី Next Levelកាលពី​ថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៨។ (កាន់ វិច្ឆិកា/VOA)
យុវជន ឡុង ចំណាប់ ដែល​រៀន​បង្កើត​ភ្លេង​ជាមួយ​កម្មវិធី Next Level និយាយ​ជាមួយ​VOAក្នុង​សន្និសីទ​បើក​កម្មវិធី Next Levelកាលពី​ថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៨។ (កាន់ វិច្ឆិកា/VOA)

កម្មវិធី​ ​«Next Level»​ ​ឬ​ ​«កម្រិត​បន្ទាប់»​ ​ត្រូវ​បាន​រៀបចំ​ដោយ​ស្ថានទូត​អាមេរិក​ប្រចាំកម្ពុជា​ ​ក្នុង​ការ​ឧបត្ថម្ភ​អ្នក​សិល្បៈ​ ​និង​អ្នក​រាំចង្វាក់​ ​Hip Hop​ ​អាមេរិក​មួយ​ក្រុម​ ​ឲ្យ​មកសម្តែង​ និង​បណ្តុះ​បណ្តាល​យុវជន​ប្រមាណ​ជា​៦០​នាក់​ដោយ​ឥត​គិត​ថ្លៃ​នៅ​កម្ពុជា​ ​ពី​ថ្ងៃទី២៧​ ​ខែមីនា​ ​ដល់​ថ្ងៃទី៨​ ​ខែ​មេសា​ ​ឆ្នាំ​២០១៨។​ ​កម្មវិធីនេះ​ប្រើតន្រ្តី​ ​និង​ការរាំចង្វាក់​ ​Hip Hop​ ​ដើម្បី​ជំរុញ​ខាង​ផ្លូវ​ទូត​រវាង​ប្រជាជន​ ​និង​ប្រជាជន​ ​ហើយ​សកម្មភាព​ទាំងអស់​មាន​បំណង​ជំរុញ​ការ​ចែករំលែក​ទៅ​វិញ​ទៅ​មកនូវ​ចំណេះ​ដឹង គុណ​តម្លៃ​ ​ទស្សនៈ​ ​និង​ការគោរព​គ្នា​ ​រវាង​យុវជន​កម្ពុជា​ ​និង​អ្នកសិល្បៈ​អាមេរិក។​ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ​ដែល​ចេញ​កាលពី​ថ្ងៃទី២៩​ ​ខែមីនា។​

លោក​ ​សុខ វិសាល​ ​នាយក​ផលិតកម្ម​ ​Klap Yahandz​ ​និង​ជា​គ្រូ​សម្រប​សម្រួល​ក្នុង​កម្មវិធី Next Level​ ​ដែល​ជា​អ្នកជំនាញផ្នែក​ ​Hip Hop​ ​មួយ​រូប​ ​លើក​ឡើង​ថា​ ​បច្ចុប្បន្ន​ ​សិល្បៈ​ក្នុង​ប្រទេស​កម្ពុជា​ចាប់​ផ្តើម​មាន​តម្លៃ​ ​ដោយសារ​ប្រជាជន​និយមចូលចិត្ត​ស្តាប់​ភ្លេង​ ​ទស្សនា​ភាពយន្ត​ ​និង​ការ​សម្តែង​ផ្សេងៗ។​ ​ លោក​បន្ថែម​ថា​ ​សម្រាប់​សិស្ស​ដែល​ចូលរៀន​ជាមួយ​កម្មវិធី​ ​Next Level​ ​ឬ​ ​កម្រិត​បន្ទាប់​នេះ​ ​បែង​ចែក​ជា៤​ថ្នាក់​ ​ដោយ​ក្នុង​មួយថ្នាក់ៗ​មាន​សិស្ស​ជាង​១០​នាក់​ ​និង​ត្រូវ​បាន​បែង​ចែក​ទៅ​តាម​គ្រូ​បណ្តុះ​បណ្តាល​ជនជាតិ​អាមេរិកាំងជំនាញផ្សេងៗ​គ្នា។​ ​សិស្ស​ទាំងនោះ​ភាគ​ច្រើន​មកពី​អង្គការ​មួយ​ចំនួន និង​ជាយុវជនដែល​មាន​ចំណា​ប់​អារម្មណ៍​ខ្លាំង​លើ​ជំនាញ​ ​Hip Hop។

លោក សុខ វិសាល នាយក​ផលិតកម្ម Klap Yahandzនិង​ជា​គ្រូ​សម្របសម្រួល​ក្នុង​កម្មវិធី Next Level ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​ក្នុង​សន្និសីទ​បើក​កម្មវិធី Next Level នៅ​គេហដ្ឋាន​របស់​ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី ២៩ មេសា ឆ្នាំ២០១៨។ (ទុំ ម្លិះ/VOA)
លោក សុខ វិសាល នាយក​ផលិតកម្ម Klap Yahandzនិង​ជា​គ្រូ​សម្របសម្រួល​ក្នុង​កម្មវិធី Next Level ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​ក្នុង​សន្និសីទ​បើក​កម្មវិធី Next Level នៅ​គេហដ្ឋាន​របស់​ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី ២៩ មេសា ឆ្នាំ២០១៨។ (ទុំ ម្លិះ/VOA)

លោក​ ​សុខ វិសាល​ ​ជនជាតិ​ខ្មែរ​ជំនាញ​ផ្នែក​ ​Hip Hop​ ​ដែល​ទទួល​បាន​ការ​បណ្តុះបណ្តាល​នៅ ប្រទេស​បារាំង​ ​និង​សហរដ្ឋ​អាមេរិក​រូបនេះ​ បន្ថែម​ថា​ ការ​ទទួល​បាន​ជំនាញ​ ​Hip Hop​ ​ពី​គ្រូ​ជំនាញ​មក​ពី​សហរដ្ឋ​អាមេរិក​ ​នឹងផ្តល់​ផល​ប្រយោជន៍​ច្រើន​សម្រាប់​អ្នកដែល​មាន​បំណងចាប់​យក​អាជីព​នេះ​នា​ពេល​អនាគត។​

លោក​បញ្ជាក់​ថា៖​

«ខ្ញុំ​សង្ឃឹមថា​ ​គាត់​នៅ​តែគាត់​អាច​យក​ចំណេះ​ដែល​គាត់​រៀនជាមួយ​ Next Level ​គាត់​យកអាហ្នឹង​មក​ខំ​រៀន​តទៀត​ ​ហើយ​ដើម្បី​បង្កើត​អ្វីៗ​ដែល​ល្អ​ ​ដើម្បី​ឲ្យ​គេ​ស្គាល់​ពី​ស្នាដៃ​របស់​គាត់​ ហើយ​អនាគត​ទៅ​គាត់​អាច​រក​លុយ​ជាមួយជំនាញ​ហ្នឹង​បាន។ ​ឧបមា​ថា គាត់​រៀន​ខាង​រ៉េប​ទៅ ​គាត់អាច​សរសេរ​រ៉េប​បទ​ចម្រៀង​ទៅ។​ ហើយ​ហេង​ស៊យ​អនាគត​ទៅ​គាត់​អាច​បង្ហោះ​តាម​ហ្វេសប៊ុក​ ​តាម​អី​ ​គាត់​អាច​ល្បី។ ឧបមា​ ប៉ារ៉ូល​ហ្នឹងវា​ល្អ ការ​សរសេរ ​ការ​រ៉េបអី វា​ល្អ​ទៅ គេ​ចាប់​ផ្តើមស្គាល់»។

លោក​ ​សុខ វិសាល​ ​បន្ថែម​ថា​ ​ប្រជាពលរដ្ឋ​ខ្មែរមួយ​ចំនួន​បាន​បង្ហាញ​ការ​មិនពេញ​ចិត្ត​នឹង​សកម្មភាព​ ​Hip Hop​ ​នេះ ​ប៉ុន្តែ​លោក​ថា​ ​Hip Hop​ ​ជាសិល្បៈ​ដ៏​ល្អ​មួយ​ ​ប្រសិន​បើ​យុវជន​យល់​ច្បាស់​ ​និង​អនុវត្ត​បាន​ត្រឹមត្រូវ។​

លោក​មាន​ប្រសាសន៍​ថា៖​

«នៅ​អាមេរិក​មុន​ដំបូង​ពេល​ ​Hip Hop​ ​ចេញ​មក​គ្មាន​នរណា​សូវ​ទទួល​ទេ​ ​តែយូរៗ​ទៅ​ឥឡូវ​វា​ចូល​ជា​វប្បធម៌​ធម្មតា​ចំពោះ​អាមេរិក​ ​ហើយ​ឥលូវ​ ​Hip Hop​ ​ល្បី​នៅ​ទូទាំង​ពិភព​លោក។​ ​អញ្ចឹង​ធម្មតា​អ្នក​ស្រលាញ់​ក៏​មាន​ ​អ្នកស្អប់​ក៏​មាន​ដែរ​ ​ស្អី​ក៏​ដោយ​ ​យើង​ធ្វើ​អីក៏​មាន​អ្នកស្អប់​ ​មាន​អ្នក​ស្រលាញ់​ ​អញ្ចឹង​វា​ធម្មតា​ ​ខ្ញុំអត់​សូវ​ព្រួយ​ចិត្ត​ទេ។​ ​សំខាន់ជាង​គេធ្វើ​ម៉េច​កុំ​ឲ្យ​វប្បធម៌​ហ្នឹង​ជិះជាន់​លើ​វប្បធម៌​របស់​យើង​ ​ហើយ​កុំ​ឲ្យគេ​ប្រើ​អាវប្បធម៌​ហ្នឹងទៅធ្វើ​ស្អី​ដែល​ជា​អំពើអត់​ល្អ»។​

ក្រុមអ្នករាំចង្វាក់​ ​និង​ជា​អ្នកបណ្តុះបណ្តាល​យុវជន​កម្ពុជា​ទាំង​ជិត​៦០​នាក់​ ​របស់​កម្មវិធី​ ​Next Level​ ​ឬ កម្រិត​បន្ទាប់ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​ក្រសួង​ការបរទេស​អាមេរិក​នេះ​ ​មាន​សមាជិក​ចំនួន​៦​នាក់។​ ​ពួកគេ​ម្នាក់ៗ​មាន​ជំនាញ​ផ្សេងៗគ្នា ដូចជាពិធីករ ​អ្នករាំ​ ​អ្នករ៉េប​ ​អ្នកគូរ​គំនូរ​ ​អ្នកធ្វើ​ចង្វាក់​ភ្លេង អ្នក​គ្រប់​គ្រង​ទីកន្លែង​ ​និង​អ្នកថតរូប​ ​និង​វីដេអូ។​

កញ្ញា​ ​Marisol Velez ​អ្នករាំ​រ៉េបនៅ​ទីក្រុង ​Chicago ​សហរដ្ឋ​អាមេរិក​ ​និង​ជា​គ្រូ​បណ្តុះ​បណ្តាល​មួយ​រូប​ផង​នោះ​ ​លើក​ឡើង​ថា​ ​សិស្ស​ដែល​កំពុង​រៀនជាមួយ​នាង​ ​ភាគ​ច្រើន​ជា​យុវជន​ដែល​មាន​ទេព​កោសល្យ​ផ្នែក Hip Hop​ ​នេះ។​ ​Marisol​ ​បន្ថែមថា​ ​តាមរយៈ​ការ​បណ្តុះ​បណ្តាល​ ​នាង​បាន​ចែក​រំលែក​បទ​ពិសោធន៍​របស់​យុវជន​នៅ​កម្ពុជា​ ​និង​យុវជន​នៅ​សហរដ្ឋ​អាមេរិក​ទៅ​វិញ​ទៅមក​ ​ដោយរំពឹង​ថា​ ​តាម​រយៈ​ការ​ចែក​រំលែក​ ​និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​យុវជន​កម្ពុជា​ ​នឹង​ធ្វើ​ឲ្យ​ពួកគេ​អាច​រៀន​ពីគ្នា​បាន​កាន់តែ​ច្រើន​ និង​កាន់តែ​ទទួល​បាន​ជោគជ័យ​នា​ពេល​អនាគត។​

កញ្ញា Marisol Velez អ្នករាំ​រ៉េប​នៅ​ទីក្រុង Chicago សហរដ្ឋ​អាមេរិក និង​ជា​គ្រូ​បណ្តុះ​បណ្តាល​មួយ​រូប​ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​ក្នុង​សន្និសីទ​បើក​កម្មវិធី Next Level នៅ​គេហដ្ឋាន​របស់​ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ២៩ ខែមេសា ឆ្នាំ២០១៨។ (ទុំ ម្លិះ/VOA)
កញ្ញា Marisol Velez អ្នករាំ​រ៉េប​នៅ​ទីក្រុង Chicago សហរដ្ឋ​អាមេរិក និង​ជា​គ្រូ​បណ្តុះ​បណ្តាល​មួយ​រូប​ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​ក្នុង​សន្និសីទ​បើក​កម្មវិធី Next Level នៅ​គេហដ្ឋាន​របស់​ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ២៩ ខែមេសា ឆ្នាំ២០១៨។ (ទុំ ម្លិះ/VOA)

Marisol​ ​បញ្ជាក់​ជា​អង់គ្លេស​ ​និង​ត្រូវ​បានប្រែ​សម្រួល​ជា​ភាសាខ្មែរ​ថា៖​

«ខ្ញុំ​ក៏​បង្រៀន​នៅ​ទីក្រុង​ ​Chicago​ ​ផងដែរ។​ ​ដូច្នេះ​ខ្ញុំ​អាច​ប្រាប់​សិស្ស​របស់​ខ្ញុំ​អំពី​ក្មេងៗ​នៅ​ទីនេះ ហើយ​បង្រៀន​ពួកគេ​ពី​ពាក្យ​ទាំង​នោះ​ ​ដូច្នេះ​យើង​អាច​ផ្លាស់​ប្តូរ​វិធី​ដែល​ខ្ញុំ​អាច​យក​ទៅ​បង្រៀន​សិស្ស​របស់​ខ្ញុំ​នៅ​ទីក្រុង​ ​Chicago​ ​ហើយ​ពួកគេ​អាច​រៀន​អំពី​ប្រទេស​កម្ពុជា​ ​និង​យុវជន​នៅ​ទីនេះ​ ​និង​ការ​ដែល​ពួកគេ​អាច​ច្រៀង​ ​និង​រ៉េប​បាន​ល្អ​បែបណា​ខ្លះ។​ ​ខ្ញុំគិតថា​វា​ពិតជា​អស្ចារ្យ​ណាស់​សម្រាប់​ពួកគេ​ក្នុង​ការមើល​ឃើញ​រឿង​នោះ​ ​និង​សម្រាប់​សិស្ស​នៅ​ទីនេះ​ ​ដើម្បី​ស្តាប់​ឮ​ពី​សិស្ស​របស់​ខ្ញុំ។​ ​ខ្ញុំគិត​ថា​វា​ពិត​ជា​ការផ្លាស់​ប្តូរ​ដ៏​អស្ចារ្យ»។​

​Hip Hop​ ​ចាប់​ផ្តើម​ចូល​មក​កម្ពុជា​ក្នុង​អំឡុង​ពាក់​កណ្តាល​ទសវត្ស​ឆ្នាំ​២០០០​ ​ដោយ​មានការ​និយម​ចូល​ចិត្ត​ពី​សំណាក់​យុវវ័យកម្ពុជា​យ៉ាង​ច្រើន។​ ​ក្នុង​ប្រទេស​កម្ពុជា​ ​ប្រជាពល​រដ្ឋ​មួយ​ចំនួន​បាន​បង្ហាញ​ពី​ការ​មិន​ចូលចិត្ត​នូវ​ក្បាច់រាំ​នេះ​ ​ដោយ​ពួកគេ​យល់ថា​ ​ក្បាច់រាំ​ដែល​មាន​កំណើត​ពី​សហ​រដ្ឋ​អាមេរិក​មួយ​នេះ​ ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វប្បធម៌​ខ្មែរ​ជាដើម។​

ក្នុង​សន្និសីទ​បើក​កម្មវិធី​ ​Next Level​ ​ពីគេហដ្ឋាន​របស់​ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ​សប្តាហ៍​មុន ​លោក​ ​ឯក​ ​ប៊ុនថា​ ​អគ្គនាយករង​បច្ចេកទេស​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ ប្រាប់​ ​VOA​ ​ថា​ ​ការ​ហូរ​ចូល​វប្បធម៌​បរទេស​មកកាន់​កម្ពុជា​ ​នឹង​អាច​ធ្វើ​ឲ្យ​មាន​ភាព​វិជ្ជមាន​ច្រើន ប្រសិន​បើ​ប្រជាពលរដ្ឋ​ ​ជាពិសេស​យុវជន​ចេះបកស្រាយ​ ​និង​អនុវត្ត​វប្បធម៌​ទាំងអស់​នោះ​បាន​ត្រឹម​ត្រូវ។​

លោក ឯក ប៊ុនថា អគ្គនាយករង​បច្ចេកទេស​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ និយាយ​ជាមួយVOAក្នុង​សន្និសីទ​បើក​កម្មវិធី Next Levelកាលពី​ថ្ងៃទី ២៩ ខែ​មីនា ឆ្នាំ២០១៨។ (កាន់ វិច្ឆិកា/VOA)
លោក ឯក ប៊ុនថា អគ្គនាយករង​បច្ចេកទេស​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ និយាយ​ជាមួយVOAក្នុង​សន្និសីទ​បើក​កម្មវិធី Next Levelកាលពី​ថ្ងៃទី ២៩ ខែ​មីនា ឆ្នាំ២០១៨។ (កាន់ វិច្ឆិកា/VOA)

លោក​មាន​ប្រសាសន៍​ថា៖​

«នៅទីណាក៏​មានការ​ប្រយ័ត្ន​ប្រយែង​ដែរ​ ​ប្រទេស​មួយៗ។​ ក៏​ប៉ុន្តែក្នុង​ការ​ប្រយ័ត្ន​ប្រយែង​នេះ​ ​វា​មិនមែន​ថា​មិន​ប៉ះពាល់​ទេ ក៏​ប៉ុន្តែ​ក្រសួង​វប្បធម៌​ ​យើង​អ្នក​វប្បធម៌​ ​យើងតែងតែពន្យល់​ក្មេងៗ​ថា​ ​អ្វី​ជា​វប្បធម៌​របស់​ខ្លួន​ ​ហើយ​អ្វី​ជា​វប្បធម៌​អ្នក​ដទៃ។​ ​ហើយ​កាលណា​យើង​បញ្ចូល​គ្នា​ទៅ​ ​វា​អាចរីក​ចម្រើន​ស្អី​មួយ​ផ្សេងទៀត។​ ​កាលណា​យើង​យល់​តែ​របស់​យើង ហើយ​មិន​យល់​របស់​គេ​ ​ហើយ​ពេល​ហ្នឹង​យើង​មិនអាច​បូក​បញ្ចូល​គ្នា​បាន»។

​អគ្គនាយករង​បច្ចេកទេស​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​រូប​នេះបន្ថែម​ថា កម្ពុជា​អាច​លេចមុខ​មាត់​លើ​ឆាក​អន្តរជាតិ​តាម​រយៈ​ចង្វាក់​ ​Hip Hop​ ​ប្រសិន​បើ​យុវជនចេះ​ប្រើប្រាស់ភាព​ច្នៃ​ប្រឌិត ឬ​បង្កើត​ថ្មី​ណាមួយ​ដែល​ធ្វើ​ឲ្យ​មាន​ភាព​ល្បីល្បាញ។​ ​លោក​បាន​បន្ថែម​ដោយ​អំពាវ​នាវ​ឲ្យ​យុវជន​ដែ​លចូលចិត្ត Hip Hop​ ​ជាពិសេស​យុវជនដែលមានបំណងចាប់​យក​ ​Hip Hop​ ​ជាអាជីព​ ​ត្រូវ​ចាប់​យក​គ្រឹះវប្បធម៌​ខ្មែរ​ឲ្យ​បាន​រឹងមាំ​ជាមុន។​

លោក​បញ្ជាក់​ថា៖​

​«សូម​ឲ្យ​ប្អូនៗ​ស្គាល់អំពីអ្វី​ដែល​វប្បធម៌​របស់​យើង​ ​ជាគ្រឹះ​ ​ទាំង​វប្បធម៌​ ​ទាំង​ប្រវត្តិ​សាស្រ្ត​របស់​យើង ហើយ​កាលណា​យើង​មានគ្រឹះ​ហ្នឹង​ហើយ​ ​យើង​ឈាន​ទៅ​ចាប់​ស្អី​ផ្សេង​ទៀត​ ក៏​យើង​អត់​វង្វេងដែរ​ ​គឺ​យើង​ច្បាស់​តែម្តង»។​

ក្រោយ​បញ្ចប់​ការ​បណ្តុះបណ្តាលក្នុង​រយៈពេល​២​សប្តាហ៍​នោះ​ ​ក្រុម​ ​«Next Level»​ ​ឬ​ ​«កម្រិត​បន្ទាប់» ព្រមទាំងយុវជនកម្ពុជា​ទាំង​ជិត​៦០​នាក់​ ​នឹង​បង្ហាញ​ស្នាដៃ​សម្តែង​ចុង​ក្រោយ​មួយ​ ​នៅ​ល្ងាច​ថ្ងៃទី៥​ ​ខែ​មេសា​ ​ក្នុង​អគារ​ ​The Mansion​ ​ជិត​ការិយាល័យ​អង្គការ​ ​UNESCO​ ​ខាង​មុខ​សារមន្ទីជាតិ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG